លោក សម រង្ស៊ី ថាទាល់តែកម្ពុជាមានប្រជាធិបតេយ្យពិតទើបរកអ្នកគប់គ្រាប់បែកឃើញ

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

មេដឹកនាំបក្សប្រឆាំងអំពាវនាវឲ្យយុវជនបង្កើនភាពក្លាហានក្នុងការជំរុញកម្ពុជាឲ្យមានលទ្ធិប្រជាធិប​តេយ្យ​​ពិ​ត​​​​​​ប្រា​កដតាម​រយៈ​ការបោះឆ្នោតនៅពេលខាងមុខដែលលោកថាទើបអាចរកឃើញជនល្មើស​ដែល​គប់​គ្រាប់​បែកលើក្រុម​បាតុករ​កាលពីជិត២០​ឆ្នាំមុន។

ក្នុងពិធីរំឭ​កខួបនៃព្រឹត្តិ​ការណ៍គប់គ្រាប់បែក​សម្លាប់បាតុករមុខរដ្ឋស​ភាកាលពី​១៩ឆ្នាំ​មុន​ដែ​ល​​ធ្វើឡើ​​ងនៅថ្ងៃទី៣០ខែមីនា​នេះ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុង​នីរ​ទេ​ស​​ខ្លួន​​ថ្លែង​តាមវីដេអូខន់ហ្វឺរិនពីក្រៅប្រទេសមកថា លោក​នូវតែចាត់ទុកថាការស្លាប់របស់​ក្រុមអ្នកត​វ៉ាពេលនោះ ​លោ​ក​​ថាប្រវត្តិសាស្ត្រនិងជាវីរភាព​សម្រាប់យុវជនជំនាន់ក្រោយ ក្នុងការជំរុញឲ្យមានកំណែទម្រង់រដ្ឋ។

លោក សម រង្ស៊ី បន្តទៀតថាការដែលរដ្ឋាភិបាលមិនទាន់អាចវែកមុខជនដៃដល់និងអ្នកពាក់ព័ន្ធ​ក្នុង​​ព្រឹ​​ត្តិ​​កា​​រណ៍​​​​​គ​​ប់គ្រាប់បែក សម្លាប់បាតុករនោះបាន លោកថាដោយសារតែការ​ដឹកនាំប​ច្ចុប្ប​ន្ន​នេះជាប្រ​ជាធិបតេយ្យក្លែងក្លាយ យុត្តិធម៌ក្លែងក្លាយ និងការអភិវឌ្ឍក្លែងក្លា​យធ្វើឲ្យ​ពល​រដ្ឋ​ទឹកភ្នែកនិង​​បា​​​ត់​​​ប​​​ង់ទ្រព្យសម្បត្តិនៅពេលគម្រោងអភិវឌ្ឍចូលទៅដល់។

លោក សម រង្ស៊ី រំឭកដល់យុវជនឲ្យបង្កើនភាពក្លាហានជំរុញឲ្យ​ការបោះឆ្នោត​នៅឆ្នាំ២០​១៧និង​២០​១៨​​ខា​ងមុខ ជ្រើសរើសបានមេដឹកនាំប្រជាធិបតេយ្យពិត​​​ប្រាកដដែលលោកថាពេលនោះ​​នឹងធ្វើឲ្យក​ម្ពុជា​ក្លា​យ​​​ជាប្រទេសនីតិរដ្ឋមាន​យុត្តិធម៌​សង្គមនិងដោះស្រាយបានរាល់បញ្ហារប​ស់​ប្រជា​ពល​​រដ្ឋបាន។

លោកបន្តថា៖ “សូមក្មួយៗកូនចៅទាំងអស់ចង់ចាំអំពីយុវជនដូចគ្នា ទាំងសិស្ស ទាំងនិស្សិត ទាំងកម្មករដែល​បាន​តស៊ូ​ដើម្បីយុត្តិធម៌ពេលនោះយើងនឹងសម្រេចទាំងប្រជាធិបតេយ្យចាប់ពីឆ្នាំ២០១៧និង២០១៨។​ ដូច្នេះខ្ញុំសុំអំពាវ​នាវឲ្យយុវជន​ទាំងអស់មានស្មារតីរឹងមាំនឹងដល់ការលះបង់ពលីកម្មរបស់យុវជនថ្ងៃ៣០មីនាឆ្នាំ១៩៩៧”។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ លើកឡើងក្នុង​ពិធីរំឭកវិញ្ញា​ណក្ខ​ន្ធអ្នកដែល​បា​ន​​​ស្លាប់​ក្នុង​ព្រឹត្តិការណ៍បោកគ្រាប់បែកនោះដែរថា ការដែល​រដ្ឋា​ភិ​បាលមិ​ន​​​​​ទា​ន់រកឃើញឧក្រិដ្ឋជននិ​ង​អ្ន​ក​​​​ពា​ក់ព័ន្ធមកផ្តន្ទាទោស លោកគិតថា​គឺជាលើកទឹកចិ​ត្ត​​ឲ្យមានបទឧក្រិដ្ឋកាន់តែច្រើននៅកម្ពុជា។

លោកបន្ថែមថា៖ “សូមអំពាវនាវឲ្យក្រសួងមានសមត្ថកិច្ចរាជរដ្ឋាភិបាលដែលជាអ្នកទទួលខុសត្រូវចំពោះបទ​ឧក្រិដ្ឋនៅក្នុង​ប្រទេសកម្ពុជាបន្តធ្វើការស៊ើបអង្កេតប្រកបដោយឯករាជ្យនិងអព្យាក្រិតតាមចាប់ជ​នដៃដ​ល់និងអ្នកពី​ក្រោយខ្នងមក​ផ្តន្ទាទោសដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះឲ្យទាល់តែបាន”។

ប៉ុន្តែអ្ន​ក​នាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ​ សុភ័គ អះអាងថាសមត្ថកិច្ចមិនបានព្រងើយកន្តើយក្នុងការ​ស្វែ​​​ង​រ​ក​ជន​ដៃ​ដល់​មកផ្តន្ទាទោស។ ប៉ុន្តែលោកថាការស៊ើបអង្កេតហាក់បាត់តម្រុយទៅវិញក្រោយពី​មានព​ន្លឺខ្លះ​រួច​មក។

លោកថា៖ “យើងស្វែងរកឃើញមិនមែនថាអត់ទេ យើងរកឃើញរហូតស្រាវជ្រាវទៅស្វែងរកឃើញជនដៃដល់​ដែលបោក​គ្រាប់​បែកហ្នឹង ហើយក៏បានគូររូបទៅរកឃើញថាឈ្មោះ អាប្រេហ្វីល  ហើ​យក​ន្លងម​កដោយសារតែស្រុកទេសយើងនៅឆ្នាំ​៩៧ហ្នឹង យើងដឹងហើយយើងមិនចង់រំឭកទេ អាហ្វ្រេ​ស៊ីល ហ្នឹងវាបា​នរត់គេចទៅសុំជ្រកកោន​ក្រោមកិច្ច​ការពារ​របស់​គណបក្ស​នយោបាយមួយ ហើយតាំ​ងពីពេ​លនោះ​មក​បាត់ខ្លួនរហូត”។

លោក ខៀវ សុភ័គ អះអាងថាបើទោះបីការស៊ើបអង្កេតករណីនេះគ្មានតម្រុយថ្មីក៏ដោយតែលោកថាស​ម​ត្ថ​​កិច្ច​នៅ​តែ​បន្ត​ស្វែង​រកឧក្រិដ្ឋជនមកផ្ត​ន្ទាទោស​ដដែល​។

ស្ត្រីពិការជិះលើរទេះរុញម្នាក់ឈ្នោះ អ៊ីម ម៉ាឡែន អាយុ៧៤ឆ្នាំដែលបានចូលរួម​ពិធី​រំឭកខួបនោះដែរអះអាងថាគាត់​ហាក់​គ្មាន​​ជំនឿទៅ​លើរដ្ឋា​ភិ​​បា​លថាពួកគេអាចស្វែងរកចាប់ជនដៃដល់មកប្រឈម​មុខ​ច្បាប់ទេដោយស្រីរូបនោះយល់ថាព្រឹត្តិកា​រណ៍​​​​បោ​ក​​គ្រា​ប់បែ​ក​​នោះអាចជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល។

ស្ត្រីនោះថា៖ “គ្មានទេ បើវាចេះរកឲ្យយើងវារកហើយវាអត់រកទេព្រោះវាក្បត់វាម៉េចនឹងរកឲ្យយើងបើ​វាក្ប​ត់ចំហើយ”។

ស្តី្រជាជនរងគ្រោះរូបនោះអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគម​ន៍រកយុត្តិធម៌​ករណីនេះ​ជូនពួក​គេ។

កាលពីឆ្នាំ១៩៩៧ លោក សម រង្ស៊ី បានដឹកនាំធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិ​បាលធ្វើកំណែ​ទម្រង់ប្រព័​ន្ធ​តុ​លាការ។

ប៉ុន្តែនៅពេលក្បួនបាតុករមកដល់ជិតមន្ទីររដ្ឋសភាត្រៀមនឹងដាក់ញត្តិ ពេលនោះមានជនមិនស្គាល់មុខបា​ន​គប់​គ្រា​ប់បែកដៃ ចំនួ​ន៤គ្រាប់ចូលក្នុងហ្វូងបាតុករបង្កឲ្យអ្នកតវ៉ាជាង១០នាក់ស្លាប់និងជាង​១០០​​នាក់ផ្សេងទៀតរងរបួសរួមទាំងលោក សម រង្ស៊ី ផងដែរ។

មកដល់ពេលនេះរដ្ឋាភិបាលមិនទាន់បង្ហាញថាមានឧក្រិដ្ឋជនប៉ុន្មាននាក់ជាប់ពាក់ព័ន្ធនឹងព្រឹ​ត្តិការ​ណ៍បោ​កគ្រា​​ប់បែ​កសម្លាប់​ក្រុមអ្នកតវ៉ានោះនៅឡើយទេ។ ប៉ុន្តែលោក សម រង្ស៊ី ថាតុលាការនៅទីក្រុងប៉ារី​សប្រ​ទេស​បា​រាំង​បានបើកការ​ស៊ើបអង្កេតករណីនេះឡើងវិញហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ