មនុស្ស៥នាក់នៅសៀមរាបមានជំងឺ សង្ស័យពុលថ្នាំបាញ់ដង្កូវស៊ីស្រូវ

អ្នកភូមិឲ្យដឹងថាមនុស្សចាស់ក្មេងយ៉ាងតិច៥នាក់កើតមានជំងឺហើមពោះ រឹងថ្គាម និងក្ដៅខ្លួនជាបន្ដបន្ទាប់ ដោយសង្ស័យពុលថ្នាំបាញ់សម្លាប់ដង្កូងស៊ីស្រូវ នៅស្រុកក្រឡាញ់ ខេត្ដសៀមរាប។

សមាជិកគណៈកម្មការភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ អ្នកស្រី កន សាលឿង ប្រាប់VODនៅថ្ងៃនេះថា មនុស្សចាស់និងក្មេងប្រមាណ៥នាក់បានកើតមានជំងឺក្ដៅខ្លួន រឹងថ្គាម និងខ្លះហើមពោះបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ដបន្ទាប់។ អ្នកស្រីសង្ស័យថាបញ្ហានេះអាចបណ្ដាលមកពីពុលថ្នាំដែលអ្នកភូមិបាញ់សម្លាប់ដង្កូវហ្វូងដែលបំផ្លាញស្រូវពួកគេ។

អ្នកស្រីបន្ដថាការកើតមានជំងឺនេះ ក្រោយពេលពួកគេទៅរកម្ហូបនៅវាលស្រែដែលមានជាតិថ្នាំពុល។ អ្នកស្រីបន្ដថា ប្រជាកសិករដែលសម្រេចចិត្ដប្រើថ្នាំពុលសម្លាប់ដង្កូវហ្វូងបំផ្លាញស្រូវនេះ ក្រោយពេលមានក្រុមហ៊ុនមួយយកថ្នាំទៅលក់ឲ្យពលរដ្ឋដល់ភូមិ។

មេភូមិស្លែង ឃុំស្រណាល លោក ប៊ិន បៀន មានប្រសាសន៍ថាការកើតមានជំងឺនេះមានរយៈពេលមួយសប្ដាហ៍មកហើយ ដែលលោកថាមនុស្សខ្លះកំពុងសម្រាកនៅមន្ទីរពទ្យនិងមួយចំនួនទៀតបានធូរស្រាល។ លោកបន្ដថា កសិករមិនចង់ប្រើប្រាស់ថ្នាំពុលសម្លាប់សត្វហ្វូងដង្កូងស៊ីស្រូវនោះទេ ប៉ុន្ដែលោកថាដោយសារអ្នកភូមិគ្មានលទ្ធភាពប្រើវិធីសាស្ដ្រតាមការណែនាំពីមន្ទីរកសិកម្មដែលឲ្យជីករណ្ដៅដាក់ផេះនិងបុកស្ដៅសម្លាប់ដង្កូវហ្វូងនោះបាន។

លោកសម្ដែងការព្រួយបារម្ភដែលអ្នកភូមិកើតមានជំងឺនេះនិងដង្កូវហ្វូងបំផ្លាញស្រូវអ្នកភូមិនៅតំបន់នោះ។ទោះជាយ៉ាងណាលោកថា សត្វដង្កូវហ្វូងបានកាត់បន្ថយកាត់ស៊ីបំផ្លាញដំណាំកសិកម្មពួកគាត់ ក្រោយពេលដែលកសិករគ្រប់គ្នាបានសម្រេចចិត្ដប្រើថ្នាំបំពុលសត្វល្អិតនេះ។

គួរបញ្ជាក់ថាក្រសួងកសិកម្មបានប្រាប់ពីវិធីសាស្ត្រមួយចំនួនក្នុងការកម្ចាត់ដង្កូវហ្វូងដោយត្រូវសាបសំណាបឱ្យឆ្ងាយពីវាលស្មៅដែលជាទីជម្រករបស់វា ហើយបោចស្មៅចេញពីក្នុងស្រែឬចម្ការ បូមទឹកដាក់ឲ្យច្រើនទៅក្នុងស្រែ រួចហើយដើរកៀរប្រមូលយកដង្កូវទៅកម្ទេចចោលឬក៏ឲ្យសត្វទាទៅស៊ីដង្កូវទាំងនោះ។ ប្រភេទថ្នាំដែលមានឥទ្ធិពលលើដង្កូវហ្វូងនិងដង្កូវកាត់ស្លឹកស្រូវមាន៖ អាស្សូវឌ្រិនក្នុងកម្រិតទឹក៤០០-៥០០លីត្រលាយនឹងថ្នាំ ១លីត្រនិងសិវ៉ិនក្នុងកម្រិត២-៣ស្លាបព្រាបាយដោយលាយជាមួយទឹក១៥លីត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ