លោក ហ៊ុន សែន​ ថាកូរ៉េខាងជើងនឹងបាញ់មីស៊ីលអបអរ ដូណាល់ ត្រាំ ចូលកាន់អំណាច

លោក ហ៊ុន សែន​ (បូ សាវី)

នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងបែបបញ្ឆិតបញ្ឆៀងទៅកាន់មេដឹកនាំអាមេរិកដែលធ្លាប់រិះគន់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានោះថា ប្រទេសកូរ៉េខាងជើងនឹងបាញ់មីស៊ីលអបអរការចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលខាងមុខនេះ។

នៅចំពោះមុខតំណាងប្រទេសនៃកិច្ចប្រជុំសភាតំបន់អាស៊ី ឬហៅកាត់ថា APA ដែលធ្វើនៅខេត្តសៀមរាម ម្សិលមិញ លោក ហ៊ុន សែន ថ្លែងថា លោកបានទទួលព័ត៌មានមិនទាន់ផ្លូវការថា៖ «អ្នកដឹកនាំកូរ៉េខាងជើងនឹងបាញ់មីស៊ីលអបអសារទ នៅពេលដែល លោក ដូណាល់ ត្រាំ ឡើងកាន់ដំណែង»។ លោកបន្តថា បើដូច្នោះមែន «ការបាញ់មីស៊ីលវាហាក់ដូចជាការកំដរការកំសាន្តមួយ ដុតកាំជ្រូចដើម្បីការសប្បាយ»។

មុនពេលលើកឡើងដូចនេះ លោក ហ៊ុន សែន បានស្តីបន្ទោសប្រទេសមហាអំណាចមួយចំនួនថា នៅពីក្រោយការធ្វើបដិវត្តន៍ពណ៌ទម្លាក់មេដឹកនាំផ្តាច់ការដូចជា សាដាំ ហ៊ូសេន មេដឹកនាំអ៊ីរ៉ាក់ និងការតវ៉ាទម្លាក់មេដឹកនាំផ្តាច់ការមួយចំនួនទៀតនៅមជ្ឈឹមបូព៌ា។

នាយករដ្ឋមន្រ្តីកម្ពុជាក៏បានរិះគន់ជាថ្មីទៀតផងដែរ ចំពោះអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ដែលគេដឹងថា សហរដ្ឋអាមេរិកជាអ្នកគាំទ្រ របបលោក លន់ នល់។

លោក ហ៊ុន សែន ថ្លែងថា៖ «ស្អប់សម្តេចព្រះ នរោត្តម សីហនុ បែរជាបង្កើតរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បង្កើតឡើងនូវសង្រ្គាមវិវាសកម្មស្លាប់មនុស្ស»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាញឹកញាប់តែងតែព្រមានថា «សង្រ្គាមនឹងកើតឡើង» ប្រសិនជាគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍មួយដែលមានកម្រាស់ជាង៧០ទំព័រ ដោយនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបានចាត់ទុកការដឹកនាំអស់រយៈជាង៣០ឆ្នាំមកនេះថា ពោរពេញទៅដោយ «ហិង្សា ការគាបសង្កត់ និងអំពើពុករលួយ»។

ចំណងជើងរបាយការណ៍នេះមានឈ្មោះថា «30 years of Hun Sen: Violence, Repression, and Corruption in Cambodia» ដែលត្រូវបានស្រាវជ្រាវនិងសរសេរដោយនាយកអង្គការ Human Rights Watch ប្រចាំអាស៊ី លោក ប្រេដ អាដាម (Brad Adams)។

របាយការណ៍របស់អង្គការ Human Rights Watch បន្តទៀតថា លោកនាយករដ្ឋមន្រ្តីបានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់ និងការបំបិទសិទ្ធិសេរីភាពនៃការប្រមូលផ្តុំ ការបញ្ចេញមតិ និងការប្រើកម្លាំងដើម្បីគំរាមកំហែងជាដើម។ របាយការណ៍នេះលើកឡើងថា អំឡុងពេលការកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានការសម្លាប់ឥស្សរជនគណបក្សប្រឆាំង អ្នកកាសែត មេដឹកនាំសហជីព ដោយហេតុផលនយោបាយ ហើយពុំមានការស៊ើបអង្កេតនិងចាប់ខ្លួន បើទោះជាដឹងថាមនុស្សណាក៏ដោយ។

របាយការណ៍ដដែលនេះបានលើកឡើងថា ការបោកគ្រាប់បែកដែលទាក់ទងនឹងអង្គរក្សរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ១៩៩៧ និងការធ្វើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ១៩៩៧ជាដើម។ របាយការណ៍របស់អង្គការ Human Rights Watch បានអំពាវនាវឲ្យម្ចាស់ជំនួយនិងសហគមន៍អន្តរជាតិទាំងអស់ គាំទ្រប្រជាជនកម្ពុជាដែលកំពុងព្យាយាមចង់បានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ នីតិរដ្ឋ និងការបញ្ចប់អំពើពុករលួយ បញ្ហារំលោភដីធ្លីនិងការគោរពសិទ្ធិជាមនុស្ស ដូចជាសេរីភាពនៃការបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្តុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ