រថយន្ត​តំណាងរាស្រ្ត​២៣គ្រឿងត្រូវបានអនុញ្ញាត​ឲ្យ​ដង្ហែ​ជាក្បួន​ដាក់ញត្តិថ្វាយព្រះមហាក្សត្រ​

ក្បួនរថយន្ត​របស់អ្នក​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​

សមត្ថកិច្ចបានអនុញ្ញាតឲ្យរថយន្តរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន២៣គ្រឿងដង្ហែជាក្បួននៅរសៀលថ្ងៃចន្ទនេះ ដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រសុំអន្តរាគមន៍ ករណីចាប់ខ្លួនអ្នកតំណាងរាស្រ្តនិងចំណាត់ការរបស់តុលាការលើប្រធានស្តីទី លោក កឹម សុខា។

នៅរសៀលនេះ សមត្ថកិច្ចរាប់រយនាក់ប្រដាប់ដោយខែល ដំបងនិងកាំភ្លើងវែងបានយាមកាមនៅតាមផ្លូវជាតិលេខ២ក្បែរទីស្នាក់ការកណ្តាលរបស់គណបក្សនៅសង្កាត់ចាក់អង្រែនិងត្រៀមមិនឲ្យមានក្បួនដង្ហែរបស់គណបក្សសង្រ្គោះជាតិទៅកាន់ព្រះបរមរាជវាំងដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រ។

រថយន្តរបស់តំណាងរាស្រ្តបានមកដល់កន្លែងសមត្ថកិច្ចយាមកាម។ ក្រោយពីការចរចាប្រហែលជាកន្លះម៉ោង សមត្ថកិច្ចបានអនុញ្ញាតឲ្យរថយន្តរបស់តំណាងរាស្រ្តចំនួន២៣គ្រឿងហែជាក្បួនដាក់ញត្តិ ហើយសមត្ថកិច្ចមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋដង្ហែជាក្បួនឬដើរតាមនោះទេ។ តំណាងរាស្រ្តបក្សប្រឆាំងបានប្រាប់ឲ្យអ្នកគាំទ្រជាង៥០០នាក់ធ្វើដំណើរត្រឡប់ទៅស្នាក់ការរបស់គណបក្សវិញ។ គេមិនទាន់ដឹងថាតើក្នុងរថយន្តនោះមានលោក កឹម សុខា ឬយ៉ាងណានោះទេ។

មុនការដង្ហែក្បួន សាលាក្រុងភ្នំពេញបានចេញលិខិតមួយដោយមិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិដឹកនាំអ្នកគំាទ្រធ្វើបាតុកម្ម  ដោយផ្អែកលើមូលហេតុថាការដាក់ពាក្យជូនដំណឹងស្តីការដង្ហែញតិ្ត ពុំស្របតាមនីតិវិធីច្បាប់ស្តីពីការធ្វើបាតុកម្មដោយតម្រូវឲ្យដាក់ពាក្យសុំយ៉ាងតិច៥ថ្ងៃ(គណបក្សប្រឆាំងដាក់ពាក្យសុំនៅព្រឹកថ្ងៃចន្ទនេះ)។ សាលាក្រុងបន្តថា៖ “ការដង្ហែក្បួនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងការកកស្ទះចរាចរណ៍ ពិសេសប្រក្រតីភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ ដើម្បីបញ្ចៀសបានបាននូវការការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រឲ្យមានការអនុវត្តច្បាប់និងក្រុមអ្នកដង្ហែញតិ្តរបស់គណបក្សសង្រ្គោះជាតិ រដ្ឋបាលរាជធានីភ្នំពេញសម្រេចមិនអនុញ្ញាតឲ្យក្រុមណាមួយធ្វើការជួបជុំនិងដង្ហែក្បួននោះទេ”។ សាលាក្រុងបានបញ្ជាក់បន្ថែមថាក្នុងករណីនៅតែមានការជួបជុំដង្ហែញ្ញតិតាមផ្លូវសាធារណៈឬផ្ទុយពីស្មារតីអង្គប្រជុំរបស់សាលារាជធានីភ្នំពេញ ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញត្រូវទទួលខុសត្រូវមុខច្បាប់៕ ដោយកាន់ វិច្ឆិកា និងហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ