អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយក្រុមស្នើសាលារាជធានីដោះស្រាយបញ្ហាកន្លែងលក់ដូរ

ក្រុមអាជីវករលក់ដូរតាមរទេះ

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយក្រុម ដែលធ្វើអាជីវកម្មលក់ដូរតាមរទេះ លើបណ្តោយផ្លូវ១៦៩ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ស្នើសុំសាលារាជធានី ជួយសម្រួលឲ្យពួកគាត់បានលក់ដូរនៅកន្លែងចាស់វិញ បន្ទាប់ពីអាជ្ញាធរខណ្ឌ បណ្តេញពួកគេឲ្យឈប់លក់។

ក្រុមអាជីវករទាំងនោះ ដែលមានគ្នា៣៧នាក់ នៅព្រឹកថ្ងៃទី២៩វិច្ឆិកានេះ បានប្រមូលផ្តុំគ្នាក្បែរសាលារាធានីភ្នំពេញ ដើម្បីសុំឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជួយដោះស្រាយបញ្ហានេះ ដោយធ្វើយ៉ាងណាឲ្យពួកគាត់បានលក់ដូរកន្លែងដើមវិញ ដោយថា អាជ្ញាធរខណ្ឌ៧មករា ឈប់ឲ្យលក់រយៈពេល១សប្តាហ៍ហើយ។

អាជីវករលក់មីឆាតាមរទេះម្នាក់ អ្នកស្រី ទេព សារី ឲ្យដឹងថា អ្នកស្រី បានមកលក់មីឆាក្បែរសួនមិត្តភាព តាមបណ្តោយផ្លូវ១៦៩នោះ រយៈពេល៧ឆ្នាំមកហើយ ដោយដំបូងឡើយ អាជ្ញាធរខណ្ឌ រៀបចំឲ្យនិងបានធ្វើកិច្ចសន្យា ដោយធានាមិនបង្ករការកក់ស្ទះផ្លូវ និងរំខានដល់ អ្នកធ្វើដំណើរនោះឡើយ។

អ្នកស្រីបន្តថា ចាប់តាំងពីអ្នកស្រីដាក់លក់មកមិនធ្លាប់មានបញ្ហា ឬបង្ករការកកស្ទះអ្វីដល់ផ្លូវសាធារណៈនោះទេ ប៉ុន្តែថ្មីៗនេះមានអាជីករថ្មីមួយក្រុមទៀតបានមកដាក់ដល់កន្លែងហាមឃាត់ទើបអាជ្ញាធរខណ្ឌ៧មករាមកដេញ និងឈប់ឲ្យលក់ ដោយទាំងពួកគាត់អ្នកលក់ចាស់ៗដែរ។

អ្នកស្រីបន្ថែមថា «ដោយសារ មានរទេះថ្មី គាត់មកហ្នឹង គាត់អត់ដឹងទេ ហើយគាត់ទៅលក់នៅកន្លែង ដែលអាជ្ញាធរហាមឃាត់ហ្នឹង ដល់ពេលអាជ្ញាធរគេឃើញ គេដេញទាំងអស់ ដល់ពួកខ្ញុំអ្នកលក់ចាស់ៗ»។

អាជីវករម្នាក់ទៀត ដែលអះអាងថា បានមកលក់កន្លែងនោះជិត៣០ឆ្នាំ អ្នកស្រី ហៀង ភា និយាយទាំងទឹកភ្នែកថា ប្រសិន ជាសាលារាជធានីភ្នំពេញមិនជួយសម្រួលឲ្យគាត់បានលក់ដូចដើមវិញទេ គាត់នឹងជួយបញ្ហាជីវភាពក្នុងគ្រួសារ ដោយថា អ្នកស្រីមិនមានកន្លែង ឬ មុខផ្សេងក្រៅតែពីលក់ដូរបន្តិចបន្តួចតាមចិញ្ចឹមផ្លូវនេះទេ។

អ្នកស្រីបន្ថែម «ខ្ញុំប៉ះពាល់គ្រប់យ៉ាង រាល់ថ្ងៃខ្ញុំជួលផ្ទះគេ ហើយជំពាក់ធនាគារគេមួយថ្ងៃ ត្រូវរក១០ដុល្លារ ដើម្បីសង។ បើអត់១០ដុល្លារ គេរឹបអូសយកទ្រព្យសម្បត្តិខ្ញុំហើយ។ ពួកខ្ញុំលំបាកណាស់រាល់ថ្ងៃនេះ មិនមែនចង់លក់តាមផ្លូវអញ្ចឹង  ទេ! បើរកកន្លែងឲ្យបានលក់ ក៏ខ្ញុំទៅដែរ តែខ្ញុំរកកន្លែងមិនបានទេ! សូមឲ្យគាត់ជួយកូនចៅផងទៅ»។

អាជីករម្នាក់ទៀត អ្នកស្រី ញ៉ សុគា ឲ្យដឹងថា ថ្នូរនឹងបានលក់លើកំណាត់ផ្លូវនោះ គឺក្រុមអាជីវករត្រូវបង់ថ្លៃភាស៊ីជូន អាជ្ញាធរ និងអ្នកប្រមូលសម្រាមផងដែរ។

អ្នកស្រី ញ៉ សុគា អំពាវនាវឲ្យអភិបាលសាលារាជធានីភ្នំពេញ ជួយដោះស្រាយ ដោយធ្វើកិច្ចសន្យាក្នុងលក្ខខណ្ឌណាមួយក៏បាន ឲ្យតែពួកគាត់បានលក់កន្លែងចាស់ និងបានសន្យាថា មិនបង្ករការរំខាន ឬការកក់ស្ទះដល់ផ្លូវសាធារណៈ។

អ្នកស្រីបន្ថែមថា «ពួកខ្ញុំសុំអង្វរលោកអភិបាលក្រុង ជួយផ្តល់កន្លែងឲ្យខ្ញុំបានលក់ដូចដើមវិញ! ខ្ញុំនឹងរៀបចំតាមកិច្ចសន្យា ដែលគាត់ឲ្យពួកខ្ញុំបានលក់វិញ! សន្យាឲ្យពួកខ្ញុំធ្វើម៉េច ពួកខ្ញុំនឹងធ្វើតាមចឹង! ឲ្យតែបានកន្លែងលក់ ព្រោះវាជា ឆ្នាំងបាយរបស់ពួកខ្ញុំទាំងអស់គ្នា ព្រោះពួកខ្ញុំជាសុទ្ធតែជាអ្នកក្រីក្រទេ»។

អ្នកនាំសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញបានទទួលលិខិតស្នើសុំនោះហើយ ប៉ុន្តែការសម្រេចឲ្យបន្តលក់ទៀត ឬយ៉ាងណានោះ គឺរងចាំការប្រជុំពិភាក្សាគ្នាជាមួយថ្នាក់លើសិន ដោយថា ករណីនេះវាប៉ះពាល់ដល់ផ្លូវសាធារណៈ និងបង្ករការកក់ស្ទុះចរាចរណ៍ដែលរំខានដល់អ្នកធ្វើដំណើរ។

លោកបន្ថែមថា «នេះគ្រាន់តែជំហានដំបូង ដូចខ្ញុំជំរាបជូនម៉ិញអញ្ចឹងថា យើងក៏ត្រូវគិតគូរពីបញ្ហាការកកស្ទុះចរាចរណ៍ឬក៏សណ្តាប់ធ្នាប់សាធារណៈដែរ មិនអាចគិតតែមួយចំហៀងទៅលើបងប្អូនជាអ្នកលក់ដូរ ហើយធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ ដោយលក់នៅលើថ្នល់ និងនៅលើសួនអញ្ចឹងនោះទេ»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋ ដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបបញ្ហាជាច្រើន ដូចជាគ្មានកន្លែងលក់ដូរពិតប្រាកដ ការគៀបសង្កត់យកលុយពីសំណាក់សន្តិសុខផ្សារ ​ឬ​អាជ្ញាធរ  និងការដេញ ឬរឹបអូសរបស់របរពីសំណាក់អាជ្ញាធរជាដើម។

លោកបន្តថា អាជ្ញាធរគួរតែជួយសម្រួលដល់អ្នកប្រកបរបរសេដ្ឋទាំងអស់ ដោយធ្វើយ៉ាងណាឲ្យពួកគាត់មានកន្លែងលក់ដូរត្រឹមត្រូវ និងបញ្ឈប់ការយកលុយពីអ្នកអាជីវករនោះទៀត។

លោកបន្ថែមថា «អាជ្ញាធរ គឺត្រូវតែដោះស្រាយយកចិត្តទុកដាក់ នៅពេលមានការរៀបចំសណ្តាប់ម្តងៗ គឺមានន័យថា រៀបចំសណ្តាប់ធ្នាប់ប្រកបដោយការទទួលខុសត្រូវ! រៀបចំសណ្តាប់ធ្នាប់ល្អ រកកន្លែងឲ្យពួកគាត់លក់បានសមរម្យ! មួយទៀត មិនយកភាស៊ីពីអ្នកលក់ដូរការប៉ិកកាប៉ុក! ហើយត្រូវអនុវត្តសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៦ទៅ ដែលឈប់ឲ្យយកផាស៊ីពីអ្នកប្រកបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។

កាលពី​ថ្ងៃទី​៩ខែ​ធ្នូឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានចេញសារាចរមួយ ដោយ​លុប​ចោលកា​របង់​ថ្លៃ​​ភាស៊ី និងការ​បង់​ថ្លៃ​ផ្សេងៗទៀត ចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ​នៅ​តាម​ទីផ្សារទូទាំងប្រទេស។​

សារាចរ​ ដដែល ​បាន​ដាក់​បញ្ជា​ឲ្យ​សាលា​រាជធានីនិងខេត្ត​ រៀប​ចំកន្លែង​លក់​ដូរ​ឲ្យ​បាន​ច្បាស់លាស់ចាប់​ពី​ថ្នាក់​ខេត្ត​ រហូតដល់ឃុំ​សង្កាត់ សម្រាប់ជូន​ពលរដ្ឋ ​ដែលលក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​អ្នកលក់​ដូរ​ក្រី​ក្រ​តូច​តាច ដោយ​មិនមានការ​បង់​ថ្លៃ​អ្វី​ទាំងអស់ ចំពោះកន្លែងលក់ដូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ