ឌូទើតេ ប្តេជ្ញាបញ្ចប់ការធ្វើសមយុទ្ធរួមជាមួយអាមេរិករៀងរហូត

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាពពី AFP)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃពុធម្សិលមិញបានប្រកាសប្តេជ្ញាបញ្ចប់ការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ដែលសកម្មភាពនេះនាំឲ្យមានការព្រួយបារម្ភថា នឹងប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរយូរអង្វែងមកហើយនេះ។

ថ្លែងទៅកាន់ហ្វូងមនុស្សនៅក្នុងសណ្ឋាគារមួយនៅក្នុងទីក្រុងហាណូយ ក្នុងដំណើរដែលលោកទៅបំពេញទស្សនកិច្ច២ថ្ងៃគឺ លោក ឌូទើតេ បញ្ជាក់ថាការធ្វើសមយុទ្ធជាមួយអាមេរិកនៅខែក្រោយនោះជាការធ្វើសមយុទ្ធរួមគ្នាចុងក្រោយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តាមគម្រោងការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំរវាងហ្វីលីពីននិងអាមេរិកចាប់ពីថ្ងៃទី៤ដល់ថ្ងៃទៅ១២ខែតុលាការនៅក្នុងប្រទេសហ្វីលីពីន។ ក្នុងសមយុទ្ធនេះធ្វើឡើងជាទ្រង់ទ្រាយធំ ដែលមានកងកម្លាំងចូលរួមពីភាគីទាំងសងខាងជាង៨០០០នាក់។

សម្ព័ន្ធភាពរវាងប្រទេសទាំងពីរមានការប្រះឆាខ្លាំងនៅប៉ុន្មានអាទិត្យនេះ ខណៈដែលលោក ឌូទើតេ ប្តេជ្ញា បណ្តេញកម្លាំងពិសេសរបស់អាមេរិកចេញពីភូមិភាគខាងត្បូង បន្ទាប់ពីមេដឹកនាំហ្វីលីពីនរូបនេះបានជេរប្រមាថ ប្រធានាធិបតីអាមេរិកលោក អូបាម៉ា នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់អាស៊ាននៅក្នុងប្រទេសឡាវ។

មេដឹកនាំហ្វីលីពីន លោក ឌូទើតេ អាយុ៧១ឆ្នាំកំពុងធ្វើសង្គ្រាមបង្ហូរឈាម ដើម្បីបោសសំអាតអ្នកជួញដូរគ្រឿងញៀនសម្លាប់មនុស្សអស់ជាង៣៧០០នាក់ ចាប់ពីលោកឡើងកាន់តំណែងកាលពីចុងខែមិថុនា។ ការសម្លាប់នេះធ្វើឲ្យអង្គការអង្គការសហប្រជាជាតិ រួមទាំងមេដឹកនាំផ្សេងៗមានអាមេរិកផងចោទថា កំពុងសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។

ទំនាក់ទំនងវិស័យការពារជាតិរវាងអាមេរិកនិងហ្វីលីពីនបានចាប់ផ្តើមកាលពីឆ្នាំ១៩៥១ ហើយមានការធ្វើសមយុទ្ធប្រចាំឆ្នាំរាល់ឆ្នាំ ដែលជាផ្នែកមួយសំខាន់ក្នុងការពង្រឹងសម្ព័ន្ធភាពនៃប្រទេសទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ