EU ផ្ដល់ជំនួយដល់ គ.ជ.ប ជាទឹកប្រាក់ប្រមាណ៥លាន៤សែនដុល្លារ

សហភាពអឺរ៉ុបបានផ្ដល់ជំនួយផ្នែកសម្ភារមួយចំនួនដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសរុបជាទឹកប្រាក់ប្រមាណ៥លាន៤សែនដុល្លារអាមេរិកសម្រាប់ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦។

នៅក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បង្ហាញថា ជំនួយផ្នែកសម្ភារបរិក្ខាររបស់សហភាពអឺរ៉ុបត្រូវបានផ្ដល់ដល់ គ.ជ.ប តាមរយៈអង្គការ UNOPS សម្រាប់បម្រើឲ្យដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ចំនួន១៦៣៣កន្លែងទូទាំងប្រទេសកម្ពុជា។

បើតាមសេចក្ដីប្រកាស ជំនួយផ្នែកបច្ចេកទេសរបស់ EU ដែលផ្ដល់ឲ្យ គ.ជ.ប ចែកចេញជា២ដំណាក់កាល ដោយដំណាក់កាលទី១ គឺមុនដំណើរការចុះឈ្មោះបោះឆ្នោត មាន៣៥មុខ និងដំណាក់កាលទី២ នៅក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត មាន១៣មុខ រួមមាន កុំព្យូទ័រ Laptop ចំនួន១៩០គ្រឿង Power Bank ចំនួន២ ៤០០គ្រឿង និងគ្រឿងបន្ទាប់បន្សំផ្សេងទៀត។

សេចក្ដីប្រកាសដដែលបញ្ជាក់ទៀតថា សហភាពអឺរ៉ុបនឹងបន្ដពិភាក្សាជាមួយ គ.ជ.ប ដើម្បីផ្ដល់ជំនួយបន្ថែមទៀតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅឆ្នាំ២០១៧។

គួរបញ្ជាក់ថាកាលបរិច្ឆេទនៃដំណើរការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី១ ខែកញ្ញា នឹងត្រូវបញ្ចប់នៅល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា បន្ទាប់ពី គ.ជ.ប ប្រកាសបន្ថែមចំនួនថ្ងៃចុះឈ្មោះបោះឆ្នោត១ថ្ងៃទៀត៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ