លិខិតមិត្តអ្នកអាន៖ សម្តេចជាស្តេចមិនគ្រងរាជ្យ តែកាន់អំណាច (ភាគបញ្ចប់)

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 3:21 PM | នយោបាយលិខិតមិត្តអ្នកអាន | 0 | 6549 King Sihanouk (left) greets Prime Minister Hun Sen at his palace in Siem Reap City in 1997 (Reuters)

(តភាគ១)

៤. កេង​ វ៉ាន់​សាក់​, សម្តេច​តា​, សម្តេច​នាយក​ នរណា​មួយ​ជា​អ្នក​ធ្វើ​ឱ្យ​របប​រាជាធិបតេយ្យ​ខ្មែរ​ដួល​រលំ?​

កេង​ វ៉ាន់​សាក់​ បុគ្គល​សំខាន់​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បញ្ញវន្ត​ដ៏​មាន​កិត្តិសព្ទ​ និង​ជា​អ្នក​​រិះ​គន់​របប​រាជា​និយម​យ៉ាង​ខ្លាំង​ក្លា​។ ស្នាដៃ​ ‘សុបិន​ និង​ការ​ពិត​’ ភាគ​១របស់​ វ៉ាន់​ឌី​ កាអុន​ បាន​ឱ្យ​ដឹង​ថា​ ក្នុង​កំលុង​រដូវ​កាល​បោះ​ឆ្នោត​ឆ្នាំ​១៩៥៥ លោក​ត្រូវ​បាន​គេ​ប៉ុន​ប៉ង​ធ្វើ​ឃាត ប៉ុន្តែ​បរាជ័យ​ដោយ​បាញ់​ត្រូវ​អ្នក​បើក​បរ​រថយន្ត​ឱ្យ​លោក​។ ​​គេ​សង្ស័យ​ថា​ មេ​ដឹក​នាំ​ចលនាសង្គម​រាស្ត្រ​និយម​​ជា​អ្នក​នៅ​ពី​ក្រោយ​ ឯ​លោក​ កេង​ វ៉ាន់​សាក់​ ខ្លួន​ឯង​ ដាក់​មន្ទិល​លើ​លោក​ សឺង​ ង៉ុក​ថាញ់​ ទៅ​វិញ​ ដោយ​សារ​ជា​គូ​ប្រជែងនឹង​​គ្នា​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​។ គួរ​រំឭក​ដែរ​ថា​ សឺងង៉ុក​ ថាញ់​ មេដឹក​នាំ​​ចលនា​ខ្មែរ​ឥស្សរៈ​ ប្រឆាំង​អាណានិគម​បារាំង​ ក៏​ត្រូវ​បាន​បង​ប្រុស​លោក​ សម​ រង្ស៊ី​ គឺ​​ សម អេម្ម៉ាឫទ្ធិ​ សង្ស័យ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​លោក​ សម​ សារី​ ជា​ឪពុក​នោះ​ដែរ​ នៅ​ក្នុង​ស្នាដៃ​ ‘We didn’t start the fire’។ ត្រលប់​មក​សាច់​រឿង​វិញ​ លោក កេង​ វ៉ាន់សាក់​ ​ត្រូវបាន​ចាប់​យ​ក​ទៅ​ឃុំ​ឃាំង​ពី​ព្រោះ​តែ​និយាយ​ប៉ះ​ពាល់​ដល់​របប​រាជានិយម​ ផ្អែក​លើ​​ក្រម​ព្រហ្មទណ្ឌ​ មាត្រា​ ២៩៧ និង​៣០១ ដែល​នៅ​ជា​ធរមាន​ សល់​ពី​ឆ្នាំ​១៩១២ មក​ ហាម​មិនឱ្យ​រិះ​គន់​របប​រាជានិយម​។

លោក​ បាភួន​ អតីត​កូន​កំបោរ​ក្នុង​វាំង​ម្នាក់​ នៅ​ក្នុង​​ស្នាដៃ​មិន​បាន​បោះពុម្ព​​ផ្សាយ​ ‘សាធារណរដ្ឋ​ខ្មែរ​ ភាគ​២’ បាន​ពណ៌នាព្រឹត្តិការណ៍ប្រផ្នូល​អាក្រក់​​មួយ​ ដែល​កម្រ​មាន​ស្នា​​ដៃ​ផ្សេង​និយាយ​ដល់​ មាន​សេចក្តី​សង្ខេប​ដូច្នេះ​ថា​ នៅ​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ ដែល​ កេង​ វ៉ាន់​សាក់​ ចាប់​កំណើត​ មាន​សូរ្យគ្រាស​ មេឃ​ងងឹត​អស់​រយៈ​ពេល​ប្រមាណ​ ១នាទី ដែល​សូរ្យ​គ្រាស​ធម្មតា​ងងឹត​តែមួយ​​ភ្លេត​តែ​ប៉ុណ្ណោះ​​។ ហោរ​វាំង​បាន​ទាយ​ថា​ មាន​ទារកក្នុង​រាជវង្ស​​មួយ​កើត​នៅ​ថ្ងៃ​នោះ​ ដែល​ធំ​ធាត់​ទៅ​នឹង​កម្ចាត់​របប​រាជានិយម​ចោល​ ដូច្នេះ​ហើយ​ត្រូវតែ​​សម្លាប់​ចោល​ ហើយ​ក៏​មាន​ការ​រុក​រក​ឆែក​ឆេរ​ក្នុង​រាជវាំង​គ្រប់​កន្លុក​កន្លៀត​។ បិតា​ កេង​ វ៉ានសាក់​ គឺ​ ស៊ីសុវត្ថិដួង​ល័ក្ខិនា​ បាន​រំដោះ​មាតា​និង​ទារក​នោះ​ចេញ​ពី​វាំង​ទាន់​ ទើប​លោក​ កេង​ វ៉ាន់​សាក់​ រួច​ជីវិត​មក​ទល់ថ្ងៃ​ទី​២៨ធ្នូ​ ​២០០៨​ គឺ​ជា​កាល​បរិច្ឆេទ ​ដែល​លោក​​បាន​ចេញ​ឋាន​ទៅ​ដោយ​​រោគាពាធ​ នៅ​ប៉ារីស​។ លោកទើប​តែ​​បាន​ដឹង​រឿង​ពិត​របស់​ខ្លួន​​នេះ​ នៅ​ពេល​មាន​ជន្មាយុ​ដល់​ទៅ​ជិត​ ៨០​ឆ្នាំ​ ទៅ​ហើយ​។

កេង​ វ៉ាន់​សាក់​ ​ត្រូវ​ជា​មា​ជីដូន​មួយ​នឹង​ នរោត្តម​ សីហនុ​, ហើយក្រោយ​​​បាន​​ធំ​ដឹងក្តី​ ពិត​ជា​​ក្លាយ​ជា​អ្នក​ប្រឆាំង​​របប​ស្តេច​ដ៏​មាន​ឥទ្ធិពល​ម្នាក់​មែន​ ប៉ុន្តែ​បើ​ថា​ លោកបាន​​បំផ្លាញ​របប​រាជានិយម​ គឺ​ដូច​ជា​បំផ្លើស​ពេក​ហើយ​ គឺ​របប​រាជានិយម​ទេ​ ដែល​តាម​សម្លាប់​លោក​ តាំង​ពី​លោក​នៅ​ជា​ទារក​ មិន​ចម្លែក​ទេ​ដែល​ កេង​ វ៉ាន់​សាក់​ មិនចូលចិត្ត​របប​ស្តេច​និង​មិន​ដែល​ត្រូវ​រ៉ូវ​នឹង​សម្តេច​តា​, គ្មាន​នរណា​ទៅ​ស្រឡាញ់​អ្វី​ដែល​តាម​សម្លាប់​ខ្លួន​ តាំង​ពី​ខ្លួនទើប​នឹង​កើត​នោះ​ទេ​។ បើ​ថា ​ទំនាយ​នេះ​ ក្លាយជា​ការ​​ពិតគឺ​មិន​ត្រឹម​ត្រូវ​ឡើយ​​ គួរ​តែ​ថា​​ ទំនាយ​នេះ ​បាន​បង្កើត​ព្រឹត្តិការណ៍​ដែល​ហុច​ផល​បង្ក​ជា​ការ​ពិត​ ត្រូវ​ជាង,​ និយាយ​ឱ្យ​ងាយ​យល់​​ ការ​ទស្សន៍​ទាយ​នេះ​ ទាយ​ខ្លួន​ឯង​ រួច​អ្នក​ជឿ​ទំនាយ​នេះ ​ប្រឹង​ប្រែងធ្វើ​វា​ឱ្យ​ក្លាយ​ជា​ការ​ពិត​​ (Self-fulfilling prophecy) មិន​មែន​ទំនាយ​នេះ​ក្លាយ​ជា​ការ​ពិត​ដោយ​ឯក​ឯងនោះ​​ឡើយ​ គឺ​ថា​ បើ​​ហោរ​មិន​ទស្សន៍​ទាយ​ឬ​ទាយ​ផ្សេង​ពី​នេះ​ ក៏​មិន​ទំនង​ជា​មាន​ព្រឹត្តិការណ៍​ចេញ​ពី​ការ​ព្រមាន​ពី​ទំនាយ​នេះ​កើត​ឡើង​​ដែរ, ឧ. បើ​គ្មាន​ព្រឹត្តិការណ៍​តាម​ប្រមាញ់​ទារក​នេះ​ លោក​ កេង​ វ៉ាន់​សាក់​ នឹងក្លាយ​ជា​ ស៊ីសុវត្ថិ​ វ៉ាន់​សាក់​ ​រស់​នៅ​ក្នុង​វាំង​បរិស្ថាន​រស់​នៅ​ជីវិត​ស្រណុក​​សុខ​ស្រួល​ក្នុង​ខ្សែរាជ​វង្ស​ ​ធំ​ឡើង​មិន​ត្រឹម​តែ​មិន​ប្រឆាំង​របប​ស្តេច​ទេ​ ស្រួល​មិន​ស្រួល​ទៅ​ជា​​ការ​ពារ​របប​ស្តេច​វិញ​ក៏​ថា​បាន​​​។ ទំនាយ​នេះ ​រឹត​តែ​​ទាស់​ឆ្គង​ចន្លោះ​ប្រហោង​​ទៅ​ទៀត​ បើ​មើល​ក្នុង​វិស័យ​នយោបាយ​ គឺ​សង្គមរាស្រ្ត​និយម​​តាម​បំផ្លាញ​គណបក្ស​ប្រជាធិបតេយ្យ​លុះ​សូន្យ​សុង​ គណបក្ស​ប្រជាធិបតេយ្យ​ជា​អ្នក​រង​គ្រោះ​ មិន​មែនអ្នក​សាង​គ្រោះ​ទេ​, បើ​និយាយ​ម្យ៉ាង​ទៀត​ របបរាជាធិបតេយ្យ​ខ្មែរ​ចុះ​ទន់​ខ្សោយ​ ឬ​​សង្គម​រាស្ត្រនិយមរលំ​​ ទោះ​មាន​ហេតុ​ផល​អ្វី​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​ ​ក៏​មិន​មែន​មក​ពី​លោក​ កេង​ វ៉ាន់​សាក់​ ឬ​គណបក្ស​ប្រជាធិបតេយ្យ​ នោះ​ដែរ​, លោក​ កេង​ វ៉ាន់​សាក់​ ចោល​ឆ្អឹង​នៅ​ប្រទេស​បារាំង​ សូម្បី​តែ​ចូល​ស្រុក​ចូល​មិន​បាន​ផង​ ផ្អែក​លើ​មូលដ្ឋាន​អ្វី​ដែល​ថា​លោក​ជា​អ្នក​កម្ចាត់​របប​រាជានិយម​? សំណាង​ហើយ​ដែល​ទារក​ កេង​ វ៉ាន់​សាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​វាំងទាន់​ ពុំ​នោះ​ទេ​ ជីវិត​ស្លូត​ត្រង់​មួយ​នឹង​ត្រូវ​ក្ស័យ​ឥត​អំពើ​ ព្រោះ​តែ​ទំនាយ​មួយ​ដែល​ពិបាក​ផ្ទៀង​ផ្ទាត់​ថា​នឹង​ក្លាយ​ជា​ការ​ពិត​។​

ជា​គុណ​វិបត្តិ​ធំមួយ​នៅ​ក្នុង​របប​រាជានិយម​ ដែល​ផ្តល់​ទំនុក​​​ចិត្តខ្លាំង​ពេកទៅ​​​លើ​ហោរា ​ឬ​ទំនាយ​ហោរ​ ដែល​ងាយ​នឹង​ត្រូវបាន​​គេ​​ទិញ​ទឹក​ចិត្ត​ គំរាម​មិន​ឱ្យ​ទាយ​ខុស​សេចក្តី​ដែល​គេ​មិន​ចង់​បាន​ ឬ​មួយ​ ទាយ​តាម​ជើង​លេខ​មិន​បាន​ ព្រោះ​ខ្លាច​អំណាច​ស្តេច​ ទាយ​តាម​តែ​អ្វី​ដែល​ស្តេច​ចង់​ស្តាប់តែ​ប៉ុណ្ណោះ​​។ល។ ដោយ​មិន​ចាំ​បាច់ខ្វល់​ថា ​​ទំនាយ​នោះ​ពិត​ឬ​អត់​ ក្លាយ​ជា​ការ​ពិត​ ឬ​អត់​ ការ​ផ្អែក​វាសនា​ជីវិត​របស់​មនុស្ស​ទៅ​លើ​ទំនាយ​ហោរ​គឺ​ជា​ការ​ប្រថុយ​ប្រថាន​បំផុត​ និង​ប្រកប​ដោយ​ភាព​អយុត្តិធម៌​។

ប្រហែល​ជាទាយ​ថា​ ​មហាក្សត្រ​ខ្លួន​ឯងហើយ​​ជា​អ្នក​ធ្វើ​ឱ្យ​របប​ស្តេច​ចុះ​ខ្សោយ​ បាក់​ការ​គាំទ្រកាន់​តែ​ខ្លាំង​​ទៅ​ៗ​​ ឈាន​ទៅ​ដល់​ការ​ដួល​រំលំ​តែម្តង ស៊ី​គ្នា​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាង​​​។ ឬ​ម្យ៉ាងទៀត​ ​ទំនង​ជា​​រាជវង្ស​ថ្មី​ទេ​ ដែល​បំផ្លាញ​រាជវង្ស​ចាស់​ មិន​មែន​មនុស្ស​ក្នុង​ខ្សែរាជ​​វង្ស​ចាស់​កម្ចាត់​រាជវង្ស​ខ្លួន​ឯង​នោះ​ទេ​ បើ​និយាយ​ឱ្យ​ចំ​ គឺ​ខ្សែ​រាជវង្ស​ហ៊ុន​ មាន​ប្រភព​ពី​រាជ​វត្ត​ ជា​ជាង​រាជ​វាំង​ ​ដែល​អាច​បំផ្លាញ​របប​រាជាធិបតេយ្យ​ខ្មែរ​បាន​។

៥. ហង្ស​ក្នុង​ទ្រុង​មាស​

លោក​ Sebastian Strangio បាន​កត់​ត្រានៅ​ក្នុង​​ស្នាដៃ​ ‘កម្ពុជា​របស់​​ ហ៊ុន​ សែន’​ ​អំពី​រាជ​បន្ទូល​របស់​ព្រះ​មហាក្សត្រ​ពាក់​ព័ន្ធ​នឹង​ការ​ឡើង​គ្រង​រាជ្យ យើង​​សាក​ល្បង​បក​ប្រែ​ជូន​ដូច​ខាង​ក្រោម​៖

ព្រះ​អង្គ​បាន​មាន​ព្រះ​រាជ​ឳង្ការ​នៅ​ឆ្នាំ​១៩៩៥ថា​ “ខ្ញុំ ​មិន​ចង់​ធ្វើ​ជា​ព្រះ​មហាក្សត្រ​នោះ​ទេ​។ ខ្ញុំ​ចង់​ឧទ្ទិស​ជីវិត​របស់​ខ្ញុំ​ចំពោះ​វប្បធម៌ នាដសាស្ត្រ​ (វិជ្ជាសិល្បៈរបាំ​)​ ខ្សែ​ភាព​យន្តតែ​ប៉ុណ្ណឹង​ឯង​​។ រាជ​បល្ល័ង​មិន​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ខ្ញុំ​នោះ​ឡើយ​។ ខ្ញុំ​មិន​ដែល​ចង់​ក្លាយ​ជា​ស្តេច​នោះ​ទេ​។ បើ​គេ​ស្នើ​ឱ្យ​​ខ្ញុំឡើង​គ្រង​រាជ្យ​​ ខ្ញុំ​នឹង​ឆ្លើយ​ ទេ។”​ ប៉ុន្តែ​នៅ​ពេលដែល​​វេលា​មក​ដល់​ ៥ឆ្នាំ​ក្រោយ​មក​ សីហមុនី​ បាន​ទទួល​យក​ព្រះ​រាជ​បន្ទុក​នេះដោយ​ព្រះ​ទ័យ​អល់​អែក​​​។ នៅ​ក្នុង​រង្វង់​គ្រួសារ​រាជវង្ស​ ព្រះ​អង្គ​តែង​តែ​មាន​ព្រះ​រាជ​បន្ទូល​ថា​ ខ្ញុំឡើង​សោយ​រាជ្យ​ក៏​ព្រោះ​តែ​ក្តី​ស្រឡាញ់មាន​​ចំពោះ​ព្រះ​វរ​បិតាតែ​​ប៉ុណ្ណោះ​។

មូល​ហេតុ​ដែល​ក្រុម​ប្រឹក្សា​រាជ្យ​សម្បត្តិគ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​ជ្រើស​រើស​ នរោត្តម​ សីហមុនី​ ជា​អ្នក​ស្នងរាជ្យ​​ ក៏​ព្រោះ​ព្រះ​អង្គ​​គ្មាន​ចំណាប់​អារម្មណ៍​ខាង​នយោបាយ​នោះ​​ឯង​ នាំ​ឱ្យ​គេ​ងាយ​គ្រប់​គ្រង​បញ្ជា​ព្រះ​អង្គបាន​តាម​ប្រាថ្នា​​។ លោក​ Joshua Kurlantzick នៅ​ក្នុង​អត្ថបទ​ ‘Cambodia’s Democratic Transition Has Collapsed, With Dangerous Consequences’ បាន​អះ​អាង​ថា​ «ពី​អតីតកាល​ ព្រះ​រាជារបស់​ប្រទេស​កម្ពុជា ​អាច​ដើរ​តួជា​អ្នក​​ដឹក​នាំ​ផ្នែក​សីលធម៌​ និង​ជា​អ្នក​រិះ​គន់​រដ្ឋាភិបាល​ដ៏​ខ្លាំង​ក្លា​ ប៉ុន្តែ​ ស្តេច​បច្ចុប្បន្ន​នេះ​ នរោត្តម​ សីហមុនី​ ពឹង​ផ្អែកទៅ​​លើ​លោក​ ហ៊ុន​ សែន​ ខ្លាំង​ជាង​អតីតព្រះ​មហាក្សត្រ​ដែល​កាន់​​អំណាច​យូរ​ នរោត្តម​ សីហនុ​។ ការិយាល័យ​របស់​លោក​ ហ៊ុន​ សែន​ ថែម​ទាំង​ត្រូវ​បាន​គេ​និយាយ​ថា​គ្រប់​គ្រង​កាលវិភាគ​របស់​ស្តេច​ទៀត​ផង​។»

ស្នាដៃ​ ‘កម្ពុជា​របស់​​ ហ៊ុន​ សែន’​ បាន​ជួយ​បំពេញ​សេចក្តី​លំអិត​អំពី​បុគ្គល​ដែលមិន​​ទំនងជា​អ្នក​​​កាន់​សោរ​ទ្រុង​មាស​ ដែល​យើង​សាក​ល្បង​ប្រែ​ជូន​​ដូច​ខាង​ក្រោម​៖

មុន​ សីហនុ​ ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ​១៩៩៣ លោក​ [គង់​ សំអុល​] ​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រីបរមរាជវាំង​​ មុខ​តំណែង​ដែល​លោក​បាន​ប្រើ​ប្រាស់​តាំង​ពី​ពេល​នោះ​មក​ ដើម្បី​ធ្វើ​ឱ្យ​រាជវាំង​ឋិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​បក្ស​។ អតីតឯកអគ្គរាជទូត​អាស៊ី​ម្នាក់​បាន​ពណ៌នា​ថា​ សំ​អុល​ គឺ​ជា ​បុគ្គល​ដែល​បូជា​កម្លាំង​កាយ​ចិត្ត​ដើម្បី​គណបក្ស​ប្រជាជន ​(a very dedicated CPP man) ត្រូវបាន​ដាក់​ដើម្បី​ “គ្រប់​គ្រង​” ព្រះ​មហាក្សត្រ​។ នៅ​ពេញ​ទសវត្ស​១៩៩០ សំអុល​ ប្រណាំង​ប្រជែង​ជា​មួយ​នឹង​អ្នក​ការ​ពារ​ សីហនុ​ ទៅ​លើ​ការ​រៀប​ចំ​កាលវិភាគ​និង​កំណត់ត្រា​​ណាត់​ចូល​គាល់​ព្រះ​មហាក្សត្រ​។ ទី​បំផុត បន្ទាប់​ពី​សម្តេច​តា​ដាក់​រាជ្យ​​ គាត់​ក៏​​គ្រប់​គ្រង​ស្ថានការណ៍​បាន​ទាំង​ស្រុង​ នៅ​ពេល​ដែលកង​សេនា​ការ​ពារ​​​កូរ៉ា​ខាង​ជើង ដ៏​ម៉ឺង​ម៉ាត់​​របស់​ព្រះ​មហាក្សត្រ ត្រលប់​ទៅ​កាន់​មាតុភូមិ​និង​ត្រូវ​បាន​ជំនួស​ដោយ​អង្គរក្ស​ទទួល​បញ្ជា​ពី​គណបក្ស​ប្រជាជន​។ សំអុល​តាម​មើល សីហមុនី​​ គ្រប់​ជំហាន​។ គាត់​បាន​អម​តាម​ស្តេចស្ទើរ​តែ​រាល់​​ព្រះ​រាជដំណើរ​​ទស្សនកិច្ច​ នៅ​ឯ​នាយ​សមុទ្រ​និងរួម​ដំណើរ​​មើល​ការ​ខុស​ត្រូវ​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ទស្សនកិច្ច​ដទៃ​ទៀត​ ហួស​ពី​ជញ្ជាំង​បរមរាជវាំង​ទៅ​ទៀត​។ គាត់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​សកម្មភាព​លបៗ​នៅ​ទិដ្ឋភាព​ខាង​ក្រោយក្នុង​​ឆាយាលក្ស​រាជវង្ស។ តាម​សំណើ​របស់​លោក​ព្រះ​ករុណា​ សីហមុនី​ ទទួល​ភ្ញៀវ​និង​ផ្តល់ព្រះ​រាជ​កិត្តិយស​​ដល់​ពួក​ឧកញ៉ា​និងអ្នក​បម្រើ​​គណបក្ស​កាន់​អំណាចដទៃ​ទៀត​។ ប្រភព​​​ជិត​ស្និទ្ធនឹង​​អ្នក​នៅក្នុង​​វាំងមួយ​ ​​បាន​និយាយ​ថា​ ព្រះ​មហាក្សត្រ​បាន​ប៉ះ​ទង្គិច​នឹង​រដ្ឋមន្ត្រី​របស់​ទ្រង់​អំពី​ការ​បង្ខំ​ឱ្យ​ទទួល​យក​សំណើ​ទាំង​នេះ​ រៀប​ចំ​ទៅ​តាម​សបា្ដហ៍​​ ប៉ុន្តែ​ព្រះ​អង្គ​ពុំ​មាន​អំណាច​អ្វី​​បដិសេធ​សំណើ​របស់​គាត់​នោះ​ទេ​។ សំអុល​ ក៏​គឺ​ជា​មេ​គំនិត​នៅ​ពី​ក្រោយព្រះ​រាជ​ពិធី​បូជនកិច្ចសព​ ​សីហនុ​ ដែល​ត្រូវ​បាន​ចារ​យ៉ាង​តឹង​រ៉ឹង​នោះ​ដែរ​។ កំលុង​ពេល​​​ហែក្បួន​ គាត់​បាន​អង្គុយ​នៅ​​ពី​ក្រោយ​លោក​ ហ៊ុន​ សែន​ នៅ​លើ​រថយន្ត​ហែ​ក្បួន​ ស្រែក​បញ្ជា​ក្តែងៗ​ដោយ​ឧបករណ៍​ទំនាក់​ទំនង​តាម​វិទ្យុ​ ទន្ទឹម​នឹង​នោះ​ ក្រុមហ៊ុនសាង​សង់​របស់​​កូន​ស្រី​របស់​គាត់ទទួល​បាន​​កុង​ត្រា​​ ស្ថាបនាព្រះ​រាជ​​ឈាបនដ្ឋាន​។

គ្រប់​គ្រងកាលវិភាគ​របស់​ព្រះ​មហាក្សត្រ​ ​ស្តាប់​ទៅ​ធម្មតា​ គ្មាន​អ្វី​ចម្លែក​​ ហាក់​ដូច​គ្រាន់​តែ​ជា​ជំនួយ​ការ​ស្តេច​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ក្នុង​ករណីនេះ ​​ពុំ​មែន​ដូច្នោះ​ឡើយ​ ជំនួយ​ការ​គ្រាន់​តែ​ជា​សំបក​ក្រៅ​នោះ​ទេ​​។ តាម​ពិត​ទៅ​ វា​ប្រៀប​ដូច​គុក​ឥត​ជញ្ជាំង​ដូច្នោះ​ មាន​ន័យ​ថា​ សកម្មភាព​របស់​ព្រះ​មហាក្សត្រ​​ ពេល​វេលា​ ទី​កន្លែង​ មនុស្ស​ដែល​ទ្រង់​ទាក់​ទង​ទាំង​ប៉ុន្មាន​ សុទ្ធ​តែ​ត្រូវ​បាន​ភ្នែក​ត្រចៀក​បក្ស​​គ្រប់​គ្រង​ទាំង​អស់​។

ថ្ងៃ​ទី​០៥ មិថុនា​ ២០០៨ ​ប្រមើល​មើល​ឃើញ​ជោគ​វាសនា​នៃ​រាជានិយម​កម្ពុជា​ ​សម្តេច​តា​បាន​ប្រកាស​មិន​ឱ្យ​ភ្ជាប់​ព្រះ​អង្គ​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ឬថា​ព្រះ​អង្គ​ជា​អ្នក​បង្កើត​បក្ស​ហ៊្វុនស៊ិនប៉ិច​ ឬ​​ហៅ​បក្ស​ទាំង​នោះ​ថា​ បក្ស​រាជានិយមឬ​សីហនុនិយម​ត​ទៅ​ទៀត​។ លើស​ពី​នេះ​ ព្រះ​អង្គ​ក៏​ធ្លាប់​មាន​ព្រះ​រាជ​បន្ទូល​អំពាវ​នាវ​ឱ្យ​រាជវង្សានុវង្ស​ឈប់ពាក់​ព័ន្ធ​ចូល​រួម​ក្នុង​វិស័យ​នយោបាយ​ដែរ​។ គេ​អាច​ប៉ាន់​ស្មាន​ព្រះ​ទ័យទ្រង់បាន​ថា​ ព្រះ​អង្គ​យល់​យ៉ាង​ច្បាស់​ គ្មាន​នរណា​ម្នាក់​នៅ​ក្នុងរាជ​​វង្ស​អាច​ទប់​ទល់​ឬ​យក​ឈ្នះ​សម្តេច​នាយក​នោះ​ទេ។​ ​សម្តេច​នាយក​គឺ​ជា​ស្រមោល ​ឬ​មត៌ក​នយោបាយ​របស់​សម្តេច​តា​ខ្លួន​ឯង ប្រឈម​នឹង​សម្តេច​នាយក​គឺប្រហែល​​ស្មើ​នឹង​ប្រឈម​នឹងសម្តេច​តា​ដែល​ធ្លាប់​បាន​ក្តាប់​​អំណាច​អស់​រយៈ​ពេល​ ១៨ឆ្នាំ​ ដូច្នោះសម្តេច​នាយក​វិញ​ លើស​ពី​៣០​ឆ្នាំ​ទៅ​ហើយ​​​។

ត្រកូល​ហ៊ុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខ្សែ​ស្តេច ទោះ​គ្មាន​ជាប់​សាច់​សា​លោហិត​ជា​ស្តេច​ សម្តេច​ទើប​ជា​ស្តេច​ពិត​ប្រាកដ​ ជា​អតីត​ក្មេង​វត្ត​មែន​ តែអាច​​ក្លាយ​ជា​ស្តេច​កសិករ​ ដូច​លោក​ Sebastian Strangio ហៅ​, ដែល​កសិករ​រង​ការ​រំលោភ​បំពាន​ដី​ធ្លី​តែង​រក​អន្តរាគមន៍​ពី​លោក។ ចុះ​ឡើង​ចុះ​ឡើង​ គឺ​សម្តេច​ ហ៊ុន​ សែន​ ​ទើប​ជា​អ្នក​សីហនុនិយម​ពិត​ប្រាកដ​ មិន​មែន​ រណឫទ្ធិ​ ទេ​ ទោះ​មិន​មែន​ជា​អ្នកសីហនុ​​និយមដែល​គាំទ្រ​របបស្តេច​ក៏​ដោយ​ ក៏​ជា​អ្នកសីហនុ​​និយម​ដែល​ចេះ​ចម្លង​តាក់ទិច​នយោបាយរបស់​សម្តេច​តា​ យក​មក​ប្រើ​ប្រាស់​បាន​​យ៉ាង​​ឈ្លាសវៃ​​និង​មាន​ការ​ច្នៃ​ប្រតិដ្ឋ​ ហាក់​ដូច​ជា​របស់​លោក​ខ្លួន​ឯងដូច្នោះ​​ រហូត​ដល់​គេ​ភ្លេច​គិត​ថា​លោកបាន​​រៀន​ពី​សម្តេច​តា​​ទៅ​ទៀត​៕

ដោយ​ ទេព​ រ៉ានិត

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required