បទវិភាគ៖ តើ​លោក សម​ រង្ស៊ី នឹង​ប្រើ​ប្រាស់​បញ្ហា​ព្រំដែន​ជា​ថ្នូរ​នយោបាយ​ដើម្បី​បាន​វិល​ចូល​កម្ពុជា​វិញ​ឬ​យ៉ាងណា?

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

បញ្ហាព្រំដែនកម្ពុជាជាមួយបណ្ដាប្រទេសជិតខាង បានលេចធ្លោឡើងជាថ្មីទៀតហើយ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានឯកភាពទៅលើការផ្ទេរផែនទីពីការប្រើប្រាស់ផែនទីបោន ទៅប្រើប្រាស់ផែនទី UTM វិញ។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា លោកនិងសមភាគីរបស់លោក គឺលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក បានព្រមគ្នានៅក្នុងជំនួបមួយនៅឯខេត្តសៀមរាប ទៅលើការផ្ទេរផែនទីពីខ្នាត ១/១០០.០០០ ទៅផែនទីខ្នាត ១/៥០.០០០វិញ។

គ្រាន់តែការសម្រេចបែបនេះរបស់រដ្ឋាភិបាលមិនបានប៉ុន្មានថ្ងៃផង ក្រុមក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅឯប្រទេសន័រវេស៍ បានចេញមុខជំទាស់ភ្លាមៗ និងបានហៅការសម្រេចនេះថា “ជាចេតនាក្បត់ជាតិ” ដោយចាត់ទុកជា “ជំហានថ្មីមួយទៀតដែលរដ្ឋាភិបាលលោក ហ៊ុន សែន និងវៀតណាម ជំរុញទៅរកការកែប្រែមាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា”។

ខុសកាលពីលើកមុនៗ លើកនេះ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បែរជាបង្ហាញជំហរគាំទ្រការសម្រេចបែបនេះរបស់រដ្ឋាភិបាលកម្ពុជាទៅវិញ។ មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ដែលធ្លាប់រត់ភៀសខ្លួនទៅក្រៅប្រទេសដើម្បីគេចចេញពីបណ្ដឹងផ្លូវច្បាប់ក្នុងតុលាការកម្ពុជាដោយសារតែរឿងព្រំដែននោះ បានបង្ហាញជំហរគាំទ្ររបស់លោក នៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងមកថ្មីៗនេះ ពោលគឺ ២ថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពជាមួយនាយករដ្ឋមន្ត្រីវៀតណាម ជុំវិញការផ្ទេរខ្នាតផែនទីនេះ។

លោក សម រង្ស៊ី បានថ្លែងថា៖ “វាជាគំនិតល្អ ខ្លួនខ្ញុំក៏មានគំនិតដូចគ្នាអីចឹងដែរ។ យើងត្រូវពឹងពាក់អ្នកដែលមានជំនាញ មានបទពិសោធន៍ មានឯកសារ ដោយសារគេមានពាក់ព័ន្ធនឹងរឿងនេះជិត ១៥០ឆ្នាំមកហើយ។ ដូច្នេះ យើងសប្បាយចិត្ត”។

ជំហរថ្មីបំផុតរបស់លោក សម រង្ស៊ី បានកើតឡើងមួយថ្ងៃក្រោយពីម្ដាយក្មេករបស់លោក បានទទួលមរណភាពនៅក្នុងរាជធានីភ្នំពេញ ខណៈលោកកំពុងរស់នៅឯក្រៅប្រទេសជាថ្មីម្ដងទៀត ដើម្បីគេចចេញពីបណ្ដឹងផ្លូវច្បាប់នានានៅក្នុងតុលាការកម្ពុជា ដែលប្ដឹងដោយមេដឹកនាំគណបក្សកាន់អំណាច ក្នុងនោះមានទាំងបណ្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

ជំហរថ្មីរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ បានជំរុញឲ្យមានមន្ទិលសង្ស័យថា អាចជាថ្នូរមួយដើម្បីបានវិលចូលស្រុកវិញដោយមិនចាំបាច់ប្រឈមនឹងការជាប់ទោសទណ្ឌ នេះក៏ដោយសារតែលោក សម រង្ស៊ី នៅក្នុងអាជីពនយោបាយរបស់លោក លោកស្ទើរតែមិនដែលយល់ស្របទៅនឹងការសម្រេចនានារបស់រដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាព្រំដែននោះឡើយ ហើយលោកមានរឿងរ៉ាវចម្រូងចម្រាស់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើនលើកច្រើនសារ ក៏ដោយសាររឿងព្រំដែននេះដែរ។

ជុំវិញជំហរថ្មីបំផុតរបស់លោក សម រង្ស៊ី នេះ ក្រុមអ្នកតាមដាននយោបាយកម្ពុជាមើលឃើញខុសៗគ្នា ប៉ុន្តែ មើលឃើញជារួមថា រឿងព្រំដែនមិនគួរណាអ្នកនយោបាយកម្ពុជា យកធ្វើជាថ្នូរសម្រាប់បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

អ្នកដែលមើលឃើញថា ជំហរថ្មីបំផុតរបស់លោក សម រង្ស៊ី មិនមែនជាថ្នូរសម្រាប់ការវិលចូលប្រទេសកម្ពុជាវិញនោះ គឺលោកបណ្ឌិត សុខ ទូច សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែន នៅរាជបណ្ឌិតសភាកម្ពុជា។ ផ្ទុយទៅវិញ លោកយល់ថា សម្ដីរបស់លោក សម រង្ស៊ី បង្ហាញការគាំទ្រទៅដល់បច្ចេកទេសកិច្ចការព្រំដែនច្រើនជាង។

លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា៖ “ខ្ញុំយល់ថា ដូចមិនមែនទេ។ ខ្ញុំនិយាយនេះមិនមែនចង់កាន់ជើងខាងណាទេ។ ប្រសិនជាគាត់យកលក្ខណៈបច្ចេកទេស គាត់មិនមែនរឿងហ្នឹងទេ។ បើគាត់យកជាថ្នូរ ថ្នូរអីចេះវិញបានត្រូវជាង គាត់ឈប់ឈរជាមេបក្ស គាត់ឈប់ឈរជាអី លាលែងចេញពីនយោបាយ អាហ្នឹងបានត្រូវជាង។ ប៉ុន្តែ វាស្ថិតនៅលើឯឧត្ដម សម រង្ស៊ី ទេ ជាមាន់ជល់ ឬមាន់សម្ល។ បើគាត់មាន់ជល់ គាត់ហ៊ានបង្ហាញថាគាត់ជល់”។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងមក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សងសង្គ្រោះជាតិ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោក សម រង្ស៊ី បានពិតជាបានស្វែងរកការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ឲ្យទាន់ពេលបុណ្យសពម្ដាយក្មេករបស់លោក សម រង្ស៊ី នៅរាជធានីភ្នំពេញ។

ដំណឹងនេះ បានជំរុញឲ្យមានមន្ទិលសង្ស័យថា អាចនឹងមានការចរចាណាមួយរវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបានវិលចូលប្រទេសកម្ពុជា នោះក៏ដោយសារតែ នាពេលកន្លងមក គេបានមើលឃើញថា មានការដោះដូរនយោបាយកើតឡើងរួចមកហើយ។

កាលពីជាង ១០ឆ្នាំមុន ដើម្បីបានវិលចូលប្រទេសកម្ពុជាវិញ ដោយមិនមានទោសទណ្ឌនោះ លោក សម រង្ស៊ី បានឯកភាពទៅតាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើឲ្យកែរដ្ឋធម្មនុញ្ញ ក្នុងការបង្កើតរដ្ឋាភិបាលពីរូបមន្ត ២ភាគ៣ ទៅជារូបមន្ត ៥០ភាគរយបូក ១។ រូបមន្ត ៥០បូក ១ នេះ ត្រូវបានអនុវត្តរហូតមកដល់បច្ចុប្បន្ននេះ។

ប៉ុន្តែ ថ្នូរនយោបាយ ដែលត្រូវបានគេដាក់ការសង្ស័យខ្លាំងនៅពេលនេះ គឺការឯកភាពទៅលើការកែប្រែមាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលនិយាយដល់ការប្រើប្រាស់ផែនទីខ្នាត ១/១០០.០០០ សម្រាប់បូរណភាពទឹកដីកម្ពុជា។

អ្នកវិភាគនយោបាយកម្ពុជា លោក អ៊ូ វីរៈ ជឿជាក់ថា មានការចរចាគ្នារវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក វីរៈ យល់ថា ជាសញ្ញាល្អ ប៉ុន្តែ លោកមិនអាចវាយតម្លៃបានថា តើអ្វីជាថ្នូរនៅក្នុងការចរចានយោបាយនោះឡើយ។

លោក អ៊ូ វីរៈ៖ “យើងដឹងថា មានការចរចារគ្នាជារឿងធម្មតា។ ការចរចាររវាងគណបក្សសង្គ្រោះជាតិ និងគណបក្សកាន់អំណាចហ្នឹង ពីដើមមកមានការចរចារគ្នាច្រើន។ អីចឹង យើងសន្និដ្ឋានថា មានការចរចារគ្នាទៀត”។

ទោះជាយ៉ាងណា លោក អ៊ូ វីរៈ ប្រាប់ថា អ្នកនយោបាយកម្ពុជា មិនគួរយកបញ្ហាព្រំដែន ឬបញ្ហាទាក់ទងនឹងផលប្រយោជន៍ជាតិ ធ្វើជាថ្នូរនយោបាយនោះឡើយ។ លោកបន្ថែមថា៖ “មិនគួរទេ មិនគួរទេ ពីព្រោះរឿងព្រំដែន គឺជារឿងជាតិធំណាស់ មិនអាចយកជាការចរចារគ្នាបានទេ គួរតែយកផលប្រយោជន៍ជា[ធំ] ហើយគណបក្សកាន់អំណាច ក៏គួរអីចឹងដែរ ជជែកគ្នាជាមួយគណបក្សប្រឆាំងពីរឿងព្រំដែនហ្នឹង ដើម្បីឲ្យមានឯកភាពជាតិគ្នា”។

អ្នកវិភាគរូបនេះ បានព្រមានថា ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី អាចនឹងបាត់បង់ខ្លាំង ប្រសិនបើមេដឹកនាំបក្សប្រឆាំងរូបនេះ មិនមានគោលជំហររឹងមាំជុំវិញបញ្ហាព្រំដែន។

លោក អ៊ូ វីរៈ បន្ថែមថា៖ “ប៉ុន្តែ រឿងកិច្ចចរចារនេះ បើជារឿងព្រំដែន អាចបញ្ហាធំសម្រាប់ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ព្រោះអីលោក សម រង្ស៊ី គាត់យករឿងជាតិនិយម រឿងព្រំដែននេះ ជាប្រធានបទធំរបស់គាត់។ ប្រសិនបើអ្នកគាំទ្រគាត់ឃើញថា គាត់អត់ឈររឹងលើគោលជំហរហ្នឹង ប្រហែលជាគាត់បាត់បង់ប្រជាប្រិយភាពខ្លាំង”។

ក្រៅពីមិនចង់ឲ្យអ្នកនយោបាយយកបញ្ហាព្រំដែនធ្វើជាថ្នូរនយោបាយរបស់អ្នកនយោបាយកម្ពុជានោះ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ លោក សម រង្ស៊ី អាចមានជម្រើសដ៏ដទៃ នៅក្នុងការដោះស្រាយវិវាទនយោបាយជាមួយមេដឹកនាំគណបក្សកាន់អំណាច។

លោកព្រមានថា៖ “ឯកឧត្ដម សម រង្ស៊ី មានរឿងច្រើនដែលអាចនិយាយគ្នាបានជាមួយអ្នកនយោបាយក្នុងប្រទេសកម្ពុជា នាយករដ្ឋមន្ត្រីខាងគណបក្សប្រជាជន ក៏ប៉ុន្តែ បើកាលណាយកបញ្ហាផែនទី បញ្ហាទឹកដី មកធ្វើជាទឡ្ហកណ្ណ៍នៃការដោះដូរដើម្បីបានវិលចូលកម្ពុជា ខ្ញុំគិតថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី អាចចប់ត្រឹមហ្នឹងហើយ”។

ទោះជាយ៉ាងណាក៏ដោយ ការឆ្លើយតបបែបណានោះពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលោក សម រង្ស៊ី ហើយលក្ខខណ្ឌអ្វីត្រូវបានដោះដូរនោះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយ រហូតមកដល់ពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ