លោក សុខ ទូច៖ តាមបណ្ដាយព្រំដែនមិនគួររៀបចំឲ្យមានការបោះឆ្នោត

លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា

បណ្ឌិតវិទ្យាសាស្ដ្រនយោបាយ និងជាអ្នកស្រាវជ្រាវបញ្ហាព្រំដែននៅរាជបណ្ឌិតសភារបស់រដ្ឋាភិបាលលើកឡើងថា ឃុំសង្កាត់នៅជាប់ព្រំដែន មិនចាំបាច់រៀបចំឲ្យមានការបោះឆ្នោតទេ ដោយថា មេឃុំនៅទីនោះមិនទាន់មានសមត្ថភាពគ្រប់គ្រាន់។

ក្នុងកិច្ចពិភាក្សាសួរដេញដោលស្ដីពី «គោលនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧» នៅវិទ្យាស្ថានរាជបណ្ឌិតសភា កាលពីម្សិលមិញ ដោយឆ្លើយនឹងសំណួរអ្នកសម្របសម្រួលពាក់ព័ន្ធនឹងការបែងចែកថវិកាទៅឃុំសង្កាត់ លោក សុខ ទូច ប្រធាន​ក្រុមស្រាវជ្រាវ​កិច្ចការ​ព្រំដែន​របស់រដ្ឋាភិបាលមានប្រសាសន៍ថា ឃុំសង្កាត់មួយចំនួនដែលជាប់តំបន់ព្រំដែន លោកថា យកល្អ ពុំចាំបាច់រៀបចំឲ្យមានការបោះឆ្នោតទេ ដោយថា មន្ដ្រីឃុំសង្កាត់នៅទីនោះ មានកម្រិតអប់រំទាប ខ្វះធនធានមនុស្ស និងមិនទាន់មានសមត្ថភាពអនុវត្តកម្មវិធីនយោបាយឃុំសង្កាត់ឲ្យមានប្រសិទ្ធិភាពដោយខ្លួនឯងឡើយ។

លោកលើកឡើងថា រាជរដ្ឋាភិបាល ឬរដ្ឋសភាគួរបោះឆ្នោតជ្រើសរើសមេឃុំសង្កាត់តាមតំបន់ជាប់ព្រំដែនទាំងនោះ ទើបជាការល្អ។

លោកថា៖ «អាហ្នឹង អញ្ចឹងហើយ ជាកម្រិតរបស់ប្រជាជន ហើយចំណុចទី១ បើតាមព្រំដែន បើសិនជាគណបក្សនយោបាយយល់វិញ គួរកុំបោះឆ្នោត យើងត្រូវរើសមេឃុំ ដោយសភា ដោយរដ្ឋាភិបាលទៅដាក់ ពីព្រោះវាត្រូវការរៀបចំភាពរឹងមាំ»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​លោក​ ហង្ស ពុទ្ធា ក៏ច្រានចោលការលើកឡើងនេះ ដោយថា តាមច្បាប់ ឃុំសង្កាត់ទាំងអស់ត្រូវរៀបចំឲ្យមានការបោះឆ្នោត។

លោកមានប្រសាសន៍ថា៖ «គ.ជ.ប ធ្វើការរៀបចំការបោះឆ្នោត ដោយផ្អែកទៅលើច្បាប់​ ហើយច្បាប់ឲ្យមានការរៀបចំការបោះឆ្នោត សូម្បីតែឃុំសង្កាត់ហ្នឹងនៅទីណាក៏ដោយ ព្រំដែនក៏ដោយ នៅត្រង់កណ្ដាលប្រទេសក៏ដោយ។​ អ្នកដែលមានយោបល់មតិ ក្រៅពីនោះ គឺជាមតិដោយឡែករបស់គាត់ទេ បាទ!»។

នាយកប្រតិបត្តិអង្គការ និចហ្វ្រិចលោក សំ គន្ធាមី យល់ថា ការលើកឡើងនេះ ផ្ទុយនឹងច្បាប់ ដែលតម្រូវឲ្យមានការរៀបចំការបោះឆ្នោតនៅតាមឃុំសង្កាត់ទាំងអស់ទូទាំងប្រទេសកម្ពុជា។ លោកថា ចំពោះសមត្ថភាពរបស់មេឃុំតាមតំបន់ព្រំដែន គឺវាអាស្រ័យលើគណបក្សដែលដាក់បេក្ខជន និងពលរដ្ឋ ដែលជាអ្នកបោះឆ្នោតជ្រើសរើស មិនមែនរដ្ឋសភា ឬរដ្ឋាភិបាលនោះទេ។

លោកថា៖ «ខុសច្បាប់ហើយលើកអញ្ចឹង ព្រោះអីច្បាប់បោះឆ្នោត ឃុំ១៦៤៦ គេបោះឆ្នោតទាំងអស់ មិនអាចថា ដកឃុំប៉ុន្មាន ឃុំអី មិនឲ្យបោះឯណា អត់មានការតែងតាំងទេ បោះឆ្នោតសកល ច្បាប់បោះឆ្នោត គេបោះឃុំទាំងអស់ទូទាំងប្រទេស មិនមានឃុំលើកលែង ត្រូវតែងតាំង ឬនេះទេ»។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា ដែលសកម្មក្នុងការតាមដានបញ្ហាព្រំដែន លោក មួង សូនី យល់ថា ការលើកឡើងរបស់លោក សុខ ទូច ជាការខុសឆ្គង ដោយថា បញ្ហាព្រំដែនជារឿងចម្រូងចម្រាស់ និងចាំបាច់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបោះឆ្នោតឃុំសង្កាត់នេះ។ លោកថា រដ្ឋាភិបាលហាក់កំពុងលាក់បាំងបញ្ហាព្រំដែនជាមួយពលរដ្ឋខ្លួនឯង មិនឲ្យពួកគេដឹងឮនោះ​ទេ។

លោកថា៖ «ខ្ញុំឃើញសកម្មភាពរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺគាត់បិទរឿងព្រំដែនហ្នឹងហ្មង ជាទូទៅ អ្នកដែលលើកឡើងបញ្ហាព្រំដែន ច្រើនតែគេចាប់ដាក់គុក អញ្ចឹងការលើកឡើងនេះ ជាអាចជារូបភាពអញ្ចឹងដែរ វាអាចនាំឲ្យប្រជាពលរដ្ឋ លែងខ្វល់ខ្វាយពីរឿងព្រំដែន ដូចថាសព្វថ្ងៃ ខ្ញុំឃើញថា វៀតណាមគាត់ធ្វើអី ស្រេចតែចិត្តម៉ង»។ ​

គណបក្សប្រឆាំងធ្លាប់រិះគន់ថា ការបោះបង្គ្រោលព្រំដែនបច្ចុប្បន្ន ធ្វើឲ្យកម្ពុជាបាត់បង់ដីមួយផ្នែកទៀតទៅវៀតណាម។ ប៉ុន្ដែការលើកឡើងរបស់មន្ដ្រីបក្សប្រឆាំង ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ​ មានតំណាងរាស្ដ្រលោក ហុង សុខសួរ និងលោក អ៊ុំ សំអាន ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ