សមត្ថកិច្ចបំបែកសកម្មជនពាក់អាវខ្មៅជាលើកទី៤

សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅកាលពីពេលកន្លងទៅ (ដោយ លី បេទ្បា)

សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប នោះ ជាលើកទី៤នៅថ្ងៃចន្ទនេះ ខណៈពួកគេជួបជុំគ្នានៅជិតរង្វល់មូលចោមចៅ។

សកម្មជនដីធ្លីជាស្រ្តីជាង១០នាក់បានជួបជុំគ្នាដូចការគ្រោងទុកនៅរង្វង់មូលចោមចៅ ដោយថានឹងដើរក្បួនទៅកាន់ពន្ធនាគារព្រៃសទាមទារដោះលែងអ្នកដែលជាប់ឃុំ។ ប៉ុន្តែសមត្ថកិច្ចនិងសន្តិសុខខណ្ឌពោធិ៍សែនជ័យ បានដណ្តើមយកបដាទៅហែកចោល ដែលស្រ្តីសកម្មជនទាំងនោះលើកបង្ហាញទាមទារឲ្យដោះលែង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់ទៀត។

នៅពេលដែលក្រុមសន្តិសុខបានកៀងសកម្មជនទាំងនោះទៅលើចិញ្ចើមផ្លូវមិនឲ្យបន្តដំណើរទៅកាន់ពន្ធនាគារនោះពួកគេបានស្រែកថា “អយុត្តិធម៌ណាស់” ដោយថាគ្រាន់តែតវ៉ាដោយសន្តិវិធីដែលច្បាប់បានធានា។

ក្រុមសន្តិសុខបានអះអាងថាមូលហេតុដែលពួកគេបំបែកការតវ៉ា ដោយចោទថាសកម្មជនដីធ្លីទាំងនោះធ្វើខូចសណ្តាប់ធ្នាប់។

នៅម៉ោងជាង១០ព្រឹកនេះ ក្រុមសន្តិសុខបានយកម៉ូតូដឹកសកម្មជនពាក់អាវខ្មៅទាំងនោះទៅផ្ទះរៀងៗខ្លួន ខណៈអ្នកតវ៉ាមិនព្រមវិលទៅផ្ទះដោយខ្លួនឯង។

សមត្ថកិច្ចតែងតែបង្រ្កាបនិងឃាត់ខ្លួនលើសកម្មជនពាក់អាវខ្មៅនៅរៀងរាល់ថ្ងៃចន្ទ ហើយកាលពីសប្តាហ៍មុន ក្រុមសន្តិសុខខណ្ឌដូនពេញបានបង្រ្កាបទៅលើស្រ្តីបឹងកក់ដែលពាក់អាវខ្មៅអុជទៀននៅលើគំនរតំបន់បឹងកក់។តំណាងសហគមន៍ឲ្យដឹងថា ការបង្រ្កាបនោះបណ្តាលឲ្យ អ្នកស្រី ងែត ឃុន អាយុជិត៨០ឆ្នាំ រងបួសធ្ងន់៕ រាយការណ៍បន្ថែមដោយ លី បេទ្បា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ