អ្នកមានជម្លោះដីនៅបាត់ដំបងឡើងមកដាក់ញត្តិស្នើឲ្យក្រសួងយុត្តិធម៌អន្តរាគមន៍លើតុលាការខេត្ត

ប្រជាពលរដ្ឋមានជំលោះដីធ្លីនៅស្រុកបវេលនិងស្រុកសំពៅលូន ខេត្តបាត់ដំបង បានឡើងមកដាក់ញត្តិស្នើឲ្យ​ក្រសួង​យុត្តិធម៌អន្តរាគមន៍លើតុលាការខេត្តនេះដែលពលរដ្ឋថាគំរាមកំហែងចាប់ខ្លួន​ពួកគេដែលទាមទារដំណោះស្រាយដីធ្លី។

នៅព្រឹកថ្ងៃទី៣០ ខែមីនា ប្រជាពលរដ្ឋប្រមាណ១៥០នាក់ បានហែញត្តិ​ពីមុខវាំងទៅកាន់ក្រសួងយុត្តិធម៌និងខុទ្ទការល័យនាយករដ្ឋមន្រ្តីដើម្បីស្នើឲ្យជួយដោះស្រាយទំនាស់​ដីធ្លីនិងបញ្ឈប់សកម្មភាពឈួស​ឆាយ​លើដីទំនាស់។

លោក ឆាន់ មុន្នី អះអាងថាជាតំណាងប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីមកពីស្រុកបវេលបានលើកឡើងថា​ការឡើងមកតវ៉ានេះដោយសារតុលាការខេត្តបានចេញដីកាចាប់ខ្លួនប្រជាពលរដ្ឋដែលទាមទារដំណោះស្រាយ​ដីធ្លីជាបន្តបន្ទាប់។ លោកបន្ថែមថាអាជ្ញាធរខេត្តបានធ្វើប័ណ្ណកម្មសិទ្ធិលើដីដែលពួកគេកំពុងរស់នៅហើយ​លក់ទៅឲ្យបុគ្គលផ្សេងកាន់កាប់វិញ។

លោកបន្ថែមថា៖ “ក្នុងរយៈពេលបីថ្ងៃយើងនឹងមកមុខក្រសួងនេះបន្តទៀតដើម្បីឲ្យគាត់ជួយព្រោះពេលយើងទៅវិញប្រឈមនឹងជាប់គុក ហើយគេកំពុងតែរៀបចំផ្ដិតមេដៃអ្នកដែលមានប្លង់នោះបណ្ដើរៗរួចទៅហើយ។ យើងអត់ប្រហែសទេ ហើយយើងក៏អត់ត្រឡប់ទៅវិញដែរយើងនៅភ្នំពេញនេះមិនកំណត់ខែកំណត់ថ្ងៃទេ បើអត់ស្បៀងពួកខ្ញុំនឹងចាត់ចែងដើរសុំទានតាមផ្សារដើម្បីដោះទាល់ធ្វើម៉េចបើទៅវិញត្រូវប្រឈមនឹងតុលាការ”។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីម្នាក់ទៀតដែលមកពីភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅ​លូន លោក ណុប ជា បានលើកឡើងថាអាជ្ញាធរបានវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិយកដីរបស់ប្រជាពលរដ្ឋនាំឲ្យពលរដ្ឋ​អស់ដីធ្វើកសិកម្មធ្វើឲ្យជីវភាពគ្រួសារ​ជួប​ការ​លំបាក។ លោកបន្ថែមថាអាជ្ញាធរបានធ្វើការគាប​សង្កត់គំរាម​កំហែងចាប់ឃុំប្រជាពលរដ្ឋដែលធ្វើការតវ៉ាជាបន្តបន្ទាប់។

លោកបន្ថែមថា៖ “សំណើរសុំឲ្យដោះស្រាយតាំងពីឆ្នាំ២០១១មកគេសន្យាថាស្អែកឬក៏មួយអាទិត្យទៀតតែរហូតមកដល់៥ឆ្នាំហើយនៅតែស្អែកនិងអាទិត្យអត់ចប់សោះហើយគាបគ្នាប្រជាពលរដ្ឋរត់អ្នកណាតវ៉ាក៏អត់ធ្វើប្លង់ធ្វើអីឲ្យអ្នកតវ៉ាឲ្យរៀបរយដីធ្លីចោទគ្នាលៀបពណ៌ចេះចុះចាប់គ្នាដាក់គុកច្រវ៉ាក់”។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេ។ ប៉ុន្តែប្រជា​ពលរដ្ឋបានលើកឡើងថាមន្ត្រីដែលទទួលញត្តិលោក សូ សុខហុង បានសន្យាថានឹងអន្តរាគមន៍លើក​រណី​នេះឲ្យបានលឿន។

ទាក់ទងនឹងបញ្ហាដីធ្លីនេះមន្រ្តីសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តបាត់ដំបងលោក យិន ម៉េងលី​ មានប្រសាសន៍ថាអាជ្ញាធរបានប្រកាសឲ្យពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិផ្ដិតមេដៃប្តឹងប្រជា​ពលរដ្ឋ១៩២គ្រួសារទៀតដែលរស់នៅលើដីសម្បទាន​សង្គមកិច្ចនោះ។ លោកបន្ថែមថាអាជ្ញាធរគួរតែ​ស្វែងរក​ដំណោះស្រាយជៀសជាងការប្រើប្រាស់ប្រព័ន្ធតុលាការដែលធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។

លោកបន្ថែមថា៖ “បើរកមធ្យោបាយដោះស្រាយខ្ញុំគិតថាអាចដោះចេញនិងអាចល្អជាងកាលណាយើងយករឿងនេះដោះតាមតុលាការប្រជាពលរដ្ឋពិតជាទទួលបាននូវការរត់ចោលផ្ទះ ជាប់គុកច្រវ៉ាក់ និងអាចកើតមានអំពើហិង្សាជាយថាហេតុ។ អញ្ចឹងបញ្ហាមិនងាយស្រួលក្នុងការបញ្ចប់ទេវានឹងធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញដូចអំបោះជំពាក់ជំពិនកាន់តែខ្លាំងឡើង”។

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីទាំងនោះអះអាងថាពួកគេចំនួន១៩២គ្រួសារ​បានកាន់កាប់និងរស់នៅ​លើដីទំហំ១០៨៥ហិកតាក្នុងស្រុកបវេលនិងប្រជាពលរដ្ឋ១៣៥គ្រួសាររស់នៅលើដីទំហំ៦០០ហិកតាក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងតាំងពីសមាហរណកម្មឆ្នាំ១៩៩១មកម្ល៉េះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ