តុលាការដាក់ទោសលោក​ សម រង្ស៊ី មួយករណីទៀតតាមបណ្តឹង​លោក​ ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឲ្យ​លោក ​សម រង្ស៊ី ចាញ់ក្តី​លោក ​ហ៊ុន សែន មួយករណីទៀត ដោយឲ្យអតីតប្រធានបក្សប្រឆាំងរូបនេះ ជាប់​ពន្ធនាគារ ១ឆ្នាំ​ ៨ខែ ពាក់​ព័ន្ធ​នឹង​បណ្តឹង​ដែល​ថា​​​លោក​ សម រង្ស៊ី បាន​ចោទ​រដ្ឋាភិបាល​ថា​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​លើ​លោក​​​បណ្ឌិត កែម​ ឡី​។​

​ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ នៅព្រឹក​ថ្ងៃទី​៣០ មីនានេះ បាន​សម្រេច​ឲ្យ​លោក​ សម រង្ស៊ី​ ​ជាប់​ពន្ធនាគារ ១ឆ្នាំ​ ៨ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ១០លាន​រៀល និង​ឲ្យ​សងសំណងចិត្តទៅ​លោក ​ហ៊ុន សែន ១០០រៀល​លុយ​ខ្មែរ ពីបទបរិហារកេរ្តិ៍និងញុះញង់ឲ្យបង្ករអសន្តិសុខដល់​សង្គម។

មេធាវីការ​ពារ​ក្តី​លោក សម រង្ស៊ី គឺលោក សំ សុគង់ យល់ថាការ​សម្រេច​នេះមិនមានយុត្តិ​ធម៌​សម្រាប់​កូន​ក្តី​លោក។ អយុត្តិ​ធម៌ព្រោះ​លោក​ថា ការ​សម្រេច​នេះ​គឺធ្វើឡើង​ដោយ​គ្មាន​ភស្ភុតាងគ្រប់​គ្រាន់ និង​មិន​មាន​អ្វី​ដែល​អាច​បញ្ជាក់​បាន​ថា​កូន​ក្តី​របស់​ខ្លួនប្រព្រឹត្ត​នូវ​បទញុះ​ញង់​ដូ​ចការ​ចោទ​ប្រកាន់​នោះ​ទេ។

លោកថា៖ «កូនក្តីខ្ញុំនិយាយតែពាក្យមួយទេគឺពាក្យថារដ្ឋអំណាច ពាក្យហ្នឹងបើយើងនិយាយជាទូទៅគឺអត់សំដៅលើរាជរដ្ឋាភិបាល អត់សំដៅលើក្រុមរដ្ឋអំណាចអីជាក់លាក់ទេព្រោះអីដោយសារជួនការមានមនុស្សមួយក្រុមហ្នឹងគាត់អាចប្រកាសថា រដ្ឋអំណាច ឬជាអីដែលពាក់ព័ន្ធ ឬជារដ្ឋអំណាចមួយដែលមិនពិតប្រាកដនោះណា។ ព្រោះអីពាក់ព័ន្ធនឹងញុះញង់ឬក៏បរិហារកេរ្តិ៍ហ្នឹងលុះត្រាតែយើងសំដៅលើបុគ្គលណាមួយជាក់លាក់»។

ទោះ​ជាយ៉ាង​ណា​លោក សំ សុគង់ ថានឹង​ពិភាក្សា​ជា​មួយ​កូន​ក្តីលោក​ដើម្បី​ប្តឹងទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត។ ​

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា យល់ថាបណ្តឹង​រវាង​លោក​ ហ៊ុន សែន ទៅ​លើ​លោក សម រង្ស៊ីនេះ ជា​បណ្តឹង​ដែល​គេ​អាច​មើល​ឃើញគ្រប់​គ្នា​រួច​ហើយ​ពី​លទ្ធផល​នៃ​បណ្តឹង​នោះ​។​ ចំពោះ​ការ​សម្រេច​សេចក្តី​នេះវិញលោកថា បើទោះ​ជា​តុលាការ​​​អះ​អាង​ខ្លួន​សម្រេច​ដោយ​ផ្អែក​លើ​ភស្ភុតាង និង​វិនិច្ឆ័យ​ដោយ​ត្រឹម​ត្រូវ​ក៏​ដោយ​ ក៏​ការ​សម្រេច​នេះត្រូវ​បាន​មជ្ឈដា្ឋន​ទូ​ទៅ​វាយ​តម្លៃ​បាន​ហើយ​ថាគឺ​ស្ថិត​ក្រោម​សម្ពោធ​នយោបាយ​របស់​បក្ស​កាន់​អំណាច។

លោក​ថា៖ «ពាក់​ព័ន្ធ​ឥទ្ធិពល​របស់​តុលាការ​នៅ​ក្រោម​ឥទ្ធិពល​របស់​នីតិ​ប្រតិបត្តិ អញ្ចឹង​ក៏​ពិ​បាក​រក​យុត្តិធម៌​សម្រាប់​បុគ្គល​ទូទៅ​ដែរ អាហ្នឹង​ដែល​ធ្វើ​ឲ្យ​មហា​ជន​ទូ​ទៅ​អាច​មើល​ឃើញថា​បណ្តឹង​នេះ​គឺ​នាយក​រដ្ឋ​មន្ត្រី​គាត់​ឈ្នះ ក៏​ប៉ុន្តែ​នៅ​ក្នុង​សម័យ​កាល​នេះ នាយក​រដ្ឋ​មន្ត្រី​គាត់​មិន​យក​លុយ​ដោយ​សារ​តែ គាត់​គិត​អំពី​ភាព​ត្រឹមត្រូវ​របស់​គាត់ ហើយ​ជា​ទូ​ទៅ​បុគ្គលសាធារណៈគួរតែ​ប្រកាន់​យក​គោល​ការណ៍​បែបនេះ​ឯង​មិន​បាច់​យក​ប្តឹង​យក​ឈ្នះ​យក​ចាញ់​យក​សំណង ផ្លូវ​ចិត្ត​អី​ទេ​ព្រោះ​បុគ្គល​សាធារណៈ​ធ្វើការ​​ដើម្បី​សាធារណៈជន​ទូ​ទៅ​។ គាត់​យក​សំណង​ចូល​រដ្ឋ​គឺ​វា​អត់​បញ្ហា​ទេ តែ​ប្រសិន​ជា​គាត់​យក​សំណង​ចូល​ខ្លួន​គាត់​ដូច​ករណី​លោក​ គឹម សុខ អី​អា​ហ្នឹងករណី​ហ្នឹង​គឺ​វា​អត់​ល្អ​មើល»​។

គួរ​បញ្ជាក់​ផង​ដែរថា មាន​មនុស្ស​៣នាក់​ហើយ​ដែល​ត្រូវរដ្ឋាភិបាលប្តឹង​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ពួកគេ​​ដែល​ចោទ​រដ្ឋាភិបាល​​ថានៅពី​ក្រោយ​ការ​​សម្លាប់​លោក កែម ឡី។ មនុស្ស​ចំនួន​៣នាក់​នោះ​មាន​លោក សម រង្ស៊ី លោក​ស្រី​ថាក់ ឡានី និង​លោក គឹម សុខ។ បណ្តឹង​ដែល​រដ្ឋាភិបាល​ប្តឹង​លោក សម រង្ស៊ី និង​លោក​ស្រី ​ថាក់ ឡានី បាន​ទាម​ទារសំណង​ពីពួកគេតែ១រយរៀល ខណៈដែល លោក គឹម សុខ ត្រូវ​បានលោក ហ៊ុន សែន ​ប្តឹង​ទាម​ទាររហូតដល់​​ ៥០​ម៉ឺនដុល្លារក្នុ​ងករណី​ដូច​គ្នា​នេះ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ