ADB ថា​កម្ពុជា​អាចរក្សា​កំណើន​សេដ្ឋកិច្ច៧%​​នៅ​រយៈពេល​ពីរឆ្នាំទៅមុខទៀតទោះមាន​បញ្ហាប្រឈមខ្លះ

សន្និសីទ​សារព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ដោយ ទូច សុខា)

ធនាគារ​អភិវឌ្ឍន៍អាស៊ីលើកឡើង​ថា ​សេដ្ឋកិច្ចកម្ពុជា​រយៈពេល​២ឆ្នាំ​ទៅមុខទៀតនឹង​នៅ​រក្សា​កំណើន​រឹងមាំ​របស់​ខ្លួនដោយមានការជំរុញពីវិស័យវាយភ័ណ្ឌ សំណង់ និង​សេវាកម្ម ដោយ​បញ្ជាក់​ថា​​បើទោះបីជា​វិស័យទាំងនេះកំពុងជួប​បញ្ហា​ប្រ​ឈម​មួយ​ចំនួន​ក៏ដោយ។

ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជានៅព្រឹកថ្ងៃពុធនេះបាន​ធ្វើសន្និសីទ​សារព័ត៌មាន​ ដោយ​បាន​បង្ហាញ​របាយការណ៍ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី២០១៦។ បើតាម​របាយការណ៍នេះ ផលិតផល​ក្នុងស្រុក​សរុប​ (GDP) របស់​កម្ពុជា​នឹងមាន​ដំណើន​៧ភាគ​រយ​ដូច​គ្នា​ទៅនឹង​ឆ្នាំ​២០១៥ ហើយនៅ​ឆ្នាំ​២០១៧ នឹង​មាន​កំណើត​ខ្ពស់ជាងនេះបន្តិច។

របាយការណ៍ដដែលឲ្យ​ដឹងទៀតថា តម្លៃបន្ថែមលើផលិតផលសម្លៀកបំពាក់ និង​ស្បែក​ជើង និង​គ្រឿងអេឡិចត្រូនិចនឹងមាន​កំណើនបន្តទៀត។ ជាមួយ​គ្នា​នោះដែរ វិស័យ​សេវាកម្ម និង​កសិកម្ម​ក៏​បន្តកើន​ឡើងដែរ។ ទោះយ៉ាងណា របាយការណ៍នេះ​បង្ហាញថា វិស័យ​សំណង់ត្រូវអ្នកជំនាញ​រំពឹងថានឹងមាន​ការថម​ថយ​បើប្រៀបធៀបទៅនឹង​កំណើន​ដ៏ខ្លាំងក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។

ទន្ទឹម​នឹង​មានការ​ព្យាករថា​កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅ​តែ​បន្តកើនឡើងនោះ របាយការណ៍របស់​ធនាគារតំបន់មួយនេះ​ឲ្យដឹងដែរថា កម្ពុជានៅ​មាន​បញ្ហាប្រឈមទៅ​គុណភាព​មុខរបរនិង​ការងារ ដោយ​ធនាគារមួយនេះ​ថាកម្លាំងពលកម្ម​នៅ​ក្នុងវិស័យវាយណភ័ណ្ឌកម្ពុជាមានផលិតភាពនៅ​ទ្រឹង និង​ការកើនឡើងប្រាក់​ឈ្នួល ធ្វើឲ្យ​មានសម្ពាធក្នុងការ​ប្រកួតប្រ​ជែង​តម្លៃលើទីផ្សារ។

អ្នក​សេដ្ឋកិច្ចជាន់ខ្ពស់​ប្រចាំប្រ​ទេស​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី លោក Jan Hansen មានប្រ​សាសន៍ក្នុងសន្និសីទសារព័ត៌មាននោះថាភាព​មានការងារធ្វើ​នៅ​ក្នុងប្រ​ទេសកម្ពុជា​មានកម្រិត​ខ្ពស់។ ប៉ុន្តែ​លោកថាការ​ងាររបស់​ពួកគេ​ភាគច្រើន​ជា​ការ​ងារក្រៅប្រព័ន្ធនិង​មិនមាន​ស្ថិរភាព។ លោក​ថា​កន្លងមក​នេះ​ កម្លាំងពលកម្ម​ដែលមាន​តម្លៃ​ថោកបានទាក់ទាញ​អ្នក​វិនិយោគច្រើនមកកម្ពុជា តែ​លោក​ថាកម្លាំងពលកម្មនេះ​មិន​អាច​ធានាការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ទៅ​អនាគតបានទេ។

​លោកផ្តល់ជា​អនុសាសន៍ថាកម្ពុជាត្រូវបង្កើតឲ្យមាន​ឧស្សាហកម្មថ្មីៗ ​ពង្រឹងនិងបណ្តុះបណ្តាលបន្ថែមទៀត​នូវអ្នកជំនាញបច្ចេកទេស ជាពិសេសបង្កើនគុណភាព​អប់រំ និងជួយកុមារឲ្យ​បាន​រៀន​ចប់ចុង​ចប់ដើម ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ចនេះ​បន្តទៀតបាន។

លោក​បន្ថែមថា៖ សម្រាប់កុមារនៅ​ក្នុងសាលាត្រូវមាន​ការ​រៀបចំពួកគេឲ្យក្លាយជាអ្នក​មាន​ជំនាញ​បច្ចេកទេសនិងទទួលបាន​ការអប់រំ​ដល់ឧត្តម​សិក្សា ហើយ​ក៏ត្រូវធ្វើទំនើបកម្មកម្មវិធីសិក្សានិង​សៀវភៅសិក្សា  ពង្រឹងសមត្ថភាពគ្រូបង្រៀន សម្ភារសិក្សា នៅតាម​អនុវិទ្យាល័យនិងវិទ្យាល័យ និងផ្តោតជាពិសេសលើគណិតវិទ្យានិងវិទ្យាសាស្រ្ត

ឯកសារគោល​​នយោបាយរបស់​ក្រ​សួងអប់រំដែលបាន​ដក​ស្រង់ទិន្ន័យក្នុង​របាយការណ៍ស្រាវជ្រាវរបស់​វិទ្យាស្ថាន​បណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បី​ អភិវឌ្ឍន៍​កម្ពុជា(CDRI)បាន​លើកថា នៅ​ឆ្នាំ២០១៥ កម្ពុជាត្រូវ​ការ​វិស្វករចំនួន​៣៥០០០នាក់ និង​អ្នក​ជំនាញ​បច្ចេកទេសចំនួន​ ៤៦០០០នាក់ ដើម្បី​បម្រើការងារក្នុងប្រ​ទេសកម្ពុជានិង​រក្សា​កំណើន​ផលទុន​ក្នុងស្រុកសរុប(GDP) ចន្លោះពី​៦ទៅ៨ភាគរយ​សម្រាប់រយៈពេលប្រាំឆ្នាំទៅមុខទៀត។

បើតាម​សេចក្តីព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១៦ រដ្ឋា​ភិបាល​រំពឹងថា​ កម្ពុជា​នឹងមាន​កំណើនផលទុន​ក្នុងស្រុក​ប្រហែលជា​៧ភាគរយដូច​ការ​ព្យាករណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ីដែរ។ រដ្ឋា​ភិបាលថាការកើន​ឡើង​ផលទុន​ក្នុងស្រុកនេះ​ បានពីការ​បន្តកើនឡើង​របស់វិស័យវាយណភ័ណ្ឌ សំណង់ ថាមពល សេវាកម្ម និង​កសិកម្ម។ បើតាម​តួលេខរបស់​រដ្ឋា​ភិបាល​នៅ​ឆ្នាំ២០១៥ ផលទុន​ក្នុងស្រុក​សរុប​របស់​កម្ពុជាមានចំនួន​ ២០ ២៣១ លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ