នាយក្រឹម​​​ ត្រូវកូនប្រុសព្រមាន​​កាត់កាល បើបន្ត​​បោះបង់​ប្រពន្ធនិងកូន

នាយក្រឹមនិងនាងលាភ(ឆ្វេង)និងប្រពន្ធដើម(ស្តាំ)

​កន្លងមកគេឮតែ​ឪពុក​ឬម្ដា​​យប្រកាសកាត់កាល​កូន​​​ ដោយសារតែទ្រាំ​នឹងទង្វើរធ្វើខុសរបស់​​កូន​ៗដែលខ្លួនខំចិញ្ចឹមទំនុកបម្រុងទាំងលំបាកហើយប្រដៅមិនបានប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ករណីរវាងនាងក្រឹម តារាកំប្លែងល្បីឈ្មោះនិង​​​​​​​​​​គ្រួសារ បែរជាកូនប្រុសរបស់លោក​​ប្រកាស​កាត់កាលលោក​​​លែងទទួលស្គាល់ជាឪពុកទៅវិញ ​ដោយអះអាងថាលោកបានធ្វើអោយ​ប្រពន្ធដើមនិងកូនឈឺចាប់​​​​​លែងទទួល​យកបាន​​​ បន្ទាប់ពីបានជ្រើស​​យក​​នាងលាភ ជាដៃគូកំប្លែង​​​ក្នុងក្រុមរបស់​លោក​ជាធ្វើជាប្រពន្ធ​​ផ្លូវការ។

លោក ​​​អ៊ូ ដានីញែលរ័ត្នមុន្នី ជាកូនប្រុស​​របស់​​​នាយក្រឹម បានថ្លែងប្រាប់​​​ VOD ដោយ​​​អារម្មណ៍ក្ដុកក្ដួលថា ​នាយ​ក្រឹមកន្លងមក​​គឺមាន​ព័ត៌មានទាក់ទងតារាកំប្លែងរួម​ក្រុម​បែបនេះ​​ច្រើនលើកមកហើយ ដោយការទាក់ទងមួយលើក​គឺលោក​​​​រមែងធ្វើអោយម្ដាយរបស់ខ្លួនដែលជាភរិយាស្របច្បាប់​របស់នាយក្រឹម​​ឈឺចាប់ និងធ្វើអោយកូនៗមាន​សម្ពាធផ្លូវចិត្ត​យ៉ាងខ្លាំង។

ប៉ុន្តែលោកចាត់ទុកថាស្ថានភាពអាក្រក់​បំផុត គឺក្នុងពេលដែល​​​ទាក់ទងជាមួយ​​តារាកំប្លែងនាងលាភ ដែលជាភរិយាចុងក្រោយនេះ​តែម្ដង ដោយសារតែ​លោក​ចាប់​​ផ្ដើម​​ឈ្លោះជាមួយ​ម្ដាយខ្លួនជាញឹកញាប់ ហើយ​​អោយតែលោកជាកូន និងបងៗ​ផ្សេងទៀត ​លូកមាត់ប៉ះពាល់​នាងលាភ​ ​​ដើម្បី​​​​កុំអោយលោកបន្តទំនាក់ទំនង​​នាំ​អោយ​ក្រុមគ្រួសារបែកខ្ញែកគ្នា គឺនាយក្រឹម​តែងតែ​ផ្ដាច់ហិរញ្ញវត្ថុធ្វើអោយលោកនិង​បងៗ​ដែលមានតម្រូវ​ការក្នុងការ​សិក្សា​មានបញ្ហា​។ លោកថានាយក្រឹមតែងតែ​ឈប់ផ្គត់ផ្គង់​ដល់លោក ក្នុងពេលដែលលោកមានជម្លោះជាមួយ​ម្ដាយ​​ខ្លួន ហើយលោកលូកមាត់​​ធ្វើអោយនាយក្រឹម​​អត់សប្បាយចិត្ត។

លោកនិយាយថា​ ​«គាត់ផិតម៉ាក់ខ្ញុំ មិនមែនតែស្រីលាភហ្នឹងទេ ហើយ​ឥឡូវដល់ថ្នាក់​គាត់មានកូន ហើយគាត់ទៅបង្កើតគ្រួសារថ្មី ហើយ​យើងនេះ​គឺរបៀបថា​ ​គាត់ទុកអោយវេទនា ​​​ហើយ​ទុក​​យើង​ចោល ​គាត់អត់​ដែលខ្វល់​​ពីអនាគត​​ខ្ញុំទេ និយាយរួម​គឺតាំងពីខ្ញុំ​​នៅរៀន គាត់អត់មានខ្វល់ទេ!»។

លោកថា​​នាយក្រឹម​បានប្រកាស​នៅក្នុងផ្ទះ​​ថា លោកឈប់ជាន់​ផ្ទះ​​​ទៀតហើយ អ៊ីចឹងហើយទើប​នាយក្រឹម​​លែងអើតផ្ទះសម្បែង ហើយ​ឈប់​ទាំង​ផ្ដល់ហិរញ្ញវត្ថុ​​ចំពោះប្រពន្ធ និងកូនតែម្ដង​មកទល់ពេលនេះ។ លោកថានាយក្រឹម​​​ពេញ​មួយឆ្នាំ​២០១៧ គឺស្ទើរតែបោះបង់​​គ្រួសារតែម្ដង ដោយមិនមាន​ខ្វាយខ្វល់ចំពោះប្រពន្ធដើម និងកូនៗនោះទេ គឺ​​ចង់អ្នកណាមានទុកអ្វី មាន​តម្រូវការអ្វី​ក៏​លោកមិន​​​ដែលអើរពើរនោះដែរ។

លោកនិយាយថា​ «​​តាំងពី​ឆ្នាំ​​២០១៧មក គាត់អត់មានជួយអីទេ ​ហើយខ្ញុំ​ឈឺរាល់ថ្ងៃបាន​​​​លុយពីគេ​ឧបត្ថម្ភទេ បើតាមតែគាត់(នាយក្រឹម) ខ្ញុំ​ងាប់បាត់ហើយ​​»។

លោក​អះអាងថាលោកមានជំងឺ​​របេង និងមានខ្ទុះក្នុងខួរឆ្អឹងខ្នង ដោយត្រូវទៅ​ព្យាបាលនៅក្នុងប្រទេសថៃ និង​​​ក្នុងស្រុកអស់លុយជាច្រើន ប៉ុន្តែលោកថា នាយក្រឹម​បាន​​ទម្លាក់​ដៃឈប់រវីរវល់នឹងជំងឺរបស់លោកជាយូរមកហើយ ដោយលោក​ទម្លាក់កំហុស​​ថា ចាប់តាំងពី​​​នាយក្រឹម​​មានទំនាក់ទំនងជាមួយ​នាងលាភហើយឈានដល់មានកូន​​ភ្លោះ២នាក់ជាមួយគ្នា។

លោកប្រកាស​​ឈប់ទទួលស្គាល់​នាយក្រឹម​ជាឪពុក ​​ដោយព្រមានថាបើនាយក្រឹម​មិនព្រម​មើលឃើញពី​​​គ្រួសារចាស់និងគិតគូរ​ពី​​ការខ្វះ​ខាតរបស់​​​ម្ដាយលោកនិង​​​លោកជាកូនដូចដើមវិញទេ គឺលោក​​​​​​នឹង​ចាត់ទុកថាខ្លួន​​​អត់មាន​ឪពុកអស់មួយជីវិត។ លោកថា​ជាការឈឺចាប់ណាស់ ដែល​​​លោក​មាន​ឪពុក ប៉ុន្តែនៅពេល​​គ្រួសារខ្វះខាត
ឬរូបលោកឈឺ បែរជាពឹងឪពុកមិនបាន ហើយ​​ឪពុករបស់លោកអោយ​តេសុំលុយអោយជួយដោះស្រាយ​រឿងនេះ​រឿងនោះ គឺឆ្លើយ​ថាអត់ ប៉ុន្តែសម្រាប់​​​ភរិយាក្រោយគឺមាន​រហូត។

លោកមិនបានដឹងថាផ្ទះ​ដែលនាយក្រឹមនិង​នាងលាភរស់នៅ​រាល់ថ្ងៃស្ថិតនៅ​បុរី​​ប៉េងហួត​​​​ព្រែកលាភជាលុយ​របស់អ្នកណានោះទេ ប៉ុន្តែលោកជឿជាក់ថា​​ផ្ទះ​នោះ​​ពិតជា​មានចំណែក​​​​មួយភាគធំរបស់​​​នាយក្រឹម ដោយសារតែរយៈពេល​​​​​​​ប្រមាណជា​​​​​​​​​ច្រើនមកហើយ ដែល​នាយក្រឹម​មិន​ដែល​រវីរវល់ក្នុងផ្ទះ គឺទុក​ប្រពន្ធដើម
និងកូនៗ​អោយដោះស្រាយ​បន្ទុកគ្រួសារដោយផ្ទាល់។

លោកបាន​បន្តក្នុងពេលដែលជំងឺរបស់លោក​​ឈានដល់ដំណាក់​កាលធ្វើទុក្ខ​ធ្ងន់ លោកបាន​​ស្នើសុំ​អោយនាយក្រឹមជា​ឪពុកជួយដោះស្រាយ​​២ពាន់ដុល្លារ​​ដើម្បី​អោយលោក​​មានលុយមានជំងឺ តែនាយក្រឹម​ប្រាប់ថា​អត់មាននោះទេ ​​​ផ្ទុយទៅវិញនាយក្រឹម​បែរជាបានប្រកាសនៅលើបណ្ដាញសារព័ត៌មានថា​​ គ្រាន់តែចំណាយលើការ​​បង្កើតកូនភ្លោះ​​​ដែលជាដំណាក់​ឈាមរួមជាមួយនាងលាភ គឺបានត្រឹម​ដល់​​៥ពាន់​​ដុល្លារ។

លោកថា​​​​​​ម្ដាយរបស់លោក និងលោក រួម​ទាំង​បងៗមានរឿងឆ្អែតចិត្តច្រើនណាស់ ​​ចាប់តាំងពី​នាងក្រឹម​ពាក់ព័ន្ធនាងលាភ ហើយអ្វីដែលលោក​​​​ទទួលយកមិន​បាន គឺនៅពេលនាយក្រឹម​​​​សុខចិត្ត​បោះបង់​គ្រួសារ​កម្សត់កម្រ
ហើយទៅបង្កើត​​​គ្រួសារថ្មីជាមួយនាងលាភ ដោយ​​ឈប់​​ផ្គត់​ផ្គង់​​ហិរញ្ញវត្ថុទាំងស្រុង ធ្វើអោយ​​​ គ្រួសាររបស់លោកជាពិសេស​គឺម្ដាយ​លោក​​រងទុក។

លោក​​​និយាយ​ដោយ​ផ្ទាល់​មាត់ថា​ «បើគាត់នៅតែធ្វើចឹង មិនដឹង​ថាខ្ញុំចាត់ទុក​គាត់ជាឪពុក​​​យ៉ាង​ម៉េចទេ ​ខ្ញុំ​ឈឺចិត្តណាស់ដែលគាត់អត់មាន​លុយ​​​មើលជំងឺខ្ញុំទេ តែគាត់មានលុយកើតកូនគាត់​ឡើង​៥ពាន់​​​​ជាមួយ​ស្រីលាភ!»។

លោកប្រកាសថា​​ម្ដាយរបស់លោក​​ដោយសារតែទ្រាំមិនបាន​​ជុំវិញ​នាយក្រឹម​មិនគិតគូប្រពន្ធកូននោះហើយ ទើប​សម្រេចចិត្ត​ដាក់​ពាក្យប្ដឹងអោយផ្អើល ដើម្បីអោយលោក​ចេះ​អាណិត​​ប្រពន្ធកូន និងខ្មាស់មហាជន ហើយ​​ងា​កមករកគ្រួសារវិញ នៅពេលដែលរឿងរ៉ាវបែកខ្ចាយ។ ប៉ុន្តែ​​ចុងក្រោយ​នាយក្រឹមអត់បានត្រលប់ក្រោយ​​​នោះទេពោលគឺលោកសម្រេចចិត្ត​​បោះបង់គ្រួសារទាំងស្រុងតែម្ដង ដោយបានប្រកាស​​​​​លោកឈប់មកជាន់ផ្ទះ​ដែលធ្លាប់រស់នៅ​នោះ​ហើយ ​ហើយ​ទីបំផុត​លោកក៏ឈប់​​​​ប្រាកដ​មែន ដោយ​​​សូម្បីតែ​​​ហិរញ្ញវត្ថុ​មួយកាក់មួយសេន ក៏ឈប់ផ្ដល់អោយ ធ្វើ​​​អោយគ្រួសារទាំង​មូល​វេទនា។

លោក ​​​អ៊ូ ដានីញែលរ័ត្នមុន្នី ​​កូនប្រុសរបស់​​​​​​នាយក្រឹម បានបន្តនិយាយថា ​នាយក្រឹមគ្មានការទទួលខុសត្រូវចំពោះកូនប្រពន្ធ ប្រមាណជា​​៥ឆ្នាំមកហើយ ដោយគ្រាន់តែ​​សភាពចុងក្រោយគឺ​មានសភាពខ្លាំង ព្រោះតែលោក​​ជាប់សូរទៅបង្កើតគ្រួសារថ្មីជាមួយនាង​លាភ ដោយមានទាំងកូនភ្លោះ​​២នាក់នៅក្នុងពេលនេះ​​ហើយ​​​ឈប់រវីរវល់ជាមួយ​​​​​​​​ប្រពន្ធដើម និងកូនៗ។

លោកថា​​​កូនៗទាំងអស់សុទ្ធតែ​ឈឺចាប់ចំពោះ​នាយក្រឹម ហើយ​​​​​​​​​លោក​​​ដែល​មានជំងឺជាប់នៅនឹង​ខ្លួន គឺរឹតតែអស់សង្ឃឹមចំពោះ​​​ទង្វើររបស់នាយក្រឹម ដោយលោកប្រកាសថា​បើ​​ស្ថានភាព​គិតគូរគ្រួសារ​​ និងគិតគូលោកដែលមានជំងឺគំរាមកំហែង​ផងនោះ មិនមានការយកចិត្តទុកដាក់ជាថ្មី​​​ពីសំណាក់នាយក្រឹម​ទេ គឺលោកអាច​​​​នឹង​​​​​ឈប់ទទួលស្គាល់​នាយក្រឹម​ជា​ឪពុក​​នឹងអាចកើតឡើង។

ជុំវិញ​ការប្រកាស​កាត់កាលរបស់កូនប្រុស​នេះ ​​នាយក្រឹម​​​មិន​មានការ​ភ្ញាក់ផ្អើលនោះទេ ដោយលោកធ្លាប់បានប្រកាសថា​នេះគ្រាន់តែ​ជាការ​បំបាក់មុខ​លោក​និងមិនចង់អោយ​លោកមានការ​ទទួលខុសត្រូវចំពោះ​​​នាងលាភ
ដែលមានកូនភ្លោះជាដំណក់ឈាមរបស់លោកប៉ុណ្ណោះ។ លោកនៅតែអះអាងថា​​​លោកនៅតែជា​​ឪពុកល្អ និង​ស្វាមី​ល្អរបស់​​​ភរិយាដើម​ និង​កូន​ៗមុន ​ដោយ​​មិនបានបោះបង់ពួកគេនោះទេ ​ប៉ុន្តែមកពីលោកក៏​រកអីមិនសូវបានទើប​​លោក​ត្រូវ​កាត់បន្ថយ។

យ៉ាងណាមិញ ​​កូនប្រុសនាយក្រឹមគឺលោក​​​ ដានីញ៉ែលរ័ត្នមុន្នី អ្វីដែលនាយក្រឹម​​​បកស្រាយគឺជាការ​​បំភាន់ ដោយសារតែភាពពិតជាក់ស្ដែង គឺលោកនៅតែរកចំណូលបាន តែ​លោកផ្គត់ផ្គង់​តែគ្រួសារថ្មី​របស់នាងលាភ​ប៉ុណ្ណោះ គឺមិន​មានការគិតគូរ​ចំពោះម្ដាយ​​​លោក និងបងប្អូន​លោក៣​​នាក់ទៀតនោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ