សង្គមស៊ីវិលហៅការសម្រេចរបស់ឧទ្ធរណ៍លើអ្នកស្រី យ៉ោម បុប្ផា ជាការប៉ុនប៉ងបំបិទសំឡេង

អ្នកស្រី យ៉ោម បុប្ផា(ពាក់មួកស្លឹក) កាលពីកន្លងទៅ

អង្គការសង្គមស៊ីវិលចំនួន២៦បានថ្កោលទោសនិងហៅការសម្រេចរបស់សាលាឧទ្ធរណ៍ដែលថាសកម្មជនតំបន់បឹងកក់អ្នកស្រី យ៉ោម បុប្ផា មានកំហុសបន្ទាប់ពីសវនាការនោះថាជាការប៉ុនប៉ងបំបិទសំឡេងតវ៉ារបស់សកម្មជនដីធ្លី។

កាលពីថ្ងៃទី២៨ ខែមិថុនា សាលាឧទ្ធរណ៍បានចេញសេចក្ដីសម្រេចជាថ្មី ដោយរកឃើញជាលើកទី២ថាអ្នកស្រីយ៉ោម បុប្ផា មានកំហុសក្រោយសវនាពាក់ព័ន្ធនឹងការចោទថាបានវាយប្រហារលើអ្នកម៉ូតូឌុបពីរនាក់កាលពីឆ្នាំ ២០១២។

មេដឹកនាំសមាគមម៉ូតូឌុបនោះត្រូវបានគេឃើញថាតែងតែចេញតវ៉ាប្រឆាំងនឹងអង្គការសង្គមស៊ីវិលនិងសហជីព កន្លងមកទាក់ទងនឹងជម្លោះនៅក្រុមហ៊ុនកាពីតូល។

អង្គការសង្គមស៊ីវិលមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ ក្រុមការងារពិសេសសិទ្ធិលំនៅឋាន និង អង្គការផ្សេងៗទៀត បានចេញសេចក្ដីថ្លែងការណ៍រួមមួយចុះថ្ងៃទី២៩ ខែមិថុនា ថ្កោលទោសចំពោះសេចក្ដីសម្រេចជាថ្មីនោះ។ សង្គមស៊ីវិលថាកង្វះខាតភស្ដុតាងដែលធានាដល់ការកាត់ទោស អ្នកស្រីយ៉ោម បុប្ផា ដែលជាសកម្មជនរិះគន់លើការយាយីអ្នកការពារសិទ្ធិមនុស្សតាមផ្លូវតុលាការនោះបានធ្វើឲ្យអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជឿជាក់ថាករណីនេះជារឿងនយោបាយ។

សេចក្ដីថ្លែងការបន្ថែមថា៖ ការស៊ើបអង្កេតត្រូវបានចំណាយពេលអស់រយៈពេលពីរឆ្នាំកន្លះបន្ថែមទៀតក៏ដោយ ក៏អាជ្ញាធរបានខកខានសារជាថ្មីក្នុងការស្វែងរកភស្តុតាងបញ្ជាក់ថា អ្នកស្រី យ៉ោម បុប្ផា ជាប់ពាក់ព័ន្ធនឹងការវាយប្រហារដូចការចោទប្រកាន់នោះទេ។ វាបង្ហាញឲ្យឃើញច្បាស់ថាអ្នកស្រី យ៉ោម បុប្ផា ត្រូវបានដៅក្នុងការប៉ុនប៉ងបំបិតសំឡេងដោយសារតែសកម្មនិយមរបស់អ្នកស្រីក្នុងការការពារសិទ្ធិសហគមន៍របស់គាត់

គួរបញ្ជាក់ថាកាលពីដើមខែកញ្ញា ឆ្នាំ២០១២ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការចោទពីបទបង្កហិង្សាដោយចេតនាទាក់ទិននឹងការវាយដំមួយក្បែរផ្ទះអ្នកស្រីកាលពីខែសីហា ឆ្នាំ២០១២។ អ្នកស្រីត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែបន្ទាប់ពីមានការតវ៉ាចំពោះការផ្ដន្ទាទោសនេះ តុលាការកំពូលបានបង្គាប់ឲ្យដោះលែងអ្នកស្រីបណ្ដោះអាសន្នកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ហើយបង្វិលករណីនេះត្រឡប់ទៅសាលាឧទ្ធរណ៍ ដើម្បីធ្វើការស៊ើបអង្កេតនិងជំនុំជម្រះឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ