សមាគមមន្ត្រីរាជការរិះគន់សាលារដ្ឋមួយចំនួន​ថាមិនបង្រៀនសិស្សថ្ងៃបុណ្យចូលឆ្នាំចិន

ទិដ្ឋភាពវិទ្យាល័យបាក់ទូក (ហ្វេសប៊ុក)

សមាគមមន្ត្រីរាជការរិះគន់ថ្នាក់ដឹកនំាសាលារដ្ឋមួយចំនួន ដែលឈប់សំរាកនៅថ្ងៃបុណ្យចូលឆ្នាំចិន ​​​ថាធ្វើឲ្យ​ប៉ះ​ពាល់​ដល់ទំនៀមទម្លាប់ខ្មែរនិងគោលនយោបាយសិក្សារបស់រដ្ឋ។

ប្រធាន​សមាគមមន្ត្រី​រាជ​ការ​ឯក​រាជ្យ​កម្ពុជាលោក ហៀក ព្រីង មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា នៅ​អំឡុងថ្ងៃបុណ្យ​ចូល​ឆ្នាំ​ចិន កាលពី​ថ្ងៃទី២៧ ២៨ និង២៩ ខែមករា លោកសង្កេតឃើញថា សាលា​រដ្ឋ​មួយ​ចំនួនដូចជា វិទ្យាល័យបាក់ទូក ស៊ីសុវត្ថិ ចាក់​តុមុខ និងនរោត្តមជាដើម​ លោកថាគ្រូមួយចំនួនមិនបានបង្រៀនសិស្សដូចថ្ងៃធម្មតាទេ ដោយ​លោក​សួរ​គ្រូ ​គ្រូថា​មិនមានសិស្ស​មក​​រៀន ចំណែកសិស្សវិញថាគ្រូមិនបង្រៀន ព្រោះមានសិស្សមករៀនតិចពេក​។

លោក ហៀក ព្រីង រិះគន់ថា បើគ្រូនិងសិស្សឆ្លើយដាក់គ្នាទៅវិញទៅមក​ ហើយនាំគ្នា​ឈប់​សំរាក​ថ្ងៃ​បុណ្យ​ចូលឆ្នាំចិន ដែលមិនមែនបុណ្យប្រពៃណីជាតិខ្មែរនោះ ធ្វើឲ្យប៉ះពាល់​ដល់​កម្មវិធី​សិក្សានិង​គោល​នយោ​បាយ​របស់រដ្ឋាភិបាល។​ លោ​ក​មានប្រសាសន៍ថា៖ «ក្នុងនាមយើងជាម្ចាស់ប្រទេស ឬមួយក៏ជាគោលការណ៍របស់រដ្ឋាភិបាល មានន័យថា យើង​មិ​នមានគោលការណ៍ណាទៅតាមប្រតិទិន ការឈប់សំរាករបស់ក្រសួងទេ ហើយ​សុំបញ្ជាក់ថា មិន​មែន​គេឈប់ទេ មានន័យថា យើងប្រើភាសាឈប់ វាអត់ឈប់ទេ មានន័យថា គ្រាន់ថា​​យើង​ទៅ​[សាលា]វា​អត់​ឃើញ​មានសិស្សមករៀន គ្រូថាសិស្សមិនមក​រៀន​ សិស្សថាគ្រូមិនមក​រៀន​ វាធ្វើឲ្យ​សាលា​មិន​មាន​សិស្ស​រៀន​»។

យ៉ាងណាក៏ដោយ VOD មិនអាចសុំការបំភ្លឺជុំវិញករណីនេះ ពីនាយកវិទ្យាល័យបាក់ទូក ស៊ីសុវត្ថិ ចាក់​​តុមុខ សាលានរោត្តម និងនាំពាក្យក្រសួងអប់រំបានទេ​នៅថ្ងៃចន្ទនេះ​។

ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា លោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ដើម្បីកុំឲ្យសិស្ស និងគ្រូ ឆ្លើយដាក់គ្នាទៅវិញទៅមក​ លោកស្រី​ថា រដ្ឋាភិបាលត្រូវ​ធ្វើការដាក់លក្ខខណ្ឌដល់លោកគ្រូ-អ្នកគ្រូ ឲ្យដាក់កម្មវិធីប្រឡង​ឬស្រាវ​ជ្រាវ​នៅ​ថ្ងៃ​បុណ្យ​នោះ​​។ លោកស្រីបញ្ជាក់ថា៖ «ដើម្បីឲ្យសិស្សានុសិស្ស កុំឲ្យ​រុញថា​មក​ពី​គ្រូ​ មក​ពីសិស្ស លុះត្រាតែក្រសួងរកវិធីសាស្ត្របែបណាដាក់ពេលថ្ងៃចូលឆ្នាំចិន យួន ឲ្យចំថ្ងៃប្រឡងឆមាស ហើយការប្រឡងឆមានលុះត្រាតែមានការចុះឃ្លាំមើល ក៏មានការចុះអធិការ កិច្ច នៅថ្ងៃហ្នឹងដែរ[ថ្ងៃចូលឆ្នំាចិន] កុំឲ្យក្រសួងដាក់តែនៅថ្នាក់ក្រោមតាមសាលាបង្រៀន ប៉ុន្តែខ្លួនឆ្លៀត​ពេលទៅសែនចិន យួន​ ដូចគ្នា បើមានវិធីសាស្ត្របែបហ្នឹង សិស្សអត់មានឈប់ទេ យ៉ាងហោចណាស់ក៏ ​រៀន​​បាន​៩០%ដែរ»។

គួរឲ្យកត់សំគាល់ ជារៀងរាល់ឆ្នាំ នៅពេលបុណ្យចូលឆ្នំាចិនចំនួន៣ថ្ងៃ សិស្សានុសិស្សនៅសាលាឯកជន និងសាលារដ្ឋមួយចំនួនតែងតែឈប់ ដោយពួកគេបន្ទោសគ្នាទៅវិញទៅមក ដោយគ្រូថា មិនមានសិស្សមករៀន តែសិស្សថាមិនមានគ្រូបង្រៀន។ ករណីនេះ ធ្វើឲ្យមន្ត្រីរាជការឯករាជ្យ និងសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា រិះគន់ថា ធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ