របាយការណ៍៖ កម្ពុជាជាប់លេខ១០៨ក្នុងចំណោម១១៨ប្រទេស ផ្នែកប្រកួតប្រជែងប្រសិទ្ធភាពការងារ

របាយការណ៍អន្ដរជាតិមួយបង្ហាញថា ក្នុងចំណោមប្រទេសលើសកលលោក កម្ពុជាឈរនៅលេខរៀងទី១០៨ លើការអភិវឌ្ឍខាងការប្រកួតប្រជែងផ្នែកទេពកោសល្យ ដែលក្នុងន័យសំដៅទៅលើប្រសិទ្ធភាពការងារ។

យោងតាមរបាយការណ៍អន្ដរជាតិមួយស្ដីពី «សន្ទស្សន៍ការប្រកួតប្រជែងផ្នែកទេព្យកោសល្យនិងបច្ចេកវិទ្យា» ពីឆ្នាំ២០១៦-២០១៧ ឬហៅកាត់ថា “GCTCI” របស់សាលាបណ្តុះបណ្តាលជំនាញធុរៈកិច្ចពិភពលោក ឬ INSTEAD ចេញផ្សាយកាលពីថ្ងៃទី១៦ខែមករា កន្លងទៅ បានឲ្យដឹងថា កម្ពុជាឈរនៅលេខរៀងទី១០៨ ក្នុងចំណោម១១៨ប្រទេសលើសកលលោក ខាងការអភិវឌ្ឍការប្រកួតប្រជែងទេពកោសល្យ (ប្រសិទ្ធភាពការងារ) និងផ្នែកបច្ចេកវិទ្យា។ ការស្រាវជ្រាវនេះ បញ្ជាក់ថា កម្ពុជានៅមានកម្រិតផ្នែកប្រសិទ្ធភាពការងារនៅឡើយ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត និងតំបន់អូសេអានី។

ការសិក្សាស្រាវជ្រាវរបស់ GCTCI ផ្ដោតជាសំខាន់លើផ្នែកបច្ចេកវិទ្យា ដែលញុំាងឲ្យមានភាពប្រសើរឡើងនូវការប្រកួតប្រជែងទេពកោសល្យ ស្វែងរកបញ្ហាប្រឈម និងឱកាស និងការផ្លាស់ប្ដូរវិធីសាស្ដ្រចាស់ៗ ដែលតែងធ្វើនៅកន្លែងធ្វើការ ដោយផ្អែកលើកត្ដាចំនួន៦ ដោយក្នុងនោះ សម្រាប់កត្តាលទ្ធភាព​ (Enable) កម្ពុជាទទួលបានចំណាត់ថ្នាក់ទី៩០ ការទាក់ទាញ (Attract)-១០៨, ការរីកលូតលាស់ (Grow)-៩៦, ការបង្ខាំងទុក (Retain)-១០០, ជំនាញផ្នែកបច្ចេកវិទ្យា និងការបណ្ដុះបណ្ដាល (Vocational Training and Technology Skills)-១១៤, និងចំណេះដឹងសកល (Global Knowledge Skills)-១១៣។

បើតាមរបាយការណ៍នេះ សម្រាប់កត្តាលទ្ធភាព​ (Enable) ដែលកម្ពុជាមានចំណាត់ថ្នាក់ទី៩០ ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើផ្នែកប្រសិទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជា (ចំណាត់ថ្នាក់១០៤ មាន១៧,២៦ពិន្ទ) និងស្ថិរភាពនយោបាយ (ចំណាត់ថ្នាក់៦៦ មាន៦០,៩៨ពិន្ទុ)។ ចំណែកកត្តាអំពើពុករលួយកម្ពុជាមានចំណាត់ថ្នាក់១១៥ មាន៥,៤១ពិន្ទុ ពោលគឺស្ថិតនៅលើប្រទេស​ហ្ស៊ីមបាវ៉េ វេណេហ្ស៊ុយអេឡា និងបារបាដូស ខណៈស្ថិតនៅក្រោមប្រទេសកេនយ៉ា អ៊ូហ្គាន់ដា និងបង់ក្លាដេស។

បើតាមរបាយការណ៍ GCTCI សម្រាប់ពីឆ្នាំ២០១៥-២០១៦ កម្ពុជាឈរនៅលេខរៀងទី៩៦ ក្នុងចំណោម១០៩ ប្រទេសលើពិភពលោក ពោលគឺធ្លាក់ចុះដល់ទៅ១២លេខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ