សំណុំរឿងផ្កាយបីនិងនគរបាលចរាចរណ៍៖ នាយករដ្ឋមន្រ្តីកែប្រែសេចក្តីសម្រេចជាលើកទី៣

លោក ម៉ម ស្រ៊ីមវណ្ណា(ធ្វេងដៃ) ជាឧត្តមសេនីយ៍ដែលត្រូវបាន​គេថតរូបបង្ហោះតាមប្រព័ន្ធ​សង្គមហ្វេសប៊ុក(រូបថតពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី​)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកែប្រែសេចក្តីសម្រេចរបស់លោកចំនួន៣ដងក្នុងរយៈពេលប្រហែលជាង១០ម៉ោង ករណីលោកឧត្តមសេនីយផ្កាយបីម្នាក់ដែលមានទំនាស់ពាក្យសំដីជាមួយនគរបាលចរាចរណ៍។

តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីដែលផុសនៅម៉ោងជាង៥កន្លះល្ងាចនេះបានសរសេរថា ”ខ្ញុំសប្បាយចិត្តណាស់ដែលបានដឹងថា ឧត្តមសេនីយ៍ ម៉ម ស្រីុមវណ្ណា និងអនុសេនីយ៍ សូត្រ កញ្ញា បានជួបគ្នាហើយទទួលស្គាល់កំហុសរៀងៗខ្លួន ព្រមទាំងបានប្តេជ្ញាចិត្តខិតខំកែប្រែកសាងខ្លួនអោយក្លាយទៅជាមន្ត្រីល្អដើម្បីបម្រើប្រទេសជាតិ។ ខ្ញុំសង្ឃឹមថាសកម្មភាពបែបនេះនឹងកើតមានឡើងកាន់តែច្រើនជាមួយមន្រ្តីរបស់យើងនៅទូទាំងប្រទេស”។

លោកបន្តថា “នេះជាការប្រែក្លាយពីស្ថានភាពចាញ់ចាញ់ដែលមានកន្លងមកទៅជាស្ថានភាពឈ្នះឈ្នះនៅប៉ុន្មានម៉ោងមុននេះ។ ក្នុងស្ថានភាពបែបនេះគ្មានការចាំបាច់ដាក់វិន័យអ្នកណាទាំងអស់ ផ្ទុយទៅវិញខ្ញុំចាត់ទុកថាមន្ត្រីទាំង២រូបបានជួយបង្កើតឡើងនូវវប្បធម៌នៃការផ្សះផ្សារនិងសាមគ្គីភាពក្នុងចំណោមមន្ត្រីរួមការងារបន្ទាប់ពីមានបញ្ហាជាមួយគ្នា”។

លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ខ្ញុំសម្រេចចិត្តនិរាករណ៌ចោលនូវ អនុក្រិត្យដែលខ្ញុំបានចុះហត្ថលេខាលើករណី ឧត្តមសេនីយ៌ ម៉ម ស្រ៊ីមវណ្ណា កាលពីព្រឹកមិញនេះចាប់ពីពេលនេះតទៅ”។

កាលពីម៉ោង២យប់អធ្រាត្រចូលថ្ងៃទី៣០ ខែមិថុនា លោក ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុករបស់លោកដកតំណែងឧត្តមសេនីយ៍ផ្កាយបី លោក ម៉ម ស្រីុមវណ្ណា ក្រោយពីមានការបង្ហោះវីដេអូតាមប្រព័ន្ធសង្គម រឿងមន្រ្តីនគរបាលចរាចរណ៍ឃាត់រថយន្តដែលមានឧត្តមសេនីយ៍រូបនោះធ្វើដំណើរជាមួយ។

VOD Hot News App

នៅម៉ោងជាង៨ព្រឹកនេះ លោក ហ៊ុន សែន បានបង្ហោះសារតាមហ្វេសប៊ុក ដោយកែសម្រួលការសម្រេចចិត្តរបស់លោក រក្សាទុកឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកនៃនគរបាលជាតិ។  លោកបញ្ជាក់ថាការសម្រេចនេះគឺឆ្លងកាត់ការផ្តល់យោបល់របស់បងប្អូនមួយចំនួនដែលផ្តល់មតិតាមហ្វេសប៊ុក។ លោកបញ្ជាក់ថា៖ “អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រីុមវណ្ណា ដោយដកតួនាទីពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាទុកឋានន្តរសក័ជាឧត្តមសេនីយ៍ឯកនៃនគរបាលជាតិតទៅទៀត។ នាពេលខាងមុខប្រសិនលោក ម៉ម ស្រីុមវណ្ណា ស្គាល់កំហុសនិងធ្វើការកែប្រែ ក្រសួងមហាផ្ទៃអាចលើកសំណើតែងតាំងក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសម្រាប់ការកែខ្លួន ក្នុងករណីយមិនកែប្រែវិន័យនឹងមានបន្តទៀត”។

កាលពីយប់អធ្រាត្រ លោក ហ៊ុន សែន បញ្ជាក់ថា៖ “ពាក្យ(អាប៉ូលិសចរាចរណ៌ )ជាពាក្យមិនត្រឹមតែប្រមាថមើលងាយថ្នាក់ក្រោមប៉ុណ្ណោះទេ តែជាការប្រមាថដល់ស្ថាប័ននគរបាលចរាចរណ៌ទាំងមូល។ ខ្ញុំមិននឹកស្មានដល់សោះថាគាត់ជាប៉ូលិសបែរជាប្រើពាក្យ “អាប៉ូលិស” ចុះទំរាំប្រជាជនធម្មតា គាត់ហៅយ៉ាងម៉េចទៀតនៅពេលគាត់ខឹង”។

មុននឹងសម្រេចដកតំណែង លោក ហ៊ុន សែន នៅម៉ោងប្រមាណ១២យប់ បានបង្ហោះសាររបស់មន្រ្តីនគរបាលចរាចរណ៍ដែលបានស្នើសុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យជួយករណីនេះ។ លោកក៏បានបង្ហោះវីដេអូឃ្លីបដែលឧត្តមសេនីយ៍ធ្វើដំណើរតាមរថយន្តម៉ាកRAV4និងមន្រ្តីចរាចរណ៍ផាកពិន័យឆ្លើយឆ្លងគ្នា។ បើតាមសារដែលបង្ហោះនោះ មន្រ្តីនគរបាលរូបនោះបានសរសេរថា៖ “ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្រ្តី នគរបាលចរចារណ៍រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខ្ញុំបាទបានឃាត់ឡានមួយគ្រឿងដែលមានផ្លាកលេខAA9562 ដែលបើកមិនគោរពភ្លើងសញ្ញាចរាចរណ៍ថែមទាំងមិនទទួលខុសត្រូវ និយាយសម្តីមិនសមរម្យលើរូបខ្ញុំបាទ ដោយនិយាយប្រាប់ខ្ញុំថាខ្លួនជាឧត្តមសេនីយ៍ហែងអត់ស្គាល់អញទេ ឥឡូវនេះខ្ញុំត្រូវអង្គភាពដកបញ្ឈរជើង ខ្ញុំសូមសម្តេចស ខេង ជួយដោះស្រាយឲ្យរូបខ្ញុំបាទដែលជាមន្រ្តី អនុវត្តច្បាប់ផង”។

ក្នុងវីដេអូឃ្លីបដែលមានរយៈពេលប្រមាណ១នាទីនិង៣០វិនាទី បុរសជាឧត្តមសេនីយ៍នោះបានហៅទូរស័ព្ទទៅមនុស្សម្នាក់ ដើម្បីរាយការណ៍ដោយលោកថាជាមេនគរបាលចរាចរណ៍ ដោយលោកបានប្រើពាក្យថា ”អាប៉ូលិសចរាចរណ៍មួយ”។ លោកនិយាយតាមទូរស័ព្ទថា៖ “វាថាបងឯង(អ្នកបើករថយន្ត)ទទួលស្គាល់អត់?អានោះវាថាវាទទួលស្គាល់ អានោះវាថា អត់ចង់ចាប់ឡានធំទេ ខ្ញុំចង់ចាប់ឡានបងឯង”។

បើតាមវីដេអូឃ្លីបនោះ មន្រ្តីនគរបាលចរាចរណ៍រូបនោះបាននិយាយថាឲ្យយកឈ្មោះរបស់លោកនិងឲ្យគេតំណែងរបស់លោកទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ