សហភាពការងារកម្ពុជាឲ្យនិយោជិកខ្លួនឈប់សម្រាកទៅបោះឆ្នោត ទោះក្រសួងមិនអនុញ្ញាត

សហភាពការងារកម្ពុជាអនុញ្ញាតឲ្យកម្មករនិយោជិករបស់ខ្លួនឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ បើទោះជាក្រសួងការងារបដិសេធមិនផ្តល់ថ្ងៃឈប់សម្រាកសម្រាប់កម្មករ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី២៩​​ ខែឧសភា ឆ្នាំ២០១៧ ប្រធានសហភាពការងារកម្ពុជាលោក អាត់​ ធន់ បានអំពាវនាវឲ្យម្ចាស់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនឯកជនដទៃទៀត ជួយសម្រួលឲ្យកម្មករនិយោជិករបស់ពួកគេបានឈប់សម្រាកដូចគ្នា ដើម្បីទៅបោះឆ្នោតឃុំសង្កាត់។

សេចក្ដីប្រកាសព័ត៌មាននោះ សហភាពការងារកម្ពុជារបស់លោក អាត់​ ធន់ បានអនុញ្ញាតឲ្យកម្មករនិយោជិករបស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ មិថុនា ឆ្នាំ២០១៧ ដើម្បីទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា។

ចំពោះប្រធានសហជីពសេរីកម្ម​ករកម្ពុជា លោក ជា មុនី ឲ្យ​ VOD ដឹងនៅថ្ងៃអង្គារនេះថា សហជីពសេរីកម្ម​ករគ្រាន់តែអាចជួយពន្យល់កម្មករនិយោជិកឲ្យធ្វើការនៅថ្ងៃទី១ខែមិថុនា ដែលជា «ទិវាកុមារអន្ដរជាតិ» ឬធ្វើការបន្ថែមនៅថ្ងៃណាមួយ ជំនួសថ្ងៃឈប់សម្រាកទៅបោះឆ្នោត។ លោកថា សហជីពសេរីកម្ម​ករមិនអាចសម្រេចជំនួសកម្មករទេ ដោយថា វាជាការស្ម័គ្រចិត្តរបស់កម្មករផ្ទាល់។

លោក ជា មុនី ក៏បានបន្ទោសលើ គ.ជ.ប និងក្រសួងការងារ ដែលថា មិនអាចជួយសម្រួល ឬចេញសេចក្ដីជូនដំណឹងណាមួយ ដើម្បីឲ្យកម្មករនិយោជិកទៅបោះឆ្នោតឃុំសង្កាត់ដោយងាយស្រួល។

លោកថា៖ «សួរយោបល់ពីប្រធានសហជីពសេរីកម្ម​ករ និងអនុប្រធានសហជីពសេរីកម្ម​ករថាតើត្រូវផ្ដល់យោបល់ឲ្យគាត់យ៉ាងម៉េច ហើយខាងអនុប្រធានសហជីពសេរីកម្ម​ករលោកបានផ្ដល់យោបល់ថា យើងអាចធ្វើការនៅថ្ងៃ១ (មិថុនា) ហើយថ្ងៃ៣ (មិថុនា) យើងអាចឈប់សម្រាកទៅ យើងអាចធ្វើការជំនួស។ អញ្ចឹងពេលដែលគាត់ទៅ ពេលមកវិញ មានបញ្ហាគេនឹងធ្វើការដោះស្រាយ ព្រោះថា ជាទូទៅ អ្នកឯង ចេញអាហ្នឹងជារៀងរាល់ឆ្នាំ ប៉ុន្មានអាណត្តិមកហើយ កំហុសគឺក្រសួងការងារ ហើយបើក្រសួងការងារ គាត់ចេញយឺតយ៉ាវ កម្មករគាត់ត្រូវដោះស្រាយមុន»។

កាលពីសប្ដាហ៍មុន គ.ជ.ប ស្នើទៅក្រសួងការងារឲ្យកំណត់ថ្ងៃឈប់សម្រាកសម្រាប់កម្មករ តបនឹងសំណើរបស់សហភាពការងារកម្ពុជា ប៉ុន្តែ ក្រសួងការងារបានប្រកាសបដិសេធ ដោយថា ក្រសួងគ្មានពេលគ្រប់គ្រាន់ ដើម្បីសម្រេចលើបញ្ហានេះ។

បើតាមក្រសួងការងារ មានកម្មករនិយោជិកដែលធ្វើការក្នុងវិស័យវាយនភណ្ឌកាត់ដេរមានចំនួនប្រមាណ៧០ម៉ឺននាក់ ក្នុងនោះ កម្មករមួយចំនួនអះអាងថា ពួកគេនឹងមិនទៅបោះឆ្នោតទេ ដោយសារគ្មានពេលវេលាសមស្រប ដើម្បីឈប់សម្រាក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ