ឯក​អគ្គរដ្ឋ​ទូត៖ កម្ពុជាគ្មាន​បំណង​ជម្រុញ​​ទំនាក់​ទំនងល្អ​ប្រសើរ​ជា​មួយ​អាមេរិក

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt

មន្ត្រីជាន់ខ្ពស់នៃស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជាថ្លែង​ថា ​​​កម្ពុជា​គ្មាន​ចេតនា​ស្មោះ​ត្រង់​​ណា​មួយ​ ដើម្បី​ជម្រុញ​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ ​ជា​មួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ ខណៈទំនាក់​ទំនង​មួយ​ចំនួន ​កំពុងឋិតនៅក្នុងភាពមិនច្បាស់លាស់ ជា​ពិសេស ​ការ​វាយ​ប្រហារ និងចោទសហរដ្ឋអាមេរិក ជា​បន្ត​បន្ទាប់​ពី​សំណាក់​កម្ពុជា ថានៅពីក្រោយការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។

ថ្លែងក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក VOA នៅ​ព្រឹក​ថ្ងៃ​ទី​២៩​វិច្ឆិកា​ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ លោក លោក វីល្លៀម ហៃដ្ត មានប្រសាសន៍​ថា​ ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​កម្ពុជា​បច្ចុប្បន្ន ​គឺ​កាន់​តែ​ល្អ​ក់​កករ​ ខណៈលោក ​មើល​មិន​ឃើញ​ចេតនា​ស្មោះ​ត្រង់​ណាមួយ ចេញពី​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ស្តារ​ស្ថានការណ៍​ទាំង​នេះ ​ជា​មួយ​សហ​រដ្ឋ​អាមេរិក​នោះ​ទេ។

លោក​មានប្រសាសន៍តាមរយៈអ្នកបកប្រែថា៖ «តាំងពីខ្ញុំមកធ្វើឯកអគ្គរដ្ឋទូតរដ្ឋាភិបាល កម្ពុជាបានបោះជំហានជាច្រើនប្រឆាំងរដ្ឋាភិបាលពួកយើង [អាមេរិក]។ កម្ពុជា បានបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយពួកយើង។ ពួកគេ ឈប់ទទួលកម្មវិធីផ្តល់ជំនួយមនុស្សធម៌កងទ័ពជើងទឹកអាមេរិក Seabee របស់ពួកយើង ពួកគេបានចោទពួកយើង ពាក់ព័ន្ធនឹងរឿងនយោបាយ។ ខ្ញុំមើលឃើញថា មិនមានចេតនាស្មោះត្រង់ណាមួយក្នុងការឲ្យមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិនោះទេ» ។

ប៉ុន្តែលោក​បន្ថែមថា ​សហ​រដ្ឋ​អាមរិក ​តែងតែ​ស្វាគមន៍ ​ឲ្យ​មាន​ការជជែកគ្នារវាងប្រទេស​ទាំង​ពីរ ​ដើម្បី​ជា​ប្រយោជន៍ ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

លោក វីល្លៀម ហៃដ្ត មានប្រសាសន៍បន្ថែមថា សហរដ្ឋអាមេរិក កំពុងពិនិត្យមើលគោលនយោបាយការបរទេសជាមួយកម្ពុជាឡើងវិញ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ដែលគេរំពឹងថា អាចយកឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ បែរជាត្រូវគេរំលាយចោល។

​វីអូ​ឌី ​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា និងអ្នកនាំពាក្យគណបក្សប្រជាជនបាននៅឡើយទេ រហូតមកដល់ម៉ោងចេញផ្សាយនេះ។

តែប៉ុន្មានថ្ងៃក្រោយគណបក្សប្រឆាំងត្រូវបានរំលាយ សហរដ្ឋអាមរិក បានព្រមានពីការដើរថយក្រោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានប្រកាសថានឹងផ្តាច់ជំនួយដល់ គ.ជ.ប។

ទោះជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់បានប្រកាសកាលពីថ្ងៃទី១៩ វិច្ឆិកាថា លោកមិនឱនក្បាលចំពោះប្រទេសណានោះទេ និងបានជម្រុញឲ្យសហរដ្ឋអាមេរិកផ្តាច់ជំនួយមកកាន់កម្ពុជាទាំងអស់។

អ្នក​វិភាគ​ឯក​រាជ្យ ​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ មាន​ប្រសាសន៍​ថា លោកក៏​យល់​ឃើញ​មិន​ខុស ពី​ការ​​ថ្លែង​របស់​ឯក​អគ្គរដ្ឋ​ទូតអាមេរិក​ដែរ​។ លោក​បន្ថែម​ថា កម្ពុជាគួរ​​បន្ទន់​ជំហរ​របស់​ខ្លួន ចំពោះ​ទំនាក់​ទំនង​នេះ​ព្រោះ​ កម្ពុជា ជា​អ្នក​ទទួល ​បាន​ផល​ប្រយោជន៍​ច្រើន​ ប្រសិន​ជា​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាមេរិក។

លោក​ថា៖ «ចាប់ពីប្រទេសកម្ពុជាជំពាក់លុអាមេរិក ដល់ទៅអាមេរិបញ្ជូនទណ្ឌិតសញ្ជាតិខ្មែរមកកាន់ប្រទេសដើមរបស់គេវិញនៅប្រទេសកម្ពុជាយើងរហូតទៅដល់កិច្ចសហប្រតិបត្តិការអីផ្សេងៗទៀតបន្តបន្ទាប់ រួមទាំងការដោះមីនដែលបន្សល់ទុក ពីសង្គ្រាមវៀតណាមមក»

ទំនាក់​ទំនង​កម្ពុជា អាមេរិក ហាក់​បាន​ឈាន​ដល់​ចំនុច​ក្តៅ​គគុក​មួយ​ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​មេដឹក​នាំ​អតី​ត​បក្សប្រឆាំង​ លោក​ កឹម សុខា និង​រំលាយ​បក្សនេះ កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​​​នេះ​ រួម​ទាំង​ចោទ​អាមេរិក​ផងដែរ​។​ ទាំង​សេតវិមាន និង​ព្រឹទ្ធ​សភា​អាមេរិក បាន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ ជា​បន្តបន្ទាប់ ខណៈ​កម្ពុជា ​បាន​ចោទ​សហ​រដ្ឋ​អាមេរិក​វិញ​ថា ​បាន​ជ្រៀត​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស និង​កំពុង​ធ្វើ​ឲ្យ​ប្រជា​ធិបតេយ្យ​កម្ពុជា​ ដើរ​ថយ​ក្រោយ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ