លិខិតមិត្តអ្នកអាន៖ លោក កឹម សុខា ជាបន្លាក្នុងកែវភ្នែកលោក ហ៊ុន សែន? (ភាគ១)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

«…ដោយសារការរួបរួមគណបក្សទាំងពីរ និងពីព្រោះលោកនាយករដ្ឋមន្ត្រីធ្លាប់តែទប់ទល់នឹង…លោក សម រង្សី បាន បច្ចុប្បន្ននេះ មុខសញ្ញាចម្បងបានធ្លាក់ទៅលើលោក កឹម សុខា។»

នេះមិនមែនជាមតិថ្មីដែលទើបតែបញ្ចេញពេលលោក កឹម សុខា រងការញាំញីដោយរឿងអាស្រូវនិងការទម្លាក់ពីអនុប្រធានរដ្ឋសភានោះទេ ហើយក៏មិនមែនក្រោយលោកទើបជាប់ឆ្នោតធ្វើជាប្រធានបក្សនោះដែរ តែគឺការព្យាករណ៍តាំងពីមុនការបោះឆ្នោតឆ្នាំ២០១៣ របស់លោក មឿង ឈានណារិទ្ធ នាយកវិទ្យាស្ថានព័ត៌មានកម្ពុជា ថ្លែងតាមរយៈ Cambodia Daily។ វាបានក្លាយជាការពិតយូរមកហើយ! ពិតមែនតែលោក សម រង្ស៊ី ក៏រងការធ្វើទុក្ខបុកម្នេញច្រើនដូចលោក កឹម សុខា ទាំងបច្ចុប្បន្ននិងអតីតកាល ដូចជារងច្រើនបណ្តឹងពីលោក ហ៊ុន សែន និងបក្សកាន់អំណាច, ព្រមទាំងបណ្តេញនិងហាមមិនឱ្យចូលស្រុក ជាច្រើនលើក ជាពិសេសការប៉ុនប៉ងធ្វើឃាតពីរលើកដោយគ្រាប់បែកដៃនៅឆ្នាំ១៩៩៧ និង ៩៨ ក៏វាមិនអាចយកមកជំទាស់ការពិតមួយនៅក្នុងគំនិតរបស់លោក ហ៊ុន សែន ដែលថា លោក កឹម សុខា នៅតែជាឧបសគ្គធំជាងលោក សម រង្សី។ តើនេះមិនមែនជាវិភាគលំអៀងទេឬ?

ទាំងបាតុកម្មប្រឆាំងលោក កឹម សុខា ទាំងការទម្លាយរឿងអាស្រូវស្នេហារបស់លោក សុទ្ធតែមិនមែនជាលើកទី១។ ក្នុងពិធីសម្ពោធទីស្នាក់ការថ្មីនៃគណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជានៅពហុកីឡាដ្ឋានជាតិថ្ងៃទី១៣មិថុនា ២០១៣ លោកនាយករដ្ឋមន្ត្រីបានសម្តែងសមានចិត្តចំពោះលោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែង ដែលស្នើសុំធ្វើបាតុកម្ម ទាមទារឱ្យលោក កឹម សុខា សូមទោសអំពីការលើកឡើងថា គុកទួលស្លែងជាគុកសិប្បនិមិត្តបង្កើតឡើងដោយវៀតណាម។ បាតុកម្មគ្រោងចំនួនអ្នកចូលរួមប្រមាណ២ម៉ឺននាក់ ដែលសាលាក្រុងអនុញ្ញាតឱ្យតែ១ម៉ឺននាក់ប៉ុណ្ណោះ ដោយសារលោក ហ៊ុន សែន អះអាងថា កុំឱ្យមានស្តងដារទ្វេ ចំពោះបាតុកម្មបក្សប្រឆាំងដែលអនុញ្ញាតឱ្យមានអ្នកចូលរួមតែ១ម៉ឺននាក់ដូចគ្នា។ លោកនាយករដ្ឋមន្ត្រីដែលត្រូវបានគេចោទថា ជាអ្នកនៅពីក្រោយបាតុកម្មនេះ បានបដិសេធការពាក់ព័ន្ធនិងអំពាវនាវឱ្យផ្អាកបាតុកម្មបណ្តោះអាសន្ន ពីព្រោះជិតបោះឆ្នោត ដោយមិនចង់ឱ្យផ្អាកការទាមទាររបស់បាតុកម្មនោះឡើយ, លេសរបស់លោកគឺថា មិនអាចបំបិទសិទ្ធិបាតុកម្មរបស់គេបានទេ៖ «បើសិនមានមេដឹកនាំគណបក្សប្រជាជន ពិសេស ហ៊ុន សែន ចេញមុខ, ឬក៏ ហេង សំរិន ចេញមុខ, ឬក៏អ្នកដឹកនាំដទៃទៀតជាសមាជិកអចិន្ត្រៃយ៍, ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងខេត្តណាមួយចេញមុខពិតប្រាកដ, កម្រិតអស់លោកទ្រាំទ្រអត់បានទេ។ បើអស់លោកមិនរត់ដេកចូលស្ថានទូតបរទេស, ខ្ញុំថ្វាយបង្គំ!» នៅពេលបាតុកម្មបម្រើប្រយោជន៍បក្សកាន់អំណាច មិនត្រឹមតែគ្មានការរារាំងឡើយ សូម្បីតែសូមឱ្យផ្អាកហើយ ក៏ចង់ឱ្យការទាមទារសម្រេចជោគជ័យដែរ មិនចម្លែកទេដែលគេចូលចិត្តចោទប្រកាន់រដ្ឋាភិបាលថាពីនៅក្រោយបាតុកម្មប្រឆាំងបក្សប្រឆាំង។

ក្នុងសន្ទរកថាដដែល លោកនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងពីរឿងអាស្រូវរបស់លោក កឹម សុខា ពោលគឺតាំងពីមុនបោះឆ្នោតឆ្នាំ២០១៣ មកម្ល៉េះ៖ «ពីមុនថា គុកទួលស្លែងជាសិប្បនិមិត្ត ឥឡូវប្រពន្ធចុងរបស់ខ្លួនក៏ក្លាយជាសិប្បនិមិត្តទៀតហើយ។ […] ហេតុអីបានជាខ្លួនមកទម្លាក់កំហុសថា គណបក្សប្រជាជនជាអ្នករៀបចំ? គណបក្សប្រជាជនមិនអាចទទួលបានទេ! […] គណបក្សប្រជាជនមិនលេងល្បែងស្មោគគ្រោកទេ ផ្ទុយទៅវិញ ខ្ញុំបានការពារមនុស្សខ្លះ រហូតខ្ញុំធ្វើខុសច្បាប់ខ្លួនឯងនិងបំពានដែនសមត្ថកិច្ច។ ខ្ញុំសូមជំរាប ជីវិតនយោបាយរបស់លោកឯងត្រូវបញ្ចប់…។ […] ទូរសព្ទរោទ៍បន្ទាន់ ព្រោះត្រូវចាប់តំណាងរាស្ត្រនិងមេបក្សប្រឆាំង។ គេបាននាំអនីតិជនម្នាក់ អាយុ១៥ឆ្នាំ កក់៥០០ដុល្លាររួចទៅហើយ យកទៅសណ្ឋាគារមីកាសានៅជាប់មាត់ទន្លេ។ ការចាប់អ្នកតំណាងរាស្ត្រនិងមេបក្សប្រឆាំង វាជារឿងធំណាស់ មិនមែនរឿងតូចទេ ចឹងត្រូវសុំយោបល់មកនាយករដ្ឋមន្ត្រី។ ខ្ញុំបានប្រាប់សមត្ថកិច្ចរបស់យើងថា កុំធ្វើ, បើសិនជាធ្វើ គេថាយើងយកលេសអារឿងបញ្ហាជីវិតឯកជនគេហើយ ព្រោះរឿងស្អីក៏ដោយក្លាយទៅជារឿងនយោបាយ ទៅជាអ្នកទោសមនសិការទាំងអស់…។ […] ដើម្បីកុំឱ្យមានរឿងរ៉ាវកើតឡើង មិនត្រឹមតែមិនឱ្យធ្វើសកម្មភាពទេ…ព្រោះថាសមត្ថកិច្ចគេធ្វើតាមផ្លូវច្បាប់…ខ្ញុំបានឱ្យបណ្តាញមួយទៀតបង្ហាញមុខភ្លាមនៅសណ្ឋាគារមីកាសា អត់ឱ្យអាបណ្តាញខាងណេះដឹងទេ…ហាក់ដូចជាបានឱ្យសញ្ញាប្រាប់ថា សមត្ថកិច្ចបានដឹងហើយ។ បែកហ្វូងភ្លាម។ […] រឿងអស់នេះណា បើសិនជាខ្ញុំបញ្ចេញ ភាពអាម៉ាស់នេះវាធ្ងន់ណាស់។ ហើយខ្ញុំសុំបញ្ជាក់ ដោយសារខ្ញុំការពារលោកឯង ខ្ញុំក្លាយទៅជាមនុស្សលើ្មសច្បាប់ ដែលមិនចាប់ខ្លួនលោកឯង។ បន្ថែមលើនោះ ខ្ញុំក្លាយទៅជាមនុស្សដែលអត់វិជ្ជាជីវៈខាងផ្នែកកម្លាំង ទៅឱ្យកម្លាំងមួយបង្ហាញខ្លួន ដើម្បីកុំឱ្យកម្លាំងនោះវាធ្វើពិត។»

ដោយសាររាល់ការលួចស្តាប់ការសន្ទនាឯកជនដោយគ្មានការអនុញ្ញាតពីសាមីខ្លួន ការទម្លាយរឿងឯកជនរបស់គេ ការអនុវត្តច្បាប់ដោយស្តង់ដារពីរ ការផ្តន្ទាទោសមិនស្មើ ចំណាត់ការតុលាការធ្វើឡើងស្តង់ដារពីរ…សុទ្ធតែចាប់ផ្តើមពីបុព្វហេតុនយោបាយ ចៀសមិនផុតពីការអះអាងថា ករណីទាំងនេះជារឿងនយោបាយនោះទេ។ ដូចបានដឹងហើយ ទោះបីលោក ហ៊ុន សែន បានបំពានដែនសមត្ថកិច្ចនិងជួយបិទបាំងអំពើអាស្រូវរបស់លោក កឹម សុខា ក៏លោកគ្មានទោសពៃរ៍, មានតែលោក កឹម សុខា ទេ ដែលរងចំណាត់ការតុលាការ, ការប៉ុនប៉ងនិងគំរាមចាប់ខ្លួន។

តាមពិតទៅ ការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន គឺជាបញ្ចេញរឿងឯកជនរួចហើយ លោកនៅគំរាមបញ្ចេញខ្សែអាត់ដើមនិងភស្តុតាងជាច្រើនទៀត ដោយមិនខ្លាចមានការចោទប្រកាន់ទៅលើខ្លួនលោកឡើយ, លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងពីតាមដាន ដាក់មនុស្សបង្កប់ ឈ្លបស្តាប់ការសន្ទនាមេបក្សប្រឆាំងនិងសមាជិកជាច្រើននាក់ ធ្វើឡើងដោយខុសច្បាប់រួចទៅហើយ, ទោះលោកសារភាពដាក់កញ្ចក់ទូរទស្សន៍ក៏ដោយ ក៏លោកមិនដែលត្រូវបានតុលាការចាត់វិធានការអ្វីឡើយ។ ដោយសារតែការអនុវត្តស្តង់ដារពីរជារឿយៗ និយាយឱ្យចំ ការអនុវត្តច្បាប់ឯកពន្ធភាពតែទៅលើគូប្រជែងនយោបាយ ការយកអំណាចរដ្ឋមកបម្រើគោលដៅបក្សច្រើនករណីពេក សូម្បីតែពើបប្រទះនឹងអំពើល្មើសច្បាប់ពិតប្រាកដទៅហើយ ក៏រដ្ឋាភិបាលពិបាកអនុវត្តច្បាប់ដែរ ពីព្រោះនៅពេលភាគីណាមួយឧស្សាហ៍អនុវត្តអំពើដែលមហាជនមិនពេញចិត្តច្រើនពេក សូម្បីតែពេលធ្វើត្រូវហើយ ក៏គេនៅតែសង្ស័យ បង្ហាញការមិនពេញចិត្តដដែល។

អំពីហានិភ័យរងឃាតកម្មវិញ សារគំរាមសម្លាប់លោក កឹម សុខា ត្រូវបានបង្ហោះលើហ្វេសប៊ុកអមដោយរូបភាពកាំភ្លើងដោយលោក ផែង វណ្ណៈ មន្ត្រីនៅក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៣ និងក្រោយមកទៀត សារគំរាមសម្លាប់ដោយកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្របក្សប្រឆាំងដែលបែរទៅគាំទ្របក្សកាន់អំណាច។ ទោះខុសពីលោក សម រង្ស៊ី ដែលរងការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចតែម្តង, លោក កឹម សុខា វិញត្រឹមការគំរាមសម្លាប់ ក៏នៅតែបញ្ជាក់ថា ពិតមែនតែលោក សម រង្ស៊ី ជាចំណុចចម្បងនៃបក្សប្រឆាំងយូរមកហើយក៏ដោយ ក៏ឧបសគ្គធំបំផុតរបស់លោក ហ៊ុន សែន បច្ចុប្បន្នគឺលោក កឹម សុខា ដដែល។ នេះដោយសារតែ លោក សម រង្ស៊ី ជាគូប្រជែងចាស់ ដែលលោក ហ៊ុន សែន បានយកឈ្នះបានជាច្រើនលើក ប៉ុន្តែលោក កឹម សុខា វិញ, លោកនាយករដ្ឋមន្ត្រីនៅត្រូវការពេលវេលាស្វែងយល់, ការរុកកួនទៅលើមេបក្សទាំងពីរតាមរយៈប្រព័ន្ធតុលាការនៅតែបន្តដូចគ្នា តែមិនស្មើគ្នាទេ ត្បិតអ្វីដែលកើតឡើងលើលោក សម រង្ស៊ី គឺរឿងដដែលៗ ដូចជាប្តឹងពីបទបរិហារកេរ្តិ៍និងបណ្តេញឱ្យរត់ចោលស្រុកជាអាទិ, ចំណែកលោក កឹម សុខា ទើបលោក ហ៊ុន សែន សង្កត់ធ្ងន់ចាប់តាំងពីមុនបោះឆ្នោតមកម្ល៉េះ។ ឧ. ត្រឹមរឿងស្នេហាលួចលាក់ជាច្រើនរបស់លោក កឹម សុខា ត្រូវបានត្រៀមទុកនិងជួយបិទបាំងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ រួចក្រោយមកនៅតែបញ្ចេញដដែល ទោះទើបតែបញ្ចេញនៅឆ្នាំ២០១៦ ក៏ដោយ។ មិនមែនមកពីលោកនាយករដ្ឋមន្ត្រីចិត្តល្អជួយលាក់បាំងដូចការលើកឡើងរបស់លោកនោះទេ គឺមកពីលោកត្រូវការយករឿងអាស្រូវនេះមកដាក់សម្ពាធទៅលើលោក កឹម សុខា នៅពេលក្រោយ, ទុកប្រើជាថ្នូរនយោបាយតែប៉ុណ្ណោះ។

ថាតើលោក ហ៊ុន សែន នឹងអាចទប់ទល់នឹងលោក កឹម សុខា ដូចលោក សម រង្ស៊ី ឬទេ? សំណួរនេះត្រូវការការធ្វើតេស្តសាកល្បង។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យកងកម្លាំង ‘ប៉ុនប៉ង’ ចាប់ខ្លួនលោក កឹម សុខា នៅថ្ងៃទី២៦ឧសភា២០១៦ ដោយមិនខ្វល់ពីអភ័យឯកសិទ្ធិរបស់លោកនិងមិនទាន់ដកអភ័យឯកសិទ្ធិនេះ ត្បិតសមាជិកសភាគណបក្សប្រជាជនមានសំឡេងមិនគ្រប់ ២ភាគ៣ ដើម្បីដកសិទ្ធិនេះ, ការប៉ងចាប់ខ្លួនផ្តើមចេញពីរឿងក្តីក្តាំទាក់ទងនឹងការបែកធ្លាយខ្សែអាត់រឿងអាស្រូវស្នេហារបស់លោក កឹម សុខា និងស្រីកំណាន់ ដែលលោកនាយករដ្ឋមន្ត្រីបានដឹងជាយូរមកហើយ។ តាមពិតទៅ លោក ហ៊ុន សែន មិនចាំបាច់ដកពិសោធនេះក៏បាន ក៏ព្រោះលោក កឹម សុខា បានឆ្លើយតបខុសពីលោក សម រង្ស៊ី តាំងពីមិនទាន់ធ្វើនយោបាយ មុនផ្គុំនឹងគណបក្ស សម រង្សី មកម្ល៉េះ ពោលគឺ កាលនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, លោក កឹម សុខា បានឱ្យអាជ្ញាធរចាប់ខ្លួននិងជាប់ពន្ធនាគារនៅថ្ងៃទី៣១ធ្នូ២០០៥ ពីបទបរិហារកេរ្តិ៍នៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាស់អំពីសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជាវៀតណាម។

លោក កឹម សុខា ពុំបានភៀសខ្លួនគេចពីការចាប់ខ្លួនដូចលោក សម រង្ស៊ី ដែលនៅឆ្នាំ២០០៥ ដដែលនោះបានជាប់ចោទពីបទបរិហារកេរ្តិ៍លោក ហ៊ុន សែន ដូចគ្នាឡើយ។ ប៉ុន្តែគំរូលោក សម រង្ស៊ី មានឥទ្ធិពលទៅលើលោក កឹម សុខា តិចឬច្រើន ត្បិតអីកាលពីព្រឹត្តិការណ៍បង្ក្រាបបាតុកម្មនៅដើមឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ លោក កឹម សុខា រត់គេចខ្លួនជាមួយលោក សម រង្ស៊ី ដោយប្រើហេតុផលចៀសវាងអំពើហិង្សា ដែលជាលេសលោក សម រង្ស៊ី ឧស្សាហ៍ប្រើដូចគ្នា។ ដោយសារមានភាពស្រពិចស្រពិលរវាងលោក កឹម សុខា ពេលនៅម្នាក់ឯង និង កឹម សុខា ពេលនៅជាមួយ សម រង្ស៊ី, លោក ហ៊ុន សែន ត្រូវការសាកល្បងល្បែងនយោបាយដេញឱ្យរត់ស្រុក ដែលធ្លាប់ធ្វើដាក់លោក សម រង្ស៊ី ប៉ុន្តែជាលទ្ធផល លោក កឹម សុខា ដែលនៅតែរឹងទទឹងស្នាក់នៅក្នុងប្រទេសតែម្នាក់ឯងដោយគ្មានលោក សម រង្ស៊ី បានបង្ហាញថា លោក កឹម សុខា បានធ្វើអ្វីដែលលោកធ្លាប់តែធ្វើ នោះគឺប្រឈមនឹងលោក ហ៊ុន សែន។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានមានសង្ឃដីកាប្រាប់ Cambodia Daily ថា សម រង្ស៊ី និង កឹម សុខា តែងតែប្រើវិធីសាស្ត្រខុសគ្នាក្នុងការប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន៖ «លោក សម រង្ស៊ី លេងនយោបាយយូរហើយ ដូច្នេះគាត់មិនចង់ឲ្យគេចាប់ខ្លួនដោយឥតប្រយោជន៍នោះទេ។…[សម្រាប់]លោក សម រង្ស៊ី…វាគ្មានប្រយោជន៍ទេក្នុងការជាប់ពន្ធនាគារ ពីព្រោះលោកមិនអាចធ្វើអ្វីបាន។ លោក កឹម សុខា មានបុគ្គលិកលក្ខណៈផ្សេងនិងគំនិតផ្សេងគ្នា។ គាត់ជឿថា បើគ្មានការបូជាទេ ក៏គ្មានការផ្លាស់ប្ដូរដែរ។ គាត់មានការប្ដេជ្ញាចិត្ត បើរដ្ឋាភិបាលចង់ចាប់ខ្លួន គាត់ស្វាគមន៍។» ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានសង្ឃដីកាបន្តថា នៅទីបំផុតរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចង់ឲ្យលោក កឹម សុខា យកគំរូតាមលោក សម រង្ស៊ី ហើយភៀសខ្លួនពីការគំរាមចាប់ខ្លួន។ «តាមការពិត បើលោក កឹម សុខា ចាកចេញពីប្រទេស ប្រសិនបើគាត់គេចចេញពីសម្ពាធនយោបាយ គណបក្សប្រជាជននឹងសប្បាយចិត្តយ៉ាងខ្លាំង។ នេះជាសេនារីយ៉ូដែលគណបក្សប្រជាជនចង់បាន។ វាជាហ្គេមរបស់ពួកគេ ហើយគាត់យល់ពីហ្គេមនោះ។ នោះជាមូលហេតុដែលគាត់នៅទីនេះ។» ទោះបីទស្សនៈរបស់ព្រះអង្គត្រឹមត្រូវច្រើនក៏ដោយ ក៏មានចំណុចទាស់ខុសមួយគឺថា លោក កឹម សុខា ពុំបានស្វាគមន៍នឹងការចាប់ខ្លួនប៉ុន្មាននោះទេ, ទោះបីលោកនៅតែហ៊ានប្រឈមក្នុងប្រទេសក៏ដោយ ការសំងំក្នុងទីស្នាក់ការបក្ស បារម្ភខ្លាចមានការចាប់ខ្លួន ពុំមែនជាសកម្មភាពស្វាគមន៍នោះឡើយ។

ក្នុងបទសម្ភាសជាមួយនឹង VOA ប្រវតិ្តវិទូអំពីកម្ពុជា លោក ដេវិឌ ឆាណ្ឌល័រ ក៏យល់ថា ចំពោះលោក ហ៊ុន សែន លោក សម រង្ស៊ី ជាគូប្រជែងងាយទប់ទល់ដែរ ទោះលោកមិនបាននិយាយពីលោក កឹម សុខា ក៏ដោយ៖ «ខ្ញុំមិនគិតថា លោក សម រង្ស៊ី ជាមេដឹកនាំប្រឆាំងដែលគួរឱ្យទុកចិត្តនោះទេ…លោកនៅខ្ចីបទពិសោធខ្លាំងណាស់និងមានចំណងច្រើនជាមួយបរទេស។ លោកតែងមកអាមេរិកនិងត្រូវបានទទួលដូចស្តេច។ លោកជាមនុស្សឈ្លាសវៃ មានកាយសម្បទាក្លាហាន ដូចរបៀបដែលលោកប្រឈមនឹងការវាយប្រហារដោយគ្រាប់បែកដៃនោះ ប៉ុន្តែ [ទោះបីយ៉ាងណា] លោកនឹងមិនទំនងជាមេដឹកនាំដែលមានសមត្ថភាពនោះទេ (Effective Leader)។ លោក ហ៊ុន សែន អាចគ្រប់គ្រង [លោក]បាន គឺអាចចាប់ខ្លួនគាត់ក៏បាន ដោះលែងគាត់ក៏បាន ហើយចាប់ទៀតក៏បាន បើនិយាយមួយបែបទៀតគឺលេងល្បែង [នយោបាយ]ជាមួយនឹងគាត់តែម្តង។»

ទោះមានភស្តុតាងចាស់ថ្មីជាច្រើន, មតិពីអ្នកជំនាញ សកម្មជន សង្គមស៊ីវិល និងជាពិសេសការរុកកួនជាច្រើនពីបក្សកាន់អំណាចទៅលើលោក កឹម សុខា ក៏ដោយ, គេមិនគួររំពឹងថា អ្នកគាំទ្រលោក សម រង្ស៊ី និងកែប្រែទស្សនៈរបស់ពួកគេ ហើយយល់ថា លោក កឹម សុខា ជាបន្លាក្នុងកែវភ្នែកលោក ហ៊ុន សែន ឡើយ, ពួកគេនៅតែជឿថា លោក សម រង្ស៊ី នៅតែជាតួឯកនិងជាសត្រូវធំបំផុតរបស់លោក ហ៊ុន សែន ដដែល។ (សូមបន្តអានភាគ២)

ដោយ​ ទេព​ រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ