លិខិតមិត្តអ្នកអាន៖ ដេវិឌ​ ឆាណ្ឌល័រ​ ពុំ​បាន​អះ​អាង​ថាការផ្លាស់​ប្តូរ​ ហ៊ុន សែន​ ​បាន​ លុះ​ប្រើ​​​កង​កម្លាំង​​​ទេ​

ប្រវត្តិវិទូ លោក ដេវិឌ​ ឆាណ្ឌល័រ​ (រូបថតពីសាលាក្តីខ្មែរក្រហម)

ប្រវត្តិវិទូ លោក ដេវិឌ ឆាណ្ឌល័រ បានផ្តល់បទសម្ភាសឱ្យវីអូអេនៅថ្ងៃទី១៦ ឧសភា ២០១៦ ថា«ខ្ញុំមិនដែលនិយាយតាមកម្មវិធីបទសម្ភាសរបស់អ្នក ឬបទសម្ភាសផ្សេងថា ហ៊ុន សែន គួរតែត្រូវបានផ្តួលរំលំដោយកម្លាំងប្រដាប់អាវុធនោះទេ ប៉ុន្តែទោះជាយ៉ាងណាគាត់នឹងមិនត្រូវបានផ្តួលរំលំនោះឡើយ»។ Cambodia Daily ក្រោយមកបានយកទស្សនៈរបស់លោកមកផ្សាយនៅថ្ងៃទី១៨ ថា«ការផ្លាស់ប្តូរផ្នែកនយោបាយអាចកើតមានទៅបាន មានតែតាមរយៈការផ្តួលរំលំប្រដាប់អាវុធឬការស្លាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ»។ អាស៊ីសេរី ចុះផ្សាយថ្ងៃទី១៩ បានបញ្ចេញបញ្ចូលតាមDaily ដែរថា «កម្ពុជានឹងពុំមានជម្រើសណាមួយដែលនាំឲ្យមានការផ្លាស់ប្ដូរ ក្រៅពីការប្រឈមមុខដាក់គ្នា ឬបង្ហូរឈាម និងការរង់ចាំរហូតដល់មេដឹកនាំប្រទេសត្រូវបាត់បង់ជីវិតនោះឡើយ។ វីអូអេ ថ្ងៃទី២៦ បានបកប្រែបទសម្ភាសថា«ខ្ញុំនឹងមិននិយាយក្នុងកម្មវិធីរបស់អ្នក ឬកម្មវិធីផ្សេងថា លោក ហ៊ុន សែន គួរតែត្រូវទម្លាក់ពីតំណែងដោយប្រើកម្លាំងបាយនោះទេ ប៉ុន្កែតាមពិតទៅ លោក ហ៊ុន សែន ក៏មិនអាចនឹងត្រូវគេទម្លាក់ដោយវិធីណាផ្សេងបានឡើយ»។ យើងមិនយល់ថាសារព័ត៌មានទាំងនេះបកប្រែត្រឹមត្រូវទេ តាមសម្តីដើមទេ។ លោក ឆាណ្ឌល័រ បានបង្ហើបពីចំណុចសំខាន់ៗជាច្រើនអំពីនយោបាយកម្ពុជាបច្ចុប្បន្ន ក្នុងនោះមានត្រូវខ្លះ មានខុសខ្លះ យើងបន្តបង្ហាញពីចំណុចត្រូវខុសទាំងពីរដូចខាងក្រោម៖

១. ការឈ្លានពានរបស់វៀតណាមនិងការតាមវាយប្រហារខ្មែរក្រហមនៅជាយដែនថៃ

«ពួកគេបានវាយប្រហារខ្មែរក្រហម ហើយទប់ស្កាត់ខ្មែរក្រហមមិនឱ្យ[មកត្រួតត្រាកម្ពុជា]វិញ។ […]  ពួកគេស្លាប់កងទ័ពរាប់ពាន់នាក់។ ប៉ុន្តែ [ករណីនេះ]ចម្លែកណាស់ កម្ពុជាមិនបានបាត់បង់មនុស្សសូម្បីម្នាក់»។ សម្តីរបស់ ឆាណ្ឌល័រ នៅទីនេះចង់ឱ្យមានការសិក្សាហេតុអ្វីមានករណីបែបនេះកើតឡើង? សម្មតិកម្មរបស់យើងគឺថាខ្មែរក្រហមមានប្រៀបផ្នែកតាក់ទិចនិងសមរភូមិប្រយុទ្ធ៖ វៀតណាមមិនស្គាល់ភូមិសាស្ត្រនិងធ្វើដំណើរឆ្ងាយតាមវាយប្រហារ, ខ្មែរក្រហមវិញ ស្គាល់ទឹកដីខ្លួនឯងច្បាស់ ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីវៀតណាមគឺដឹងពីរបៀបដែលវៀតណាមបញ្ជាទ័ពនិងមានជំនាញខាងសង្គ្រាមទ័ពព្រៃ(Guerrilla Warfare ) ប្រើយុទ្ធវិធីមិនផ្ទាល់ (Indirect Approach) គឺមិនប្រឈមផ្ទាល់នឹងកងទ័ពវៀតណាម(ដាក់គ្រាប់មីនតាមផ្លូវ, ផ្លោងគ្រាប់បែកពីចម្ងាយ, បញ្ឆោតវៀតណាមឱ្យចូលអន្ទាក់ ចូលសមរភូមិគ្រោះថ្នាក់…) ដូច្នេះទើបខ្មែរក្រហមមិនបានបាត់បង់កងទ័ពទេ។ គេក៏ត្រូវពិនិត្យខាងវៀតណាមវិញដែរ ថាតើពួកគេប្រើតាក់ទិចអ្វីវាយខ្មែរក្រហម ប្រើកងទ័ពប្រភេទណា (ទ័ពជំនាញឬទ័ពខ្វះគុណភាព) ចាញ់ប្រៀបសមរភូមិដូចម្តេច (ចូលព្រៃ មូសខាំគ្រុនឈាម), កងទ័ពស្លាប់ដោយរបៀបណា ដោយសារការវាយប្រហារពីខ្មែរក្រហមឬចាញ់ទឹកដី? ផែនការ ក ៥ កំណត់ដោយវៀតណាម (កែនកងកម្លាំងកាប់ឆ្ការព្រៃការពារព្រំដែនកម្ពុជា) ធ្វើឡើងក្នុងគោលដៅលុបបំបាត់ជម្រកខ្មាំងនិងសមរភូមិមានប្រៀបរបស់ខ្មែរក្រហមហ្នឹងហើយ ផែនការនេះក៏ជះឥទ្ធិពលដល់រដ្ឋាភិបាលបច្ចុប្បន្នក្នុងការកាប់ព្រៃ ដើម្បីប្រយោជន៍ខ្លួនឯងនិងឈ្មួញជិតស្និទ្ធនឹងបក្សផង ព្រមទាំងដើម្បីបំផ្លាញជំរកពួកឧទ្ទាមក្នុងក្រុង (ពាក្យលោក ផៃ ស៊ីផាន ហៅបាតុករអហិង្សាឆ្នាំ២០១៣) កុំឱ្យរត់ចូលព្រៃផង ពោលគឺព្រួញមួយបាញ់បានសត្វពីរ។ ទោះបីយ៉ាងណា នេះគ្រាន់តែជាសម្មតិកម្មប៉ុណ្ណោះ ត្រូវរង់ចាំតេស្តជាមួយភស្តុតាងសិន ទើបអាចប្រាកដបាន។

«កំលុងពេល១០ឆ្នាំដែលវៀតណាមនៅ[ត្រួតត្រា]កម្ពុជា [១៩៧៩-៨៩] មិនសូវមានការខ្វល់ខ្វាយពីសិទ្ធិមនុស្ស គ្មានក្រុមនយោបាយប្រឆាំង ត្រូវបានកាត់ផ្តាច់ពីពិភពលោក ដែលនាំអន្តរាយជាខ្លាំងដល់សេដ្ឋកិច្ច[កម្ពុជា] […] ប៉ុន្តែ រឿងសំខាន់មួយដែលពួកគេបានធ្វើគឺរារាំងខ្មែរក្រហមមិនឱ្យវិលមកកាន់អំណាចវិញ ដោយប្រើមធ្យោបាយយោធា»។ ការអះអាងរបស់លោក ឆាណ្ឌល័រ អំពីគុណសម្បត្តិនេះ មិនត្រឹមត្រូវទេ ព្រោះវៀតណាមមិនមែនវាយទប់ទល់ខ្មែរក្រហមដើម្បីកម្ពុជាគេចផុតពីក្រញាំខ្មែរក្រហមឡើយ តែដើម្បីត្រួតត្រាកម្ពុជាដូចរបៀបខ្មែរក្រហមត្រួតត្រាកម្ពុជាប៉ុណ្ណោះ។ វៀតណាមខ្លួនឯងធ្លាប់បានផ្តល់ជំនួយយោធាដល់ខ្មែរក្រហមក្នុងគោលបំណងត្រួតត្រាខ្មែរក្រហម រួចក្រោយពួកគេជោគជ័យនឹងឈានទៅរកការត្រួតត្រាកម្ពុជាតាមរយៈខ្មែរក្រហម ប៉ុន្តែខ្មែរក្រហមបានដោះដៃទាន់ ដូចជាប់ផុងដូចបក្សកាន់អំណាចសព្វថ្ងៃ។ បទពិសោធនេះហើយបង្រៀនវៀតណាមឱ្យប្រុងប្រយត្នខ្លាចខ្មែរក្បត់ម្តងទៀត ទើបប្រើស្នៀតនេះដដែលដោយតឹងរឹងជាមុន ធ្វើដាក់ក្រុមដែលបែកចេញពីខ្មែរក្រហម ជួយផ្តួលរំលំខ្មែរក្រហម រួចបង្កើតរបបសាធារណប្រជាមានិតកម្ពុជា ក្រោមការត្រួតត្រារបស់វៀតណាម មិនឱ្យរើសរួចដូចពួកខ្មែរក្រហមឡើយ។

២. លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ

«ខ្ញុំមិនគិតថា លោក សម រង្ស៊ី ជាមេដឹកនាំប្រឆាំងដែលគួរឱ្យទុកចិត្តទេ…លោកនៅខ្ចីបទពិសោធខ្លាំងណាស់និងមានចំណងច្រើនជាមួយបរទេស។ លោកតែងមកអាមេរិកនិងត្រូវបានទទួលដូចស្តេច។ លោកជាមនុស្សឈ្លាសវៃ មានកាយសម្បទាក្លាហាន ដូចរបៀបដែលលោកប្រឈមនឹងការវាយប្រហារដោយគ្រាប់បែកដៃនោះ ប៉ុន្តែ [ទោះបីយ៉ាងណា] លោកនឹងមិនទំនងជាមេដឹកនាំដែលមានសមត្ថភាពនោះទេ (effective leader)។ លោក ហ៊ុន សែន អាចគ្រប់គ្រង[លោក]បាន គឺអាចចាប់ខ្លួនគាត់ក៏បាន ដោះលែងគាត់ក៏បាន ហើយចាប់ទៀតក៏បាន បើនិយាយមួយបែបទៀតគឺលេងល្បែង[នយោបាយ]ជាមួយនឹងគាត់តែម្តង។ គាត់ធ្វើអ៊ីចឹងបាន ហើយមនុស្សឬប្រជាជន [របស់លោក សម រង្ស៊ី]  គ្មានកាំភ្លើងទេ។ ខ្ញុំមិនដែលអះអាងនៅក្នុងបទសម្ភាសនេះឬនៅក្នុងបទសម្ភាសផ្សេង ថា ហ៊ុន សែន គួរតែត្រូវបានផ្តួលរំលំដោយកម្លាំងនោះទេ តែយ៉ាងណាក៏លោកនឹងមិនត្រូវបានផ្តួលរំលំដែរ។ លោកព្រួយបារម្ភអំពីការផ្តួលតាមរយៈការបោះឆ្នោត តែលោកនឹងមិនឱ្យមានករណីហ្នឹងកើតឡើងឡើយ។» យើងយល់ស្របនឹងការវាយតម្លៃអំពីលោក សម រង្ស៊ី និងព្យាករណ៍ការបោះឆ្នោត ២០១៨ របស់លោក ឆាណ្ឌល័រ គឺថា ២០ឆ្នាំមកនេះ លោក សម រង្ស៊ី មិនដែលយកប្រៀបលើលោក ហ៊ុន សែន បាននោះទេ បាតកម្មឆ្នាំ១៩៩៨និង២០១៣ ដឹកនាំដោយលោក សម  រង្ស៊ី ត្រូវបានបង្ក្រាបយ៉ាងជោគជ័យ, សម្ពន្ធភាពរវាងលោកនិងរណឫទ្ធិត្រូវបានបំបែកដោយងាយស្រួល, លោកបានជួយកែរដ្ឋធម្មនុញ្ញ ពី២/៣ មក ៥០បូក១ ធ្វើឱ្យលោកហ៊ុនសែនជិះសេះលែងដៃជាថ្នូរនឹងការចូលស្រុក ក្រោយមកលោក ហ៊ុន សែន នៅតែអាចប្រើតុលាការចាប់លោកម្តងទៀតបានដដែល, លោកចាញ់បញ្ឆោតលោក ហ៊ុន សែន បោកឱ្យចូលសភាឆ្នាំ២០១៤ ជួយអនុម័តច្បាប់បោះឆ្នោតថ្មីដែលសង្គមស៊ីវិលថាអាក្រក់, ផលិតបានគ.ជ.ប.ថ្មីដែលមានមេដឹកនាំចាស់និងបញ្ឆោតឱ្យលោកបង្កើតវប្បធម៌សន្ទនា ស្របពេលលោក កឹម សុខា ជំទាស់មិនចង់ឱ្យចូលសភា (លោកមិនស្តាប់មិត្រ បែរជាស្តាប់សត្រូវ) ហើយការដឹកគ្នាដៃចូលឆ្នាំនិងជួបជុំគ្នាជាគ្រួសារ ក៏ធ្វើដោយគ្មានវត្តមានលោក កឹម សុខា ដែរ។ យើងយល់ថា មិនមែនសម្តេចខ្លាំងទេ តែគឺគូប្រជែងលោកខ្សោយ។

យើងមិនយល់ស្របនឹងទស្សនៈរបស់លោក ឆាណ្ឌល័រ ដែលថា លោក ហ៊ុន សែន ធ្វើអ្វីស្រេចចិត្តបាន (ចាប់, ដោះលែង, ធ្វើឃាត, ធ្វើរដ្ឋប្រហារ, ក្លែងបន្លំសន្លឹកឆ្នោត…) ព្រោះមនុស្សខាងលោក សម រង្ស៊ី គ្មានកាំភ្លើងទេ (មិនច្បាស់ថាពាក្យ People នៅក្នុងបរិបទនេះលោកសំដៅលើពលរដ្ឋធម្មតា ឬមនុស្សរបស់លោក សម រង្ស៊ី ដូចវីអូអេបើករង្វង់ក្រចក?)។ ទោះលោកមានកាំភ្លើងដូចរណឫទ្ធិក៏មិនអាចយកឈ្នះលោក ហ៊ុន សែន ដែរ ករណីរដ្ឋប្រហារសម្តេចក្រុមព្រះគឺជាឧទាហរណ៍ស្រាប់។ ជាក់ស្តែង លោក ហ៊ុន សែន ផ្ទាល់ក៏ធ្លាប់ត្រូវគេលបបាញ់ប្រហារដែរ ឧ. ការគំរាមសម្លាប់របស់អម្ចាស់នរោត្តម សិរីវុឌ្ឍ គ្រាប់រ៉ុក្កែតបេ៤០ ផ្លោងបិះត្រូវឡានរបស់លោក (ព្រឹក ២៤ កញ្ញា ១៩៩៥)។ លោកក៏ធ្លាប់ត្រូវគេប៉ុនប៉ងធ្វើរដ្ឋប្រហារដែរ គឺដឹកនាំដោយលោក ព្រះអង្គម្ចាស់ ចក្រពង្ស (ចេញពីហ្វ៊ុនស៊ិនប៉ិចចុះចូលនឹងគណបក្សកាន់អំណាចឆ្នាំ៩១) និងអតីតរដ្ឋមន្ត្រី ស៊ិន សុង (ចុះចូលនឹងលោក ហ៊ុន សែន នៅវៀតណាមឆ្នាំ១៩៧៧) នេះបើតាមការប្រកាសរបស់រដ្ឋាភិបាល (២ កក្កដា ១៩៩៤)។ សព្វថ្ងៃបើមានគម្រោងការណ៍សម្ងាត់ណាមួយអំពីរដ្ឋប្រហារ ប្រាកដជាបែកការណ៍ មិនទាន់ធ្វើសកម្មភាពផង លោកនឹងចាត់ការបានមុនតែម្តង។ អំពីសមត្ថភាពធ្វើសឹកសង្គ្រាមវិញ លោកជាមេទ័ពចាស់វស្សាធ្លាប់ទទួលការបណ្តុះបណ្តាលពីខ្មែរក្រហមក្រោយមកពីវៀតណាម លោកបានបង្ហាញពីសមត្ថភាពខាងបញ្ជាទ័ពឱ្យពលរដ្ឋឃើញយ៉ាងច្បាស់តាមរយៈជម្លោះព្រំដែនជាមួយនឹងថៃកាលឆ្នាំ២០០៨ ដូច្នេះ ការអះអាងរបស់ ឆាណ្ឌល័រ ថា គេមិនអាចផ្តួលលោកតាមកម្លាំងប្រដាប់អាវុធ (រដ្ឋប្រហារនិងចលនាឧទ្ទាម) ត្រឹមត្រូវ។

៣. ការបោះឆ្នោតជាតិ ២០១៨

«ខ្ញុំពុំមានសុទិដ្ឋិនិយមឡើយ ប្រសិនបើសុទិដ្ឋិនិយមមានន័យថាការផ្លាស់ប្តូរដែលអាចបង្កើតបានរដ្ឋាភិបាលសេរី ដែលសភាជាតិមានអំណាច [ពិតប្រាកដ] ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនោះ។ ខ្ញុំមិនគិតថាវានឹងកើតឡើងទេ ដរាបណា [លោក ហ៊ុន សែន] នៅរស់។ […] លោកត្រូវតែធ្វើឱ្យប្រាកដថា សភាគ្មានអំណាចអ្វីឡើយ»។ លោក សម រង្ស៊ី វិញបានបញ្ចេញមតិលើទស្សនៈឆាណ្ឌល័រ នៅលើហ្វេសប៊ុករបស់លោកថា «យើងមិនអាចទស្សន៍ទាយពីអនាគត ដោយគ្រាន់តែផ្អែកលើអតីតកាលប៉ុណ្ណោះឡើយ។ ថ្មីៗនេះ បរិបទនយោបាយនៅប្រទេសកម្ពុជា មានការប្រែប្រួលយ៉ាងខ្លាំង ហើយលោក ហ៊ុន សែន ដែលក្រាញអំណាចបានយូរក្នុងអតីតកាល កំពុងតែប្រឈមមុខនូវបរិបទនយោបាយថ្មីមួយ ខុសប្លែកពីមុនឆ្ងាយណាស់ ដែលនឹងនាំមកនូវការផ្លាស់ប្តូរអ្នកដឹកនាំប្រទេសជាពុំខាន។ កិច្ចការនយោបាយមិនមែនជារឿងគ្រូទាយទេ។ គ្រូទាយគឺទាយពីស្ថានការណ៍មួយក្នុងអនាគត ដូចជាព្រហ្មលិខិត ដែលគ្មាននរណាអាចកែប្រែបាន។ […] កិច្ចការនយោបាយជាដំណើរការមួយដែលអាចប្រែប្រួលគ្រប់ពេលវេលា អាស្រ័យលើទង្វើទៅវិញទៅមក នៃអ្នកចូលរួមក្នុងដំណើរការនោះ។ […] អនាគតរបស់យើងម្នាក់ៗគឺអាស្រ័យតែលើខ្លួនយើងតែប៉ុណ្ណោះ។ […] សេណារីយ៉ូដ៏អាក្រក់បំផុតនៅឆ្នាំ២០១៧ និង ២០១៨ គឺពេលណាសហគមន៍អន្តរជាតិ នៅតែយល់ច្រឡំអំពីលទ្ធិប្រជាធិបតេយ្យក្លែងក្លាយនៅប្រទេសកម្ពុជា ហើយនៅតែផ្តល់ភាពស្របច្បាប់ឲ្យទៅរបបលោក ហ៊ុន សែន ដោយចាញ់ការឃោសនារបស់គណបក្សកាន់អំណាចសព្វថ្ងៃ។ តាម Daily ថ្ងៃទី១៨ «លោក សម រង្ស៊ី បានលើកឡើងទៀតថា រឿងដ៏អាក្រក់បំផុតនោះគឺការដែលសហគមន៍អន្តរជាតិឥឡូវនេះបោះបង់ចោលការបោះឆ្នោតដោយសេរីនៅកម្ពុជា ដោយទុកឲ្យ គ.ជ.ប.ថ្មី (ប៉ុន្តែនៅតែស្ថិតក្រោមការគ្រប់ គ្រងរបស់គណបក្សប្រជាជនកម្ពុជា) ជាអ្នកគ្រប់គ្រងរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយភាពមិនស្មោះត្រង់ “ដូច្នេះវាធ្វើឲ្យការព្យាកររបស់លោក ដេវិឌ ឆាណ្ឌល័រ ក្លាយជាការពិត»។ សម្រង់នេះបង្ហាញថា លោក សម រង្ស៊ី ទទួលស្គាល់ទស្សនៈរបស់ ឆាណ្ឌល័រ ថាត្រឹមត្រូវ ហើយលោកកំពុងព្យាយាមបញ្ចៀសសេណារ៉ីយ៉ូនេះ។ តាមយោបល់យើង ការព្យាកររបស់លោក ឆាណ្ឌល័រ ពុំមែនជាការទស្សន៍ទាយដូចរបៀបគ្រូទាយជោគវាសនានោះទេ តែផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រ ហើយរឿងអន្តរជាតិទទួលភាពស្របច្បាប់របស់រដ្ឋាភិបាលមិនប៉ុន្មានទេ ងំត្រង់បក្សប្រឆាំងខ្លួនឯងជាអ្នកចូលសភាធ្វើឱ្យរដ្ឋាភិបាលស្របច្បាប់និងធ្វើឱ្យសភាគ្រប់ទឹក ដូច្នេះមិនគួរបន្ទោសតែភាគីខាងក្រៅទេ ព្រោះខ្លួនឯងក៏ចូលចំណែកដែរ។ ការបោះឆ្នោតឆ្នាំ១៩៩៣ លោក បេន្នី វីដ្យូណូ អតីតមន្ត្រីជាន់ខ្ពស់UN ក្នុងស្នាដៃ «សាក្សីប្រវត្តិសាស្ត្រ» បានរៀបរាប់ថា «នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ឧត្តមក្រុមប្រឹក្សាជាតិមុននឹងការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់ លោក ហ៊ុន សែន បានសម្តែងនូវភាពរីករាយជាមួយលទ្ធផលល្អឥតខ្ចោះនៃដំណើរការបោះឆ្នោត។ [ស្រាប់តែ] នៅថ្ងៃទី១០ មិថុនា លោក ហ៊ុន សែន បានបញ្ចេញព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ…ខេត្តភាគខាងកើតទាំង៦ដែលតំណាងឱ្យប្រហែល៤០% នៃទឹកដីខ្មែរនឹងផ្តាច់ខ្លួនចេញពីប្រទេស…ដឹកនាំដោយពួកអ្នកប្រឆាំងនៅក្នុងគណបក្សប្រជាជនកម្ពុជារួមមានឧបនាយករដ្ឋមន្ត្រីរបស់រដ្ឋកម្ពុជាព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ដែលជាបងប្អូនប្រុសពាក់កណ្តាលរបស់ រណឫទ្ធិនិងមិត្តភក្តិរបស់ទ្រង់ ចក្រពង្ស គឺលោកឧត្តមសេនីយ៍ ស៊ិន សុង។ […] លោក ហ៊ុន សែន នៅតែបន្តរិះគន់អ៊ុនតាក់យ៉ាងខ្លាំងក្លា។ គាត់បាននិយាយនៅឆ្នាំ២០០១ ថា [អ៊ុនតាក់ជា]តួអង្គមានអាក្បកិរិយាដូចជាចោរប្រដាប់អាវុធ។ អ៊ុនតាក់ពូកែខាងមើលការខុសត្រូវលើ ‘‘ការបោះឆ្នោតដែលមានលទ្ធផលអាក្រក់ជាងគេនៅសតវត្សរ៍ទី២០នេះ’’។» លោក ហ៊ុន សែន ត្រូវបានគេចោទថានៅពីក្រោយការបង្កើតតំបន់អបគមន៍នេះ ដើម្បីដំឡើងសាច់ដុំបង្ខំហ្វ៊ុនស៊ិនប៉ិចឱ្យទទួលយកកិច្ចព្រមព្រៀងបង្កើតសម្ពន្ធភាពជាមួយគណបក្សកាន់អំណាច នេះបើតាមសៀវភៅ «កម្ពុជារបស់លោក ហ៊ុន សែន»។ ចុងក្រោយលោកពិតជាបានសម្រេចដូចបំណងមែន គឺបក្សលោកចាញ់ឆ្នោតសោះចែកអំណាចស្មើនឹងបក្សឈ្នះឆ្នោត ហើយមានអំណាចជាងបក្សឈ្នះឆ្នោតទៅទៀត ព្រោះក្តោបក្តាប់កងយោធាជាតិនិងប្រព័ន្ធរដ្ឋបាល។ បានសេចក្តីថាគណបក្សកាន់អំណាចដំបូងសរសើរដំណើរការបោះឆ្នោត ក្រោយពេលចាញ់ឆ្នោតក៏លេបសម្តីវិញ មិនទទួលស្គាល់លទ្ធផលឆ្នោត រួចបង្កើតតំបន់អបគមន៍ មិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ ទីបំផុតឆ្នាំ១៩៩៧ ៥-៦ កក្កដា ក៏ធ្វើរដ្ឋប្រហារហ៊ុនស៊ិនប៉ិចនៅមុនការបោះឆ្នោតអាណត្តិទី២។

លោក កែម ឡី បានមើលឃើញពីចំណុចនេះដែរ នៅក្នុងវេទិកាអាស៊ីសេរីថ្ងៃទី១១ មេសា ២០១៦ ថា«ក្នុងឆាកនយោបាយរបស់គណបក្សកាន់អំណាចដែលខ្ញុំមើលឃើញគាត់ឈ្នះកន្លងមក មែនឈ្នះដោយសារការប្រកួតប្រជែងគំនិតទេ មែនឈ្នះដោយសារការប្រកួតប្រជែងគោលនយោបាយទេ គឺឈ្នះដោយសារវាយកម្ទេចគូប្រកួត។ ខ្ញុំឧទាហរណ៍ដូចឆ្នាំ១៩៩៧ គាត់ដឹងថាឆ្នាំ១៩៩៣ចាញ់ បើទុកហ្វ៊ិនស៊ីនប៉ិចឲ្យបោះឆ្នោតនៅឆ្នាំ១៩៩៨ទៀត គឺមិនអាចឈ្នះបានទេ អ៊ីចឹងគាត់ត្រូវតែកម្ទេចចោល។ ដូចគ្នានោះដែរ ក្នុងឆ្នាំ២០១៣នេះ បើសិនជាទុកសង្គ្រោះជាតិឱ្យមានការបោះឆ្នោតរហូតដល់ឆ្នាំ២០១៧-២០១៨ គឺគណបក្សប្រជាជនមិនអាចឈ្នះបានទេ អ៊ីចឹង គាត់រកវិធីសាស្ត្រកម្ទេច គណបក្សសង្គ្រោះជាតិទៅវិញទេ។» លោក ឆាណ្ឌល័រ ក៏មានមតិមិនខុសគ្នាដែរ«UN តែងត្រូវបានគេរិះគន់…ពួកគេចំណាយលុយច្រើនខ្លាំងណាស់ [៣ពាន់លានដុល្លារ] តែសម្រេចលទ្ធផលតិចបំផុត។ […] សំខាន់បំផុត លោក ហ៊ុន សែន នៅតែឋិតនៅពីក្រោយ គ្រប់គ្រងប្រទេសដោយគណបក្សប្រជាជនរបស់លោក។ […] សហគមន៍អន្តរជាតិរងគ្រោះក្នុងសង្គ្រាមវៀតណាមនិងនៅប្រទេសនានាដទៃដែលពួកគេធ្វើអន្តរាគមន៍ខ្លាំងពេក ដូច្នេះហើយពួកគេនឹងមិនត្រលប់ក្រោយ មកសង្គ្រោះកម្ពុជាទៀតទេ។»

បើលោក សម រង្ស៊ី នៅតែចង់ការពារទស្សនៈខ្លួនថា អតីតកាលមិនអាចជះឥទ្ធិពលអនាគតនោះ ភស្តុតាងច្បាស់បំផុតគឺការចល័តទ័ពចូលក្រុងយ៉ាងស្រួលរបស់គណបក្សកាន់អំណាចកំលុងពេលបិទបញ្ចប់ការបោះឆ្នោតឆ្នាំ២០១៣ បង្ហាញថា ទោះបីបក្សប្រឆាំងពិតជាឈ្នះឆ្នោតមែនក៏ដោយ ក៏មិនអាចចូលកាន់អំណាចបានដែរ ព្រោះយោធានឹងការពាររដ្ឋាភិបាលចាំផ្ទះនិងអាចធ្វើរដ្ឋប្រហារបក្សប្រឆាំងបានយ៉ាងងាយស្រួល។ សង្គ្រោះជាតិដូចហ្វ៊ុនស៊ិនប៉ិចកាលទសវត្ស៩០ដែរគឺអាងតែខ្លួនឈ្នះឆ្នោត មានរាស្ត្រគាំទ្រ ក៏ចេះតែប្រកាសថាខ្លួននឹងឈ្នះឆ្នោតនិងត្រៀមខ្លួនចូលកាន់អំណាច ដោយមិនបង្ហាញសញ្ញាខ្វល់ខ្វាយថាបក្សកាន់អំណាចអាចធ្វើរដ្ឋប្រហារបក្សខ្លួនដូចធ្វើដាក់ហ្វ៊ុនស៊ិនប៉ិចទាល់តែសោះ។ លោក អេង ឆៃអ៊ាង កាលបាតុកម្មឆ្នាំ២០១៣ បានអះអាងថា រដ្ឋាភិបាលមិនអាចបង្ក្រាបបាតុកម្មដោយហិង្សាឡើយ ព្រោះខ្លាចជាប់បណ្តឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ត្បិតកម្ពុជាបានចូលជាសមាជិកហើយ។ ក្រោយមក បាតុកម្មសង្គ្រោះជាតិនិងកូដកម្មកម្មករនៅតែត្រូវបានបង្ក្រាបដោយហិង្សាយ៉ាងងាយស្រួល មិនឃើញមាន ICC ធ្វើអន្តរាគមន៍អ្វីឡើយ ដូច្នេះហេតុផលសម្ពាធអន្តរជាតិថារដ្ឋាភិបាលមិនហ៊ានធ្វើអ្វីដូចទសវត្សរ៍៩០មិនមានសុពលភាពឡើយ។ លោកនាយករដ្ឋមន្ត្រី ក្នុងសុន្ទរកថារបស់លោកកាលពីរសៀលថ្ងៃទី៤ មីនា ២០១៥ នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារកំណែទម្រង់ ៥ឆ្នាំ នៃកងយោធពលខេមរភូមិន្ទកម្ពុជា មួយថ្ងៃបន្ទាប់ពីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងថា យោធាទោរទៅរករដ្ឋាភិបាល បានថ្លែងថា «កងពលយោធាខេមរភូមិន្ទកម្ពុជាអព្យាក្រឹតតែចំពោះគណបក្សនយោបាយប៉ុណ្ណោះ ប៉ុន្តែប្រសិនបើបុគ្គលណាមួយ ឬក្រុមណាមួយឬគណបក្សនយោបាយណាមួយធ្វើការងារប្រឆាំងរដ្ឋាភិបាល ដោយមានចេតនាផ្តួលរំលំរដ្ឋាភិបាល យើងត្រូវតែចាត់ការជាដាច់ខាត»។ «លោក ហ៊ុន សែន បានអះអាងថា លោកប៉ុល សារឿន មេបញ្ជាការយោធា និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងងើបឡើងប្រឆាំងរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សនេះឡើងជំនួសពួកគាត់ ជាការលើកឡើងដែលអ្នកអង្កេតការណ៍និយាយថា វាបង្ហាញយ៉ាងច្បាស់ថា លោកនាយករដ្ឋមន្ត្រីគ្មានបំណងបោះបង់អំណាចនោះឡើយ»។

(Daily, ថ្ងៃទី១៩) ជាក់ស្តែងណាស់ សម្តីទាំងអស់នេះជាការគំរាមធ្វើរដ្ឋប្រហារក្នុងករណីដែលគណបក្សកាន់អំណាចចាញ់ឆ្នោត ប៉ុន្តែគួរឱ្យស្តាយ គណបក្សប្រឆាំង សង្គមស៊ីវិល ពលរដ្ឋ ភាគច្រើន មិនយល់ដូច្នេះឡើយ។ ដូច ឆាណ្ឌល័រ អះអាង សម រង្ស៊ីឬគណបក្សប្រឆាំងគឺជាគូប្រជែងងាយយកឈ្នះ និងលោកហ៊ុន សែន នៅតែគ្មាននរណាប្រជែងបាន។ តាមយោបល់យើងគឺមានតែពលរដ្ឋប៉ុណ្ណោះជាគូប្រជែងខ្លាំងបំផុតរបស់សម្តេច ប៉ុន្តែពួកគេនៅតែត្រូវការអ្នកយុទ្ធសាស្ត្រខាងទប់ទល់នឹងរបបផ្តាច់ការបង្ហាញផ្លូវ ហើយកម្ពុជាមានធនធានមនុស្សច្រើន ប៉ុន្តែប្រហែលគ្មានអ្នកជំនាញប្រភេទនេះទេ។

បក្សប្រឆាំងបានទាមទារដាក់គ.ជ.ប. ជាស្ថាប័នធម្មនុញ្ញ និងចង់បានលោកស្រី ពុង ជីវកេក ជាបេក្ខជនទី៩ តែបរាជ័យដោយគ្រាន់តែលោក ហ៊ុន សែន ដំបូងព្រមក្រោយមកជំទាស់ប៉ុណ្ណោះ។ លោកស្រីបានអះអាងក្រោយមកថាហៅលោកស្រីឱ្យចូលផ្ទះ ស្រាប់តែចាក់សោបិទទ្វារផ្ទះមិនឱ្យលោកស្រីចូល ដោយសំអាងលើមានសញ្ជាតិបរទេស។ ទីបំផុត អគ្គលេខាធិការចាស់ត្រូវបានតែងតាំងជាថ្មី គណបក្សសង្គ្រោះជាតិបានថ្លែងជាសាធារណៈថាសោកស្តាយចំពោះការតែងតាំងនេះ ឯសង្គមស៊ីវិលសម្តែងការខកចិត្ត ផ្ទុយទៅវិញ លោក សម រង្ស៊ី ប្រាប់អាស៊ីសេរីថាការសោកស្តាយរបស់បក្សលោកត្រឹមតែជានិមិត្តរូបប៉ុណ្ណោះ។ វេទិកាអាស៊ីសេរី ១៥ មករា ២០១៦ លោក កែម ឡី បានប្រដូចអ្នកចាស់ទៅនឹងត្រីស្អុយមួយ ស្អុយមួយកន្ត្រង និងអះអាងថា កូនជញ្ជីង១ [ហង្ស ពុទ្ធា] ក្នុងចំណោម៩បះទៅខាងបក្សកាន់អំណាចទៅហើយ។ «ខ្ញុំមិនមានសង្ឃឹមថា ការបោះឆ្នោតខាងមុខហ្នឹងមានឯករាជ្យភាពទេ តាំងពីច្បាប់[បោះឆ្នោតថ្មី]ហើយនិងការជ្រើសរើសអគ្គលេខាធិការនៅថ្ងៃនេះ ប៉ុន្តែខ្ញុំក៏មិនបំបាក់ទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមដែរ ព្រោះខ្ញុំសង្ឃឹមលើប្រជាពលរដ្ឋច្រើនជាងសង្ឃឹមលើប្រព័ន្ធហ្នឹង»។

បច្ចុប្បន្ន អគ្គលេខាធិការរងត្រូវឃុំខ្លួននិងសមាជិកគ.ជ.ប ដែលបក្សប្រឆាំងជ្រើសរើសគឺលោក រ៉ុង ឈុន កំពុងរងសម្ពាធពីតុលាការលើសំណុំរឿងចាស់អំពីអំពើហិង្សានៅក្នុងកូដកម្មកម្មកនៅផ្លូវរវ៉េងស្រេង។ តាមពិតយើងបានដឹងមុនហើយថាលោកនឹងជាមុខសញ្ញាបន្ទាប់ តែមិនទាន់ទាំងបានសរសេរផង លោកក៏ត្រូវបានបក្សកាន់អំណាចចាត់វិធានការបន្ទាប់ពីលោក នី ចរិយា ទៅហើយ។ លោកក៏ជាបុគ្គលតែម្នាក់ដែលហ៊ាននិយាយជំទាស់បេក្ខភាពលោក ទេព នីថា ជាសាធារណៈដែរ ដូច្នេះលោកគឺជាឆ្អឹងទទឹងកមិនអាចទុកបានឡើយ។ ក្រោយមកទៀត បក្សកាន់អំណាចនឹងវេតូបេក្ខជនណាដែលមិនធ្វើដូចលោក ហង្ស ពុទ្ធា, ស្ថាប័នបោះឆ្នោតរង្គោះរង្គើ, ច្បាប់បោះឆ្នោតថ្មីអាក្រក់, ព្រឹត្តិការណ៍មុនការបោះឆ្នោតដូច១៩៩១-៩៨ ពោលគឺពោរពេញដោយការចាប់ចងសមាជិកបក្សប្រឆាំង សង្គមស៊ីវិល អនុវត្តច្បាប់ស្តង់ដារពីរនិងរំលោភសិទ្ធិមនុស្ស ចង់មិនចង់ ការព្យាកររបស់លោក ឆាណ្ឌល័រនឹងក្លាយជាការពិត មិនមែនដោយសារគ្មានតាក់ទិចទប់ទល់ទេ តែដោយសារគូប្រកួតបក្សកាន់អំណាចរកមិនឃើញតាក់ទិចទប់ទល់។ ផ្តល់សម្ភាសន៍ឱ្យអាស៊ីសេរីចុះផ្សាយថ្ងៃទី១៩ ឧសភា លោក កែម ឡី បានជំទាស់នឹងទស្សនៈរបស់លោក ឆាណ្ឌល័រ ថា«គណបក្សកាន់អំណាចគាត់ត្រូវធ្វើការផ្លាស់ប្ដូរខ្លួនឯង ទាំងវប្បធម៌ស្ថាប័ន វប្បធម៌បុគ្គល វប្បធម៌នយោបាយ ហើយភាពជាអ្នកដឹកនាំដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ហ្នឹងជាជម្រើសដ៏ល្អ ហើយជម្រើសដែលចាំបាច់ ប្រសិនបើគណបក្សប្រជាជន មិនអាចធ្វើការផ្លាស់ប្ដូរដោយខ្លួនឯងបានទេ វាច្បាស់ជាគណបក្សប្រជាជន រង់ចាំឲ្យគេផ្លាស់ប្ដូរហើយ តាមរយៈការបោះឆ្នោត»។ […] លោក កែម ឡី មានសុទិដ្ឋិនិយមថា កម្ពុជានៅតែអាចផ្លាស់ប្ដូរបានតាមរយៈការបោះឆ្នោត ហើយអ្វីដែលបក្សប្រឆាំងគ្រប់គ្រងសន្លឹកឆ្នោតមិនបានគ្រប់ជ្រុងជ្រោយកាលពីបោះឆ្នោតសកលឆ្នាំ២០១៣ នោះ គឺដោយសារខ្វះបទពិសោធនិងមានការធ្វេសប្រហែសរបស់ខ្លួន»។ លោកធ្លាប់ «បានប្រៀបធៀបប្រជាធិបតេយ្យនៅកម្ពុជា ដូចជាអាវពាក់ពីក្រៅទេ តែធាតុពិតកម្ពុជាកំពុងតែដើរលើគន្លងកុម្មុយនិស្ត។ លោកបញ្ជាក់ថា មេដឹកនាំអន្តរជាតិខ្លះកំពុងតែចាញ់បោករដ្ឋាភិបាលកម្ពុជាដែលបង្ហាញប្រជាធិបតេយ្យតែសំបកក្រៅនោះ។ លោក កែម ឡី បានរំលឹកពីការបោះឆ្នោតអាណត្តិទី១ កាលពីឆ្នាំ១៩៩៣ ដែលគណបក្សប្រជាជនកម្ពុជាបានចាញ់ការបោះឆ្នោត តែមេដឹកនាំគណបក្សនេះមិនព្រមផ្ទេរអំណាចឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចនោះទេ៖ ‘‘យកការបោះឆ្នោតមួយគ្រាន់តែជាឡុបឡែដើម្បីបន្លំលក្ខណៈអន្តរជាតិជាដើម ទោះបីធ្លាប់ចាញ់ក៏ដោយ មិនទទួលស្គាល់ពីលទ្ធផលរបស់ខ្លួន។ មួយទៀត ដោយសារតែប្រទេសកុម្មុយនិស្តភាគច្រើនគឺគេឯករាជ្យរបស់ខ្លួនគេតែម្តង ឥតមានឥទ្ធិពលពីក្រៅទេ ប្រទេសយើងដែលអាក្រក់មានឥទ្ធិពលពីចិនផង យួនផង។’’ […] Michael Sullivan [ទីប្រឹក្សាអង្គការខុមហ្វ្រែល] បានថ្លែងថា គណបក្សប្រឆាំងបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ប៉ុន្តែមិនអាចតទល់ប្រឆាំងនឹងប្រព័ន្ធនៃការរៀបចំការបោះឆ្នោតដែលមានស្រាប់បានឡើយ។ លោកបានហៅការដឹកនាំរបស់រដ្ឋាភិបាលថា ជាប្រទេសប្រកាន់របបប្រជាធិបតេយ្យបែបផ្ដាច់ការនិយម៖‘‘របបផ្ដាច់ការនិយមតាមបែបការបោះឆ្នោតវាតែងតែធ្វើឲ្យមានដំណើរការបោះឆ្នោតជាធម្មតា ហើយដំណើរការបោះឆ្នោតនេះជាចំណុចសំខាន់ដែលធ្វើឲ្យគណបក្សកាន់អំណាចមានលទ្ធភាពប្រើប្រាស់ដំណើរការបោះឆ្នោតជាមធ្យោបាយ ដើម្បីគ្រប់គ្រង និងអនុវត្តដំណើរការផ្ដាច់ការរបស់ខ្លួនតាមរយៈការបោះឆ្នោត ពោលគឺការប្រើប្រាស់ការបោះឆ្នោតគ្រាន់តែជាឧបករណ៍ដើម្បីបានអំណាច»។

(អាស៊ីសេរី ២ មេសា) លោក កែម ឡី មើលឃើញបញ្ហាថា ស្ថាប័នបោះឆ្នោតមិនឯករាជ្យ ច្បាប់បោះឆ្នោតថ្មីអាក្រក់ បក្សកាន់អំណាចធ្លាប់មិនទទួលស្គាល់លទ្ធផលឆ្នោតពេលចាញ់ មិនព្រមចុះចេញពីអំណាច ធ្លាប់ធ្វើរដ្ឋប្រហារ យកការបោះឆ្នោតក្លែងក្លាយមួយដើម្បីទទួលភាពស្របច្បាប់ តែដល់ដំណោះស្រាយរបស់លោកនៅតែចង់ឱ្យពលរដ្ឋចូលរួមការបោះឆ្នោតចូលអន្ទាក់ដែលរបបដឹកនាំរៀបចំចាំលួចបន្លំសន្លឹកឆ្នោត បង្គ្រប់កិច្ចដដែលៗ។ លោកនៅតែ «មានសង្ឃឹមត្រង់ថា ប្រជាជនត្រូវតែចូលរួមទាំងអស់គ្នាមក ទាំងមើលឈ្មោះ ទាំងចុះឈ្មោះ  ទាំងតាមដានឈ្មោះ ទាំងធ្វើជាភ្នែកធ្វើជាច្រមុះនៅក្នុងគ្រប់ដំណាក់ទាំងអស់» (អាស៊ីសេរី ១៥ មករា ២០១៦)។ ដំណោះស្រាយនេះមិនសូវមានប្រសិទ្ធភាពឡើយ ព្រោះបទពិសោធការបោះឆ្នោតឆ្នាំ២០១៣ ពលរដ្ឋបានសកម្មរួចហើយ ប៉ុន្តែលទ្ធផលនៅតែដដែល ឯសុទិដ្ឋិនិយមរបស់លោកអំពីការបោះឆ្នោតអាស្រ័យការស្ថានភាពសេរីភាពព័ត៌មាននិងការជួយជ្រោមជ្រែងពីសហភាពអ៊ឺរ៉ុបនិងជប៉ុននោះ (តុមូលវីអូឌី ២៦ កញ្ញា ២០១៥ មុនអគ្គលេខាធិការចាស់ត្រូវបានតែងតាំង) ករណីបរាជ័យរបស់អ៊ុនតាក់គឺជាមេរៀនស្រាប់ហើយ សេរីភាពព័ត៌មានកាល២០១៣ក៏ផុសផុលដែរ ចុងក្រោយយើងសុទ្ធតែឃើញថាគ្មានប្រសិទ្ធភាពឡើយ។ វិធីមានប្រសិទ្ធភាពបំផុតប្រឆាំងនឹងស្ថាប័នបោះឆ្នោតមិនឯករាជ្យនិងការមិនព្រមចុះចេញពីអំណាចក្រោយចាញ់ឆ្នោត មានតែពហិការមិនចូលរួមដំណើរបោះឆ្នោតប៉ុណ្ណោះ ពោលគឺមិនចុះឈ្មោះបោះឆ្នោត មិនទៅបោះឆ្នោត មិនទទួលស្គាល់ស្ថាប័នបោះឆ្នោត មិនចូលរួមប្រកួតប្រជែងរបស់បក្សនានា…ឯការទៅបោះឆ្នោតនិងអង្កេតការណ៍ ទោះពលរដ្ឋច្រើនប៉ុណ្ណា សកម្មប៉ុណ្ណាក៏ដោយ ក៏បក្សកាន់អំណាចអាចយកសេណារីយ៉ូឆ្នាំ២០១៣និង១៩៩៣ មកប្រើម្តងទៀតដែរ។ វិធីតែមួយគត់ដែលលោក សម រង្ស៊ី អាចបញ្ចៀសសេណារីយ៉ូរបស់ឆាណ្ឌល័រ បាន គឺដឹកនាំគណបក្សលោកនិងអ្នកគាំទ្រឱ្យធ្វើពហិការដំណើរការបោះឆ្នោតខាងមុខ។

៤. វប្បធម៌សន្ទនានិងការចរចា

«លោកបានចាប់ផ្តើមសន្ទនាពីរបីឆ្នាំមកហើយតែលោកមិនជឿជាក់លើវាទេ។ វាមិនមែនជាចរិតរបស់គាត់ឡើយ។ និយាយតែម្នាក់ឯងគឺជារបៀបរបស់គាត់។ ហើយវាក៏គឺជារបៀបរបស់ សីហនុ និងរបស់ជ័យវម៌ទី៧ដែរ។ ពួកគាត់ទាំងនោះមិនសន្ទនា [ជាមួយនរណា]ទេ»។ លោក ឆាណ្ឌល័រចង់មានន័យថា លោក ហ៊ុន សែន ពុំមែនជាមនុស្សនិយមសន្ទនាអ្វីទេ ក្នុងករណីដែលលោកពិតជាសន្ទនានោះ លោកប្រាកដជាច្បាស់ថានឹងឈ្នះលើតុចរចា ដោយបង្ខំនិងវាយបង្ក្រាបគូប្រកួតជាមុន។ អំពីការចរចានិងវប្បធម៌សន្ទនានេះ អ្នកវិភាគជាច្រើនវិភាគខុសដោយអះអាងថា មានតែការចរចាទេទើបដោះស្រាយបញ្ហាបាន។ ជាក់ស្តែង ការចរចានៅក្រោយការបោះឆ្នោតឆ្នាំ៩៣ ដឹកនាំដោយសម្តេចតា បានផលិតបានរដ្ឋាភិបាលក្បាលពីរ បក្សចាញ់ឆ្នោតមានអំណាចជាងបក្សឈ្នះឆ្នោត, ការចរចាឆ្នាំ២០០៤រវាង ហ៊ុន សែន និង រណឫទ្ធិ ចេញជាវិសោធនកម្មរដ្ឋធម្មនុញ្ញបោះឆ្នោតជាកញ្ចប់ដែលអ្នកវិភាគកាលណោះថាជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ, ការចរចាឆ្នាំ២០០៦ រវាង ហ៊ុន សែន និង សម រង្ស៊ី លេចចេញជាវិសោធនកម្មរដ្ឋធម្មនុញ្ញបង្កើតរដ្ឋាភិបាលដោយសំឡេង២/៣ មក ៥០បូក១ ដែលបញ្ចប់អំណាចបក្សដែលសំឡេងភាគតិច, ការចរចាឆ្នាំ២០១៤បង្កើតបានកិច្ចព្រមព្រៀង ២២ កក្កដា រួមមាន ច្បាប់បោះឆ្នោតថ្មីដ៏អាក្រក់ដែលលោក កែម ឡី ថាអនុម័តដោយបុគ្គលតែពីរប៉ុណ្ណោះគឺ ហ៊ុន សែន សម រង្ស៊ី និងស្ថាប័នបោះឆ្នោតដែលកាន់កាប់ដោយគណបក្សនយោបាយដដែល មិនមែនដោយសមាជិកឯករាជ្យពីបក្សនយោបាយ នេះនៅមិនរាប់អគ្គលេខាធិការថ្មីមនុស្សចាស់និងរងដែលត្រូវបានចាប់ខ្លួនផង។ ភស្តុតាងទាំងអស់នេះពុំបានកែប្រែទស្សនៈរបស់អ្នកវិភាគមួយចំនួននោះឡើយ ពួកគេនៅតែថា ចរចាទើបមានប្រសិទ្ធភាព នៅតែថា មកពីចរចាដើម្បីបក្សមិនមែនដើម្បីរាស្ត្រនិងជាតិ ទើបចរចាគ្មានបានប្រយោជន៍ ចុះបើពួកគេគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងបក្សរហូត តើអ្នកវិភាគប្រុងផ្តល់យោបល់ដដែលៗរហូតឬអ្វី? ឧបមាថាចរចាដើម្បីប្រយោជន៍ជាតិទៅចុះ ក៏លោក ហ៊ុន សែន អាចមិនគោរពពាក្យសន្ទនានិងកិច្ចព្រមព្រៀងដែរ ជាក់ស្តែងការផ្លាស់ប្តូរពីថ្ងៃបោះឆ្នោតមកខែកុម្ភៈ ត្រូវបានលោកក្រលាស់សម្តី ក៏មិនដឹងទៅធ្វើអ្វីលោក។ ទុកថាដោយសារគ្មានលាយលក្សអក្សរទៅចុះ ការព្រមព្រៀងបញ្ឈប់ការចាប់ខ្លួនសមាជិកបក្សប្រឆាំង ក្រោយមកចាប់ទៀតដដែល នេះនៅមិនរាប់ពាក្យសន្យាជាច្រើនគគោករបស់លោកដូចជាកាត់ក្បាលរឿងអស់ព្រៃជាដើម។ យើងសូមបដិសេធទស្សនៈរបស់ឆាណ្ឌល័រដែលថា លុះអ្នកផ្សេងកាន់អំណាច ទើបអាចចាប់ផ្តើមសន្ទនាបាន ព្រោះដរាបណារចនាសម្ពន្ធដឹកនាំដោយបុគ្គលម្នាក់ សម្រេចគ្រប់យ៉ាង គ្មានការកំហិតពីច្បាប់ ទោះនរណាឬកូនលោកចូលមកក៏ការសន្ទនានៅតែផ្តល់អាទិភាពទៅភាគីណាដែលមានអំណាចដែរ។

៥. នយោបាយប្រឈមផ្ទាល់

លោក ឆាណ្ឌល័រ បានបន្ថាបវប្បធម៌សន្ទនាគឺជាការវាយតម្លៃត្រឹមត្រូវ ប៉ុន្តែលោកបានពោលព្រមានថា «កុំពាក់ព័ន្ធនឹងនយោបាយប្រឈមផ្ទាល់ ពីព្រោះវាជាប្រភេទនយោបាយដែលលោក ហ៊ុន សែន យល់យ៉ាងច្បាស់។ គាត់មានអំណាច ឯអ្នកឯងមិនមានទេ។ […] ប្រជាជនកម្ពុជាមិនចេះគ្រប់គ្រងរៀបចំខ្លួនឯងឱ្យបានល្អឡើយ ហើយវាក៏លំបាកធ្វើអ៊ីចឹងដែរ ដូច្នេះ…នយោបាយប្រឈមផ្ទាល់គឺជាអ្វីដែលត្រូវចៀសវាង លុះប្រហែលពេលណាមួយដែលលោក ហ៊ុន សែន ចែកឋានទៅ ហើយអ្នកផ្សេងចូលមក។ […] បើសិនកម្មករពិតជាទប់លែងបានចាប់ផ្តើមផ្ទុះកំហឹងនោះ អ្នកនឹងមិនអាចធ្វើឱ្យប្រទេសផ្លាស់ប្តូរឡើយ ផ្ទុយទៅវិញបើពួកគេពិតជាអាចរៀបចំខ្លួនឯងធ្វើបាតុកម្មកាន់តែផុសផុលទៅៗ អ្នកនឹងទទួលបានសាកសពកម្មករជាច្រើន » ខុសស្រឡះពីលោកឆាណ្ឌល័រ លោក H. L. Richardson ក្នុងស្នាដៃ Confrontational Politics: How to Practice the Politics of Principle កត់សម្គាល់ថា«ការមើលរបៀបមនុស្សនិយមទៅកាន់ការប្រឈមមុខដាក់គ្នាគឺជាការចាំបាច់ គឺជាធាតុផ្សំវិជ្ជមានក្នុងការវិវឌ្ឍនៃកម្មវិធីមនុស្សជាតិ។ ពួកគេរំពឹងទុកជាមុនអំពីការប្រឈមផ្ទាល់ រៀបចំផែនការសម្រាប់ការប្រឈម ហើយគិតទុកជាមុនអំពីប្រតិកម្មអវិជ្ជមានដែលអាចព្យាករបានពីគូប្រជែងរបស់ពួកគេ ដែលជារឿយៗ [ពួកគេ]ប្រើប្រាស់ប្រតិកម្មនេះដើម្បីជ្រោងបុព្វហេតុរបស់ពួកគេទៅមុខទៀត។ ដូច្នេះហើយ ទំនាស់ត្រូវបានគេរំពឹងទុក ស្វាគម យកមកវិភាគ ហើយបន្ទាប់មកប្រើដើម្បីសម្រេចគោលដៅ។  សមត្ថភាពវិវឌ្ឍន៍ (Momentum) ជាក់ស្តែងណាស់ គឺឋិតនៅខាងភាគីបង្កើតការប្រឈម ព្រោះពួកគេមានមានប្រៀបខាងយុទ្ធវិធីដោយសារចាប់ផ្តើមវាយប្រហារមុន។ នៅពេលគូប្រជែងមិនទាន់ទាំងបានដឹងអំពីការបះទង្គិចថានឹងកើតមានឡើងផង ពួកគេនៅមានឱកាសរៀបចំផែនការយុទ្ធសាស្ត្រ ចាត់ចែងការគាំទ្រ កំណត់សមរភូមិប្រយុទ្ធ ចុចយកពេលវេលាសមរម្យក្នុងការដាក់ចេញនូវកម្មវិធីថ្មី ហើយបង្កើតប្រធានបទថ្មីក្នុងរបៀបដូចដែលដាក់កម្មវិធីរបស់ពួកគេយ៉ាងល្អបំផុត» លោកឆាណ្ឌល័រនិយាយត្រូវ ពលរដ្ឋមិនចេះរៀបចំយុទ្ធនាការខ្លួនឯង ប៉ុន្តែអ្វីដែលលោកគួរឱ្យយោបល់ពុំមែន «កុំធ្វើនយោបាយប្រឈមផ្ទាល់នោះទេ» តែគឺបង្រៀនពលរដ្ឋអំពីវិធីដែលធ្វើឱ្យនយោបាយប្រឈមផ្ទាល់មានប្រសិទ្ធភាព ទើបត្រូវ។ ទស្សនៈរបស់លោកមើលស្រាលនយោបាយប្រឈមផ្ទាល់ដូចជាវាមិនមានប្រសិទ្ធភាពទាល់តែសោះ។

អំណះអំណាងថា លោក ហ៊ុន សែន ជាអ្នកមានអំណាច យល់ច្បាស់ពីនយោបាយប្រឈមផ្ទាល់ ត្រូវចាំដល់លោកទៅបាត់ គឺពុំស៊ីគ្នានឹងភស្តុតាងឡើយ។ លោកមិនសូវយល់ពីនយោបាយប្រឈមផ្ទាល់នោះទេ ជាក់ស្តែងពេលបក្សប្រឆាំងធ្វើបាតុកម្មកាលឆ្នាំ២០១៣ លោកបានបើកដៃឱ្យធ្វើរហូតដល់រីកធំ លោកមិនយល់ថាហេតុអ្វីគ្រាន់តែប្រជាជនប្រមូលគ្នាមិនប្រើហិង្សា អាចបង្ខំលោកចុះចេញពីអំណាចនោះទេ ដល់ពេលកងសន្តិសុខមួយចំនួនមិនគោរពតាមបញ្ជារបស់លោក ទើបលោកដឹងថា កម្លាំងមហាជនមិនអាចមើលស្រាលបាន។ មេដឹកនាំផ្តាច់ការជំនាន់ ហ៊ុន សែន លើពិភពលោក ម្តងមួយៗត្រូវបានផ្តួលរលំដោយប្រជាជនស៊ីវិល ឧ. វិចទ័រ យ៉ានុកូវិច នៅអ៊ុយក្រែន, បេន អាលី នៅទុយនេស៊ី, ហូស្នី មូបារ៉ាក់ នៅអេហ្ស៊ីប, មូហាមា ហ្គាដាហ្វ៊ី នៅលីប៊ី…បើជនផ្តាច់ការទាំងនោះពិតជាមានអំណាចប្រាកដមែន ហេតុអ្វីខ្លាចប្រជាជនបះបោរធ្វើចលនាអហិង្សា? បើប្រជាជនពិតជាគ្មានអំណាចមែន ហេតុអ្វីមេដឹកនាំទាំងអស់នោះត្រូវការភាពស្របច្បាប់ ប្រមូលពន្ធដារ ចង់ឱ្យពលរដ្ឋចូលបំរើការងាររដ្ឋ ធ្វើាប៉ូលីសកងសន្តិសុខយោធា? ប្រជាជនបានអូសកមេដឹកនាំផ្តាច់ការទាំងអស់នោះពីអំណាចបាន ទាំងនៅរស់ ហេតុអ្វីមានករណីលើកលែងចំពោះលោក ហ៊ុន សែន? លោក ឆាណ្ឌល័រ ហាក់ដូចជាមើលឃើញអំណាចរបស់លោក ហ៊ុន សែន រឹងមាំពេកហើយ ជាក់ស្តែងមនុស្សក្រោមបង្គាប់របស់លោកជាច្រើន មិនពេញចិត្តនឹងលោក ទើបការបោះឆ្នោតនៅឆ្នាំ២០១៣ បក្សកាន់អំណាចបាត់សំឡេងយ៉ាងច្រើន សូម្បីភ្នាក់ងារបង្ក្រាបដែលជាខែលរឹងមាំបំផុតរបស់លោកក៏គឺជាខែលប្រេះស្រាំដែរ ព្រោះពួកគេទទួលរងផលអាក្រក់ពីអំពើពុករលួយក្នុងស្ថាប័នដែលពួកគេធ្វើការ ពិសេសគឺប្រាក់ខែតិចជំរុញឱ្យពួកគេបោះឆ្នោតឱ្យបក្សប្រឆាំងដែលសន្យាដំឡើងប្រាក់ខែឱ្យមន្ត្រីរាជការ។ សំអាងរបស់លោកឆាណ្ឌល័រអំពីបាតុកម្មរបស់កម្មករថានាំឱ្យពួកគេត្រូវបានបង្ក្រាបដោយហិង្សាគ្រោះដល់ជីវិតនោះ គឺជាការប្រើស្តង់ដារពីរសុទ្ធសាធនិងមិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងទេ។ ទោះបីកម្មករបានបាត់បង់ជីវិតក្នុងពេលបាតុកម្មក៏ដោយ ក៏ចំនួនស្លាប់និងរបួសតិចខ្លាំងណាស់បើធៀបនឹងចំនួនកម្មករបាតុកម្មសរុប (ស្លាប់បួន បាត់ខ្លួនម្នាក់) ហើយចំនួនអ្នកស្លាប់ក៏ពុំមែនមកពីបាតុកម្មដោយផ្ទាល់ដែរ ត្បិតបាតុកម្មកើតឡើងច្រើនលើកច្រើនសាណាស់ ហេតុអ្វីគ្រប់ករណីទាំងអស់នោះកម្រមានបាតុករស្លាប់? បាតុកម្មកម្មករនៅផ្លូវវ៉េងស្រេងមានអ្នកស្លាប់ពុំមែនមកពីពួកគេធ្វើបាតុកម្មទេ តែមកពីការបង្ក្រាបដោយបាញ់គ្រាប់កាំភ្លើងពិតរបស់កងសន្តិសុខនិងមកពីកម្មករតបតនឹងភ្នាក់ងារទាំងនោះ។ ម្យ៉ាងទៀត ទោះបីពួកគេមិនធ្វើបាតុកម្មក៏ដោយ ប្រាក់ខែបង្ខំឱ្យពួកគេធ្វើការច្រើនម៉ោង សម្រាកតិច បរិភោគអាហារគ្មានផាសុកភាព គ្មានថវិកាត្រៀមពេលមានបញ្ហាសុខភាព…ទាំងអស់នេះបានសម្លាប់ពួកគេដោយប្រយោលស្រាប់ទៅហើយ បើមិនធ្វើបាតុកម្មក៏អត្រារំពឹងរស់របស់កម្មករមិនខ្ពស់ដែរ បើបាតុកម្មទោះបរាជ័យក៏មានដំឡើងប្រាក់ខែដែរ ទោះមិនស្មើការទាមទារក៏ដោយ ក៏យ៉ាងហោចណាស់មិនដេកចាំអត្រាដំឡើងប្រាក់ដ៏យឺតយ៉ាវតាមនិយោជក ដែលដើរមិនទាន់នឹងអតិផរណាទំនិញលើទីផ្សារដែរ។ និយាយនេះមិនមានន័យថា ចង់ឱ្យកម្មករទៅស្លាប់ទេ ការនៅតទល់ដោយដុំថ្មនិងកាន់ដំបង ដុតសម្ភារៈបរិក្ខារពេទ្យឯកជន…គឺជាកំហុសផ្នែកតាក់ទិចយ៉ាងធំ ដែលគ្មានប្រយោជន៍ទាល់តែសោះចំពោះបាតុករ បើពួកគេបញ្ចៀសការបង្ក្រាប ចាកចេញពីទីអសន្តិសុខ ហើយនៅតែបន្តកូដកម្មនៅកាលណោះ ពួកគេប្រាកដជាជោគជ័យ។ បាតុកម្មទើបស្លាប់គឺជាការប្រើស្តង់ដារពីរពីព្រោះពេលធ្វើសឹកសង្គ្រាម ស្លាប់កងទ័ពនិងប្រជាជនស៊ីវិលរាប់មិនអស់ គេមិនបានថាវិធីហិង្សាប្រដាប់អាវុធអប្រសិទ្ធភាពនោះទេ តែបើបាតុកម្មវិញ ស្លាប់តែពីរបីនាក់ប៉ុណ្ណោះ គេនឹងសន្និដ្ឋានភ្លាមថាអប្រសិទ្ធភាព។

ការអះអាងរបស់ឆាណ្ឌល័រថា កម្មករបាតុកម្មស្លាប់មិនបានធ្វើឱ្យប្រទេសផ្លាស់ប្តូរ ឱ្យមែនទែនទៅ កម្មករពុំបានធ្វើបាតុកម្មដើម្បីផ្លាស់ប្តូរប្រទេសឯណា តែគឺដើម្បីប្រាក់ខែទេតើ ហើយក្រោយបាតុកម្មបរាជ័យ ការប្រែប្រួលផ្នែកប្រាក់ខែក៏កើតមានដែរ។ ជារួម ត្រង់ចំណុចនយោបាយប្រឈមផ្ទាល់ ទស្សនៈរបស់លោក ឆាណ្ឌល័រ ខុសយកជាការមិនកើតតែម្តង តែត្រូវត្រង់ទស្សនៈដែលថាពលរដ្ឋកម្មករមិនសូវចេះរៀបចំចលនាដឹកនាំខ្លួនឯងប៉ុណ្ណោះ ដូច្នេះហើយទើបយើងអះអាងថាពួកគេត្រូវការអ្នកយុទ្ធសាស្ត្រខាងនយោបាយប្រឈមផ្ទាល់បង្ហាញផ្លូវ។

ជាសេចក្តីសន្និដ្ឋាន ទស្សនៈរបស់លោក ដេវិឌ ឆាណ្ឌល័រ មានចំណុចត្រឹមត្រូវច្រើន ដូចជាការបោះឆ្នោតដែលគ្មានថ្ងៃមានសុចរិតយុត្តិធម៌, លោក ហ៊ុន សែន នឹងមិនចុះចេញពីអំណាចបើចាញ់ឆ្នោត, សភាគ្មានថ្ងៃមានអំណាចដរាបណាលោក ហ៊ុន សែន នៅ (ទោះលោកទៅបាត់ក៏មិនប្រាកដថាសភាមានអំណាចដែរ), គេមិនអាចយកឈ្នះលោកតាមកម្លាំងប្រដាប់អាវុធ មេបក្សប្រឆាំងមិនមែនជាដៃគូប្រជែងនឹងលោក ហ៊ុន សែន, ការចរចាឬវប្បធម៌សន្ទនាគ្មានថ្ងៃអាចកែប្រែលោក ហ៊ុន សែន។ ចំណុចខុសវិញ វៀតណាមគ្មានគុណសម្បត្តិផ្ទប់ខ្មែរក្រហមមិនចូលកាន់អំណាចវិញនោះទេ ព្រោះវៀតណាមធ្វើនេះគ្រាន់តែដើម្បីដណ្តើមកាន់កាប់ត្រួតត្រាកម្ពុជាជាមួយនឹងខ្មែរក្រហមប៉ុណ្ណោះ។ នយោបាយប្រឈមផ្ទាល់គឺជាអ្វីដែលប្រជាជនត្រូវទទួលស្គាល់ថាចាំបាច់ មិនមែនគួរចៀសវាងទេ។ គេមិនចាំបាច់ចាំដល់លោកហ៊ុន សែន ទៅបាត់ ទើបក្រោកឈរនោះទេ គេអាចក្រោកឈរប្រឆាំងបានគ្រប់ពេល ឱ្យតែរៀនសូត្របានគ្រប់គ្រាន់ពីបទពិសោធនិងកំហុសនានាដែលធ្លាប់ប្រព្រឹត្ត ពិសេសគឺវិធីឱ្យនយោបាយប្រឈមផ្ទាល់និងយុទ្ធនាការអហិង្សាមានប្រសិទ្ធភាព៕

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ