CNRP មិនទទួលយកការឆ្លើយបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល (ហ្វេសប៊ុក សម រង្សីុ)

ម្ចាស់សំណួរដែលជាប្រធានគណៈកម្មការជំនាញនៃរដ្ឋសភាមកពីគណបក្សសង្រ្គោះជាតិបានចាត់ទុក​ការ​ឆ្លើយ​បំភ្លឺរបស់រដ្ឋមន្រ្តីសុខាភិបាលនៅព្រឹកនេះថា នៅមិនទាន់អាចទទួលយកបានទេ។

តំណាងរាស្ត្រគណបក្សប្រឆាំងបានចោទសួរសំណួរដូចជា ការបាត់លុយមូលនិធិសកល៤១ម៉ឺនដុល្លារ និងការលក់មន្ទីរពេទ្យរដ្ឋមួយចំនួនទៀត។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលឆ្លើយថា លោកបានធ្វើកិច្ចការដោយគោរពតាមនីតិវិធីរបស់រដ្ឋទាំងអស់។ លោកថា៖ «យើងមានប្រព័ន្ធអូឌីតឯករាជ្យមួយរបស់មូលនិធិសកល លុយនេះមិនបាត់ទេ ប៉ុន្តែមានបញ្ហាដែលទាក់ទងនឹងអំពើរត់ការ ដូច្នេះហើយបានជាភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយលោកស៊ើបលើបញ្ហានេះ» ។

លោកឆ្លើយពីរឿងអាគារពេទ្យចំការមនថា៖ «ចំពោះពេទ្យចំការមន គឺអាជ្ញាធររាជធានីភ្នំពេញ ​លោកមានគំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក្នុងវិស័យសុខាភិបាល​ ហើយយើងខ្ញុំក៏ឯកភាពដើម្បីឲ្យអនុវត្តទៅតាមនីតិវិធីរដ្ឋដែលមាន»។

ទោះជាយ៉ាងណា លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានថា ការឆ្លើយរបស់លោក ម៉ម ប៊ុនហេង គឺមិនចំសំណួរ ហើយថាការបំភ្លឺនេះគឺជាគេចវេសពីការទទួលខុសត្រូវ។ លោកថា៖ «ដូចរឿងការបាត់បង់មូលនិធិសកលក្នុងការទិញមុង គឺធម្មតាមូលនិធិសកលគេអ្នកផ្តល់ជំនួយឲ្យក្រសួងសុខាភិបាលចាត់ចែង ហើយអ្នកដែលធ្វើឲ្យបាត់មូលនិធិហ្នឹង គឺមន្ត្រីក្រសួងសុខាភិបាល ចឹងក្រសួងសុខាភិបាលក៏ដូចជាក្រសូងនានារបស់រដ្ឋដែរតែងតែមានសវនកម្មផ្ទៃក្នុង ដើម្បីស៊ើបអង្កេតមើលរឿងហ្នឹង ថាតើបាត់យ៉ាងម៉េច ដាក់ទណ្ឌកម្មយ៉ាងម៉េច។ បើខ្លួនថាវាហួសសមត្ថកិច្ចក្នុងការដាក់ទណ្ឌកម្ម នោះបានគេរុញឬប្តឹងទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បានគេចាត់វិធានការថែមទៀត។ ប៉ុន្តែមកដល់នេះ យើងអត់ឃើញមានមន្ត្រីណាជាប់គុកផងហ្នឹង គឺវាស្ងាត់ទៅវិញទៅ»។

លោកបន្តពីរឿងដោះដូរអាគារថា៖ «មានអាគាររដ្ឋច្រើនណាស់ អាគារក្រសួងសុខាភិបាលហ្នឹង គឺការដោះដូរអត់មានតម្លាភាព។ នៅមន្ទីរពេទ្យចំការមនជាប់វិមានឯករាជ្យនេះ យើងអត់ដឹងថាការដោះដូរអាគារហ្នឹងដោះដូរយកទៅណា លក់របៀបម៉េច បានតម្លៃប៉ុន្មាន គឺអត់។ ហើយដូចការដោះដូរមន្ទីសម្ពពក្រុងមុខបុរីកីឡាក៏អត់ដឹង គាត់ឆ្លើយអត់ច្បាស់លាស់។ អ្វីដែលគួរហួសចិត្ត គឺការដោះដូរមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ គេវ៉ៃតម្លៃឆ្នាំ២០១២ អាគាររដ្ឋមួយការ៉េតែ១៥០០ដុល្លារ ដែលតម្លៃទីផ្សារ៣៥០០ដុល្លារ» ។

បើតាមលោក អេង ឆៃអ៊ាង រឿងនេះមិនអាចបញ្ចប់ត្រឹមនេះទេ ដោយថាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងប្រជុំផ្ទៃក្នុងសិនថានឹងធ្វើអីទៀត។

អ្នកសារព័ត៌មានមិនអាចតាមរក លោក ម៉ម ប៊ុនហេង ដើម្បីសម្ភាសន៍បន្ថែមបានទេបន្ទាប់ពីចប់ការឆ្លើយបំភ្លឺក្នុងរដ្ឋសភា។

សូមរំលឹកថាកាល​ឆ្នាំ ២០១៣ អតីត​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ​លោក ​ដួង​ សុជាតិ ​និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀតនៅក្នុង​មជ្ឈមណ្ឌល​​នេះ ​ត្រូវ​បាន​រក​ឃើញ​ថា ​ពួកគេ​បាន​យក​ប្រាក់​ប្រមាណ ៤១ម៉ឺន​ដុល្លារ (ប្រាក់​កម្រៃ​ជើង​សា) ជា​ថ្នូរ​នឹង​ការ​ផ្តល់​កិច្ច​សន្យា​ដេញ​ថ្លៃ​ក្រោម​ជំនួយ​របស់​អង្គការ​មូលនិធិសកល (Global Fund) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​និង​ជំងឺ​គ្រុន​ចាញ់​ ទៅ​ក្រុមហ៊ុន​ដេញថ្លៃ​មួយ​ចំនួន​។

រដ្ឋមន្រ្តីសុខាភិបាល ក៏ធ្លាប់ត្រូវបានរដ្ឋសភាហៅទៅបំភ្លឺម្តងរួចហើយ ទាក់ទងនឹងការរីករាលដាលជំងឺអេដស៍នៅខេត្តបាត់ដំបង ដោយសារតែមានការចម្លងតាមរយៈគ្រូពេទ្យតាមភូមិឈ្មោះ ញែម ជ្រិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ