លោក កឹម សុខា ​ថា​គូ​ប្រជែង​​កំពុង​ប្រើយុទ្ធសាស្ត្រ​ “​កាត់​ក្បាល​ ហើយ​បំបែកខ្លួន​​”​

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ លោក កឹម សុខា ដែលកំពុង​រង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា លើកឡើង​ថាគូ​ប្រជែង​របស់​ខ្លួន​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រដើម្បី​កំចាត់​ថ្នាក់​ដឹកនាំទាំង​ពីរ​របស់​គណបក្ស​នេះ​ ​រួច​បំបែកអ្នក​គាំ​ទ្រ​តាម​ក្រោយ ដោយ​លោក​ហៅ​យុទ្ធសាស្ត្រ​នេះ​ថា“​កាត់​ក្បាលទាំង​ពីរ​​ហើយ​បំបែក​ខ្លួន​”​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​នៅទីស្នាក់ការគណបក្សក្នុង​ខេត្តព្រៃវែង នាព្រឹកថ្ងៃ​ពុធ​នេះ លោក កឹម សុខា បាន​ថ្លែងថាមាន​សមាជិក​នៅ​ភាគី​ម្ខាង​ទៀត​ដែល​ទំនងលោក​​សំដៅ​ទៅគណបក្សប្រជាជន​កម្ពុជា​ បាន​ប្រាប់​គណបក្ស​សង្គ្រោះជាតិ​ថាកន្លង​មក គូ​ប្រជែង​របស់​ខ្លួន​ព្យាយាម​ប្រើប្រាស់​យុទ្ធសាស្ត្របំបែក​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​របស់​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​បំបែក​អ្នក​គាំ​ទ្រ​របស់គណបក្ស​នេះ​។

លោកបន្ថែម​​ថា​៖ “​ពុះក្បាល បំបែក​ខ្លួន ពុះ​ក្បាល គឺ​ក្បាល​មាន​២នាក់ សម រង្ស៊ី និង​ កឹម សុខា ពុះ​ឲ្យ​បែក​គ្នា។ ពុះ​បាន​ហើយបាន​បំបែក​ខ្លួន បំបែក​ថ្នាក់​ក្រោម​ត​​ទៀត​ ដោយ​គេ​ដឹង​ថា សង្គ្រោះជាតិគ្រប់​មូលដ្ឋានទាំង​អស់​ចេញ​ពី​មូលដ្ឋាន​ពីរ (គណបក្ស) សម រង្ស៊ី និង(គណបក្ស)​សិទ្ធិមនុស្ស​។ អ៊ីចឹង​គេ​ថា បើ​ក្បាល​អត់បែក​ទេ ក្រោម​នោះ​ក៏​អត់​បែក​ដែរ មែន​ទេ​បងប្អូន? ចឹង​បាន​គេ​ថា​ពុះ​ក្បាល​សិន គឺ​ថា​ពុំ​ក្បាល​ហើយ​​បំបែក​ខ្លួន​បាន​យ៉ាង​ស្រួល​នេះ​ជា​យុទ្ធសាស្ត្រ​របស់​គេ​ដំណាក់​កាល​ទី​១​”​

លោក កឹម សុខា បន្ត​ថាដោយ​សារ​តែ​យុទ្ធសាស្ត្រ​ទី​១​នេះមិន​បាន​សម្រេច ​ទើប​គូ​ប្រជែង​បាន​ផ្លាស់​ប្ដូរ​ទៅប្រើប្រាស់យុទ្ធសាស្ត្រ​កំចាត់​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​របស់​គណបក្សសង្គ្រោះជាតិ រួច​ទើប​បំបែក​ថ្នាក់​ក្រោម​ជា​​ក្រោយ​។ លោក​មាន​ប្រសាសន៍​៖ “​ដោយ​សារ​ក្បាល​យើង​គេ​ពុះ​វា​មិន​បែក​ បាន​គេ​ចាប់​ឈាន​ដល់​ដំណាក់​កាល​យុទ្ធសាស្ត្រ​ទី​២ យុទ្ធសាស្ត្រ​ទី​២មិនមែន​ត្រឹម​ពុះ​ក្បាល​ទេ​បងប្អូន​ដើម្បី​បំបែក​ខ្លួននេះ កាត់​ក្បាល កាត់​ក្បាល​ទាំង​ពីរ​តែ​ម្ដង កាត់​ក្បាល​ហើយ​បាន​បំបែក​ខ្លួន​”​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​មាន​ប្រសាសន៍​ថាការ​លើក​ឡើង​របស់​លោក កឹម សុខា គ្រាន់​តែ​វោហារសាស្ត្រ​នយោបាយនិង​ជា​ការលួង​ចិត្ត​អ្នក​គាំ​ទ្ររបស់​ខ្លួន​ប៉ុណ្ណោះ​។ លោក​បន្ត​ថាគណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​នយោបាយ​បំបែក​បំបាក់​អ្នក​ដទៃ​ទេ ដោយ​លោក​ថា គណបក្ស​នេះគិត​តែ​ខំ​ពង្រឹង​ខ្លួន​ឯង​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​។

លោក សុខ ឥសាន បន្ថែម​ថា​៖ “​​មាន​តែ​គេ​ទេ​ដែល​ចង់​បំបែក​ក្បាល​គណបក្ស​ប្រជាជន​នោះតាំង​ពី៧៩​មក​រហូត​ដល់​ពេល​នេះ ប៉ុន្តែ​បំបែក​វា​អត់​បាន​។ ហើយ​យើង​គ្មាន​ទិស​ស្លោក​ថា ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច បំបែក​មិន​បែក​ទេ អត់​មាន​ទេ​។ អាហ្នឹង​យើង​ខំ​ពង្រឹង​ស្មារតី​សាមគ្គីភាព ហើយ​ក្នុង​គ្រប់​វេទិកានយោបាយ​ក៏​ដូច​ជា​សន្និបាត​ ឬ​មហាសន្និបាត​អី​គណបក្ស​បាន​លើកឡើង​ហើយ លើកគោលការណ៍​សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុង​បក្ស គឺ​ជា​អាយុ​ជីវិត​របស់​បក្ស​។ ហ្នឹង​ហើយ​អាហ្នឹង​តែ​​ប៉ុណ្ណឹង​ទេ ចឹង​ទេ​​បាន​ជា​គណបក្ស​ប្រជាជន​រឹងមាំ​រហូត​ អត់​មាន​ភ័យ​ព្រួយ​អ្នក​ណា​មក​បំបែក​ឬ​អ្នកណា​មក​ទិញ​ដូរ​អី​ទេ​”​

គួរ​បញ្ជាក់​ថាបច្ចុប្បន្ន​ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​។  លោកត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងចំនួនពីរ​ជាប់ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង និង​មួយ​ករណី​ទៀត​ពាក់ព័ន្ធនឹងការចោទប្រកាន់សមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងរបស់អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ។

ក្រៅពីនោះ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងរឿងបរិហាកេរ្តិ៍ចំនួន​ពីរ ទាក់ទង​នឹង​ការ​បង្ហោះឯកសារតាមហ្វេសប៊ុក​។

ចំណែក​លោក កឹម សុខា កំពុង​រង​ការ​ចោទ​ប្រកាន់រឿង​អាស្រូវ​ស្នេហា ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ព្រម​ទទួល​យក​ករណី​នេះ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ តាម​ពាក្យ​បណ្ដឹង​របស់យុវជន​មួយ​ក្រុម​ដែល​ចោទ​លោក​ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី។

ពាក់ព័ន្ធ​នឹង​ករណី​នេះ កាលពីពេលថ្មីៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋាគារមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយ តែមជ្ឈដ្ឋានជាច្រើនគិតថាលោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានរឿងអាស្រូវស្នេហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ