បក្សប្រឆាំងនិងពលរដ្ឋ ចង់ឲ្យអាជ្ញាធរផ្លាស់ប្ដូរស្តូបកម្ពុជា-វៀមណាមនៅខេត្ដកំពង់ធំទៅទីតាំងផ្សេង

ស្តូបមិត្ដ​ភាពកម្ពុជា-វៀមណាមនៅខេត្ដកំពង់ធំ (ដោយ បូ សាវី)

មន្ដ្រីបក្សប្រឆាំងនិងពលរដ្ឋមួយចំនួននៅខេត្ដកំពង់ធំ ចង់ឲ្យអាជ្ញាធរប្ដូរទីតាំងស្តូបមិត្ដភាពកម្ពុជានិងវៀតណាម ដែលសង់ក្បែររូបសំណាកដំរីជាន់ខ្លា ក្នុងក្រុងស្ទឹងសែន ទៅទីតាំងផ្សេង ដោយអះអាងថាការសាងសង់ក្បែរគ្នា ធ្វើឲ្យប៉ះពាល់ដល់និមិត្ដរូបនៃខេត្ដនេះ។

សមាជិកបក្សក្រុមប្រឹក្សាខេត្ដកំពង់ធំ មកពីបក្សសង្គ្រោះជាតិ លោក ស៊ន់ ធន ថ្លៃងប្រាប់VODនៅថា អាជ្ញាធរខេត្ដកំពង់ធំមកពីគណបក្សកាន់អំណាចបានសង់ស្ដូបមិត្ដភាពកម្ពុជានិងវៀតណាម នៅក្បែររូបសំណាកដំរីជាន់ខ្លា ដើម្បីបង្ហាញកាន់តែរឹងមាំនៃថ្នាក់ដឹកនាំប្រទេសទាំងពីរនេះ ប៉ុន្ដែលោកថាសំណង់នេះធ្វើឲ្យប៉ះពាល់ដល់និមិត្ដសញ្ញាខេត្ដកំពង់ធំ ដោយសារស្ដូបនោះមានកំពស់ខ្ពស់ជាងរូបនិមិត្តសញ្ញាខេត្ដរបស់ខ្លួន។ លោកសំដែងការមិនពេញចិត្ដដោយថា ទីតំាងនោះគួរសង់រូចចម្លាក់បុព្វបុរសខ្មែរដែលមានស្នារដៃកសាងប្រទេសពីជំនាន់មុនប្រសើរជាងការតាំងស្ពូបនេះ គ្រាន់ជាកម្មសិទ្ធិបក្សប្រជាជនប៉ុណ្ណោះ។ លោកន្ដថា៖ “យើងគួរឲ្យសោកស្ដាយយើងឃើញថាយុទ្ធជនយុទុ្ធនារីដែលស្លាប់ក្នុងសម័យសង្គ្រាម គេឃើញរូបចម្លាក់ឆ្ងាយពីខេត្ដ ហើយសោះកក្រោះមិនលក្ខណៈធំស្កឹមស្កៃដូចរូចចម្លាក់នោះទេ ចឹងហើយគួរដឹងគុណបុព្វបុរសខ្មែរយើង ប្រសើរជាងដឹងគុណយួន។ ធ្វើរូបចំណាកកណ្ដាលក្រុងនេះ គឺគេគោរពយួនមែនទែន ហើយគេ(យួន)ចាត់ទុកថារូបចម្លាក់គេនៅទីណា ជាទឹកដីគេហើយ“។

ពលរដ្ឋនៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន លោក ថៃ ធីប ឲ្យដឹងថា រូបដំរីជាន់ខ្លាជានិមិត្ដរូបនៃខេត្ដកំពង់ធំ អាជ្ញាធរគួរកែលម្អឲ្យមានភាពល្អប្រសើរ ជាជាងការចំណាយថវិកាជាតិសង់ស្តូបលើកតម្កើងជនរបរទេសដែលលោកថារដ្ឋាភិបាលនៅក្រោមគំនាបពីប្រទេសវៀតណាម។ ពលរដ្ឋរូបនេះសម្ដែងការខកចិត្ដចំពោះស្តូបមិត្ដភាពកម្ពុជាវៀតណាមនេះ ដោយទទួចឲ្យអាជ្ញាធរប្ដូរទីតាំងផ្សេង ដើម្បីកុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់ខេត្ដកំពង់ធំនិងពលរដ្ននៅទីនោះ។ លោកថ្លែងថា៖ “យើងចាំបាច់អីសាងសង់ស្តូបយួនដាក់នៅខាងក្រោយដំរីជាន់ខ្លា ហើយលុបដំរីជាន់ខ្លាខ្ពស់មែនទែន រហូតដល់អ្នកទេសចរណ៍គេមកកំពង់ធំ គេឃើញតែស្តូបយួនតែម្ដង លែងឃើញដំរីជាន់ខ្លាអស់ហើយ មួយទៀតប៉ះពាល់ដល់អារម្មណ៍យុទ្ធជនខ្មែរដែលគាត់ពលីជីវិតដើម្បីបុព្វហេតុជាតិកន្លងមក ហើយបែរជាមិនសាងសង់ស្តូបសង់រំលឹកដល់ពួកគាត់ទេ បែរជាស្តូបយួនដែលជាសត្រូវសួរពូជរបស់ខ្មែរទៅវិញ ចឹងបញ្ជាក់ថារដ្ឋាភិបាលយើងនៅក្រោមកញ្ជះយួនតែម្ដង“។

ប្រហាក់ប្រហែលគ្នានេះដែរ ពលរដ្ឋមួយរូបទៀតនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន លោក ថោង វិបុលសុខុម ឲ្យដឹងថាការសង់ស្តូបនេះអាជ្ញាធរហាក់មានការលាក់លៀម ដោយលោកថាធ្វើឡើងតាមគោលគំនិតថ្នាក់ដឹកនាំបក្សកាន់អំណាចតាមដែលអ្វីពួកគេនឹកឃើញ។ លោកបន្ថែមថា ស្តូបមិត្ដភាពនេះ គួរសង់នៅកន្លែងផ្សេង ដើម្បីកុំឲ្យប៉ះពាល់ដល់រូបសំណាកនិមិត្ដសញ្ញាដំរីជាន់ខ្លា។

ករណីនេះអភិបាលរងខេត្ដកំពង់ធំនិងជាអ្នកនាំពាក្យលោក គង់ វិមាន មានប្រសាសន៍ថាស្តូបមិត្ដភាពកម្ពុជា វៀតណាមនេះសង់ឡើងនៅកន្លែងចាស់ ដោយបានថវិកាពីសប្បុរសជន ប៉ុន្ដែលោកទទួលស្គាល់ថាសំណង់នេះខ្ពស់ជាងរូបចម្លាក់ដំរីជាន់ខ្លា។ លោកបន្ដថា រូបចម្លាក់ដំរីជាន់ខ្លានោះនឹងកែលម្អឡើងវិញ ប៉ុន្ដែលោកថាមិនមែនជានិមិត្ដសញ្ញាខេត្ដកំពង់ធំនោះទេ ដោយលោកថានិមិត្ដសញ្ញខេត្ដនេះ នឹងដាក់រូបចម្លាក់សត្វតោយកមកពីប្រាសាទព្រៃគុហ៍ ដាក់តាំងនៅរង្វង់មូលផ្លូវវាងក្រុងស្ទឹងសែន។ លោកបដិសេធការដោះដូរទីតាំងស្តូបទៅកន្លែងផ្សេង ដោយថាពលរដ្ឋខ្មែរខ្លះតែងមើលឃើញអាជ្ញាធរមានខ្មៅ បើទោះបីពួកគាត់មានពណ៌សក៏ដោយ។ លោកមានប្រសាសន៍ថា៖ “បាទ! មិនត្រូវទេបាទ ទៅទើសអីកន្លែងមួយហ្នឹង(សើច)យើងមិនអត់ទេកន្លែងត្រូវដាក់ហ្នឹងប៉ុន្ដែថាកន្លែងហ្នឹងជាទីតាំងចាស់ដែលធ្លាប់មានពីមុន ប៉ុន្ដែវាទាបយើងមិនចង់យកទៅដាក់កន្លែងណាទេចង់ដាក់នៅកន្លែងហ្នឹងវិញ ហើយកែលម្អឲ្យមានសោភណ្ឌភាពឡើងវិញ“។

មន្ដ្រីគណបក្សកាន់អំណាចឲ្យដឹងថា ស្ដូបមិត្ដភាពកម្ពុជាវៀតណាមនោះកសាងនៅអំឡុងខែឧសភាឆ្នាំ២០១៦នេះ ដែលមានកំពស់ជាង១០ម៉ែត្រ ជារចនាបទខ្មែរទាំងអស់ ក្នុងគោលបំណងរឹតចំណងមិត្ដភាពនៃប្រទេសទាំងពីរនេះកាលពីសម័យសង្គ្រាម។ អាជ្ញាធរដដែលបន្ដថា ស្ដូបនោះសាងសង់ហើយ៩០% និងមានដាក់រូបកងទ័ពខ្មែរនិងវៀតណាមអមដោយទង់ជាតិនៃប្រទេសទាំងពីរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ