បក្ស​ប្រឆាំង​ថា​ចំណាត់ការ​របស់​រដ្ឋសភា​លើ​លោក កឹម សុខា ជា​ការរំលោភ​លើ​រដ្ឋធម្មនុញ្ញ

តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ អេង ឆៃអ៊ាង កាលពីកន្លងទៅ

តំណាងរាស្រ្តបក្សប្រឆាំងបានចាត់ទុកថាការបោះឆ្នោតគាំទ្រចំណាត់ការរបស់តុលាការមកលើប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ជាការរំលោភលើរដ្ឋធម្មនុញ្ញ។

នៅព្រឹកថ្ងៃចន្ទនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាទាំង៦៨រូប បានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា ខណៈលោកត្រូវបានចោទប្រកាន់ថាមិនបានចូលបំភ្លឺនៅតុលាការ ហើយត្រូវបានចាត់ទុកថាជាបទល្មើសជាក់ស្តែង។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមិនមានវត្តមាននៅក្នុងកិច្ចប្រជុំសភានោះទេ។

តំណាងរាស្រ្តបក្សប្រឆាំង លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់អ្នកគាំទ្រនៅមុខស្នាក់ការបក្សនៅចាក់អង្រែលើថានៅរដ្ឋធម្មនុញ្ញមានតែមាត្រា៨០មួយគត់ដែលចែងអំពីការឲ្យតុលាការចាប់ចងឬមិនឲ្យចាប់ចងតំណាងរាស្រ្ត តែត្រូវអនុម័តដោយសំឡេង២/៣ឬ៣/៤នៃសមាជិកសភាទាំងមូល។ លោកបន្តថាក្រៅពីនេះ ពុំមានមាត្រាណាមួយដែលចែងឲ្យរដ្ឋសភា អនុម័តគាំទ្រនីតិវិធីតុលាការក្នុងការដាក់ទោសទណ្ឌលើតំណាងរាស្ត្រដោយសំឡេងភាគច្រើនដាច់ខាតនោះទេ។ លោកបញ្ជាក់ថា៖ “ដូច្នេះអ្វីដែលរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាបានធ្វើមកលើឯកឧត្តមកឹម សុខា នៅព្រឹកនេះ ក៏ដូចជាមកលើឯកឧត្តម អ៊ុំ សំអានកាលពីថ្ងៃទី១២ខែមេសា គឺជាការជាន់ឈ្លីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់យើង ដែលយើងទាំងអស់គ្នា មិនអាចទទួលយកបានទេ មែនទេបងប្អូន? ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីការពាររដ្ឋធម្មនុញ្ញយើង”។

នៅរសៀលថ្ងៃចន្ទនេះ គណបក្សសង្រ្គោះជាតិគ្រោងនឹងដង្ហែញត្តិទៅថ្វាយព្រះមហាក្សត្រ ដើម្បីស្វែងរកអន្តរាគមន៍ពីព្រះអង្គ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

គណបក្សប្រជាជនកម្ពុជាបានអះអាងអភ័យឯកសិទ្ធិដែលអាចព្យួរបានដោយសំឡេងពីរភាគបីនៃសមាជិកទាំង១២៣ មិនអាចការពារលោក កឹម សុខា បាននោះទេ។

គណបក្សសង្រ្គោះជាតិបានព្រមានថានឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួន លោក កឹម សុខា។ គណបក្សថានឹងបន្តយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការស្តារស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាការបោះឆ្នោតនាឆ្នាំ២០១៧និង២០១៨ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។

លោក អេង ឆៃអ៊ាង បានបញ្ជាក់នៅលើហ្វេសប៊ុកថា៖ “ទោះបីមានការគាបសង្កត់ គំរាមកំហែង បំភិតបំភ័យ និងចាប់អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យដាក់គុកច្រវាក់ក៏ដោយ ពួកយើងមិនតក់ស្លុតឡើយ”។

គួរបញ្ជាក់ថាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថាតុលាការនឹងឲ្យអាជ្ញាធរចាប់ខ្លួនលោក កឹម សុខា ឬយ៉ាងណានោះទេ បើទោះជាមានការប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ