រដ្ឋាភិបាលកម្ពុជា​ប្តេជ្ញាចូលរួមជាមួយ​សហគមន៍អន្ដរជាតិដាក់គំនាបប្រទេសកូរ៉េខាងជើង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួប​ជាមួយ​លោក​ Hwang In Moo អនុរដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃ​ទី​២៨ ខែមិថុនា(រូបថតពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី)

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្តេជ្ញាថាកម្ពុជានឹងចូលរួមជាមួយប្រទេសកូរ៉េខាងត្បូងនិងសហគមន៍អន្ដរជាតិ ដើម្បីដាក់គំនាបប្រទេសកូរ៉េខាងជើង ទាក់ទងនឹងសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើងនិងការសាកល្បងអាវុធនុយក្លេអ៊ែរ។

លោក Hwang In Moo អនុរដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ បានដឹកនាំដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែមិថុនាហើយលោកបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីរសៀលថ្ងៃអង្គារ។

សារព័ត៌មានរបស់កូរ៉េខាងត្បូង ឈ្មោះ The Korea Times បានដកស្រង់ព័ត៌មានពីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងថា៖ ”នាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងប្ដេជ្ញាជាមួយប្រទេសកូរ៉េខាងត្បូងនិងសហគមន៍អន្ដរជាតិដើម្បីដាក់បន្ទុកដល់ប្រទេសកូរ៉េខាងជើងឲ្យបញ្ឃប់សកម្មភាពបង្កហេតុរបស់ខ្លួន។ សារព័ត៌មានបរទេសនោះបានដកស្រង់ព័ត៌មានពីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងថា៖ “លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីពីការគំាទ្ររបស់រដ្ឋាភិបាលកម្ពុជាតាមគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងទាក់ទងនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងការគំរាមបាញ់ម៉ីស៊ីល”។

នៅក្នុងសេចក្ដីប្រកាសមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ស្តីពីជំនួបជាមួយអនុរដ្ឋមន្រ្តីការពារជាតិរបស់កូរ៉េខាងត្បូង រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងថាកម្ពុជាបានធ្វើការថ្កោលទោសចំពោះរាល់សកម្មភាពដែលជាការបង្កហេតុ ធ្វើឲ្យមានការប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េនិងនៅតំបន់។ ក្រសួងការបរទេសបញ្ជាក់ថា៖ ”កម្ពុជាចាត់ទុករាល់សកម្មភាពទាំងនោះគឺជាការរំលោភបំពានទៅលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប(អង្គការសហប្រជាជាតិ) ហើយកម្ពុជាក៏បានអំពាវនាវសូមឲ្យមានដំណើរការឡើងវិញឲ្យបានឆាប់រហ័សនូវការចរចា៦ភាគី ដែលសំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ និងសូមអោយភាគីទាំងអស់គោរពឲ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប“។

បើតាមក្រសួងការបរទេសកម្ពុជា លោកស្រី ប៉ាក គឿនហេ(Park Geun-hye)ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ