របាយការណ៍៖ ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជានឹងធ្វើឲ្យកុមារប្រឈមបញ្ហាសុខភាព

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 2:34 PM | សុខភាព | 0 | 899 បទល្មើសព្រៃឈើ

របាយការណ៍មួយរកឃើញថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា នឹងបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ លើកុមារអាយុក្រោម៥ឆ្នាំ។

ក្នុងរបាយការណ៍សិក្សាមួយ របស់ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យជាតិសិង្ហបុរី (The National University of Singapore) ចេញផ្សាយនៅខែសីហាឆ្នាំ២០១៧នេះ ពួកគេរកឃើញថា ការកាប់បំផ្លាញព្រៃឈើដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសកម្ពុជា នឹងធ្វើឲ្យកុមារអាយុក្រោម៥ឆ្នាំ ប្រឈមខ្ពស់នឹងការកើតជំងឺផ្សេងៗ ដូចជា រាគរូស ប៉ះពាល់ផ្លូវដង្ហើម និងគ្រុនក្ដៅ ដោយថា ជំងឺទាំងនេះ គឺជាមូលហេតុចំបង នៃអត្រាស្លាប់របស់កុមារ នៅលើពិភពលោក។

បើតាមរបាយការណ៍ ក្រុមអ្នកស្រាវជ្រាវសិង្ហបុរី បានវិភាគលើទិន្នន័យស្ទង់មតិផ្នែកសុខភាព ស្រង់បានពីគ្រួសារចំនួន ៣៥ ៥៤៧ ក្នុងចំណោមសហគមន៍ចំនួន ១ ៧៦៦ ចន្លោះពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៤។

ក្រុមអ្នកស្រាវជ្រាវអះអាងថា ការកាប់ព្រៃឈើ១០ភាគរយ គឺនឹងធ្វើឲ្យកើនឡើងនៃការប្រឈមជំងឺរាគរូសចំនួន១៤ភាគរយ លើកុមារអាយុក្រោម៥ឆ្នាំ។ ប៉ុន្ដែបើការពារព្រៃឈើនៅតំបន់អភិរក្ស នោះនឹងធ្វើឲ្យហានិភ័យនៃការកើតជំងឺរាគរូសនិងផ្លូវដង្ហើម ថយចុះជាងមុន។

គួររំលឹកថា កាលពីខែឧសភាឆ្នាំ២០១៧កន្លងទៅ ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានចេញរបាយការណ៍មួយមានចំណងជើងថា «ជនល្មើសមុខដដែល៖ ជំនួញឈើខុសច្បាប់របស់វៀតណាម» ។

របាយការណ៍នេះឲ្យដឹងថា នៅចន្លោះខែវិច្ឆិកាឆ្នាំ២០១៦ដល់ខែមិនាឆ្នាំ២០១៧ ទំហំឈើប្រមាណ ៣០ម៉ឺនមែត្រគូប ត្រូវបានលួចលាក់នាំចេញនិងធ្វើឲ្យស្របច្បាប់ពីប្រទេសកម្ពុជាទៅវៀតណាម។ ហើយសកម្មភាពកាប់ឈើខុសច្បាប់ ក៏កើតឡើងខ្លាំងផងដែរ នៅតំបន់ការពារក្នុងខេត្តរតនគិរី ដូចជា តំបន់ការពារសហគមន៍ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required