រដ្ឋសភាការពារភាពត្រឹម​ត្រូវ ក្រោយ​អនុញ្ញាតឲ្យ​តុលាការបន្តនីតិវិធីលើលោក កឹម សុខា

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង​ កាលពីពេលកន្លងទៅ

រដ្ឋសភាអះអាងថាខ្លួនបានធ្វើត្រឹមត្រូវទៅតាមនីតិវិច្បាប់ចំពោះករណីលោក កឹម សុខា ដោយថារដ្ឋសភាបានអនុញ្ញាតឲ្យសាលាដំបូងរាជធានីភ្នំពេញបន្តនីតិវិធីចំពោះការចោទប្រកាន់លោក កឹម សុខា ថាមិនបានចូលបំភ្លឺនៅតុលាការ ហើយត្រូវបានចាត់ទុកថាជាបទល្មើសជាក់ស្តែង។

នៅព្រឹកថ្ងៃចន្ទនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាទាំង៦៨រូប បានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមិនមានវត្តមាននៅក្នុងកិច្ចប្រជុំសភានោះទេ។

ក្នុងសន្និសីទសារព័ត៌មានក្រោយសភាបញ្ចប់កិច្ចប្រជុំនៅម៉ោងជាង១២ថ្ងៃត្រង់នេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានថ្លែងថារដ្ឋសភាយល់ឃើញថាលោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែងដូចដែលតុលាការបានចោទប្រកាន់។ លោកបន្តថាលោក កឹម សុខា បានបដិសេធមិនចូលទៅបំភ្លឺនៅតុលាការរហូតដល់ទៅពីរដង ដោយថាករណីនេះតុលាការអាចចោទពីបទល្មើសជាក់ស្តែង ដោយមិនចូលខ្លួនទៅបំភ្លឺនៅតុលាការតាមការកោះហៅ។

លោកបន្ថែមថាតួនាទីជាអ្នកតំណាងរាស្រ្តនិងអភ័យឯកសិទ្ធិរបស់លោក កឹម សុខា នៅតែមានដដែល បើទោះបីជារដ្ឋសភាអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីចំពោះលោក កឹម សុខា ក៏ដោយ។ លោកបញ្ជាក់ថារដ្ឋសភាត្រូវការតែសំឡេង៥០ភាគរយបូកមួយតែប៉ុណ្ណោះសម្រាប់ការសម្រេចឲ្យតុលាការបន្តនីតិវិធីករណីលោក កឹម សុខា នេះ។ លោកបន្ថែមថា៖ “ប្រការ៤១ថ្មីនៃបទបញ្ជាផ្ទៃក្នុង ការអនុម័តទាំងឡាយណាត្រូវយកតាមមតិភាគច្រើនដែលមានកំណត់ក្នុងរដ្ឋធម្មនុញ ក្រៅពីនេះមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលត្រូវយកជាបានការ វៀរលែងតែមានចែងក្នុងច្បាប់ដោយឡែក អ៊ីចឹងគ្មានច្បាប់ណាកំណត់ដោយឡែកអ្វីទាំងអស់ អ៊ីចឹងការអនុម័តឲ្យសមត្ថកិច្ចបន្តនីតិវីធីទៅទៀតលើលោក កឹម សុខា និងលោកអ៊ុំ សំអាន គឺជារឿងត្រឹមត្រូវ គឺយើងយកតែភាគច្រើនដាច់ខាត”

ទោះយ៉ាងណា តំណាងរាស្រ្តបក្សប្រឆាំង លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់អ្នកគាំទ្រនៅមុខស្នាក់ការបក្សនៅចាក់អង្រែលើថានៅរដ្ឋធម្មនុញ្ញមានតែមាត្រា៨០មួយគត់ដែលចែងអំពីការឲ្យតុលាការចាប់ចងឬមិនឲ្យចាប់ចងតំណាងរាស្រ្ត តែត្រូវអនុម័តដោយសំឡេង២/៣ឬ៣/៤នៃសមាជិកសភាទាំងមូល។ លោកបន្តថាក្រៅពីនេះ ពុំមានមាត្រាណាមួយដែលចែងឲ្យរដ្ឋសភា អនុម័តគាំទ្រនីតិវិធីតុលាការក្នុងការដាក់ទោសទណ្ឌលើតំណាងរាស្ត្រដោយសំឡេងភាគច្រើនដាច់ខាតនោះទេ។

លោកបញ្ជាក់ថា៖ ដូច្នេះអ្វីដែលរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាបានធ្វើមកលើឯកឧត្តមកឹម សុខា នៅព្រឹកនេះ ក៏ដូចជាមកលើឯកឧត្តម អ៊ុំ សំអានកាលពីថ្ងៃទី១២ខែមេសា គឺជាការជាន់ឈ្លីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់យើង ដែលយើងទាំងអស់គ្នា មិនអាចទទួលយកបានទេ មែនទេបងប្អូន? ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីការពាររដ្ឋធម្មនុញ្ញយើង

ទោះយ៉ាងណាលោក ឡេង ប៉េងឡុង មិនទាន់ដឹងថាតើក្រោយពីរដ្ឋសភាអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីរបស់ខ្លួននោះ តុលាការអាចបញ្ជាឲ្យមានការចាប់ខ្លួនលោក កឹម សុខា ឬយ៉ាងណានោះដែរ ដោយលោកថានេះជាការសម្រេចរបស់តុលាការ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

គណបក្សប្រជាជនកម្ពុជាបានអះអាងអភ័យឯកសិទ្ធិដែលអាចព្យួរបានដោយសំឡេងពីរភាគបីនៃសមាជិកទាំង១២៣ មិនអាចការពារលោក កឹម សុខា បាននោះទេ។

គណបក្សសង្រ្គោះជាតិបានព្រមានថានឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួន លោក កឹម សុខា។

គួរបញ្ជាក់ថាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថាតុលាការនឹងឲ្យអាជ្ញាធរចាប់ខ្លួនលោក កឹម សុខា ឬយ៉ាងណានោះទេ បើទោះជាមានការប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ