បក្សប្រឆាំងបង្ហាញជំនឿថាក្បាលម៉ាស៊ីនដឹកនាំថ្មីគ្មានបញ្ហា

ប្រធានបក្សសង្រ្គោះជាតិ លោក កឹម សុខា

មេដឹ​ក​នាំបក្សប្រឆាំងលើកឡើងប្រហាក់ប្រហែលគ្នាថា ការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំថ្មី ក្រោ​យ​លោ​ក សម រង្ស៊ី ប្រកាសលាលែងថា នឹងគ្មានបញ្ហា បើទោះបីជា​ក្រ​សួងមហាផ្ទៃមិនទាន់ទទួ​លស្គា​ល់​​ជា​ផ្លូវ​កា​រ​ក៏​​ដោយ។

កាលពីថ្ងៃពុធម្សិលមិញ ក្រសួងមហាផ្ទៃនៅតែអះ​អា​​​ង​​ថា ការជ្រើស​​រើស លោ​ក កឹម សុខា​ ឡើងកាន់តំណែងជា​ប្រធា​នបក្សជំ​នួ​សលោក សម រង្ស៊ី និងតែ​ងតាំ​ង លោ​ក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ឲ្យធ្វើអនុប្រធាននោះថា ផ្ទុ​យ​​​​លក្ខ​ន្តិកៈ​ ​ត្រ​​​​ង់​ប្រ​កា​រ​៤៧​​។ ក្រ​សួងមហាផ្ទៃ​ក៏តម្រូវ ឲ្យបក្សប្រឆាំងពិនិ​ត្យករណីនេះឡើ​ង​វិ​ញ។

ប៉ុន្តែនៅថ្ងៃទី៣០ ខែមីនានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឆ្លើយ​នឹងសំ​នួរអ្ន​កសារព័​ត៌​មាន ក្រោ​យ​​បិទបញ្ចប់ពិធីរំឭកខួប២០ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែក នៅមុខម​ន្ទីរដ្ឋសភាចាស់ ហា​​ក់មិន​ព្រួយ​បា​​រម្ភពីកា​​រ​ច្រា​នចោលរបស់ក្រសួងមហាផ្ទៃនេះទេ។

លោកថា៖«ខ្ញុំប្រធាន! ទោះលក្ខន្តិកៈចាស់ក៏ប្រធាន លក្ខន្តិកៈថ្មីដែលធ្វើវិសោធនកម្មនេះក៏ប្រធាន។ ប្រ​ធា​នដដែលហ្នឹង ហើយ​អត់មានរឿងអីផង»។

អនុប្រធានបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលបានចូលរួមពិធីនោះដែរ បានប​ញ្ជាក់ថា ជំនួ​បជា​មួយមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃពុធម្សិលមិញ លោកថាមានភាពវិជ្ជមា​នច្រើន ដោយថាក្រសួងម​ហា​ផ្ទៃ​ទទួ​ល​​ស្គាល់សមាជ និងមិនជំទាស់និងការធ្វើវិសោធនកម្មប្រការ៤៧ របស់បក្សប្រឆាំងនេះទេ។ ​ប៉ុន្តែ​​​​​​លោ​​​ក​​​​​ថា​អ្វីដែ​ល​នៅ​សេ​​ស​សល់ គ​ណ​​បក្សនេះ​នឹងព្យាយាមសម្រួ​លដើម្បីឈា​នទៅដល់​ការយោ​គ​យ​ល់​គ្នា។

លោកថា៖ «លក្ខន្តិកៈចាស់ប្រការ៤៧ហ្នឹង មិនអនុញ្ញាតិឲ្យយើងជ្រើសរើស អនុប្រធានដល់ទៅ៣ទេ។ ប៉ុន្តែក្រោយពីសមាជថ្ងៃទី២ភ្លាមៗហ្នឹង [សមាជិកគណបក្ស] បានអនុម័តធ្វើវិសោធ​នកម្មទៅលើ​ប្រកា​រ​៤៧​ហ្នឹង ប្រការហ្នឹងឯងដែ​លបើកច្រកឲ្យយើ​ងរៀបចំក្បាលម៉ាស៊ីនហ្នឹង។ អញ្ចឹងបានន័យថា ​បើក្រ​សួងទ​ទួលស្កា​ល់​​​ស​​​មាជ​ហើយនឹ​ងមិ​ន​យ​ល់ទាស់​នឹងការធ្វើវិសោធនកម្មរបស់យើងទេ ដូច្នេះយើង​អាច​មាន​ដំដោះ​ស្រាយ​ហើយ»។

នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅ NICFEC លោក សម គន្ធាមី លើកឡើងថា ករណីនេះ គណប​ក្សប្រឆាំ​ង គួរតែស្វែ​ងរកការ​ជួបក្រសួងមហាផ្ទៃម្តងទៀត ដើម្បីពន្យល់ពីភាពស្របច្បាប់លើដំណើរការសមាជរបស់ខ្លួន និងបានជំរុញ ក្រ​សួ​ង​មហា​ផ្ទៃឲ្យបំពេញតួនាទីជាស្ថាប័នឯករាជ្យ បង្កើតបរិយាកាសងាយស្រួល ដល់គណបក្សនយោបាយ ធ្វើ​យ៉ាងណាឲ្យពួកគេ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ ដោយគ្មា​ន​ការគំ​រាមក ដើម្បីធា​នាពីភាព ​ត្រឹ​ម​ត្រូ​វ និងយុត្តិធម៌ ដល់ដំណើការបោះឆ្នោត។

នៅក្នុងសន្និសីទសារព័ត៌មាននៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ខែមីនានេះ លោក ប៊ុន ហុន អនុរដ្ឋលេខា​ធិការ​​ក្រសួងមហាផ្ទៃ បានអះអាងដោយ​ភ្ជាប់នឹង​សេចក្តីប្រកាសព័ត៌មានថា ការធ្វើសមាជរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២ខែមីនា ដែលជ្រើសតាំងប្រធានថ្មីនិងអនុប្រធាន៣រូបនោះ គឺខុសនឹងប្រកា៤៧ ទាំងចាស់ និងថ្មីនៃលក្ខន្តិកៈរបស់គណបក្សនេះ។ ប៉ុន្តែក្នុងសេចក្តីប្រកាសដែលមានខ្លឹមសារដូចសេចក្តីប្រកាសលើកមុននោះ គឺមិនបានប្រាប់ឲ្យគណបក្សសង្រ្គោះជាតិថាត្រូវធ្វើអ្វីបន្តនោះទេ។

ទោះជាយ៉ាងណា លោកអេង ឆៃអ៊ាង បានអះអាងដែរថា គណបក្សប្រឆាំងមួយនេះ នឹងពិចា​រណាធ្វើ​ស​មាជវិ​សម​ញ្ញម្ត​ងទៀត បើក្នុងករណីចាំបាច់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ