អ្នកណាៗក៏ស្រឡាញ់សន្តិភាព អ្នកណាៗក៏ស្អប់ខ្ពើមនិងភ័យខ្លាចសង្រ្គាមដែរ។ ប៉ុន្តែការមិនមានសង្រ្គាម មិនមានជម្លោះប្រដាប់អាវុធតែមួយមុខ មិនទាន់គ្រប់គ្រាន់នៅឡើយទេ សន្តិភាពត្រូវរួមជាមួយ សន្តិសុខ ទាំងផ្លូវកាយនិងផ្លូវចិត្ត មានយុត្តិធម៌សង្គម មានការគោរពច្បាប់ គុណភាពជីវិត សីលធម៌ និងសេចក្តីថ្លៃថ្នូរផងដែរ។ សន្តិភាពដែលពុំមានកត្តារួមផ្សំផ្សេងទៀត គឺជាសន្តិភាពក្លែងក្លាយ ឬសន្តិភាពតែសម្បកក្រៅ ជាសន្តិភាពដែលរងការគំរាមកំហែងជាប្រចាំ។
តើស្ថានភាពសព្វថ្ងៃនៅកម្ពុជាអាចបង្កឲ្យសង្រ្គាមស៊ីវិលឬទេ?
សង្រ្គាមមានពីរប្រទេស គឺសង្រ្គាមក្នុងស្រុក ឬសង្រ្គាមស៊ីវិល និង សង្រ្គាមជាមួយបរទេស។ តាមនិយមន័យជាក់ស្តែង សង្រ្គាម គឺជាជម្លោះប្រដាប់អាវុធរវាងគូបដិបក្ខពីរឬច្រើនក្រុម ពោលគឺក្រុមនីមួយៗមានកម្លាំងប្រដាប់អាវុធរបស់ខ្លួនផ្ទាល់ ឧទាហរណ៍ ជម្លោះប្រដាប់អាវុធរវាងរបប លន់ នល់ និង ក្រុមខ្មែរក្រហម ឬ រវាងខ្មែរក្រហម និង របបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ល។
នៅកម្ពុជាបច្ចុប្បន្ន ក្រោយពេលមានកិច្ចព្រមព្រៀងក្រុងប៉ារីស៍ឆ្នាំ១៩៩១ និង ក្រោយពេលរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហមនៅចុងទសវត្សរ៍ឆ្នាំ១៩៩០មក កងកម្លាំងប្រដាប់អាវុធត្រូវបានបញ្ចូលតែមួយជាកងកម្លាំងរបស់ជាតិ។ ហេតុនេះ សង្រ្គាមស៊ីវិលអាចនឹងលែងកើតមានទៀតហើយ ដោយសារក្នុងចំណោមគូបដិបក្ខនយោបាយ មានតែបក្សកាន់អំណាចប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចគ្រប់គ្រងទៅលើកងកម្លាំងប្រដាប់អាវុធ។
ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ ទាំងផ្នែកយោធាក្តី នគរបាលជាតិក្តី ពួកគេមានតួនាទីថែរក្សាការពារទឹកដី ថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ ការពារការអនុវត្តច្បាប់។ល។និង។ល។ លើសពីនេះទៀត ពួកគេត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និង គោរពឆន្ទៈរបស់រាស្រ្តជាម្ចាស់ឆ្នោត។ ការណ៍ដែលកងកម្លាំងប្រដាប់អាវុធប្រកាសគាំទ្រ និងការពារដល់ក្រុមណាមួយ បុគ្គលណាម្នាក់ តែមិនការពារដល់ការសម្រេចចិត្តផ្នែកនយោបាយរបស់ម្ចាស់ឆ្នោត ថែមមានការគំរាមកំហែងបង្រ្កាបទៅលើអ្នកឈ្នះឆ្នោតថ្មី នោះជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ អំណាចពលរដ្ឋ និង ដំណើរការលទ្ធិប្រជាធិបតេយ្យ នោះគេហៅថា រដ្ឋប្រហារ។
ប្រសិនបើបក្សថ្មីឈ្នះឆ្នោត តើអាចមានសង្រ្គាមជាមួយប្រទេសជិតខាងឬទេ?
សង្រ្គាមជាមួយបរទេសអាចកើតឡើងដោយសារកត្តាមួយចំនួនដូចជា៖ ១.យល់ថាកម្លាំងយោធារបស់ខ្លួនមានប្រៀបលើបដិបក្ខ ២.បង្ខំចិត្តត្រូវការពារទឹកដីទប់ទល់នឹងការឈ្លានពាន។ តែចំពោះកម្ពុជា សង្គ្រាមជាមួយប្រទេសជិតខាងគឺមិនអាចទៅរួចទេ ដោយសារយើងមានកម្លាំងខ្សោយជាងគេ ហើយបើប្រទេសទាំងនោះមិនបំពានមកលើអធិបតេយភាពរបស់យើងទាំងកម្រោល ក៏យើងពុំមានមូលហេតុទៅឈ្លានពានប្រទេសគេដែរ។
បើយើងតាមដានសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ថ្នាក់ដឹកនាំដែលថា បើបក្សកាន់អំណាចចាញ់ឆ្នោតនឹងមានសង្រ្គាម ហើយយើងត្រូវរក្សាសន្តិភាពឲ្យបាន “ទោះក្នុងតម្លៃណាក៏ដោយ” យើងប្រាកដជាសួរខ្លួនឯងថា តើតម្លៃនោះជាអ្វីខ្លះ? ជាទ្រព្យសម្បត្តិជាតិ? ជាអាយុជីវិតមនុស្ស? ឬជាការបង្ហូរឈាមគ្នា?
ក្នុងបណ្តាខ្សែភាពយន្តបរទេសដែលនិយាយពីទិដ្ឋភាពសង្គមអ្នកលេង បងតូចបងធំ បង្ហាញថា អ្នករកស៊ីតូចតាចត្រូវបង់ថ្លៃការពារឲ្យក្រុមបងធំ បើមិនអញ្ចឹងទេ ពួកគេនឹងមកបង្ករឿងអុកឡុករំខាន និងបំផ្លិចបំផ្លាញមុខរបររបស់អ្នករកស៊ីមិនខាន។ ជិត៤០ឆ្នាំហើយ ដែលប្រជារាស្រ្តខ្មែរបានបង់ថ្លៃការពារដល់អ្នកកាន់អំណាចតាមរយៈ ទទួលរងនូវការបណ្តេញដេញពីលំនៅដ្ឋាន ផ្ទះសម្បែង ដីធ្លី រាប់ពាន់រាប់ម៉ឺនគ្រួសារ។ ធនធានរ៉ែធម្មជាតិ លើដី ក្នុងដី ក្នុងទឹក ខ្សាច់ក្នុងស្ទឹង បឹងបួរ ទន្លេ សមុទ្រ ព្រៃឈើរាប់លានហិចតា ល។និង។ល។ ត្រូវបានកំណត់ថាជាថ្លៃការពារដែលរាស្រ្តត្រូវបង់ដោយគ្មានការតវ៉ា រហូតមានឈ្មួញមួយចំនួនក្លាយជាឧកញ៉ាដោយសារការបំផ្លាញធនធានធម្មជាតិទៀតផង។ តើរាស្រ្តត្រូវបង់ថ្លៃការពារបែបនេះប៉ុន្មានឆ្នាំតទៅមុខទៀត?
រាប់ពាន់ឆ្នាំហើយ តាំងពីកកើតទឹកដីមកទល់នឹងពេលនេះ កម្ពុជាពុំមានបទពិសោធន៍ផ្ទេរអំណាចដោយគ្មានការបង្ហូរឈាមគ្នាទេ។ គួរណាស់តែអព្ភូតហេតុនេះ អាចកើតឡើងក្នុងដើមសតវត្សរ៍ទី២១នេះម្តង គួរណាស់តែយើងរៀនពីបទពិសោធន៍ល្អៗរបស់មិត្តភក្តិបរទេសនានា ដូចជាភូមាជាដើមដែលពួកយោធាស្រុះស្រួលប្រគល់អំណាចដល់បក្សដែលឈ្នះឆ្នោត គួរណាស់តែអ្នកនយោបាយយកការតតាំងតាមរយៈប្រជាប្រិយភាពពីការបោះឆ្នោត ជាជាងគំរាមប្រកាសសង្រ្គាម គំរាមបង្រ្កាបដោយការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ដើម្បីរក្សាអំណាចរបស់ខ្លួន។
ក្រៅពីអំណាច គួរណាស់តែថ្នាក់ដឹកនាំងាកមកគិតគូរពីបញ្ហាធំៗ ដែលសង្គមខ្មែរកំពុងប្រឈម ដូចជា អយុត្តិធម៌សង្គម អំពើពុករលួយ អំពើនិទណ្ឌភាព គម្លាតរវាងអ្នកមាននិងអ្នកក្រ អន្តោប្រវេសន្ត៍បរទេសខុសច្បាប់ ដែលមកដណ្តើមការងាររបស់ប្រជាជនខ្មែរ ការកិបកេងទ្រព្យសម្បត្តិជាតិ ការអនុវត្តច្បាប់មិនស្មើភាព អំពើហិង្សាក្នុងសង្គម ការធ្លាក់ចុះយ៉ាងដុនដាបផ្នែកសីលធម៌សង្គម ការអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ ការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ អត្រាអត់ការងារធ្វើក្នុងចំណោមយុវជន បញ្ហាចំណាកស្រុកដោយសារជីវភាព ។ល។ ជាជាងគិតតែពីរិះរកវិធីសាស្រ្ត ដើម្បីកម្ទេចគូបដិបក្ខមុនពេលការប្រកួតជាក់ស្តែងមកដល់។
ព្រឹត្តិការណ៍នៃការវាយដំទៅលើអ្នកបើកបរ ដែលបានបង្កឲ្យមានការស្លាប់អ្នកធ្វើដំណើរកាលពី២-៣ថ្ងៃមុន គឺជាសញ្ញាណបង្ហាញពីការប្រកាសអាសន្ន ចំពោះកត្តានានាទាំងអម្បាលម៉ាណ ដែលបានរៀបរាប់ខាងលើ ដែលអ្នកនយោបាយមានឥទ្ធិពលត្រូវដោះស្រាយជាបន្ទាន់ ព្រោះថា នៅក្នុងសង្គមមួយ ក៏ដូចជាក្នុងគ្រួសារមួយដែរ បើសមាជិកគ្រួសារគិតតែឈ្លោះទាស់ទែងគ្នា វាបង្ហាញពីអសមត្ថភាពរបស់អាណាព្យាបាល និងអ្នកគ្រប់គ្រងក្នុងគ្រួសារនោះ!!!