ចិន​ផ្តល់ជំនួយជា​សម្ភារ​​៣០​មុខដល់​ គ.ជ.ប បន្ទាប់​ពី​អឺរ៉ុបនិង​អាមេរិក​ព្យូរ​ជំនួយ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 10:50 AM | បោះឆ្នោត | 0 | 1381

​ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​ជា​សម្ភារចំនួន​៣០​មុខ​ដល់​ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​កា​របោះឆ្នោត​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ខាងមុខ​ ខណៈ​សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បាន​ព្យូរ​ជំនួយ​មក​កាន់​ស្ថាប័ននេះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៧ធ្នូ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតហៅ​កាត់​ថា គ.ជ.ប ឲ្យ​ដឹង​ថាសម្ភារ​ទាំង​៣០​មុន​នោះ​រាប់​ចាប់​ពី​សម្ភារ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ ម៉ាស៊ីន​ព្រីន កុំ​ព្យូទ័រ ធុង និង​ទូ​បោះឆ្នោត​ជាដើម។

អ្នក​នាំពាក្យ​ គ.ជ.ប លោក ឌឹម សុវណ្ណារុំ មាន​ប្រសាសន៍​ថា​ចំនួន​សម្ភារទាំង​នេះ​មិន​ទាន់​អាច​វាយ​តម្លៃ​ជា​ទឹក​ប្រាក់​នៅ​ឡើយ​ទេ ខណៈ​លោក​ថាភាគី​ចិន​នឹង​បន្ត​ការ​គាំទ្រ​បន្តទៀត​ដល់​ គ.ជ.ប។ លោកបន្តថា ជំនួយ​ពី​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀតនៅ​ពេល​នេះ​ គឺជា​ការ​ផ្តល់ឲ្យ​កម្ពុជាអាច​​បន្ត​នូវ​ការ​បោះឆ្នោត​ខាង​មុខ​រលូន និង​ត្រឹម​ត្រូវបាន។

​លោក​ថា៖ «អាមេរិក​គ្មាន​បាន​ជួយ​អីក្រៅ​តែ​ពីរថយន្ត​ Second hand ម៉ាក់​ Ford ៦គ្រឿង​ប៉ុណ្ណោះដោយ​ឡែក​សហគម​អឺ​រ៉ុ​ប​បាន​ជួយ​នៅ​ឆ្នាំ​២០១៦​ហ្នឹងបាន​ជួយ​ជា​ថវិការ​ចំនួន​ជាង​៥លាន​ដុល្លារ។ អញ្ចឹង​ការ​ព្យូរ​ជំនួយ​របស់​សហ​គមន៍​អឺរ៉ុប​នេះគឺយើង​ឃើញ​ថា​នៅ​មាន​ប្រទេស​ដទៃ​ទៀតមាន​ចេតនា​នៅ​តែ​បន្ត​ជួយ គ.ជ.ប អញ្ចឹង​ជំនួយ​របស់​នរណា​ក៏​ដោយ​គឺ​ គ.ជ.ប ស្វាគមន៍ របស់​ប្រទេស​ណា​ក៏​ដោយ​ គ.ជ.ប ស្វាគមន៍​ដើម្បី​ឲ្យ​ការ​បោះឆ្នោតខាងមុខ​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ត្រឹម​ត្រូវ​ និងយុត្តិ​ធម៌»។

ក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជាមួយនាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋសហព័ន្ធ​រុស្ស៊ី​លោក លោក ឌីមីទ្រី មេដវេដេវ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នៅ​រដ្ឋ​ធានីម៉ានីលប្រទេស​ភីលី​ពីន ប្រទេស​រុស្ស៊ី​បាន​សន្យា​ផ្តល់​ជំនួយសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ​២០១៨​ខាង​មុខផង​ដែរ។

មន្ត្រីច្បាប់និង​អង្កេត​អង្គការ​ខុមហ្វ្រែល ​លោក យឿង សុធារ៉ា ធ្លាប់មានប្រសាសន៍ថា បក្សប្រឆាំងដែល​មាន​សំឡេង​គាំទ្រ​ពី​ប្រជា​ជនត្រូវ​បាន​ផាត់​ចេញ ហើយ​ប្រទេស​លោក​សេរី និង​ប្រជាធិបតេយ្យ​បាន​សម្រេច​ព្យូរ​ជំនួយ បែរ​ជាប្រទេស​ចិន និង​រុស្ស៊ី ផ្តល់​ជំនួយ​មក​កម្ពុជា​​​នោះអាច​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខមិន​អាច​ឆ្លុះ​បញ្ជាំង​ពី​គោលការណ៍សេរីត្រឹម ត្រូវ និង​យុត្តិធម៌​នោះ​ទេ។

លោកបន្ថែមថា៖ «ប្រទេសមួយចំនួនដែលគា​ត់មានចំណង​មិត្តភាពជិតស្និទ​ជាមួយ​គណបក្ស​កាន់​អំណាច គាត់បានសន្យាហើយថា គាត់នឹងផ្តល់ជំនួយ​មកឲ្យរដ្ឋាភិបា​ល​កម្ពុជាដើម្បីដំណើរ​ការ​បោះ​ឆ្នោត​ក្នុងនោះមានប្រទេសមហាអំពីរមានរុស្ស៊ី​និងចិនគឺបានសន្យារួចទៅហើយ។ អញ្ចឹង គជប ប្រហែល​ជា​មិន​លំបាកទេក្នុងការរកមូលនិធិ ឬក៏ថវិកាក្នុងការរៀបចំការបោះឆ្នោត ប៉ុន្តែគ្រាន់​តែ​បញ្ហា​ថា ដំណើរ​ការ​នៃការរៀបចំការបោះឆ្នោតវាអាចមិនបានឆ្លុះបញ្ចាំងពីគោលការណ៍សេរីត្រឹម ត្រូវ និង​យុត្តិធម៌​ជាពិសេសគោលការណ៍​នៃការរៀបចំការបោះ​ឆ្នោតមួយ​ដែលប្រព្រឹត្ត​ទៅដោយ​សេរី​និង​យុត្តិ​ធម៌​​នោះ»។

ការបោះឆ្នោតឆ្នាំ១៩៩៨ រដ្ឋាភិបាលចិនបានជួយដល់ គ.ជ.ប នូវ​រថយន្តម៉ាកហ្ស៊ីប២៧គ្រឿង។ ឆ្នាំ២០០៣ផ្តល់​នូវសម្ភារការិយាល័យ១២ប្រភេទ និងឆ្នាំ២០០៧ ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ចិនជួយជាសម្ភារការិយាល័យចំនួន២៧ប្រភេទ ខណៈឆ្នាំ២០១៦ ខែតុលា កន្លងទៅនេះ រដ្ឋាភិបាលចិនក៏បានផ្តល់ជំនួយជាសម្ភារដល់ គ.ជ.ប ចំនួន១០មុខម្តងរួចមកហើយ។

គួរបញ្ជាក់ថា ចាប់តាំងពីដំណើរការងារដំបូងរបស់ខ្លួន គ.ជ.ប ពឹង​ផ្អែកយ៉ាងខ្លាំងលើជំនួយបច្ចេកទេស​និងសម្ភារបានមកពីសហភាពអឺរ៉ុប​ និងជប៉ុន​ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required