អ្នកឃ្លាំមើលថា រដ្ឋាភិបាលកំពុង​ស្វែង​រក​ការ​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ខាង​មុខ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨​ ម៉ោង 2:24 PM | បោះឆ្នោត | 0 | 2865 ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត

ក្រុមអ្នកតាមដាន និងអ្នកវិភាគយល់ថា គណបក្សកាន់អំណាច កំពុងស្វែងរកការគាំទ្រពីប្រទេសមួយចំនួន បន្ទាប់ពីប្រទេសលោកសេរី បានព្រមានមិនទទួលស្គាល់ការបោះឆ្នោត បើគ្មានអតីតគណបក្សប្រឆាំងដ៏ធំចូលរួមទេ​នោះ។

កាល​ពី​សប្ដាហ៍មុននេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុក​របស់​លោក​ថា លោកបានស្នើទៅរដ្ឋាភិបាលជប៉ុន និងឥណ្ឌា ឲ្យបន្ដជួយគាំទ្រ និងបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមឃ្លាំមើលភាពត្រឹមត្រូវ នៃដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា នាខែ​កក្កដា​ខាងមុខ​នេះ។

លោក ហ៊ុន សែន បាន​ស្នើ​បែប​នេះ បន្ទាប់ពី​សហគមន៍​អន្តរជាតិ​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ព្រមាន​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នោះ​ឡើយ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ហើយ​លំហរ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស មិន​ត្រូវ​បានស្ដារ​ឡើង​វិញ​ទេ​នោះ។

នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី យល់ថា ទោះបីជប៉ុន និងឥណ្ឌា បញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកម្ពុជាក៏ដោយ ប៉ុន្ដែ លោកថា វាក៏អាស្រ័យលើការវាយតម្លៃ​របស់ពួកគេ ទៅលើដំណើរការ និងលទ្ធផលនៃ​ការ​បោះឆ្នោត​ថា តើ​មានភាពមិនប្រក្រតី​ និងត្រឹមត្រូវ​កម្រិតណា។

លោកយល់ថា ការបោះឆ្នោតឆ្នាំ២០១៨ នឹងពិបាកទទួលយក បើគ្មានអតីតបក្សសង្គ្រោះជាតិចូលរួម។ លោកបន្ថែមថា រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត នឹងជួបបញ្ហាទំនាក់ទំការទូតជាមួយបណ្ដាប្រទេស​ដែលមិនទទួលស្គាល់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។

លោកថា៖ «ជប៉ុន ឬក៏អូស្ដ្រាលីក៏ដោយ បើសិនជាគេបញ្ជូនអ្នកសង្កេតការណ៍មក យើងចាំមើលការវាយតម្លៃលើការបោះឆ្នោតវាយ៉ាងម៉េច មិនប្រាកដថា អ្នកដែលបញ្ជូនមក វាយតម្លៃទៅលើការបោះឆ្នោតជាវិជ្ជមានទាំងអស់ទេ។ វាអាស្រ័យទៅលើភាពមិនប្រក្រតី ដែលគេរកឃើញដែរណា!។ យើងរង់ចាំមើលតើវត្តមានគណបក្សសង្គ្រោះជាតិ អាចមានវត្តមានទេ មកចូលរួមនាពេលខាងមុខទេ ប៉ុន្ដែ បើនិយាយពីគោលការណ៍ស្មើភាពគ្នា គួរមានគណបក្សសង្គ្រោះជាតិ បានចូលរួមប្រកួតប្រជែង»។

មន្ដ្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា យល់ថា នេះជារឿងថ្មីមួយ បើឥណ្ឌាងាកមកខ្វល់ខ្វាយបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយថា ការ​បោះឆ្នោតប៉ុន្មានអាណត្តិកន្លងមកនេះ ឥណ្ឌា​មិនដែលបានបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាឡើយ។​

លោកថា បើឥណ្ឌាបង្ហាញជំហរគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា នោះនឹងធ្វើឲ្យរដ្ឋាភិបាលកើតក្រោយការបោះឆ្នោត មានការទទួលស្គាល់ខ្លះ​ពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ស្របពេលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមានមិនទទួលស្គាល់ការបោះឆ្នោត។ ប៉ុន្ដែ លោកយល់ថា ការគាំទ្ររបស់ឥណ្ឌា អាចកើតចេញពីផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងចំណងការទូតច្រើនជាង។

លោកថា៖ «បើសិនជាមានវត្តមានរបស់ឥណ្ឌា វាជារឿងថ្មីមួយ ព្រោះឥណ្ឌា ហើយនិងចិន វាជាមហាអំណាចនៅអាស៊ី បើសិនបានសំឡេងឥណ្ឌាមួយទៀត ហើយឥណ្ឌាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យស្រាប់ វាជាសំឡេងដ៏ធំមួយដែរ ក្នុងការបញ្ជាក់សំឡេងនៅសហគមន៍អន្ដរជាតិ បញ្ជាក់ទៅសហរដ្ឋអាមេរិក និងលោកខាងលិខជាដើម ដែលតែងមិនយល់ស្របជាមួយការធ្វើទុក្ខបុកម្នេញនៅកម្ពុជា»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងស្វែងការគាំទ្រ និងការទទួលស្គាល់ពីប្រទេសផ្សេងទៀត ដើម្បីបញ្ជាក់ថា ការបោះឆ្នោត ដែលគ្មានអតីតបក្សសង្គ្រោះជាតិចូលរួមនាពេលខាងមុខនោះ មានភាពត្រឹមត្រូវ និងយុត្ដិធម៌។

លោកថា ជប៉ុនកំពុងជួយលើផ្នែកបច្ចេកទេសរៀបចំការបោះឆ្នោតប៉ុណ្ណោះ។ ប៉ុន្ដែ ចំពោះការបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា លោកថា ជប៉ុននឹងមិនបញ្ជូនមកនោះទេ បន្ទាប់​ពី​មានការរំលាយអតីតគណបក្សប្រឆាំងដ៏ធំ ការយាយីលើក្រុមអង្គការសង្គមស៊ីវិល និងវិទ្យុឯករាជ្យ នៅមុនការបោះឆ្នោតដូចនេះ។​

លោកថា៖ «ត្រង់ហ្នឹងឯងហើយ ចាំបាច់ ត្រូវតែធ្វើឲ្យការបោះឆ្នោត មានភាពស្របច្បាប់ ហើយនិងមានលក្ខណៈសេរី និងយុត្តិធម៌ នេះគឺត្រូវការអ្នកពីក្រៅមក ដើម្បីពិនិត្យមើល ឃ្លាំមើល​ការបោះឆ្នោតហ្នឹង។ ជប៉ុនគេបានជួយផ្នែកបច្ចេកទេសជាបណ្ដើរៗ ហើយគេជួយតទៅទៀត ប៉ុន្ដែត្រង់តែថា អ្នកសង្កេតការណ៍អីហ្នឹង តើជប៉ុនអាចរៀបចំអ្នកសង្កេតការណ៍ផ្លូវការ មន្ដ្រីគេមកសង្កេតការណ៍ហ្នឹង តែខ្ញុំមិនយល់ ខ្ញុំមិនជឿជាក់ថា រដ្ឋាភិបាល នឹងចាត់តាំងអ្នកសង្កេតការណ៍ផ្លូវការនោះទេ»។

បន្ទាប់ពីតុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូត ដោយថា កម្ពុជា​កំពុងឆ្ពោះទៅរករបបផ្ដាច់ការ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។

សហគមន៍​អន្តរជាតិ​ ក៏​បាន​ព្រមាន​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​ផង​ដែរ បើសិន​រដ្ឋាភិបាល​កម្ពុជា​ មិន​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ និង​​មិន​បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ការ​បោះ​ឆ្នោត​នោះ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required