បទយកការណ៍៖ បញ្ហាក្នុងសង្គមដែលដោះស្រាយមិនទាន់ចប់ត្រូវបានគេបង្វែរការចាប់អារម្មណ៍

ក្រុមយុវជន​ដែល​តវ៉ាទាមទារ​ឲ្យ​លោក កឹម សុខា បក​ស្រាយ​ការចោទប្រកាន់រឿងអាស្រូវស្នេហា(រូបថតពីហ្វេសប៊ុ​ក​របស់​យុវជន ស្រី ចំរើន)

ក្នុងរយៈពេលចុងក្រោយនេះមានការបញ្ចេញខ្សែអាត់សំឡេងជាបន្តបន្ទាប់ដែលយុវជនមួយក្រុមយល់ឃើញថាជាសំឡេងរបស់លោក កឹម សុខា សន្ទនាជាមួយនឹងនារីម្នាក់។ យុវជនមួយក្រុមនោះបានចេញ​តវ៉ាស្ទើរគ្រប់ទីកន្លែងនិងស្នើឲ្យរដ្ឋសភា ​និងអង្គភាពប្រឆាំងអំពើពុករលួយចាត់ការទៅលើមេដឹកនាំគណបក្សប្រឆាំងធំនេះ ហើយស្ថាប័នទាំងនោះក៏បានយករឿងនេះទៅចាត់តាមអ្វីដែលយុវជននោះចោទប្រកាន់។ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនដែលសម្ភាសន៍ ពួកគេយល់ថាការចេញខ្សែអាត់សំឡេងនេះជាការបង្វែរស្ថានការណ៍នយោបាយកុំឲ្យពលរដ្ឋខ្វល់ខ្វាយពីបញ្ហាព្រំដែន ការបាត់បង់ព្រៃឈើ ការផ្ដល់ដីសមប្បទាន និងបញ្ហាជំលោះដីធ្លី ដែលរដ្ឋាភិបាលដោះស្រាយមិនទាន់ចប់។

អង្គុយបរិភោគបបរនៅក្នុងខ្ទមលក់បបរតូចមួយនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពលរដ្ឋម្នាក់ លោក កែវ ពន្លក លើកឡើងថាការបញ្ចេញនូវខ្សែអាត់សំឡេងនេះគឺជាបញ្ហានយោបាយមួយដែលតែងតែកើតឡើងនូវមុនការបោះឆ្នោតមកដល់។ លោកបន្ថែមថាការចេញខ្សែអាត់សំឡេងនិ មានការតវ៉ាជាបន្តបន្ទាប់ពីយុវជនមួយក្រុមនោះគឺជាការបង្វែរការចាប់អារម្មណ៍ពីបញ្ហាបង្រ្កាបបទល្មើសព្រៃឈើ បញ្ហាព្រំដែន និងជំលោះដីធ្លីផ្សេងទៀត ឲ្យពលរដ្ឋបែរមកតាមដានពីបញ្ហានេះវិញ។

លោកបន្ថែមថា៖គ្រប់រូបភាពនិងគ្រប់សកម្មភាពដែលធ្វើហ្នឹងគឺវាសឹងតែថាប្រជាជនណាក៏គេដឹងដែរថានៅពេលជិតបោះឆ្នោតជិតអីចឹងគឺមានអាករណីហ្នឹងកើតឡើងរហូតចំពោះគណបក្សកាន់អំណាច គឺគាត់ធ្វើតែអញ្ចឹង តែប្រជាជនគាត់មានការយល់ដឹងច្រើន គាត់លែងចាប់អារម្មណ៍ពីរឿងហ្នឹង រឿងខ្សែអាត់ ឬការរិះគន់ប្រហារលើគណបក្សប្រឆាំងអីចឹងទៅ

លោក កែវ ពន្លក បន្ថែមថាបញ្ហាខ្សែអាត់សំឡេងលោក កឹម សុខា នោះគ្រាន់តែជារឿងផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ដែលស្ថាប័នរដ្ឋមិនគួរលើកយកមកដោះស្រាយនោះទេ។

ពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចកម្នាក់ទៀត អ្នកស្រី សាន់ សុខេង ក៏បានលើកឡើងថាមួយរយៈចុងក្រោយនេះមានការលើកឡើងច្រើនពីបញ្ហាខ្សែអាត់សំឡេងដែលអាជ្ញាធរមានចំណាត់ការជាបន្តបន្ទាប់។ អ្នកស្រីបន្ថែមថា​​ការបញ្ចេញខ្សែអាត់សំឡេងនេះ ជារឿងមួយដែលអាចបង្វែរស្ថានការណ៍ឲ្យពលរដ្ឋគិតពីចំណុចអាក្រក់របស់លោក កឹម សុខា ហើយលែងគិតពីបញ្ហាសង្គមដែលធ្លាប់កើតមាន។

អ្នកស្រីបន្ថែម៖ រឿងហ្នឹងបង្វែរបន្លំពន្យាពេលឲ្យប្រជាពលរដ្ឋនឿយណាយ ប៉ុន្តែប្រជាពលរដ្ឋឥលូវអត់នឿយណាយទេ កុំបន្លំប្រជាពលរដ្ឋច្រើនដងពេកប្រជាពលរដ្ឋលែងជឿហើយរឿងប្រទេសជាតិទាំងមូលឲ្យពួកគាត់មកគិតរឿងប្រទេសជាតិវិញ ថាបឹងកក់ទាំងមូលលក់ចង់ខ្ទេចខ្ទីអស់ហើយ ឥឡូវឈានទៅដល់លក់បឹងនៅតាមខេត្តទៀត អញ្ចឹងខ្ញុំចង់ឲ្យគាត់គិតរឿងហ្នឹង កុំបង្វែរប្រជាពលរដ្ឋពេក

កំពុងអង្គុយចុចទូរស័ព្ទពលរដ្ឋម្នាក់ទៀតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលសុំមិនបញ្ចេញឈ្មោះលើកឡើងដែរថាការចេញខ្សែអាត់សំឡេងរបស់លោក កឹម សុខា នោះជាការរៀបចំឡើងបែបនយោបាយដើម្បីវាយប្រហារលើគូប្រកួត​​។ លោកបន្ថែមថាការតវ៉ារបស់យុវជននិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយក៏ដូចជារដ្ឋសភាលើបញ្ហាបុគ្គលផ្ទាល់ខ្លួននេះគឺជាការរៀបចំជាប្រព័ន្ធដើម្បីទាញទម្លាក់ប្រជាប្រិយភាពមេដឹកនាំបក្សប្រឆាំងដែលតែងតែលើកឡើងពីចំណុចខ្វះខាតរបស់រដ្ឋាភិបាល។

លោកបន្ថែមថា៖ បើសិនជាអ្នកនយោបាយដើមបំបាក់ទៅលើដៃគូម្ខាងរបស់គាត់ គាត់គួរតែលើកពីបញ្ហាជាតិធំៗមួយចំនួនដូចជា ទីមួយលើកពីបញ្ហាកាប់បំផ្លាញ់ព្រៃឈើ ការបំផ្លាញធនធានរ៉ែ និងការសម្បទានដីដោយអនាធិបតេយ្យ ទីពីរថ្នាក់ដឹកនាំគួរតែគិតពីបញ្ហាព្រំដែនជាធំ ទីបីគាត់គួរតែគិតពីបញ្ហាហូរចូលនូវជនអន្តោប្រវេសន៍ខុសច្បាប់

ពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះដដែលលើកឡើងបន្ថែមថាអង្គភាពប្រឆាំងអំពើរពុករលួយនិងសភាមិនគួរលើកយកបញ្ហាខ្សែអាត់សំឡេងនោះជាបញ្ហាធំឡើយព្រោះវាមិនបានផ្ដល់ផលប្រយោជន៍ដល់សង្គមនោះទេ។

កំពុងអង្គុយជជែកជាមួយនឹងមិត្តភក្តិនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិស្សិតឆ្នាំទី៤ម្នាក់ យុវជន សំ ពិសិដ្ឋ បានលើកឡើងថាបើទោះបីជាខ្សែអាត់សំឡេងនោះជារបស់លោក កឹម សុខា ក៏យុវជនមិនគួរលើកយកជាបញ្ហាធំដែរ ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់គេ។ និស្សិតរូបនោះបន្ថែមថាក្នុងនាមជាយុវជនគួរតែខិតខំរៀនសូត្រនិងគិតគូពីបញ្ហារួមដូចជាការចំណាកស្រុក ការបាត់បង់ធនធានធម្មជាតិ និងបញ្ហាព្រំដែនជាដើម។

យុវជនរូបនោះបន្ថែមថា៖ យើងគិតតែពីបញ្ហាមួយជ្រុងតូច បញ្ហាធំៗបែរជាចោលទៅវិញ ថ្ងៃក្រោយបញ្ហាធំវានឹងជះឥទ្ធិពលលើបញ្ហាតូចហ្នឹងវាគង់តែរលាយដូចគ្នា។ បញ្ហាហ្នឹងគ្រាន់តែជាជ្រុងមួយទេចឹងយើងគួរតែដោះស្រាយដែរ តែដោះស្រាយក្នុងពេលសមស្របមួយ ព្រោះពេលឥឡូវព្រៃឈើយើងក៏បាត់បង់ច្រើន ខាងព្រំដែនយើងក៏អត់មានស្ថេរភាព ហើយបញ្ហាយុវជនកាន់តែច្រើន បញ្ហាអប់រំ សីលធម៌សង្គមក៏ធ្លាក់ចុះ អញ្ចឹងយើងគួរតែចាប់អារម្មណ៍ប៉ុន្មានចំណុចហ្នឹងវិញ

ទាក់ទងនឹងការចេញខ្សែអាត់សំលេងនេះយុវជនមួយក្រុមដែលអះអាងថាខ្លួនជានិស្សិតដែលដឹកនាំដោយយុវជន ឈ្មោះ ស្រី ចំរើន បានធ្វើការតវ៉ានិងដាក់ញត្តិជាបន្តបន្ទាប់ទៅកាន់ស្ថាប័នរដ្ឋមួយចំនួនដូចជាអង្គភាពប្រឆាំងអំពើពុករលួយនិងរដ្ឋសភា។ ករណីនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយទទួលយកទៅចាត់ការ ហើយរដ្ឋសភាក៏បញ្ជូនលិខិតនោះទៅឲ្យលោក កឹម សុខា បំភ្លឺតាមការទាមទារ​របស់​ឈ្មោះ ស្រី ចំរើន នោះ។

ប្រធានវេទិកាអនាគតកម្ពុជានិងជាអ្នកតាមដានបញ្ហាសង្គមលោក អ៊ូ វិរៈ មានប្រសាសន៍បើសិនជាយុវជនមួយចំនួននោះចូលរួមក្នុងសកម្មភាពសង្គមទើបជាការប្រសើរជាជាងការលើកឡើងពីបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គល។ លោកបន្ថែមថាទាក់ទងនឹងខ្សែអាត់សំឡេងគឺជាបញ្ហាមួយដែលបំពុលដល់សង្គម ព្រោះពលរដ្ឋមិនបានលើកពីបញ្ហាផ្សេងមកពិភាក្សាដើម្បីរកដំណោះស្រាយនោះទេ។

លោកបន្ថែមថា៖ ម្នាក់ៗវ៉ក់បំពុលតែពីរឿងហ្នឹងអត់បានជជែកគ្នាពីបញ្ហាដែលប្រជាពលរដ្ឋប្រឈមជាច្រើនរាប់មិនអស់ដែលប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់នៅតាមមូលដ្ឋានកំពុងប្រឈម។ យើងបានគិតថាប្រជាពលរដ្ឋទៅធ្វើការនៅប្រទេសថៃគាត់ប្រឈមនឹងបញ្ហាអ្វីខ្លះយើងអត់ដែលបានជជែកគ្នាសោះ ហើយយើងនឹងដោះស្រាយជួយពួកគាត់របៀបម៉េចហេតុអ្វីបានជាគាត់ចេញទៅ។ កម្មករកាត់ដេរនឹងត្រូវប្រឈមរបៀបម៉េចនៅពេលដែលវៀតណាមចូលបណ្ដាញសេដ្ឋកិច្ច……តើយុវជនដែលកំពុងរៀននៅពេលដែលគាត់រៀនចប់គាត់ទៅធ្វើការនៅឯណា ទៅសុំគេធ្វើការនៅប្រទេសដទៃឬយ៉ាងណាយើងអត់ដែលបានជជែកគ្នា

លោក អ៊ូ វិរៈ បន្ថែមថាការលួចថតសំឡេងសន្ទនាជាលក្ខណៈឯកជនគឺខុសនឹងច្បាប់ព្រហ្មទណ្ឌដែលអាជ្ញាធរគួរតែធ្វើការស៊ើបអង្កេត ប៉ុន្តែលោកបន្ថែមថាអាជ្ញាធរមិនមានឆន្ទៈក្នុងការស៊ើបអង្កេតនោះទេដែលធ្វើឲ្យមានការសង្ស័យថារឿងនេះជាការរៀបចំដោយអ្នកនយោបាយ។

ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានបដិសេធថាគណបក្សប្រជាជនមិនមានជាប់ពាក់ព័ន្ធនឹងការចេញខ្សែអាត់សំឡេងនោះទេ។ លោកបន្ថែមថាបើតាមការស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថាសំឡេងនោះពិតជាសំឡេងរបស់លោក កឹម សុខា មែន។

ទោះបីជាយ៉ាងណាពលរដ្ឋបានជំរុញឲ្យអាជ្ញាធរខិតខំដោះស្រាយបញ្ហាចំបងជូនពលរដ្ឋដូចការបញ្ហាអត់ការងារធ្វើ​ ការបាត់បង់ធនធានព្រៃឈើ និងបញ្ហាព្រំដែនជាដើម ជាជាងបង្កើតរឿងបុគ្គលដើម្បី​បង្វែរការចាប់អារម្មណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ