វៀតណាម​បន្ត​ទទូច​ឲ្យ​កម្ពុជា​បង្កើន​ល្បឿន​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្លួន

ពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជានាពេលកន្លង (រូបភាពពី Vietnam Net)

មន្ត្រី​ជាន់​ខ្ពស់​វៀតណាម បាន​ស្នើ​ទៅ​អាជ្ញាធរ​កម្ពុជា​ ឲ្យ​ផ្ដល់​លិខិត​ស្នាម​ស្រប​ច្បាប់​ឲ្យ​បាន​ឆាប់ៗ​ ដល់ជ​នអន្តោប្រវេសន៍វៀតណាម ដែល​កំពុង​រស់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមគេហទំព័រនគរបាលជាតិ។

អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​គេហទំព័រ​នគរបាល​ជាតិ ដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា រដ្ឋ​មន្ត្រី​ក្រសួង​នគរបាល​វៀតណាម លោក តូ ឡាំ បាន​ស្នើឡើង​បែប​នេះ នៅ​អំឡុង​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។

លោក គៀត ច័ន្ទថារិទ្ធ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​ថ្លែង​ថា​៖ «ក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ជាមួយ​ឯកឧត្តម តូ ឡាំ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនេះ គឺភាគីវៀតណាមក៏បានសុំឲ្យអាជ្ញាធរកម្ពុជាអនុវត្តការផ្តល់លិខិតស្នាមស្របច្បាប់ ចំពោះជនអន្តោប្រវេសន៍វៀតណាមឲ្យបានឆាប់ផងដែរ»។

មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​រូប​នេះ បាន​ស្នើ​បែប​នេះ តែ​ជាង ២​សប្ដាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​ព្រឹត្តិប័ត្រ​ព័ត៌មាន​រដ្ឋាភិបាល​វៀតណាម ​VGP News បាន​ចុះ​ផ្សាយ​ថា អំឡុង​ជំនួប​ក្រៅ​វេទិកា​មេគង្គ-ឡានឆាង​លើក​ទី​២ នៅ​ទីក្រុង​ភ្នំពេញ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​តាម​សំណើ​របស់​នាយករដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក ដែល​បាន​ស្នើ​មក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​មេដឹកនាំ​វៀតណាម​បាន​ស្នើ​បែប​នេះ​ជា​បន្ត​បន្ទាប់មក​ភាគី​កម្ពុជា ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​បាន​ចេញ​បញ្ជា​ឲ្យ​ដក​ហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតីកាន់​កាប់​ដោយ​ជន​បរទេស ដែល​ភាគ​ច្រើន​លើស​លប់​កាន់​កាប់​ដោយ​ជន​អន្តោ​ប្រវេសន៍​វៀតណាម។

ទោះជាយ៉ាងណា អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​កាល​ពី​សប្ដាហ៍​មុន​ថា ក្រសួង​មហាផ្ទៃ​គ្រោង​ស្នើ​ឲ្យ​កែ​ប្រែ​ច្បាប់​អន្តោ​ប្រវេសន៍ និង​ច្បាប់​សញ្ជាតិ ដោយ​ថា ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ជន​អន្តោ​ប្រវេសន៍ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា អាជ្ញាធរ​កម្ពុជាបានទទួលយកសំណើររបស់​ភាគី​វៀតណាម ប៉ុន្តែ លោកបញ្ជាក់ថា កម្ពុជានៅពិចារណាទៅលើផ្លូវច្បាប់ដែលមានស្រាប់។

លោកថា៖ «បើសិនជាគាត់គោរពតាមច្បាប់ យើងចេញប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូន​​ ហើយដល់ ៧​ឆ្នាំក្រោយ គាត់កាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បានន័យថា គាត់ស្នាក់នៅស្របច្បាប់ហើយ​ គាត់អាចសុំចូលសញ្ជាតិ ហើយអាស្រ័យទៅលើសមត្ថកិច្ចកម្ពុជាដែរ បើសិនជាគាត់មានប្រព្រឹត្តិអីល្មើសនឹងច្បាប់​ ក៏គេមិនឲ្យចូលសញ្ជាតិដែរ។ ខ្ញុំសូមបញ្ជាក់ជូនពីភាពស្របច្បាប់ និងមិន​ស្របច្បាប់​។ មិនស្របច្បាប់យ៉ាងម៉េច ចង់និយាយថា ចូលមកកម្ពុជាស្នាក់នៅលើសទិដ្ឋាការ ចូលមកកម្ពុជាគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ អ្នកបម្រើការងារគ្មានប័ណ្ណការងារ អត់បានពន្យាទិដ្ឋាការ អាហ្នឹង គឺថា ខុសច្បាប់ យើងអនុវត្តច្បាប់ហើយ គឺយើងចាប់បណ្ដេញចេញ»។

បើ​តាម​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​រូប​នេះ ក្រសួង​មហាផ្ទៃ​គ្រោងនឹង​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​រយៈ​ពេល ២​ឆ្នាំ ដល់​​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ទាំង​ឡាយ​ណា​ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ និង​បំពេញ​តាម​គ្រប់​លក្ខណៈ​វិនិច្ឆ័យ​របស់​ក្រសួង​។

ទោះជាយ៉ាងណា នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានបង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម។

លោកថា៖ «ខ្ញុំគិតថា វាជារឿងមួយឲ្យមានការបារម្ភកាន់តែខ្លាំង។ ខ្ញុំមើលទៅដូចជាប្រទេសវៀតណាមជាដើម គេម្ដងហើយម្ដងទៀតនៅតែទទូចឲ្យកម្ពុជាផ្ដល់សិទ្ធិស្របច្បាប់ក្នុងការរស់នៅក្នុងប្រទេសកម្ពុជា។ អញ្ចឹង ប្រទេសដែលមានព្រំប្រទល់ជាប់គ្នា​បែបនេះ គេត្រូវតែមានការប្រយ័ត្នប្រយែងឲ្យ​បានច្រើនចំពោះការរស់នៅ​របស់ជនបទេសដែលមានព្រំប្រទល់ជាប់គ្នា»។

​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជន​​បរទេស​ជាង ៧​ម៉ឺន​នាក់ ដែលកំពុង​កាន់​កាប់​ឯកសារ​រដ្ឋ​បាល​ខុស​ប្រក្រតី​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះជន​ជាតិ​វៀតណាម​មាន​ចំនួន​ដល់​ទៅ ៩៩.៤៩​ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ