ជំនួប​កំពូល​​អាស៊ាន​បញ្ចប់​ទៅ​ជាមួយ​ជំហរ​មិន​ច្បាស់​លាស់​ជុំ​វិញ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

ដែន​កោះ​មាន​ជម្លោះ​(រូបភាព​ពី​ Reuters)

ក្រុម​មេដឹកនាំ​អាស៊ី​អាគ្នេយ៍ បាន​បិទ​បញ្ចប់​ជំនួប​កំពូល​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​គ្មាន​ចំណុច​ឯកភាព​ណា​មួយ​ទៅ​លើ​របៀប​ដោះ​ស្រាយ​បញ្ហា​ជាមួយ​នឹង​ក្រុង​ប៉េកាំង​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ឡើយ ដែល​ជា​បញ្ហា​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​តំបន់ ខណៈ​ដែល​មិន​មាន​ភាព​ច្បាស់​លាស់​ផង​ដែរ​អំពី​ទំនាក់​ទំនង​ជាមួយ​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បន្ទាប់​ពី​ជំនួប​អស់​រយៈ​ពេល ៦​ម៉ោង​​បាន​បញ្ចប់​ទៅ គ្មាន​សេចក្ដី​ថ្លែងការណ៍​រួម​ណាមួយ ត្រូវ​បាន​គេ​ប្រកាស​នោះ​ឡើយ ហើយ​វា​មិន​ច្បាស់​ទេ​ថា តើ​មាន​ចំណុច​រួម​ណា​មួយ​ជុំ​វិញ​បញ្ហា​ការ​កសាង​សំណង់​យោធា​របស់​ចិន​ នៅ​លើ​កោះ​ស្ថិត​នៅ​ក្នុងដែន​ទឹក​មាន​ជម្លោះ​នោះ ឬ​យ៉ាង​ណា​នោះ​ទេ។

អាស៊ាន​បាន​លើក​ឡើង​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​មិន​បាន​លើក​ឡើង​ពី​ប្រទេស​ចិន​ឡើយ។ ក្រុង​ប៉េកាំង​តែង​តែ​ជំទាស់​នឹង​បញ្ហា​ណា​មួយ​ដែល​ខ្លួន​យល់​ថា ជា​ឧបសគ្គ​ចំពោះ​ការ​សាងសង់​សំណង់​របស់​ខ្លួន​នៅ​លើ​កោះ​នានា ស្ថិត​នៅ​ប្រជុំ​កោះ​ស្ព្រាតលី។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ភាព​មិន​ច្បាស់​លាស់​អំពី​ផល​ប្រយោជន៍​អាមេរិក​នៅ​ក្នុង​តំបន់​នេះ និង​មិន​ច្បាស់​ថា តើ​អាមេរិក​នឹង​នៅ​តែ​រក្សា​វត្តមាន​កង​ទ័ព​ជើង​ទឹក​របស់​ខ្លួន​ទប់​ទល់​នឹង​ទង្វើ​គឃ្លើន​របស់​ចិន​ទៀត​ឬ​យ៉ាង​ណា​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ