ពលរដ្ឋ​រង​គ្រោះ​ពីទំនប់វារីអគ្គិសនីសុំរដ្ឋាភិបាលបញ្ឈប់ការបណ្តេញចេញទាំងបង្ខំ

ជន​ជាតិ​ដើ​មភាគតិច​ដែល​រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីខេត្តស្ទឹងត្រែង

ជន​ជាតិ​ដើ​មភាគតិច​ដែល​រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីខេត្តស្ទឹងត្រែង ទាមទារឲ្យ រដ្ឋាភិបាលផ្តល់សេវាសាធារណៈជូនពួកគេវិញ និងបញ្ឈប់ការបណ្តេញចេញទាំងបង្ខំ។

ជនជាតិដើមភាគតិចប្រមាណជិត២០នាក់មក​​ឃុំ​ក្បាល​រមាស និង​ឃុំស្រែ​គរក្នុងស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែងនៅថ្ងៃទី២៩ សីហា ឆ្នាំ២០១៧នេះ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្រ្តីដើម្បីសុំឲ្យរដ្ឋាភិបាលដំណើរការឡើងវិញនូវសេវាសាធារណៈ និងបញ្ឈប់ការយកកំលាំងប្រដាប់អាវុធមកគំរាមកំហែងលើពួកគេទៀត។

ជនជាតិដើមភាគតិចពូន កញ្ញា ជើន ស្រីមុំ ប្រាប់អ្នកសារព័ត៌មានថា ក្រោមគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសាន​ក្រោម​ពី​រ អាជ្ញាធរបានផ្តាច់សេវាធារណៈផ្សេងៗនៅក្នុងឃុំក្បាលរមាស និងឃុំស្រែគរទាំង ស្រុងតាំងពីឆ្នាំ២០១៥ និងបានប្រើប្រាស់កំលាំងប្រដាប់អាវុធទៅគំរាមកំហែងពលរដ្ឋឲ្យចាក់ចេញពីភូមិចាស់ទៀតផង ដោយកញ្ញាយល់ថា សកម្មភាពនេះ គឺជាការរើសអើង និងរំលោភសិទ្ធិជនជាតិដើមភាគតិច។

កញ្ញាបន្ថែមថា «ក្មេងៗអាយុដែលត្រូវចូលរៀន គឺអត់បានចូលរៀនដែរ អញ្ចឹងពួកយើងទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការដោះស្រាយទាក់ទងនឹងសេវាទាំងអស់ហ្នឹង ព្រោះអីឥលូវផ្តាច់ទាំងស្រុង ទាំងផ្លូវដើរ ថែមទាំងដាក់កំលាំងប្រដាប់អាវុធ ធ្វើអញ្ចឹងសមដែរ ព្រោះដីពួកគាត់អត់មានអីតតាំងជាមួយទេក្រៅពីការទាមទារនូវសិទ្ធិសេរីភាពរបស់ពួកគេ ហើយការរស់នៅរបស់ពួកគាត់ គឺទាមទាររស់នៅកន្លែងចាស់ ព្រោះកន្លែងចាស់គាត់មានដីស្រែស្រេច»។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី សារ៉ុន សុខុម ឲ្យដឹងថា​គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោមពីរនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ប្រពៃណីទំនៀមទំលាប់ និងអត្តសញ្ញាណរបស់ពួកគេផងដែរ។

អ្នកស្រីមន្ថែមថា «ពួកខ្ញុំមិនជំទាស់ទេនឹងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនេះទេ គាត់ចង់ធ្វើអីក៏ធ្វើទៅ ប៉ុន្តែបញ្ហារឿងលំនៅឋាន ដីធ្លីស្រែចំការពួកខ្ញុំ ព្រមទាំងអបិយជំនឿ ព្រៃអ្នកតាអារក្សរបស់ពួកខ្ញុំ ដែលបាត់បង់នោះ សួរថាពួកខ្ញុំចេះឈឺចាប់អត់? ចុះបើគេធ្វើចំពោះរូបគាត់វិញ បើគេបណ្តេញចេញអញ្ចឹង មានការឈឺចាប់ដូចខ្ញុំអត់? ជាពិសេសថ្នូរដូនតារបស់ពួកខ្ញុំ ហ្នឹងហើយដែលពួកខ្ញុំមិនអាចចាកចោលពួកគាត់បាន បើទោះជាទឹកលិចយ៉ាងណាក៏ដោយ ពួកខ្ញុំមិនអាចចាកចេញចោលពួកគាត់បានទេ ដើម្បីឲ្យវិញ្ញាណរបស់ពួកគាត់ស្ងប់ជាមួយពួកខ្ញុំ»។

មន្រ្តីក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យតំណាងពលរដ្ឋចូលដាក់ញត្តិផ្ទាល់ ហើយតំណាងពលរដ្ឋឲ្យដឹងថា មន្រ្តីក្រសួងសន្យាជួយរកដំណោះស្រាយ។ ចំណែកមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីគឺលោក គង់ ចំរើន បានទទួលញត្តិពីពលរដ្ឋដែរ ហើយឆ្លើយនឹងសំនួរអ្នកសារព័ត៌មានថា លោកនឹងបញ្ជូនឯកសារនេះឲ្យមន្រ្តីជំនាញពិនិត្យបន្តទៀត។

លោកបន្ថែមថា «ខ្ញុំអត់មានសិទ្ធិអីធ្វើទេ អាហ្នឹងគេមានបច្ចេកទេសរបស់គេ អ្នកបច្ចេកទេសគេធ្វើបន្ត ខ្ញុំគ្រាន់តែទទួលញត្តិរបស់ពួកគាត់ទេ មើលបោះគាត់ឲ្យស្រួលក្នុងបែបបទក្នុងទំរងបោះវារួចហើយ បញ្ជូលទៅឲ្យអ្នកជំនាញ»។

ក្រុមពលរដ្ឋឲ្យដឹងថា គម្រោងទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពី​រ​​នេះ​ បានធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភូមិចំនួន​៦ភូមិ នៃ​ឃុំ​ចំនួន​ពីរ​ក្នុង​ស្រុក​​សេសាន​ ខេត្ត​ស្ទឹងត្រែង ដែល​មាន​ពល​រដ្ឋ​រស់​នៅ​ចំនួន៨៤៦គ្រួសារ​កំពុង​រស់​នៅ ​តែ​រហូត​មក​ដល់​ពេល​នេះ ​អ្នក​​​ដែល​រងផល​ប៉ះពាល់បាន​សម្រេចទទួលយកសំណង​​ប្រមាណ៨៧ភាគរយ​ ខណៈ​១២៦​គ្រួសារកំពុង​រង់​ចាំដំដោះ​ស្រាយ។

ក្រសួង​រ៉ែ និង​ថាម​ពល​​ ធ្លាប់​ឲ្យ​ដឹង​ថា ​វារី​អគ្គិសនី​សេសាន​ក្រោម​ពី​រនេះ ​ជា​គម្រោង​របស់​រដ្ឋាភិ​បាល​ ដែល​បាន​ផ្តល់​សិទ្ធិ​ទៅឲ្យក្រុម​ហ៊ុនឯក​ជន​មួយ​ ដែល​មានភាគ​ហ៊ុនពី​ចិន៥១ភាគរយ កម្ពុជា​៣៩ភាគរយ និង​វៀត​​ណាម​១០ភាគរយ។ ​វារី​អគ្គិសនី​សេសាន​ក្រោម​ពី​រនេះ ​​​ចំណាយទឹកប្រាក់​ជិត​៨០០លាន​ដុល្លារអាមេរិក ដោយរំពឹងថា បាន​ថាម​ពល​អគ្គិសនី​​៤០០មេហ្គាវ៉ាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ