​ភិន សុដាលីស ថាតួប្រុសរឿង ​«ណូលីណូឡា» ជាបុរសនាងត្រូវចិត្ត

អ្នកនាង ភិន សុដាលីស និងលោក សួន រ៉ានីរ៉ាស៊ីនី (វង្ស សុម៉ាលីន)

ខណៈដែលដំណឹងស្នេហារវាងអ្នកនាង ភិន សុដាលីស និងលោក សួន រ៉ានីរ៉ាស៊ីនី កូនកាត់រុស្សី​កាន់តែបានកំរើកឡើង តារាស្រីរូប​នេះមិនត្រឹមតែមិនប្រកែកនោះទេ គឺថែម​ទាំងជ្រើសយកលោក ​ស៊ីនី ​​អោយសម្ដែងតួឯក​​ក្នុងរឿង «ណូលីណូឡា» របស់មហាហង្ស ដែលនាងធ្វើជាអ្នកចាត់ការផលិតកម្មនោះផង។

អ្នកនាងបានសារភាពថាពិតជាចូលចិត្តតួឯកប្រុសរូបនេះ ក្រោយពេលស្គាល់គ្នាប្រាកដមែន ប៉ុន្តែមិនមានន័យថាអ្នកមានទំនាក់ទំនងលើសពីមិត្តភ័ក្រ្តរួចហើយ ទើបយកលោកមកលើកក្នុងរឿងថ្មីរបស់ផលិតកម្មមហាហង្សនោះឡើយ។

ភិន សុដាលីស និយាយថា រវាងអ្នកនាងនិងតួឯកប្រុសរឿង «ណូលីណូឡា» ពិតជាបានទាក់ទងគ្នាលើសពីមិត្តធម្មតានិង​ឧស្សាហ៍ចេញទៅណាមកជាមួយគ្នាប្រាកដមែន ដោយសារតែ លោកមានចរឹតយកចិត្តទុកដាក់និងធ្វើអោយអ្នកនាងសប្បាយចិត្តក្នុងពេលដើរជាមួយ។

យ៉ាងណាមិញ អ្នកនាងថាលោកនៅមិនទាន់ចាត់ថាប្រុសស្នេហ៍ថ្មីរបស់ខ្លួននោះទេ បើទោះជាអ្នកនាងបានទទួលស្គាល់ថារវាងអ្នកនាងនិងលោកមានភាពស្និទ្ធិគ្នា និងចូលចិត្តគ្នាលើសពីមិត្តធម្មតា។ នាងនៅតែចាត់ទុកថាតួឯកប្រុសរឿង «ណូលីណូឡា» ជាមិត្តភ័ក្រ្ត តែបានចាត់ទុកថាបើទំនាក់ទំនងនៅតែល្អដូចបច្ចុប្បន្ន គឺដំណឹងស្នេហាច្បាស់ការពិតជាកើតមានឡើង។ អ្នកនាងថាបានស្គាល់លោកស៊ីនីតាមរយៈការបង្ហាញខ្លួនក្នុងសិល្បៈហើយក្រោយពី​សេពគប់គ្នាអ្នកនាងក៏ពេញចិត្តលោកនិងបានសម្រេចចិត្តជ្រើសលោកអោយមកសម្ដែងជាតួឯកក្នុងរឿង «ណូលីណូឡា» ដែលជារឿងរបស់មហាហង្សដែលនាងជាអ្នកចាត់ចែងតួ។

អ្នកនាងបដិសេធថាមិនមែនដោយសារតែចង់យកចិត្តតួប្រុសដែលអ្នកនាងពេញចិត្ត ហើយប្រគល់តំណែងតួឯកអោយសម្ដែងនោះទេ ពោលគឺបណ្ដាលមកពីឪពុករបស់អ្នកនាងក៏ពេញចិត្តចំពោះការសម្ដែងរបស់លោកក្នុងរឿងពីមុនៗមកដែរ ទើបអ្នកនាងយល់ថាការជ្រើសអោយលោក ស៊ីនី សម្ដែងតួឯកជាមួយអ្នកនាងគឺជារឿងចៃដន្យ។

អ្នកនាងសារភាពថាស្ថានភាព​​រវាងអ្នកនាងនិងតួឯករឿង «ណូលីណូឡា» មានទម្រង់តែមួយនឹងពេលអ្នកនាងពាក់ព័ន្ធស្នេហ៍ជាមួយលោក ប៉ែន ចំរ៉ុង តែអ្នកនាងប្រកាសថាស្នេហារបស់អ្នកនាង បើពិតជាមានជាមួយលោក ស៊ីនី មែន ក៏មិន​លឿននិងធ្វើឡើងដោយចិត្តឯងដូចមុននោះដែរ។

អ្នកនាងការផ្ដល់ឱកាសអោយលោក ស៊ីនី សម្ដែងតួឯកជាមួយអ្នកនាង គឺមិន​មែនដើម្បី​​លួងចិត្តតួប្រុសអោយជ្រើសរើសអ្នកនាងដែលជាស្រ្តីមេម៉ាយនោះទេ តែអ្នកនាងបញ្ជាក់ថាបើ​​អ្នកនាងមិនពេញចិត្តចំពោះតួថ្មីម្នាក់នេះមុនពេលឪពុកច្រើសរើសទេ ក៏លោក ស៊ីនី អាចមិនបានតំណែងនេះដូចគ្នា។

អ្នកនាងសារភាពថាខ្លួនពេញចិត្តអោយឪពុកជ្រើសយក ​ដោយសារតែយល់ឃើញថាលោក ស៊ីនី ​​​មានចំណុចល្អច្រើន ចាប់តាំងពីអ្នកនាងបានស្គាល់ ជាពិសេសគឺលោកចូលចិត្តកូនស្រីរបស់អ្នកនាងតែម្ដង។

លោក អ៊ិន សុភិន ធ្លាប់បានបញ្ជាក់ថាមុនពេល​ពាក់ព័ន្ធនឹងលោក ប៉ែន ចំរ៉ុង អ្នកនាង ភិន សុដាលីស បានរំអុកសុំអោយលោកសម្ដែងតួ​ឯកស្ទើរតែគ្រប់រឿងរបស់ផលិតកម្មមហាហង្ស ដោយ​លោកក៏បានយល់ព្រមដោយមិនបានដឹងពីទំនាក់ទំនងនៅខាងក្រោយខ្នងរបស់កូនស្រី។

លោកថាទំនាក់ទំនងស្នេហារបស់កូនស្រី និងលោក ប៉ែន ចំរ៉ុង គឺបានលេចកាន់តែច្បាស់ ក្រោយពេលលោកសម្រេចចិត្តអោយ​សម្ដែង​ជាតួឯកជាមួយគ្នាក្នុងរឿង «អាព្រឿងងាប់ហើយ» ដោយ​​ក្រោយបញ្ចប់រឿងនេះ ​កូនស្រីលោក និងតួឯកប្រុសក៏បំបែកលែងដាច់តែម្ដង។

យ៉ាងណាមិញ លោកបញ្ជាក់ជាថ្មីថា ប្រសិនបើ ភិន សុដាលីស ពិតជាស្រឡាញ់តួឯកប្រុស​​​​លោក ​ស៊ីនី តាមរយៈការអោយសម្ដែងក្នុងរឿង «ណូលីណូឡា» ដែលលោកទើបតែក្រុងពាលីមុននេះពិតមែន ក៏លោកមិនប្រកាន់នោះដែរ ដោយសារតែលោកក៏សម្គាល់ថាលោក ស៊ីនី​ ក៏ជាបុរសល្អ។

លោកនិយាយថា «ខ្ញុំដឹងថាពីរនាក់ហ្នឹងរាប់អានគ្នា ហើយដោយសារតែតួប្រុសហ្នឹងគាត់សម្ដែងល្អផងទើបខ្ញុំយកមកអោយសម្ដែងតួឯកជាមួយ ដាលីស ក្នុងរឿង «ណូលីណូឡា» តែបើថតម៉ារឿងហ្នឹងពីរនាក់ហ្នឹងចឹងដូចកាលជាមួយ ប៉ែន ចំរ៉ុង ក៏អត់មានអីដែរ បើ​តួប្រុសហ្នឹងគាត់ល្អដែរហ្នឹង!»។

លោកបានបង្ហាញពីការជឿជាក់ចំពោះកូនស្រី ​​ដោយអះអាងថាអ្នកនាងមិនជ្រើសមនុស្សខុសទៀតទេ បន្ទាប់ពីអ្នកនាង​រងការឈឺចាប់ម្ដងហើយ ជាមួយលោក ប៉ែន ចំរ៉ុង ព្រោះតែបានបង្កាត់ភ្លើងស្នេហ៍ជាមួយតួប្រុសថ្មីនេះ។ លោកថា ភិន សុដាលីស បានក្លាយជានារីមេម៉ាយម្ដងហើយ អ៊ីចឹងវាមិនមានអ្វីចម្លែកទេ បើអ្នកនាងសំឡឹងឃើញបុរសណាម្នាក់ដែលខ្លួនស្រឡាញ់ ដើម្បីអោយនាងសប្បាយចិត្ត។

លោកថាខ្លួនជាឪពុកគ្មានសិទ្ធិដាក់បម្រាមនោះទេ តែលោកក៏នឹងជួយមើលខុសត្រូវកូនស្រីផងដែរ ដើម្បី​អោយកូនចេះគិតវែងឆ្ងាយជាងមុន ហើយមិនជួបរឿងជូរចត់ម្ដងទៀត។

លោកថាបានឮពីរឿងគេថាកូនស្រីរបស់លោក និងតួឯកប្រុសរឿង «ណូលីណូឡា» ស្រលាញ់គ្នា ដោយលោកបញ្ជាក់ថាបើមែនក៏រីករាយទទួលយក តែអ្វីដែលលោកមើលឃើញគឺអ្វីៗមិនទាន់ស៊ីជម្រៅ។

អ្នកនាង ភិន សុដាលីស និយាយថានាងមានសិទ្ធិជ្រើសស្នេហាថ្មី តែនាងមិនទាន់គិតថាលោក ស៊ីនី គឺជាបុរសថ្មីជំនួសអោយវត្តមានរបស់លោក ប៉ែន ចំរ៉ុង នោះទេ បើទោះជានាងមានអារម្មណ៍ចូលចិត្តជាងមិត្តភ័ក្រ្តប្រុសដទៃទៀត និងគិតថាល្អមានចំណុចល្អច្រើនដែលគួរសេពគប់។

​អ្នកនាងថាដំណាក់កាលពេលនេះ ទំនាក់ទំនងទ្វេរភាគីរវាងខ្លួន និងតួឯកប្រុសរឿងថ្មីដែលនាងចាត់ចែង គឺស្ថិតនៅមិត្តភាពច្រើនស្នេហា ប៉ុន្តែក៏បានបង្ហើប​ផងដែរថាលោកមានលក្ខណៈច្រើនយ៉ាងខុសពីបុរសដែលអ្នកនាងបានស្គាល់។

លោក សួន រ៉ានីរ៉ាស៊ីនី បានអះអាងថាលោកជាកូនកាត់រុស្ស៊ី ដែលមានម្ដាយ​​ជាជនជាតិរុស្ស៊ី និងមានឪពុកជាជនជាតិខ្មែរ។ លោកបានរស់នៅចំរើនវ័យក្នុងប្រទេសរបស់ម្ដាយអស់រយៈពេលច្រើនឆ្នាំ ដោយទើបតែផ្លាស់មករស់នៅប្រទេសកម្ពុជាក្រោយពេលលោកបាន​ធំក្ដីហើយប៉ុណ្ណោះ។

លោកថាខ្លួនអត់មានសង្សារចាស់ឬសង្សារថ្មីនោះទេ មុនពេលទាក់ទងរាប់អានជាមួយអ្នកនាង ភិន សុដាលីស ទើបលោកថាទំនាក់ទំនងជាមួយមេម៉ាយរូបនេះ គឺមិនមានការជំទាស់ណាមួយ។ លោកសរសើរថាអ្នកនាង ភិន សុដាលីស ជានារីឆ្លាត និងមានគំនិតវែងឆ្ងាយ ទើបលោកពេញចិត្តហើយចូលចិត្តទៅណាមកណាមួយ​​​។

យ៉ាងណាមិញ លោកថាមិនហ៊ានចាត់ទុកថាអ្នកនាងជាសង្សារនោះទេ ដោយសារតែលោករង់ចាំអោយទំនាក់ទំនងច្បាស់លាស់ជាងនេះ ដើម្បីកុំអោយខ្មាស់មហាជនក្រោយពេលមិនចុះសម្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ