អ្នកវិភាគថាការស៊ើបសួរករណីលោក កែម ឡី ត្រឹមប៉ុណ្ណឹង រដ្ឋាភិបាលប្រៀបដូចកំពុងលេបដុំថ្ម

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

អង្គការសង្គមស៊ីវិលលើកឡើងថា ការបិទបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿងឃាតកម្មលោក កែម ឡី ធ្វើឡើងដោយភាពអាថ៌កំបាំង ដោយថាបើរដ្ឋាភិបាលចង់បិទរឿងនេះត្រឹមប៉ុណ្ណឹង គឺប្រៀបដូចជាកំពុងលេបដុំថ្មដូច្នោះដែរ។

យោងតាមលិខិតដែលផ្ញើជូនអ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី កាលពីថ្ងៃទី២៣ ធ្នូ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការស៊ើបសួរករណីឃាតកម្មលើ លោក កែម ឡី ។ ប៉ុន្ដែលិខិតនេះមិនបានបញ្ជាក់លម្អិតអំពីលទ្ធផលស៊ើបអង្កេតឡើយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថាសុំមិនធ្វើអត្ថាធិប្បាយចំពោះបញ្ហានេះដោយថានេះជាកិច្ចការសម្ងាត់របស់តុលាការ។ ​

យ៉ាងណាក៏ដោយ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាអ្នកធ្លាប់ជិតស្និទនឹងលោក កែម ឡី បានឲ្យ VOD ដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះអង្គសោកស្ដាយចំពោះការបិទបញ្ចប់ការស៊ើបសួរនេះ ដោយថាមានភាពមិនប្រក្រតី និងមានភាពអាថ៌កំបាំងច្រើន។

ព្រះអង្គមានសង្ឃដីកាថា៖ «ដំណើរការនៃការស៊ើបអង្កេតនេះ វាស៊ើបអង្កេតស្ងាត់ អាថ៌កំបាំង ហើយដល់ពេលលិខិតចេញពីតុលាការដើម្បីបិទសំណុំរឿងនេះ ក៏បិទស្ងាត់ដែរ។ បិទតាំងពីថ្ងៃទី២៣ ហើយទើបដឹងថ្ងៃ២៨ ប្រាំថ្ងៃកន្លងផុតទៅបានយើងដឹង […] តុលាការ ឬប្រព័ន្ធយុត្តិធម៌ក្នុងស្រុកយើង មិនគួរលេងល្បែងជាមួយនឹងប្រជាពលរដ្ឋ​ ពិសេសលេងល្បែងធំជាមួយអ្នកកែម ឡី និយមរាប់លាននាក់»

អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត មាស នី បានសំដែងការខកចិត្ត ដោយថា រដ្ឋាភិបាលហាក់ដូចមិនចង់ស្វែងរកយុត្តធម៌ពិតប្រាកដជូនលោក កែម ឡី ។ លោក​វិភាគថា ការបិទបញ្ចប់នីតិវិធីស៊ើបសួរនេះ អាចជាល្បិចបោកបញ្ឆោត ដើម្បីស្ទាបស្ទង់មតិប្រជាពលរដ្ឋថាតើពួកគេភ្លេចរឿងនេះហើយឬនៅ។

លោកថា៖ «តាំងពីដើម យើងថារដ្ឋាភិបាលបានបង្ហាញនូវស្ថានភាពមួយ ដែលដូចជាមិនចង់ធ្វើការតាមដានរកយុត្តិធម៌ឲ្យលោក កែម ឡី ទេ បើយើងមើលតាំងពីដើមមក អត់មានបានរកឃើញអីដែលថ្មី តាំងពីណុងមកទេ។ បើប្រៀបធៀបករណីឃាតកម្មដទៃទៀត គឺរដ្ឋាភិបាលតែងតែដុតដៃដុតជើងចាប់បានភ្លាមៗ ហើយអ៊ីចឹង ប៉ុន្ដែករណីមួយនេះ ទោះកើតនៅកណ្ដាលថ្ងៃត្រង់ ហើយនៅទីសាធារណៈ ដែលពលរដ្ឋរាប់រយនាក់បានមើលឃើញ ប៉ុន្ដែនៅតែមិនមានស្អី ដែលជាការរីកចម្រើនក្នុងការតាមដាន។ អ៊ីចឹងជាភាពអាម៉ាស់មួយរបស់រដ្ឋាភិបាល»

អ្នកវិភាគរូបនេះបន្ដថា ករណីឃាតកម្មលោក កែម ឡី ធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ដឹងឮ ដោយថាបើរដ្ឋាភិបាលចង់បំបិទករណីឃាតកម្មនេះដូចករណីផ្សេងទៀតមែន គឺមិនខុសពីកំពុងព្យាយាមលេបដុំថ្មនោះទេ។

លោកថា៖ «លោក កែម ឡី ជាមនុស្សដែលគេស្គាល់គាត់ច្រើន បើសិនរដ្ឋាភិបាលមានបំណងចង់លេបរឿងហ្នឹងមួយទុក ខ្ញុំគិតថាមិនខុសគ្នាពីលេបដុំថ្មទេ»

ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធសិទ្ធិ បានឲ្យដឹងដែរថា លោកមិនអាចទទួលយកបានទេចំពោះការបិទបញ្ចប់ការស៊ើបសួររបស់តុលាការត្រឹមនេះ ដោយថា កន្លងមក លោកមិនឃើញលទ្ធផល និងភស្តុតាងអ្វីក្រៅពីជនសង្ស័យម្នាក់ដែលថាឈ្មោះ ជួប សម្លាប់។ លោកក៏បានអំពាវនាវដល់តុលាការជួយរកយុត្តិធម៌ក្នុងករណីឃាតកម្មនេះ។

រយៈពេលជាង៥ខែហើយ ដែលអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាតក្បែរស្ដុបបូកគោ កណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។ មានជនជាប់ចោទតែម្នាក់គត់ដែលមានឈ្មោះ “អឿត អាង” ហៅ “ជួប សម្លាប់” ត្រូវបានតុលាការឃុំខ្លួនដើម្បីស៊ើបសួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ