អ្នកវិភាគបារម្ភថា កម្ពុជាជួបគ្រោះថ្នាក់បើកែប្រែរដ្ឋធម្មនុញ្ញតាមឆន្ទៈមនុស្សមួយក្រុម​

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 4:18 PM | នយោបាយ | 0 | 1777

ក្រុមអ្នកវិភាគបង្ហាញការព្រួយបារម្ភថា​ កម្ពុជាពេលនេះកំពុងរអិលទៅរករបបកុម្មុយនីស្តបែបផ្តាច់ការ ខ​ណៈ​រដ្ឋាភិ​បា​​លប្រកាស​ថា នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាថ្មីទៀត ប្រឆាំងនិងការជ្រៀតជ្រែកពីខាងក្រៅ​ ចំពេល​​​ដែលប្រទេសលោកសេរី ​​កំ​​ពុ​ងដាក់សម្ពាធពីបញ្ហាប្រជាធិបតេយ្យ។

ក្រោយមានការចាប់ខ្លួនលោក កឹម សុខា និងតុលាការកំពូល រំលាយគណបក្សសង្រ្គោះជាតិរួចមក ប្រទេសលោកសេរី មា​ន​ស​ហរដ្ឋ​អា​​​​មេរិក និងសហភាពអឺរ៉ុប គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ បើរដ្ឋាភិបាលមិ​ន​ធ្វើ​​ឲ្យ​​ស្ថា​នការ​នយោបា​យវិល​ទៅ​​រ​កស្ថាន​ភា​​ព​ដើមវិញ។

​ប៉ុន្តែ​នៅថ្ងៃទី១ខែធ្នូ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមសិក្សាស្រា​វ​ជ្រាវ ​ដើម្បីធ្វើ​វិសោ​ធ​ន​កម្ម​​រដ្ឋធម្មនុញ្ញ។

បើទោះបីជាក្រុមសិក្សាស្រាវជ្រាវ មិនទាន់ប្រកាសថា មាត្រា​ណា​​​ខ្លះ​នៃរដ្ឋធម្មនុញ្ញ ត្រូវ​ស្នើទៅរដ្ឋសភា ដើម្បី​សុំធ្វើ​វិសោធនកម្មក៏ដោយ តែរដ្ឋមន្ត្រី​ក្រសួ​ង​មហា​ផ្ទៃ​លោ​ក ស ខេង ក្នុងកិច្ចប្រជុំមួយ នាថ្ងៃទី២៨​ខែធ្នូ​​​ បា​ន​ថ្លែ​ងថា រដ្ឋាភិបាលនឹងផ្តោតសំខាន់លើ៧ចំនុច។

ក្នុងនោះក្រុមការងារនឹងពិនិត្យ​ទៅ​​​​​​លើ​​បញ្ហា​ទាក់ទងនឹង​បុគ្គលនៅ​កម្ពុជា ​ដែ​ល​​ធ្វើ​​​ឲ្យ​ប៉ះ​​ពាល់​ដ​ល់ផ​លប្រ​យោ​​ជ​ន៍​​​ជាតិ និងមួយទៀត​សិក្សា​ទៅ​​​លើគោ​លកា​រណ៍ ​​ប្រឆាំងកា​រជ្រៀត​ជ្រែ​​​កពីខា​ងក្រៅ​។

អ្នក​វិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ និយាយថា ច្រើនឆ្នាំមកនេះរដ្ឋធម្មនុ​ញ្ញ​ត្រូ​​វបាន អ្ន​ក​ន​យោបាយ ធ្វើវិសោធនកម្មច្រើនដង។ ប៉ុន្តែលោកថា ខ្លឹមសារថ្មីនេះ បានបង្រួ​មសិ​ទ្ធិ​​អំណា​ចប្រជា​ពល​រ​ដ្ឋ ហើ​យ​​ព​ង្រឹកអំណាចអ្នកដឹកនាំ។

លោក ឡៅ ម៉ុងហៃ វិភាគថា ទម្លាប់នេះ នឹងបន្តកើតឡើងនៅពេលធ្វើវិសោធនកម្មខាងមុខ ដែល​លោ​ក​​ថារដ្ឋធម្មនុញ្ញបែបប្រជាធិ​បតេយ្យ នឹងត្រូវអ្នកនយោ​បាយយកទៅធ្វើជាឧប​ករណ៍នយោបាយ។

លោកថា៖ «ខ្ញុំជឿជាក់ថា បើតាមទំនោរហ្នឹង គឺវិសោធនកម្មរដ្ឋធម្មនុញ្ញ ទៅក្រោយៗទៀតឈា​នទៅ​រក​ការពង្រឹងអំណា​ចផ្តាច់ការ ដែលមានសព្វថ្ងៃនេះកាន់តែ​ខ្លាំងទៅៗ។ ហើយអំណាចផ្តាច់​ការហ្នឹង​ដើម្បី​ឲ្យល្អ​មើល ត្រូ​វមានក្របខណ្ឌច្បាប់និងមូលដ្ឋានច្បាប់»។

លោក ឡៅ ម៉ុងហៃ ពន្យល់ថា របបដឹកនាំ បែបផ្តាច់ការ មិនបានប្រគល់អំណា​ចឲ្យពលរដ្ឋជា​កោសិកា​រ​សង្គ​​មទេ។

លោកថា៖ «របបផ្តាច់ការគេអត់គិតប្រយោជន៍ជាតិធំទេ គឺប្រយោជន៍ផ្ទាល់ខ្លួនគេ ប្រយោជន៍ក្រុមគេ ធំជា​ង​ប្រយោជន៍ជាតិ»។

អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ថារបត់នយោបាយពេលនេះ ហាក់បើកឱកាសឲ្យមហាអំ​ណា​ចកុម្មុ​យនិស្តចិន​ហក់ចូលកាន់តែជ្រៅទៅៗ។ លោកវិភាគថា បើការធ្វើវិសោធនកម្ម​នៅ​ពេលខា​ងមុខ គ្មាន​ស្ថាប័នឯករាជ្យពីសង្គមស៊ីវិលចូលរួមទេ ខ្លឹមសារដែលកើតថ្មីនោះបា​នការពា​រផ​លប្រ​យោជន៍អ្ន​កន​យោ​បាយតែមួយក្រុម។

លោកថា៖ «ប្រទេសកម្ពុជាយើង នឹងអាចក្លាយទៅជាប្រទេសទី១នឹងទទួលឥទ្ធិពលពីប្រទេសចិន ហើយដោយសារតែប្រទេសយើងក្រផង ព្រួយបារម្ភទាក់ទិ​នទៅនឹងការបាត់បង់ប្រជា​ប្រយិភាព របស់ខ្លួ​នឯងនៅខាងក្នុងផង អញ្ចឹងមានតែផ្លូវងាកទៅ​រកប្រទេសចិនទេ ដែល​អាចរក្សាអំណាចហ្នឹ​ងបាន។យើងមើ​លទៅ​រឿ​​ងនៅក្នុងស្រុកខ្មែរ មានតែរឿងការពារ​អំណាចតែប៉ុណ្ណឹងឯង»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា សារនយោបាយបែបនេះ បង្ហាញពីភា​ពងា​កចេ​​ញកា​ន់តែខ្លាំង ពីទំនាក់ទំនងការទូតរបស់ប្រទសលោកសេរី និងកម្ពុជា។ប៉ុន្តែលោកថា បើវិសោធ​ន​​ក​​​ម្មរ​ដ្ឋ​​ធម្ម​នុញ្ញនៅពេលខាងមុខ គ្រាន់តែលេសនយោបាយ លោកវិភាគ​ថា កម្ពុជា​ខ្លួនឯ​ងជា​អ្នកខានបង់។

លោកថា៖ «អាចដែរប្រសិនបើយើងផ្គើនច្រើននឹងអាចធ្វើឲ្យមានការដាក់ទោសទណ្ឌ និងការដាក់ទណ្ឌកម្ម ដែ​ល​ជា​ប្រការមួយនាំឲ្យខ្មែរ បាក់មុខក្នុងអន្តរជាតិ ពិសេសអាចនឹងមា​នការជជែកវែកញែ​កអាសនៈក្នុងស​ភា នៅក្នុ​ង​ពិភពលោកទៀត ជាពិសេសគឺនៅក្នុងអង្គការសហប្រជាជាតិតែម្តង»។

ប៉ុន្តែបើតាមសេចក្តីសម្រេច រដ្ឋាភិបាលអះអាងថា ការបង្កើតក្រុមសិក្សាស្រាវជ្រា​វដើម្បីធ្វើវិសោធនកម្មនេះ​ស្របតាម​មាត្រា១៥១ថ្មី មាត្រា១៥២ថ្មីនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយថា ការផ្តួចផ្តើមឲ្យ ធ្វើវិសោធន​ក​ម្ម​រ​​ដ្ឋធ​ម្ម​​នុ​ញ្ញ​នៅពេលនេះ លោ​​​​កថា ​​​​ដើ​ម្បី​​ដោះស្រាយបញ្ហាដែលបានកើតឡើងក្នុងសង្គម។

លោកថា៖ «ចំពោះអ្នកវិភាគលោកចង់និយាយយ៉ាងម៉េចជាសិទ្ធិ របស់លោកទេ។ក៏ប៉ុន្តែនាយករដ្ឋមន្ត្រី ដែលលោ​កបានលើកឡើង ឲ្យបង្កើតក្រុមការងារដើម្បីសិក្សាស្រាវជ្រាវនិងរៀបចំខ្លឹមសារធ្វើការកែសម្រួល និងធ្វើវិ​សោធនកម្មច្បាប់រដ្ឋធម្មនុញ្ញគឺមិនមានខុសអីពីគោការណ៍ច្បាប់ទេ»។

តាមមាត្រា​ ១៥១​ ថ្មីនៃរដ្ឋធម្មនុញ្ញចែងថា ការ​ផ្ដើម​គំនិត​សើរើ​ ឬ​ការ​ផ្ដើម​គំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​សិទ្ធិ​របស់​ ព្រះមហាក្សត្រ​ របស់​នាយករដ្ឋមន្ត្រី​ និង​របស់​ប្រធាន​រដ្ឋសភា​ តាម​សេចក្ដី​ស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

មាត្រា​ ១៥៣​ ថ្មីនៃរដ្ឋធម្មនុញ្ញចែងដែរថា  ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ មិន​អាច​ធ្វើ​បាន​ឡើយ​កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required