កិច្ចប្រ​ជុំ​នៅ​UNបានលើកករណីបាញ់សម្លាប់លោក​ កែម ឡី និងបញ្ហានយោបាយនៅកម្ពុជា

ប្រជា​ពលរដ្ឋ​ចូលរួម​រំលែកទុក្ខដល់ក្រុមគ្រួសារសពលោក កែម ឡី នៅវត្តចាស់ ក្នុង​សង្កាត់ជ្រោយចង្វារ កាលពីពេលកន្លងទៅ

អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្តរជាតិ និងប្រទេសមួយចំនួនទៀត បានលើកយករណីបាញ់សម្លាប់ លោក កែម ឡី ការរំលោភសិទ្ធិមនុស្ស និងការដាក់សម្ពាធលើបក្សប្រឆាំងនៅកម្ពុជា ជជែកដេញដោល ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអំពាវនាវឲ្យមានវិធានការទប់ស្កាត់។

ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី២៨ខែកញ្ញា តំណាងប្រទេស និងអង្គការសង្គមស៊ីវិល បានលើកឡើងថា ការបាញ់សម្លាប់លោក កែម ឡី ការចាប់ឃុំខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល ប្រើតុលាការចាត់ការបក្សប្រឆាំង និងបញ្ហាមួយចំនួនទៀត ពួកគេថា បានធ្វើឲ្យប៉ះពាល់ខ្លាំង ដល់ការគោរពសិទ្ធិមនុស្ស និងដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៧ និង២០១៨ខាងមុខ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ស្រី Rhona Smith បានលើកឡើងថា បញ្ហាសិទ្ធិមនុស្សគួដាក់បញ្ជូលក្នុងវីស័យអប់រំ ដើម្បីបញ្ជ្រៀបចំណឹង ទប់ស្កាត់កុំឲ្យមានអំពើហិង្សាកើតឡើង ។

ទាក់ទិននឹងស្ថានភាពនយោបាយ ត្រង់ចំនុនមួយ លោកស្រី  Rhona Smith លើកឡើងថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាប់ចង ឃុំខ្លួន និងកាត់ទោសមន្ត្រីសង្គមស៊ីវិល មន្ត្រីគ.ជ.ប រួមទាំងមន្ត្រីបក្សប្រឆាំង និងអ្នកតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិនោះ ថាជាសញ្ញាណធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស។

លោកស្រី រ៉ូណា ស្មីធ បន្ថែមថា៖ “ចំនុចបន្ថែមនៅក្នុងរបាយការណ៍របស់ខ្ញុំស្តីពីអំពើហិង្សា កាលពីខែកក្កដា ឆ្នាំនេះ លោក កែម ឡី ដែលជាសកម្មជននយោបាយដ៏លេចធ្លោម្នាក់ត្រូវបានបាញ់សម្លាប់នៅរាជធានីភ្នំពេញ ហើយមានបុគ្គលម្នាក់គឺស្ថិតក្រោមការចាប់ខ្លួន។ ក៏ប៉ុន្តែ មានសំណួរជាច្រើន បន្សល់ទុកដោយគ្មានចម្លើយ ពាក់ព័ន្ធនឹងហេតុការបាញ់សម្លាប់នេះ ”

តំណាងអង្គការ Human Right Watch លោកស្រី Lailar Matar លើកឡើងថា ជាច្រើនឆ្នាំមកនេះ លោក ហ៊ុន សែន និងបក្សប្រជាជន បានវាយប្រហារកាន់តែខ្លាំង ទៅលើបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គម និងបញ្ញវន្តមួយចំនួន ដែលលោកស្រីថា ចំណាត់ការទាំងនោះបានព្យាយាមបំបាត់សំឡេងប្រឆាំង និងសំឡេងឯករាជ្យ។

តំណាងHuman Right Watch លើកឡើងទៀតថា ការបាញ់សម្លាប់លោក កែម ឡី ថា ជារឿងនយោបាយ និងបានជំរុញឲ្យអន្តរជាតិ ធ្វើការងារនេះឲ្យបានពេញលេញ ទប់ស្កាត់កុំឲ្យកម្ពុជា វិលទៅរករបបគ្រប់គ្រងដោយគណបក្សតែមួយ។

លោកស្រី៖ “ពួកយើងអំពាវនាវឲ្យប្រទេសទាំងអស់ជាហត្ថលេខីទីក្រុងប៉ារីស ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស អ្នករាយការណ៍ពិសេស និងក្រុមប្រឹក្សា ត្រូវតែប្តេជ្ញានិងចាត់វិធានការជាបន្ទាន់។ គ្រប់ការចោទប្រកាន់រឿងនយោបាយទាំងអស់គួរតែត្រូវបានទម្លាក់ចោល រួមមានទាំងការប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី និង កឹម សុខា សមាជិកសភាដទៃទៀត បុគ្គលិកអង្គការសិទ្ធិមនុស្សអាដហុក និងសកម្មជនបឹងកក់ រួមទាំងហេតុផលសម្លាប់អ្នកវិភាគនយោបាយ លោក កែម ឡី និងបុគ្គលមួយចំនួនទៀត ដែលនេះជាការរំលឹកមួយពីតម្រូវការអន្តរជាតិ ដើម្បីបញ្ជៀសកម្ពុជាទៅការគ្រប់គ្រងរដ្ឋតែមួយបក្ស “

តំណាងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម លោកស្រី Stella Anastasia មានប្រសាសន៍ថា លោកស្រីមានការព្រួយបារម្ភខ្លាំង លើកការវាយប្រហារលើកសំឡេងសង្គមស៊ីវិល ក្រោយមន្ត្រីការពារសិទ្ធិមនុស្ស៥នាក់ត្រូវបានចាប់ខ្លួន ដែលនេះធ្វើឲ្យអ្នកជំនាញអន្តរជាតិខាងសិទ្ធិមនុស្ស ជំរុញឲ្យបញ្ឈប់ការរំខាន់ដល់អង្គការសង្គមស៊ីវិល។

លោកស្រី Stella Anastasia លើកឡើងទៀតថា ស្ថានការណ៍កំពុងតានតឹង នេះ ស្របពេលដែលការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជាតិខិតជិតដល់។ លោកស្រីបានអំពាវនាវឲ្យក្រុមប្រឹក្សាទាំងអស់ ជំរុញកម្ពុជាអនុវត្តតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអំពាវនាវឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សទាំង៥រូប និងអ្នកទោសនយោបាយផ្សេងទៀត ។

ជាការឆ្លើយតប ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក ណី សំអុល បានច្រានចោលការលើកឡើងនោះ ដោយថាកម្ពុជាមិនបានរំលោភ សិទ្ធិមនុស្សដូចរបាយការណ៍ដែលបានលើកឡើងនោះទេ។ លោកថា អ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើគឺជាការអនុវត្តច្បាប់ ។

មន្ត្រីតំណាងរដ្ឋាភិបាលរូបនោះ លើកឡើងទៀតថា ប្រទេស ដែលរិះគន់កម្ពុជានោះ ដោយសារតែពួកគេទទួលបានព័ត៌មាន មិនត្រឹមត្រូវ ឬមិនគ្រប់ជ្រុងជ្រោយ។

លោកថា៖ “រដ្ឋាភិបាលចាំបាច់ត្រូវតែពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិនានាទោះបីបុគ្គល ឬគណបក្សនយោបាយណាមួយជាអ្នកប្រព្រឹត្តក៏ដោយ។ប៉ុន្តែខណៈដែលរដ្ឋាភិបាលប្រកាន់គោលជំហរគោរពនីតិរដ្ឋ បែជាត្រូបបានគេចោទប្រកាន់ពីបទប៉ុនប៉ងកម្រិតលំហូលទ្ធិប្រជាធិបតេយ្យ”។

យ៉ាងនេះក្តីកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៦ពោលគឺពីរថ្ងៃបន្ទាប់ពីមានព្រឹត្តិការណ៍បាញ់ សម្លាប់លោក កែម ឡី អង្គការសមាគមក្នុងស្រុក ចំនួន៧០ បានចេញសេចក្តីថ្លែងការរណ៍រួមគ្នា ជំរុញឲ្យរដ្ឋាភិបាលវែកមុខរកជនដៃដល់ពិតប្រាកដ និងអ្នកពាក់ព័ន្ធនៅពីក្រោយឃាតកម្មនោះ មកផ្តន្ទាទោស និងថាការចាប់ឃុំខ្លួនមន្ត្រីអាដហុក មន្ត្រី គជប  បង្ក្រាបអ្នកធ្វើយុទ្ធនាការដោយសន្តិវិធីថ្ងៃចន្ទពណ៌ខ្មៅ និងការចាប់ការឃុំខ្លួនតំណាងរាស្ត្របក្សប្រឆាំងពីរូប ទាំងមានអភ័យឯកសិទ្ធិសភាផងនោះ ថាប្រជាធិបតេយ្យនៅកម្ពុកំពុងស្ថិតក្នុងចំនុចគ្រោះថ្នាក់។

ទោះយ៉ាងណា ក្នុងកិច្ចប្រជុំនោះ មានយ៉ាងតិច៣ប្រទេសបានសសើពីការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ពីការគោរពសិទ្ធិមនុស្សនេះ ក្នុងនោះមានតំណាងប្រទេសចិន ឡាវ និងឥណ្ឌូនេស៊ី ។ពួកគេបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានភាពប្រសើរឡើងនៃការគោរពសិទ្ធិមនុស្សរហូតដល់បច្ចុប្បន្ននេះ៕ រាយការណ៍បន្ថែម ដោយ មាស រតនៈវិទូ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ