ក្រសួង​មហា​ផ្ទៃច្រាន​ចោល​​អំពើ​ពុក​រលួយ​នៃ​ការ​តែង​តាំង​មន្ត្រី​ក្នុង​អគ្គាធិការ​ដ្ឋាន​​

ក្រសួងមហាផ្ទៃ

អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃបានច្រានចោលការចោទប្រកាន់នានាថាមានភាពមិនប្រក្រតីមួយចំនួនក្នុងការតែងតាំងមន្ត្រីនៅក្នុងស្ថាប័ននេះ។

ក្នុងលិខិតបំភ្លឺមួយដែលត្រូវបានផ្សព្វផ្សាយដោយអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋ លេខាធិការនិងជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយនៃក្រសួងមហាផ្ទៃ លោក តេង សាវង្ស បានលើកឡើងថានៅក្នុងអគ្គាធិការដ្ឋាន រាល់ការតែងតាំង ការដំឡើងឋានន្តរស័ក្តិមន្ត្រីក្នុងស្ថាប័នខ្លួន ពុំមានការចាប់បង្ខំ ការទិញ លក់មុខតំណែងនិងទទួលបានលាភសក្ការៈ ដើម្បីជាថ្នូរក្នុងការរៀបចំមុខតំណែងឡើយ។ លោកបញ្ជាក់ថាអគ្គាធិការរងនៃអគ្គាធិការដ្ឋាន លោក សួស សុខុន ដែលត្រូវដល់អាយុចូលនិវត្តន៍តែនៅបន្តការងារនោះ គឺដោយសារតែលោកមិនទាន់ត្រូវបានរដ្ឋាភិបាលដាក់ឲ្យចូលនិវត្តន៍នៅឡើយ តែលោកត្រូវបានក្រសួងរៀបចំឯកសារដើម្បីឲ្យរាជរដ្ឋាភិបាលត្រួតពិនិត្យរួចហើយ។

បើតាមសេចក្តីបំភ្លឺនោះ លោក តេង សាវង្ស បានឲ្យដឹងទៀតថាការតែងតាំងមន្រ្តីជំនួសមន្រ្តីចូលនិវត្តន៍ គឺធ្វើឡើងស្របតាមតួនាទី ភារកិច្ចនិងនីតិវិធីកំណត់ ដោយបានឯកភាពលើកសំណើសុំតែងតាំងមន្ត្រីនគរបាល៣រូប ដែលរួមមាន លោក ឆែ គា ដែលបច្ចុប្បន្នជាអធិការដ្ឋាន អធិការកិច្ច កិច្ចការនគរបាល នឹងត្រូវត្រៀមដើម្បីចូលជំនួសលោក សួស សុខុន ដែលនឹងត្រូវចូលនិវត្តន៍។ លោកបន្ថែមថាលោក សៅ វាសនា ដែលជាអនុប្រធានលេខាធិការដ្ឋាននឹងត្រូវចូលទៅកាន់តំណែងជាអធិការដ្ឋាន អធិការកិច្ច កិច្ចការនគរបាល។

លោក តេង សាវង្ស ក៏បានច្រានចោលនូវការលើកឡើងថាលោក កិ គីមសាន្ត ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សានីតិកម្ម នឹងត្រូវឡើងជាប្រធានលេខាធិការដ្ឋាន។ លោកបញ្ជាក់ថាលោកត្រូវបានតែងតាំងជាអនុប្រធានលេខាធិការដ្ឋាននៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។ លោកបន្ថែមថារាល់ការតែងតាំងអ្នកទាំងអស់នេះគឺផ្អែកទៅលើសមត្ថភាព គុណធម៌ ភាពសាមគ្គីផ្ទៃក្នុង ដោយពិនិត្យមើលលើលក្ខណៈសម្បត្តិនិងស្របតាមតួនាទីនិងការវាយតម្លៃរបស់អគ្គាធិការដ្ឋាន មុនលើកសំណើរជូនដល់ក្រសួងមហាផ្ទៃ។ លោក តេង សាវង្ស បានបញ្ជាក់ថា៖“ក្នុងការស្រាវជ្រាវនិងការបំភ្លឺពីមន្ត្រីពាក់ព័ន្ធបានបញ្ជាក់ថាពុំមានការចាប់បង្ខំ ការទិញ លក់មុខតំណែងនិងការទទួលលាភសក្ការៈ ដើម្បីជាថ្នូរក្នុងការរៀបចំមុខតំណែងឡើយ”។

អគ្គាធិការរងនៃអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃនិងជាអ្នកនាំពាក្យ លោក សុខ លីនណា បានប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថារាល់ការតែងតាំងមន្ត្រីណាមួយនៃអគ្គាធិការដ្ឋានគឺសុទ្ធតែមានការប្រជុំដោយថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋាននិងសម្រេចក្នុងអង្គភាពរួមមួយ។ លោកបន្តថា នៅពេលថ្មីៗនេះព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយដាក់លោក សួស សុខុន ឲ្យចូលនិវត្តន៍ហើយ តែពុំទាន់មានអ្នកចូលមកជំនួសតំណែងរបស់លោកនៅឡើយទេ។ លោកបន្តថាលោក សៅ វាសនា ត្រូវបានសម្រេចឲ្យទទួលតំណែងជាប្រធាននាយកដ្ឋានអធិការកិច្ចថ្នាក់កណ្តាល។ លោកឲ្យដឹងទៀតថាលោក ឆែ គា និងលោក កិ គីមសាន្ត មិនទាន់ផ្លាស់ប្តូរតំណែងនៅឡើយទេ។

កន្លងមក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឲ្យវីអូឌីដឹងថាអង្គភាពនឹងបិទបញ្ចប់ករណីចោទប្រកាន់នោះ ប្រសិនជាខាងភាគីដើមចោទមិនមានប្រតិកម្មតបនឹងការបំភ្លឺ។ លោកបញ្ជាក់ថាប្រសិនបើភាគីដើមចោទមានប្រតិកម្មនឹងការឆ្លើយបំភ្លឺ នោះអង្គភាពនឹងបន្តឲ្យមានការឆ្លើយបំភ្លឺបន្ថែមទៀត។ លោក ឱម យ៉ិនទៀង ធ្លាប់ថ្លែងថាក្រសួងមហាផ្ទៃបានជាប់ចំណាត់ថ្នាក់លេខមួយដែលមានបណ្តឹងច្រើនជាងគេក្នុងរឿងអំពើពុករលួយ។ ក្រោយពីមានការថ្លែងបែបនេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសប្រតិកម្មនឹងការថ្លែងនេះ។ លោក ឱម យ៉ិនទៀង ក៏បានថ្លែងសុំទោសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលធ្វើឡើងនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ