នាយករដ្ឋមន្រ្តីដកតំណែងឧត្តមសេនីយ៍ម្នាក់ រឿងប្រើពាក្យ”​អាប៉ូលិសចរាចរណ៍”

លោក ម៉ម ស្រ៊ីមវណ្ណា(ធ្វេងដៃ) ជាឧត្តមសេនីយ៍ដែលត្រូវបាន​គេថតរូបបង្ហោះតាមប្រព័ន្ធ​សង្គមហ្វេសប៊ុក(រូបថតពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី​)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុករបស់លោកដកតំណែងឧត្តមសេនីយ៍ផ្កាយបីម្នាក់ ក្រោយពីមានការបង្ហោះវីដេអូតាមប្រព័ន្ធសង្គម រឿងមន្រ្តីនគរបាលចរាចរណ៍ឃាត់រថយន្តដែលមានឧត្តមសេនីយ៍រូបនោះធ្វើដំណើរជាមួយ។

លោក ហ៊ុន សែន បានបង្ហោះសារមួយនៅម៉ោងប្រមាណ២យប់ថាលោកបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងស្តាប់សារចុះសារឡើងនូវការនិយាយរបស់លោកឧត្តមសេនីយ៍នៅក្នុងវីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះតាមហ្វេសប៊ុក។ លោកបញ្ជាក់ថា៖ “ពាក្យ(អាប៉ូលិសចរាចរណ៌ )ជាពាក្យមិនត្រឹមតែប្រមាថមើលងាយថ្នាក់ក្រោមប៉ុណ្ណោះទេ តែជាការប្រមាថដល់ស្ថាប័ននគរបាលចរាចរណ៌ទាំងមូល។ ខ្ញុំមិននឹកស្មានដល់សោះថាគាត់ជាប៉ូលិសបែរជាប្រើពាក្យ“អាប៉ូលិស” ចុះទំរាំប្រជាជនធម្មតា គាត់ហៅយ៉ាងម៉េចទៀតនៅពេលគាត់ខឹង”?

លោក ហ៊ុន សែន បន្ថែមថា៖ “ខ្ញុំអត់មានជម្រើសឱ្យល្អក្រៅពីសំរេចចិត្តទាំងការឈឺចាប់និងសោកស្តាយដើម្បីដកតំណែងនិងឋានន្តរស័ក្តិ ព្រមទាំងបណ្តេញគាត់ចេញពីនគរបាលប៉ុណ្ណោះ។ នេះជាគំរូសម្រាប់អ្នកមានអំណាចទាំងអស់ឱ្យចេះគោរពច្បាប់ ចេះប្រើពាក្យសម្តីមានសុជីវធម៌ មានគុណធម៌និងសីលធម៌”។ លោកបានអំពាវនាវថា៖ “ខ្ញុំក៏សុំអំពាវនាវផងដែរ ចំពោះនគរបាលចរាចរណ៌សុំមានពាក្យសម្តីនិងអាកប្បកិរិយាថ្លៃថ្នូរចំពោះប្រជាជន បើទោះជាគាត់មានការរំលោភច្បាប់ដោយអចេតនាឬដោយចេតនាក្តី”

សារព័ត៌មាន Fresh News បានរាយការណ៍ថាឧត្តមសេនីយ៍នោះមានឈ្មោះថាលោក ម៉ម ស្រ៊ីមវណ្ណា ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន បានបញ្ជាក់ថាពិតជាមានឈ្មោះម៉ម ស្រ៊ីមវណ្ណា ជាមន្រ្តីជាន់ខ្ពស់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តែទោះជាយ៉ាងណាលោកមិនអាចបញ្ជាក់ព័ត៌មានបន្ថែមលើករណីនេះ ដោយលោកថាលោកទើបមកពីបរទេស។

វីអូឌីមិនអាចសុំការឆ្លើយតបភ្លាមៗពីលោក ម៉ម ស្រ៊ីមវណ្ណា បាននៅឡើយទេ។

មុននឹងសម្រេចដកតំណែង លោក ហ៊ុន សែន នៅម៉ោងប្រមាណ១២យប់ បានបង្ហោះសាររបស់មន្រ្តីនគរបាលចរាចរណ៍ដែលបានស្នើសុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យជួយករណីនេះ។ លោកក៏បានបង្ហោះវីដេអូឃ្លីបដែលឧត្តមសេនីយ៍ធ្វើដំណើរតាមរថយន្តម៉ាកRAV4និងមន្រ្តីចរាចរណ៍ផាកពិន័យ ឆ្លើយឆ្លងគ្នា។

បើតាមសារដែលបង្ហោះនោះ មន្រ្តីនគរបាលរូបនោះបានសរសេរថា៖ “ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្រ្តី នគរបាលចរចារណ៍រាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខ្ញុំបាទបានឃាត់ឡានមួយគ្រឿងដែលមានផ្លាកលេខAA9562 ដែលបើកមិនគោរពភ្លើងសញ្ញាចរាចរណ៍ថែមទាំងមិនទទួលខុសត្រូវ និយាយសម្តីមិនសមរម្យលើរូបខ្ញុំបាទ ដោយនិយាយប្រាប់ខ្ញុំថាខ្លួនជាឧត្តមសេនីយ៍ហែងអត់ស្គាល់អញទេ ឥឡូវនេះខ្ញុំត្រូវអង្គភាពដកបញ្ឈរជើង ខ្ញុំសូមសម្តេចស ខេង ជួយដោះស្រាយឲ្យរូបខ្ញុំបាទដែលជាមន្រ្តី អនុវត្តច្បាប់ផង”។

ក្នុងវីដេអូឃ្លីបដែលមានរយៈពេលប្រមាណ១នាទីនិង៣០វិនាទី បុរសជាឧត្តមសេនីយ៍នោះបានហៅទូរស័ព្ទទៅមនុស្សម្នាក់ ដើម្បីរាយការណ៍ដោយលោកថាជាមេនគរបាលចរាចរណ៍ ដោយលោកបានប្រើពាក្យថា”អាប៉ូលិសចរាចរណ៍មួយ”។ លោកនិយាយតាមទូរស័ព្ទថា៖ “វាថាបងឯង(អ្នកបើករថយន្ត)ទទួលស្គាល់អត់?អានោះវា()ថាវាទទួលស្គាល់ អានោះវាខ្ញុំអត់ចង់ចាប់ឡានធំទេ ខ្ញុំចង់ចាប់ឡានបងឯង”។

បើតាមវីដេអូឃ្លីបនោះ មន្រ្តីនគរបាលចរាចរណ៍រូបនោះបាននិយាយថាឲ្យយកឈ្មោះរបស់លោកនិងឲ្យគេតំណែងរបស់លោកទៅ។

អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរតបនឹងការសម្រេចរបស់នាយករដ្ឋមន្រ្តីថា៖ “សូមស៊ើបអង្កេតម្តងទៀត ព្រោះខាងប៉ូលិសចរាចរណ៌បានប្រើសម្តីមិនសមរម្យទាល់តែសោះ ហើយទោះជាយ៉ាងណាខាងឧត្តមសេនីយ៍ក៏គ្មានកំហុសអ្វីធ្ងន់ធ្ងរដល់ថ្នាក់ដកតំណែងគាត់យ៉ាងនេះដែរ”។ លោក ហ៊ុន សែន ឆ្លើយតបថា៖ “បើទើបចូលធ្វើនគរបាលមិនទាន់បានរៀនសូត្រអាចទទួលវិន័យតិចជាង”។

អ្នកលេងហ្វេសប៊ុកម្នាក់ទៀតបានសរសេរថា៖ “គួរអោយសោកស្តាយណាស់ ខ្ញុំនៅតែមិនអស់ចិត្តព្រោះខ្ញុំយល់ថាលោកឧត្តមសេនីយ៍គាត់និយាយស្តីដូចជាមិនឈ្លើយដូចការចោទប្រកាន់ទេ”។ លោក ហ៊ុន សែន បានឆ្លើយថា៖ “សុំមើលអត្ថបទរបស់ខ្ញុំឲ្យបានច្បាស់។ ចំណុចសំខាន់នៅត្រង់ពាក្យ(អាប៉ូលិសចរាចរណ៍)ដែលជាការប្រមាថស្ថាប័នរបស់ជាតិ”។

ចំណែកអ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរតបនឹងការសម្រេចរបស់នាយករដ្ឋមន្រ្តី ដោយចោទជាសំណួរថាចុះបើសិនជាករណីនេះកើតមានចំពោះរូបលោកដែលជាប្រជាពលរដ្ឋធម្មតា តើលោកគួរធ្វើយ៉ាងម៉េច?

លោក ហ៊ុន សែន បានឆ្លើយតបថា៖ “សម្រុះសម្រួលគ្នាឬតាមផ្លូវតុលាការ។ តែខ្ញុំជឿថាប្រជាពលរដ្ឋមិនធ្វើបែបនេះទេព្រោះគាត់គ្មានអំណាច”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ