ក្រសួង​អប់រំក្រើន​រំឭក​មន្រ្តី​ឲ្យ​​ទប់​ស្កាត់​សកម្មភាព​នយោបាយ​នៅ​គ្រឹះស្ថានអប់រំ​

រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន កាលពីកន្លងទៅ​

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានក្រើនរំឭកឲ្យមន្រ្តីពាក់ព័ន្ធនិងគ្រឹះស្ថានអប់រំរដ្ឋនិងឯកជនទាំងអស់ ឲ្យទប់ស្កាត់ការធ្វើសកម្មភាពនយោបាយឬឃោសនានយោបាយនៅតាមគ្រឹះស្ថានអប់រំ។

ក្នុងលិខិតចុះថ្ងៃទី២៩ ខែមិថុនា រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានណែនាំជាថ្មីឲ្យមន្រ្តីក្រោមឱវាទទាំងអស់អនុវត្តនូវប្រកាសចុះថ្ងៃទី១១ខែសីហា ឆ្នាំ២០១៥ ស្តីពីការទប់ស្កាត់ការធ្វើសកម្មភាពនយោបាយឬឃោសនានៅក្នុងស្ថាប័នអប់រំ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ លោកបញ្ជាក់បន្ថែមថាការណែនាំជាថ្មីនេះគឺដើម្បី”ឆ្លើយតបនឹងស្ថានភាពនាពេលបច្ចុប្បន្ននិងពេលខាងមុខនិងការផ្សព្វផ្សាយនូវកម្មវិធីនយោបាយនិងពង្រឹងភាពឈ្នះរៀងៗខ្លួន តាមរយៈការរៀបចំវេទិកា ការចែកចាយសំភារៈ សម្លៀកបំពាក់ ឬវត្ថុផ្សេងៗទៀត ដែលបម្រើឲ្យសកម្មភាពនយោបាយឬឃោសនានយោបាយ ដោយការជ្រៀតចូលទៅក្នុងគ្រឹះស្ថានសិក្សាឬអង្គភាពនានាដែលផ្ទុយទៅនឹងច្បាប់ស្តីពីការអប់រំនិងច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល…”។ លិខិតរបស់រដ្ឋមន្រ្តីក្រសួងអប់រំមិនបានបញ្ជាក់ថាតើអ្វីទៅជាសកម្មភាពនយោបាយនោះទេ។

លិខិតរបស់ក្រសួងអប់រំធ្វើឡើងបន្ទាប់ពីកាសែតCambodia Daily កាលពីថ្ងៃទី២៨ ខែមិថុនា បានចុះផ្សាយអត្ថបទមួយដែលនិយាយពីការចែកចាយអាវគាំទ្រគណបក្សប្រជាជនកម្ពុជាដល់សិស្សនៅវិទ្យាល័យខេត្តពោធិ៍សាត់ មុនពិធីអបអរសាទរខួប៦៥ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា។

វីអូឌីមិនអាចសុំការពន្យល់បន្ថែមពីរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុននិងអ្នកនាំពាក្យក្រសួង  លោក រស់ សាលីន បាននៅឡើយទេ។

កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយ ដោយលើកឡើងថាកន្លងមក ក្រសួងបានសង្កេតឃើញថានៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈទាំងឯកជន មានសមាគម អង្គការ បុគ្គលិកអប់រំ និងគ្រូបង្រៀនជាប់កិច្ចសន្យាមួយចំនួនបានធ្វើសកម្មភាពមិនប្រក្រតី ដោយបានផ្សព្វផ្សាយបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់សមាគម អង្គការទាំងនោះនិង”ឃោសនាបំផុសគំនិតឲ្យបុគ្គលិកអប់រំចូលរួមសកម្មភាពជាមួយ”។ សេចក្តីណែនាំបន្តថាសមាគម អង្គការខ្លះបានបង្កើតឲ្យមានជាសាខានៅគ្រឹះស្ថានសិក្សាទាំងសាធារណៈ ទាំងឯកជន ដោយបានធ្វើសកម្មភាពជ្រៀតជ្រែកការងារគ្រប់គ្រងអប់រំថែមទៀតផង។ សេចក្តីណែនាំរបស់ក្រសួងបានលើកឡើងពីការពិន័យមួយចំនួនតាមច្បាប់ស្តីពីការអប់រំ ដូចជាបុគ្គលិកអប់រំណាបំពានការណែនាំនេះនឹងត្រូវពិន័យជាប្រាក់ចាប់ពី១លានរៀលទៅ៥លានរៀល។ ចំណែកនីតិបុគ្គលត្រូវពិន័យជាប្រាក់ពី១០លានរៀលទៅ២០លានរៀល។

ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថាអ្នកស្រីចង់ឃើញឲ្យការអនុវត្តសេចក្តីណែនាំរបស់ក្រសួងធ្វើឡើងដោយយុត្តិធម៌ចំពោះគ្រប់គណបក្សនយោបាយ។ អ្នកស្រីមានប្រសាសន៍ថា៖ “សព្វថ្ងៃមិនកំណែទម្រង់ឲ្យវិស័យអប់រំប្រសើរទេគឺគិតតែកំណែទម្រង់ឲ្យបក្សប្រសើរតែប៉ុណ្ណឹងទេ ខ្ញុំតែងតែឃើញមន្ត្រីថ្នាក់ធំ ក៏ដូចជាត្រឹមនាយកសាលា គាត់តែងបង្ខំឲ្យលោកគ្រូអ្នកគ្រូចូលជាសមាជិករបស់គណបក្សប្រជាជន”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ