ក្រុម​សិទ្ធិ​មនុស្ស​អំពាវ​នាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​គណៈកម្មការ​បុណ្យ​​​លោក កែម ឡី

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨​ ម៉ោង 2:22 PM | កែម ទ្បីសិទ្ធិមនុស្ស | 0 | 1697 លោក មឿន តុលា, ព្រះតេជគុណ ប៊ុត ប៊ុនតិញ, និងលោក ប៉ា ងួនទៀង

ក្រុមអង្គការសង្គមស៊ីវិលជាង​៣០​ស្ថាប័ន បាន​អំពាវ​នាវ​ទៅ​តុលាការទម្លាក់ចោលការចោទ​ប្រកាន់​ទៅ​លើអតីតសមាជិកគណៈកម្មការបុណ្យសព​​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត កែម ឡី ដោយថា អ្នកទាំងនោះមិនមានកំហុសដូចការចោទប្រកាន់ឡើយ។

អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជា​ប្រិយភាព មាន​នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង នាយក​មជ្ឈ​មណ្ឌល​ការងារ​កម្ពុជា​ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា និង​ស្ថាបនិក​បណ្ដាញ​សង្ឃ​ឯករាជ្យ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ «រំលោភ​សេចក្ដី​ទុក​ចិត្ត» កាល​ពី​ដើម​ខែ​មករា​នេះ ទៅ​តាម​បណ្ដឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់។

ក្នុងសេចក្តីថ្លែងការណ៍រួមនៅ​ថ្ងៃ​នេះ អង្គការសង្គមស៊ីវិលចំនួន ៣៥​ស្ថាប័ន ក្នុង​នោះ​មាន​ទាំង​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​អាដហុក និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ផង​ដែរ​នោះ បានអំពាវនាវទៅតុលាការ ឲ្យទម្លាក់ចោលបទចោទលើថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល​ទាំង ៣​រូប​នេះ ដោយថា អ្នក​ទាំងបីរូប​នេះ មិនមានកំហុសដូចការចោទប្រកាន់នោះទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា លោក ពេជ្រ ស្រស់ បាន​ចោទ​ប្រកាន់​ទៅ​លើ​បុគ្គល​ទាំង ៣​រូប​នេះ ទាំង​គ្មាន​ភស្តុតាង​ច្បាស់​លាស់ និង​មិន​មាន​ការ​គាំ​ទ្រ​ពី​ម្ចាស់​ដើម​បុណ្យ​ភរិយា​សព​លោក កែម ឡី នោះ​ឡើយ។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​រួម​នោះ បណ្ដឹង​ប្រឆាំង​នឹង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ទាំង ៣​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​បង្ក្រាប​យ៉ាង​តឹង​រឹង​លើ​សំឡេង​ជំទាស់​នៅ​កម្ពុជា និង​ជាការ​គំរាម​កំហែង​លើ​អ្នក​ជំទាស់​តែ​ប៉ុណ្ណោះ។

នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង បានច្រានចោលការចោទប្រកាន់នេះ ដោយ​ថា លោក​ពុំ​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង ឬ​ចាត់​ចែង​ថវិកា​នោះ​ណាមួយ​នៃ​មូលនិធិ​បុណ្យ​សព​លោ​បណ្ឌិត កែម ឡី នោះ​ឡើយ។ លោក​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ។

លោកបន្ថែមថា៖«នេះជាការចោទប្រកាន់មានចរឹកនយោបាយ ដើម្បីបង្រាបសកម្មជនសិទ្ធិមនុស្ស និង ជាការសងសឹកចំពោះសកម្មភាពពួកយើងដែលសកម្មក្នុងការធ្វើបុណ្យលោកបណ្ឌិត កែម ឡី។ ខ្ញុំមិនមានពាក់ពន្ធ័ទេ ដូច្នេះ ខ្ញុំអត់ដឹងទេ»។

ក្រុម​គ្រួសារ​​សព​លោក កែម ឡី បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ទី​១៩​មករា​ថា ពួកគេ​មិន​បាន​ប្ដឹង​ប្រឆាំង​នឹង​បុគ្គលក​ទាំង ៣​​រូប​នេះ​ទេ ហើយ​ក៏​បាន​ច្រាន​ចោល​បណ្ដឹង​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក ពេជ្រ ស្រស់ ផង​ដែរ។

ក្រៅ​ពី​អះ​អាង​ថា បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ហើយ​នោះ ក្រុម​គ្រួសារ​សព​លោក កែម ឡី បាន​ជំរុញ​ទៅ​តុលាការ​ឲ្យ​វែក​មុខ​ឃាតក​ពិតប្រាកដ និង​អ្នក​ពាក់​ព័ន្ធ​នៅ​ក្នុង​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ ជា​ជាង​ចាត់​ការ​ទៅ​លើ​អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​ទៅ​វិញ។

មាន​តែ​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ចាប់​តាំង​ពី​លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​នៅ​ក្នុង​ស្តារ​ម៉ាត ស្ថិត​ក្នុង​ការ៉ាស់សាំង​ម្ដុំ​ស្តុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required