ពលរដ្ឋបុរីកីឡាក្រុមថ្មីធ្វើពិធីដាក់បណ្តាសាអ្នកយកដីធ្លីពួកគេ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 11:20 AM | បញ្ហា​វិវាទដីធ្លីសិទ្ធិមនុស្ស | 0 | 1401

ពលរដ្ឋសហគមន៍បុរីកីឡាមួយក្រុមថ្មីទៀតប្រមាណជាង២០គ្រួសារដែលមិនទាន់ទទួលបានសំណង នៅថ្ងៃ នេះប្រមូលផ្តុំគ្នាមុខអាគារទី៩និងទី១០ធ្វើពិធីដាក់បណ្តាសារក្រុមហ៊ុនផានអ៊ីម៉ិច និងបួងសួងឲ្យសាលារាជធានីភ្នំ ទន់ចិត្តព្រមដោះស្រាយសំណងជូនពួកគេ។

នៅក្នុងពិធីនោះពួកគេបាននាំគ្នាសែនព្រេនតាមបែបសាសនាដោយ មានមាន់ស្ងោ អ៊ុចធូប ទៀន និងបាចអំពិល ម្ទេស ហើយនិយាយក្នុងន័យដាក់បណ្តាស់សារថា «សុំឲ្យអ្នកដែលយដីធ្លីរបស់ពួកគេក្តៅក្រហាយក្រហល់គ្មានសេចក្តីសុខ និង សុំឲ្យវត្ថុស័ក្តសិទជួយបន្ទាន់ចិត្តទៅសាលារាជធានីភ្នំពេញពន្លឿនការដោះស្រាយជូនពួកគេឲ្យបានឆាប់»។

ការធ្វើពិធីសែនព្រេនរបស់អ្នកភូមិថ្ងៃនេះ គឺមិនឃើញមានអាជ្ញាធរណាមករារាំងឬហាមឃាត់ដូចពេលមុនៗនោះទេ។ ក្រោយពីធ្វើពិធីសែនព្រេនជាងកន្លះម៉ោង ក្រុមពលរដ្ឋបាននាំគ្នាដើរ តវ៉ានៅមុខសាលារាធានីភ្នំពេញជាបន្តទៀត ដើម្បីជម្រុញឲ្យស្ថាប័នមួយនេះពន្លឿនការដោះស្រាយសំណងជូនពួកគេ។

កាលពីឆ្នាំ២០០៨ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផានទទួលបានសិទ្ធិពីរដ្ឋាភិបាល ធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយសន្យាសង់អាគារចំនួន១០ជូនប្រជាពលរដ្ឋវិញ ប៉ុន្តែក្រុមហ៊ុនសង់បាន៨អាគារក៏ផ្អាកការសាងសង់ ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលបញ្ហានេះធ្វើឲ្យពលរដ្ឋនៅទីនោះផ្ទុះការតវ៉ារហូតមកដល់បច្ចុប្បន្ន។

គម្រោងអភិវឌ្ឍន៍នេះ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋក្នុងតំបន់នោះរាប់រយគ្រួសារ ដោយអាជ្ញាធរនិ ងក្រុមហ៊ុនធ្វើការឈូសឆាយផ្ទះ និងបណ្តេញពលរដ្ឋចេញទាំងបង្ខំ ដែលរហូតមកដល់ពេលនេះ បើតាមអះអាងរបស់មន្រ្តីសាលារាធានីភ្នំពេញនៅពលរដ្ឋប្រមាណ១០០គ្រួសារទៀត ដែលមិនព្រមទទួលយកសំណង ក្នុងនោះមានទាំងពលរដ្ឋសកម្មដើរតវ៉ា និងពលរដ្ឋមិនចេញតវ៉ា៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required