នាយគ្រឿនថ្ងូរអត់មានសល់អី ខណៈរឿងថ្មីលេចចេញបន្តគ្នា

នាយគ្រឿន ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង «កំពូលអ្នកសុំទានជួបស្នេហ៍» (រូបភាព៖ វង្ស សុម៉ាលីន)

ខុសពីតារាកំប្លែងរួមក្រុមដូចជា នាយពែកមី នាយក្រូច នាយចឺម និងនាងខ្ញុង ដែលសុទ្ធតែអះអាងថាសល់ផ្ទះសល់សម្បែង និងមុខរបររកស៊ីពីចំណូលក្នុងសិល្បៈនោះ នាយគ្រឿន ដែលត្រូវគេស្គាល់ថាមានទីផ្សារសម្ដែងយ៉ាងជោគជ័យយូរក្រែលដែរហើយ បែរជាថ្ងូរថាអត់ទាន់សល់អី។ នេះជាការលើកឡើងផ្ទុយស្រឡះទាំងស្រុងពីទីផ្សារសិល្បៈជាក់ស្ដែង ក្នុងពេលដែលមានការទម្លាយថា តម្លៃខ្លួនរបស់តារាកំប្លែងរូបនេះក៏ហក់ឡើងខ្ពស់នោះផង។

ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង «កំពូលអ្នកសុំទានជួបស្នេហ៍» នៅផ្សារទំនើបAeon Mall កាលពីល្ងាចថ្ងៃទី២៩ ខែមីនា នាយគ្រឿន និងតួអង្គ២រូបផ្សេងទៀត ត្រូវគេឲ្យតែងខ្លួនជាអ្នកសុំទាន ហើយដើរសុំលុយឡើងផ្អើលផ្សារAeon តាំងពីខាងក្រោមរហូតដល់កន្លែងធ្វើពិធី ដើម្បីរំលេចខ្លឹមសាររឿង និងដើម្បីឲ្យមានការចាប់អារម្មណ៍ពិធីសម្ពោធរឿងថ្មី។ នេះជារឿងទី៥របស់នាយគ្រឿនដែលបានបើកសម្ពោធក្នុងឆ្នាំ២០១៦ ដែលលោកបានសម្ដែង និងត្រូវគេអះអាងថាបានទទួលតម្លៃខ្លួនខ្ពស់ជាងរឿងមុនៗ។

ប្រភពពីផលិតកម្មLD Picture ដែលបានផលិតភាពយន្តជាច្រើនឲ្យនាយគ្រឿនបានល្បី បូករួមទាំងរឿង «កំពូលអ្នកសុំទានជួបស្នេហ៍» នេះផង បានអះអាងថា នាយគ្រឿនទទួលបានតម្លៃខ្លួនរហូតដល់៤ពាន់ដុល្លារក្នុងការថតមួយរឿង គឺខ្ពស់ជាងរឿងមុនៗដែលទទួលបានត្រឹមតែ៣ពាន់ និងយ៉ាងច្រើន៣៥០០ដុល្លារក្នុងមួយរឿង។ ជាមួយនឹងការទម្លាយពីតម្លៃខ្លួន ស្របគ្នាដែលលោកក៏ចេញថតរឿងក្នុងមួយឆ្នាំៗរាប់មិនអស់នោះ ទើបធ្វើឲ្យមានការចាប់អារម្មណ៍ នៅពេលនាយគ្រឿន បង្ហើបថាលោកមិនមានសល់អ្វីជាដុំកំភួនចាប់តាំងពីបានល្បីឈ្មោះ។

លោក ចែម សារឿន ហៅនាយគ្រឿន និយាយថា ក្រៅពីទិញបានរថយន្តកាម៉ារីបាឡែនស៊េរីធម្មតាមួយគ្រឿង គឺលោកមិនទាន់មានសល់អ្វីដូចគ្នានឹងតារាល្បីភាគច្រើននោះឡើយ។ លោកនិយាយថា៖ “ខ្ញុំរាល់ថ្ងៃអត់មានទាន់សល់អីទេ មុខរបរក៏អត់  ផ្ទះក៏អត់(នៅភ្នំពេញ) រាល់ថ្ងៃនៅភ្នំពេញខ្ញុំនៅតែផ្ទះបងហ្នឹង(ពែកមី) បានតែឡានមួយគត់អាស៊េរីបាឡែនតែល្អមើលណាស់គឺខូចរាល់ថ្ងៃ ថាគ្រប់យ៉ាងហ្មង!”។ លោកថា ទីផ្សារសម្ដែងពិតជាបានស្ទុះឡើងដោយក្នុងមួយឆ្នាំទទួលបានមិនក្រោម៥រឿងនោះទេ ប៉ុន្តែលោកថា ចំណូលទាំងនោះគឺសល់មិនច្រើននោះឡើយ។ យ៉ាងណាក៏ដោយលោកទទួលស្គាល់ថាស្ថានភាពរស់នៅរបស់ភរិយា និងកូនស្រីទាំង២នៅអ្នកលឿងមានលទ្ធភាពល្អប្រសើរ និងសល់លុយកាក់ជាប់ខ្លួន បើទោះជាប្រាក់ដែលរកបាននៅមិនទាន់ជួយឲ្យលោកមានផ្ទះនៅភ្នំពេញ និងមានមុខរបរដូចតារារួមក្រុម។

នាយគ្រឿន ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង «កំពូលអ្នកសុំទានជួបស្នេហ៍» (រូបភាព៖ វង្ស សុម៉ាលីន)
នាយគ្រឿន ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង «កំពូលអ្នកសុំទានជួបស្នេហ៍» (រូបភាព៖ វង្ស សុម៉ាលីន)

លោកនិយាយថា៖ “បើរឿងចាយដូចជាអត់មានពេលចាយផង ព្រោះពេលទៅថត ឬទៅច្រៀងហូបតែបាយគេហ្នឹង ប៉ុន្តែមិនដឹងម៉េចដូចជាមិនសល់លុយ។ ជាក់ស្ដែងគ្រាន់តែផលិតកម្មLD មួយឆ្នាំម៉េចឲ្យខ្ញុំថតពី៣-៤រឿងដែរ ហើយមួយរឿងៗឲ្យសុទ្ធតែ៣ទៅ៤ពាន់(ដុល្លារ) តែរកសល់មិនឃើញព្រោះយើងនៅជាមួយបង ទៅណាជាមួយគេ គឺត្រូវតែជួយទិញនេះទិញនោះ ជួយចេញលុយ ហើយបើនិយាយរឿងចាក់សាំងវិញ គឺមួយថ្ងៃ៥០(ដុល្លារ)ដាច់ ១០០(ដុល្លារ)ដាច់ មួយខែឡើង១៥០០(ដុល្លារ)អីហើយហ្នឹង”

លោកបន្តថា រាល់ថ្ងៃលោកកំពុងប្រឹងសន្សំលុយគ្រាន់ទិញផ្ទះមួយនៅភ្នំពេញ ដើម្បីអាចនាំប្រពន្ធកូនមកនៅភ្នំពេញ ប៉ុន្តែមកពីផ្ទះដែលលោកចង់បានកាន់តែថ្លៃទៅៗ ទើបមិនដឹងថាថ្ងៃណាទិញបាន។ លោកបន្ថែមថា៖ “រាល់ថ្ងៃចង់ទិញផ្ទះបង់រំលោះ ប៉ុន្តែវាចេះតែភ័យរឿងចំណូលយើងអត់ទៀង ទើបចេះតែចាំ។ ម្យ៉ាងអ្នកសិល្បៈតែខែ៦ខែ៧ទៅ ដេកតែផ្ទះហ្នឹង ទៅសល់អីកើត និយាយទៅរកបានច្រើនខែប្រាំងទុកតែចាយវិញក្នុងខែវស្សាហ្នឹង”

លោក លៀក លីដា ចាងហ្វាងផលិតកម្មLD Picture បានអះអាងថា ផលិតករភាគច្រើនមិនហ៊ានផ្ដល់តម្លៃដល់មួយរឿង៣៥០០ទៅ៤ពាន់ដុល្លារឲ្យតារាសម្ដែងនោះទេ ប៉ុន្តែសម្រាប់លោកគឺហ៊ានសម្រាប់តួអង្គនាយគ្រឿន ដោយលោកថា នាយគ្រឿនគឺដូចជាមិត្តល្អ និងដោយសារតែក្នុងពេលផលិតកម្មត្រដាបត្រដួសគឺនាយគ្រឿនក៏មានការយោគយល់ច្រើន។ លោកនិយាយថាបើរឿង «កំពូលអ្នកសុំទានជួបស្នេហ៍» ទទួលបានចំណូលច្រើនពីការដាក់បញ្ចាំង នោះលោកនឹងហ៊ានផលិតរឿងដែលចំណាយទុនកាន់តែខ្ពស់ថែមទៀត ហើយហ៊ានផ្ដល់តម្លៃឲ្យតួអង្គសម្ដែងមិនថានាយគ្រឿន ឬតួអង្គផ្សេងទៀតកាន់តែខ្ពស់ថែមទៀត ដើម្បីឲ្យភាពយន្តខ្មែរមានតម្លៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ