នេះជាការត្អូញត្អែររបស់កម្មករ-កម្មការិនី និងបុគ្គលិកក្រុមហ៊ុនឯកជនមួយចំនួន ក្រោយពីក្រសួងការងារមិនអនុញាតឲ្យមានថ្ងៃឈប់សម្រាកចំនួនពីរថ្ងៃបន្ថែមទៀត សម្រាប់ធ្វើដំណើរទៅស្រុកកំណើត ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅដើមខែមិថុនាខាងមុខនេះ។
កាលពីពេលថ្មីៗនេះ គ.ជ.ប បានបញ្ជូនអ្នកច្បាប់ទៅជួបមន្ត្រីក្រសួងការងារ ដើម្បីជជែកពីការផ្តល់ថ្ងៃឈប់សម្រាកសម្រាប់និយោជិតកម្មករ-កម្មការិនី នៅថ្ងៃទី៣ និងថ្ងៃទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤មិថុនា ប៉ុន្តែក្រសួងការងារ បានប្រាប់ទៅគ.ជ.ប វិញថា មិនមានពេលវេលាជួបពិភាក្សាជាមួយតំណាង គ.ជ.ប នោះទេ។
កំពុងដើរចេញពីរោងចក្រម្តុំសង្កាត់ចាក់អង្រែក្រោមរាជធានីភ្នំពេញ កម្មការិនី បាន ស្រីណែត ដែលមានស្រុកកំណើតនៅខេត្តក្រចេះ បានឲ្យដឹងថា គាត់បានចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើត ហើយក្រោយពីឮព័ត៌មានថា ក្រសួងការងារនៅមិនទាន់អនុញាត ឲ្យមានថ្ងៃឈប់សម្រាកបន្ថែមពីរថ្ងៃទៀត ធ្វើឲ្យពួកគេខកចិត្តយ៉ាងខ្លាំងដោយថា ការបោះឆ្នោតអាណត្តិមុនៗ ពួកគេបានឈប់សំរាកដើម្បីធ្វើដំណើរទៅបោះឆ្នោតបានយ៉ាងស្រួលផងដែរ។
កម្មករនិយាយថា៖ «មានអារម្មណ៍ម៉េចក្នុងខ្លួនមិនដឹង ដូចថា វាអស់សង្ឃឹមនិយាយទៅ វាអត់បានយុត្តិធម៌អាណត្តិមុនគេឲ្យឈប់ ចុះដូចគ្រប់អាណត្តិទៅវាថី គ្រប់អាណត្តិគេឲ្យឈប់សម្រាកគ្រប់គ្រាន់»។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ គ.ជ.ប បានចេញលិខិតអំពាវនាវទៅម្ចាស់សហគ្រាសក្រុមហ៊ុនរោងចក្រសណ្ឋាគារភោជនីយដ្ឋាន និងគ្រឹះស្ថានទំាងអស់ក្នុងប្រទេសកម្ពុជា ជួយសម្រួលបង្កលក្ខណៈងាយស្រួលនិងអនុញាតឲ្យនិយោជិតកម្មករ-កម្មការិនី បានធ្វើដំណើរទៅមកដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០១៧នេះ។ ប៉ុន្តែរហូតដល់ថ្ងៃទី៣០ខែឧសភានេះមិនទាន់មានការប្រកាសឆ្លើយតបពីសហគ្រាសណាមួយនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ កម្មការិនីម្នាក់ទៀត គឺ ហេង ស្រីនា បានរៀបរាប់ថា ក្រុមកម្មករនៅក្នុងរោងចក្រម្តុំចាក់អង្រែលើភាគច្រើន មានការងឿងឆ្ងល់ដែលថៅកែរោងចក្រមិនអនុញាតឲ្យឈប់សម្រាក មុននិងក្រោយថ្ងៃបោះឆ្នោតឃុំសង្កាត់ ដោយថា កាលពីអាណត្តិមុនៗ ពួកគេបានឈប់សម្រាកទៅបោះឆ្នោតនៅស្រុកកំណើតផងដែរ។
កម្មការិនីរូបនេះនិយាយថា៖ «កម្មករឆ្ងល់គ្រប់គ្នាពេញរោងចក្រ មិនដឹងមូលហេតុអ្វី បានមិនឲ្យឈប់ ស្រុកឆ្ងាយ គ្នាមកម៉េចទាន់ បើនៅស្រុកជិត ចេះតែបោះហើយមកវិញ គ្នាឆ្ងល់ សុំក្រុមហ៊ុនដែរ ក្រុមហ៊ុនគេថាអត់មានច្បាប់ធ្លាក់មកពីលើ គេអត់ឲ្យគេនេះ ក៏គេអត់ហ៊ានដែរ គេថា គេក៏ធ្វើត្រូវតាមច្បាប់ដែរ ពីព្រោះថ្នាក់លើ [ក្រសួងការងារ] មានបញ្ហាមិនឲ្យឈប់ផង»។
កម្មករ-កម្មការិនីមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំនេះចំឡែកពីអាណត្តិមុនៗ ដោយថា ក្រសួងការងារមិនបានកំណត់ថ្ងៃឈប់សម្រាកបន្ថែមចំនួនពីរថ្ងៃដល់កម្មករនោះទេ ដោយថា ធ្វើឲ្យពួកគេមានការព្រួយបារម្ភពីការបាត់បង់សិទ្ធិបោះឆ្នោត រួមទាំងពីសុវត្ថិភាពធ្វើដំណើរ ខណៈពេលឈប់បានតែ១ថ្ងៃ នឹងត្រូវធ្វើដំណើរទៅបោះឆ្នោតនៅខេត្តឆ្ងាយៗ។
មានស្រុកំណើតនៅខេត្តកំពង់ស្ពឺ និងបច្ចុប្បន្ន ធ្វើការនៅរោងចក្រមួយ ក្នុងរាជធានីភ្នំពេញអ្នកស្រី ថៅ សុរី បានឲ្យដឹងថា ករណីក្រសួងការងារមិនអនុញាតឲ្យកម្មករទំាងអស់ បានឈប់សម្រាកបន្ថែមពីរថ្ងៃមុននិងក្រោយការបោះឆ្នោតឃុំសង្កាត់ អ្នកស្រីថា នឹងធ្វើឲ្យពួកគេបារម្ភពីសុវត្ថិភាព អំឡុងពេលធ្វើដំណើរទៅបោះឆ្នោតនៅស្រុកកំណើត។
អ្នកស្រីថា៖ «គ្រាន់តែខ្ញុំជិះធ្វើដំណើរទៅផ្ទះក៏កន្លះថ្ងៃដែរ ដ៏ពេលអញ្ចឹងទៅ គឺអត់កើតទេសុវត្ថិភាពយើងអត់ល្អទេ ខ្លាចជួបគ្រោះថ្នាក់ទៅព្រោះយប់ បើតាមខ្ញុំចង់ឲ្យឈប់ពីរថ្ងៃ និយាយទៅសុវត្ថិភាពយើងទំាងអស់គ្នាផង»។
មានស្រុកកំណើតនៅខេត្តបាត់ដំបង លោក ទួត សុផាន់ និងបច្ចុប្បន្នធ្វើការនៅក្រុមហ៊ុនឯកជននៅរាជធានីភ្នំពេញយល់ថា ការមិនអនុញាតឲ្យមានថ្ងៃឈប់បន្ថែមសម្រាប់កម្មករនិងបុគ្គលិកក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យពួកគេទៅបោះឆ្នោតខាងមុខនោះ ជារឿងអយុត្តិធម៌ ដោយថា ពួកគេជាពលរដ្ឋខ្មែរ ត្រូវទទួលបានសិទ្ធិពេញលេញក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត។
លោកនិយាយថា៖ «ខ្ញុំគិតថា មានភាពអយុត្តិធម៌សម្រាប់បុគ្គលិកឯកជន ជិតបោះឆ្នោត គួរតែមានការឈប់សំរាករយៈពេលពីរថ្ងៃឬក៏បីថ្ងៃមុនថ្ងៃរៀបចំការបោះឆ្នោត ដើម្បីឲ្យគាត់បានលទ្ធភាព អាចធ្វើដំណើរទៅតាមស្រុកតាមខេត្ត ដែលគាត់នៅជិត ឬឆ្ងាយដោយគាត់បានចូលរួមបោះឆ្នោតឲ្យបានទាន់ពេលវេលា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលគាត់ស្រលាញ់»។
ទោះជាយ៉ាងណាលោក ទួត សុផាន់ បញ្ជាក់ថា បើក្រសួងការងារមិនអនុញាតឲ្យពួកគេ បានឈប់សម្រាកមុននិងក្រោយការបោះឆ្នោតក៏ដោយ គឺលោកអំពាវនាវនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទំាងអស់ ជាពិសេស កម្មករ-កម្មការិនី និងបុគ្គលិកនៅក្រុមហ៊ុនឯកជនទំាងអស់ ត្រូវចំណាយពេលវេលា១ថ្ងៃ នៅថ្ងៃទី៤មិថុនា ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ។
ចំណែកកម្មការិនី ឆាយ ជឿន ស្នើទៅក្រសួងការងារ ដោយសហការជាមួយ គ.ជ.ប កំណត់ថ្ងៃឲ្យឈប់សម្រាកបន្ថែមពីរថ្ងៃទៀត ដោយថា ដើម្បីឲ្យពួកគេទទួលបានសិទ្ធិពេញលេញធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្ត។
អ្នកស្រីឲ្យដឹងថា៖ «សុំឲ្យគាត់ចេញ[ក្រសួងការងារ]ច្បាប់ ឲ្យកម្មករឲ្យគាត់ឈប់បានតាមខេត្តឆ្ងាយ ខេត្តជិតនិយាយរួមទៅឲ្យគាត់មានសិទ្ធិបោះឆ្នោតគាត់ស្រលាញ់អ្នកណាក៏ដោយឲ្យគាត់មានសិទ្ធិបោះឆ្នោត»។
សរុបមកវិញ កម្មករ-កម្មការិនី និងបុគ្គលិកក្រុមហ៊ុនឯកជនខាងលើ បានអះអាងប្រហាក់ប្រហែលគ្នាថា បើទោះជាក្រសួងការងារនិងក្រុមហ៊ុនរោងចក្រ មិនអនុញាតឲ្យពួកគេបានឈប់សម្រាកបន្ថែមពីរថ្ងៃនៅថ្ងៃទី៣និងថ្ងៃទី៥ ពោលគឺមុននិងក្រោយការបោះឆ្នោតឃុំសង្កាត់ក៏ដោយ ក៏ពួកគេប្តេជ្ញាទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្តផងដែរ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា ដើម្បីអនុវត្តសិទ្ធិប្រជាពលរដ្ឋគ្រប់រូបស្របតាមរដ្ឋធម្មនុញ្ញ ក្រសួងការងារគួរតែជូនដំណឹងពីថ្ងៃឈប់សម្រាកបន្ថែមពីរថ្ងៃទៅឲ្យក្រុមហ៊ុនរោងចក្រសហគ្រាសទំាងអស់ ដើម្បីឲ្យកម្មករ-កម្មការិនី ប្រហែល៧០ម៉ឺននាក់ បានទៅបោះឆ្នោតឃុំសង្កាត់ទំាងអស់គ្នា។
នៅពេលសួរថា ហេតុអ្វីបានជារដ្ឋមន្ត្រីក្រសួងការងារ ដែលមកពីកូដតាគណបក្សប្រជាជនកម្ពុជា នៅមិនទាន់កំណត់ថ្ងៃឈប់បន្ថែម សម្រាប់ឲ្យកម្មករមានពេលវេលាគ្រប់គ្រាន់ទៅបោះឆ្នោត ឬក៏បញ្ហានេះ ទំនងជាបក្សកាន់អំណាច ខ្លាចកម្មករទំាងនោះ នឹងមិនបោះឆ្នោតគំាទ្របក្សកាន់អំណាច និងងាកទៅគំាទ្របក្សប្រឆំាង ឬយ៉ាងណា?
លោកតុលាឆ្លើយដូចនេះថា៖ «សម្រាប់ខ្ញុំ ខ្ញុំនៅតែគិតថាកម្មករ៧០ម៉ឺននាក់ មិនមែនប្រាកដថាកម្មកករទំាងអស់សុទ្ធតែបោះឆ្នោតប្រឆំាង ជាមួយគណបក្សកាន់អំណាចទេ យើងកុំយកអាហ្នឹងទៅជាការសន្មត់ ហើយប្រសិនជា យើងគិតថា អ្នកហ្នឹងមិនបោះឲ្យខ្លួន ហើយយើងព្យាយាមមិនសម្របសម្រួលឬក៏បង្កើតនូវយន្តការផ្សេងៗ ដើម្បីឲ្យមានផលលំបាក ឬក៏ដើម្បីឲ្យរំខានទៅដល់ពលរដ្ឋក្នុងការអនុវត្តសិទ្ធិគឺក្បត់ឆន្ទៈរដ្ឋធម្មនុញ្ញឆន្ទៈរបស់ម្ចាស់ឆ្នោត»។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ សហភាពការងារកម្ពុជា បានស្នើសុំ គ.ជ.ប សហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយសម្រួលផ្តល់ថ្ងៃឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួលចំនួនពីរថ្ងៃបន្ថែមទៀត គឺថ្ងៃទី៣និងទី៥ខែឧសភា មុននិងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនា ២០១៧៕