សមត្ថកិច្ច​រាប់រយនាក់​ត្រៀម​ហាមឃាត់ការដង្ហែក្បួនបក្សប្រឆាំង​

កម្លាំងសមត្ថកិច្ច​រាប់រយនាក់ត្រៀម​ហាមឃាត់ការដង្ហែក្បួនបក្សប្រឆាំង​

សមត្ថកិច្ចរាប់រយនាក់បានយាមកាមនិងត្រៀមមិនឲ្យមានក្បួនដង្ហែរបស់គណបក្សសង្រ្គោះជាតិទៅកាន់ព្រះបរមរាជវាំងដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍លើករណីប្រធានស្តីទីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការចោទប្រកាន់ពីបទបដិសេធមិនចូលខ្លួនបំភ្លឺ។

សមត្ថកិច្ចប្រដាប់ដោយខែល ដំបងនិងកាំភ្លើងវែងបានបិទផ្លូវនៅម៉ោងជិត១និង៣០នាទីនេះ នៅលើផ្លូវជាតិលេខ២ គឺនៅចម្ងាយប្រហែល១០០ម៉ែត្រមួយកន្លែងនិងមួយទៀតនៅចម្ងាយប្រហែល៥០ម៉ែត្រ ពីទីស្នាក់ការកណ្តាលរបស់គណបក្សនៅសង្កាត់ចាក់អង្រែ។

សមាជិករដ្ឋសភា ព្រឹទ្ធសភានិងប្រជាពលរដ្ឋគាំទ្របក្សគ្រោងនឹងដង្ហែញត្តិតាមរថយន្តនិងម៉ូតូ ដើម្បីយកញត្តិទៅថ្វាយព្រះមហាក្សត្រនៅរសៀលថ្ងៃចន្ទនេះ ដោយការដង្ហែនេះមិនចាំបាច់មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះថាការដង្ហែក្បួននឹងធ្វើឡើងតាមរថយន្តនិងម៉ូតូ ដោយមានប្រជាជនចូលរួមផងដែរ។ លោកបន្តថាការដង្ហែក្បួននេះមិនបាច់សុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ ដោយលោកថាគ្រាន់តែជូនដំណឹងបានហើយ។ លោកស្នើឲ្យអាជ្ញាធរសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍និងបញ្ចៀសការប៉ះទង្គិចណាមួយ។ លោកបញ្ជាក់ថាការដង្ហែក្បួនសុំច្បាប់អនុញ្ញាតមានតែក្នុងរបបកុម្មុយនីស្តនោះទេ។

លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថាគណបក្សបានប្រមូលស្នាមមេដៃបានជាង២០ម៉ឺននាក់ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រនៅរសៀលនេះ។

cnrp5

 

police-cnrp1សាលាក្រុងភ្នំពេញបានចេញលិខិតមួយ ដោយមិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិដឹកនាំអ្នកគំាទ្រធ្វើបាតុកម្ម  ដោយផ្អែកលើមូលហេតុថាការដាក់ពាក្យជូនដំណឹងស្តីការដង្ហែញតិ្ត ពុំស្របតាមនីតិវិធីច្បាប់ស្តីពិការធ្វើបាតុកម្មដោយសន្តិវិធីត្រង់ជំពូកទី២ មាត្រា៧។ សាលាក្រុងបញ្ជាក់ថាលិខិតរបស់គណបក្សសង្រ្គោះជាតិមានខ្លឹមសារផ្ទុយពីរដ្ឋធម្មនុញ្ញនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សាលាក្រុងបន្តថា៖ “ការដង្ហែក្បួនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងការកកស្ទះចរាចរណ៍ ពិសេសប្រក្រតីភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ ដើម្បីបញ្ចៀសបានបាននូវការការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រឲ្យមានការអនុវត្តច្បាប់និងក្រុមអ្នកដង្ហែញតិ្តរបស់គណបក្សសង្រ្គោះជាតិ រដ្ឋបាលរាជធានីភ្នំពេញសម្រេចមិនអនុញ្ញាតឲ្យក្រុមណាមួយធ្វើការជួបជុំនិងដង្ហែក្បួននោះទេ”។ សាលាក្រុងបានបញ្ជាក់បន្ថែមថាក្នុងករណីនៅតែមានការជួបជុំដង្ហែញ្ញតិតាមផ្លូវសាធារណៈឬផ្ទុយពីស្មារតីអង្គប្រជុំរបស់សាលារាជធានីភ្នំពេញ ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញត្រូវទទួលខុសត្រូវមុខច្បាប់៕ ហ៊ុន សិរីវឌ្ឍន៍និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ